ជន​រងគ្រោះ​ម្នាក់​ដែល​រង​ការ​វាយដំ​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

ដោយ យន់ សាមៀន
2020-01-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។
អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។
Photo Provided

សាក្សី និង​ជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​មនុស្ស ៣​នាក់ ដែល​បាន​ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌ អំពី​សំណុំរឿង​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ ក្នុង​ពេល​ជាប់ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ ពេលនេះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា សំណុំ​រឿង​នេះ គឺ​ជន​ប្រព្រឹត្ត​ជា​អ្នកទទួលខុសត្រូវ​ព្យាបាល​ជំងឺ​ដល់​ជនរងគ្រោះ។

ប្រពន្ធ​របស់​ជនរងគ្រោះ​លោក អាន រួន គឺ​លោកស្រី រិន រី ឱ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ មករា​ថា ពេល​នេះ​ប្ដី​របស់​លោកស្រី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារតែ​ការ​វាយដំ​ក្នុង​ពេល​ឃុំខ្លួន​ចន្លោះ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩។

លោកស្រី​បញ្ជាក់​បន្ថែម​ថា ប្ដី​របស់​លោកស្រី​ត្រូវការ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ប៉ុន្តែ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​នោះ​ទេ ព្រោះ​ជីវភាព​ក្រីក្រ ហើយ​លោកស្រី​បាន​បញ្ជូន​លោក អាន រួន ទៅ​ឱ្យ​ព្យាបាល​គ្រូខ្មែរ ខាង​ស្ដោះ​ផ្ដុំ​វិញ​។ លោកស្រី​បន្ត​ថា ប្ដី​របស់​លោក​ស្រី​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ៣​កន្លែង គឺ ស្មា​ខាងស្ដាំ ដើមទ្រូង​ហើមប៉ោង និង​ក្បាលជង្គង់៖ «ជំងឺ​គាត់​នេះ បើ​ខ្ញុំ​ចូល​ពេទ្យ​ប្រហែល​អស់​ច្រើន គ្រាន់តែ​ខ្ញុំ​ទៅ​ថត​ពេទ្យ​ថា​ស្កែន​អស់​១០០ សេវា សម្រាប់​មើល​ថ្នាំពេទ្យ គេ​គិត​ផ្សេង។ ប្ដី​ខ្ញុំ​ថា​មិន​ដឹង​ធ្វើ​យ៉ាងណា​បើ​អត់​មាន​លុយ ហើយ​ថ្ងៃមុន​ក្អក​ធ្លាក់​ឈាម។ ប្ដី​ខ្ញុំ​ខ្លាច​អនាគត​ធ្វើ​អី​មិនកើត ព្រោះ​អាយុ​ក៏​ច្រើន​ហើយ ពេល​ទ្រុឌទ្រោម​ចេះ​គាត់​ធ្វើ​អី​មិនកើត ហើយ​ដៃ​គាត់​លើក​របស់​ធ្ងន់​អី ក៏​អត់​បាន ព្រោះ​ដៃ​គាត់​នោះ​ប្រេះ ហើយក៏​ហើម​ទៀត ដៃ​ដែល​គេ​វាយ​នោះ»

លោកស្រី​ព្រួយ​បារម្ភ​ថា ស្ថានភាព​ជំងឺ​របស់​ប្ដី​នៅ​ពេល​នេះ ប្រសិន​បើ​មិន​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ពីព្រោះ​ចាប់ពី​ថ្ងៃ​ទី​១៧ មករា មក​លោក​ត្អូញ​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​ខុស​ប្រក្រតី​។ ម្យ៉ាងវិញទៀត ចាប់​តាំង​ចេញពី​ពន្ធនាគារ​មក មិន​មាន​ស្ថាប័ន​ណា​ផ្ដល់​ប្រាក់​ទៅ​ព្យាបាល​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៨ មករា ដោយ​លោក​ប្រាប់​ថា រវល់​ប្រជុំ៖ «ខ្ញុំ​កំពុង​ប្រជុំ​អធ្យាស្រ័យ​ណាស់»

សាក្សី​ទាំងនោះ​អះអាង​ថា លោក ទុយ ស្រស់ ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ដែល​ជាប់ឃុំ​ជាមួយ​ពួកគាត់ នៅ​កន្លែង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មករា គឺ​ដោយសារ​ការ​វាយ​វាយដំ ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំគ្រា​ឈឺ​ចុកចាប់​ក្នុង​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។ សាក្សី​បន្ត​ថា ជនរងគ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​កងរាជអាវុធហត្ថ​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត ហើយ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ រីឯ​ជនរងគ្រោះ ៤​នាក់​ផ្សេងទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៣ មករា។

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់​ពួក​លោក​ទាំង ៥​នាក់​យក​ទៅ​ឃុំ​វាយ​ធ្វើបាប បន្ទាប់ពី​ពួក​លោក​ជាង ១០០​នាក់ តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ រក​ដោះស្រាយ​រឿង​ទំនាស់​ដី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ដូច​ការចោទប្រកាន់​ឡើយ ហើយ​អាជ្ញាធរ​ខេត្ត​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជុំវិញ​បញ្ហា​នេះ​រួចហើយ​ដែរ​។ ទោះជា​យ៉ាង​នេះ​ក្ដី លោក​ជំរុញ​ឱ្យ​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ​ប្ដឹង​ទៅ​តុលាការ ប្រសិនបើ​ពួកគាត់​មិន​ពេញ​ចិត្តនឹង​ការ​បំភ្លឺ​របស់​អាជ្ញាធរ​។​

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍ថា បុគ្គលិក​របស់​លោក បាន​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​ជនរងគ្រោះ​ជាច្រើនលើក​ពិនិត្យ​ឃើញ​ថា មនុស្ស​៤​នាក់​ដែល​បាន​ដោះលែង​ពី​ពន្ធនាគារ​នោះ គឺ​មួយ​ចំនួន​បាន​ឈឺ​ធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ជាបន្ទាន់។ លោក​ថា ជនល្មើស​ក្នុង​រឿង​នេះ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «អីចឹង​ហើយ​បានជា​យើង​ឃើញ​ថា បញ្ហា ដែល​រង​របួស​ហ្នឹង​មិនទាន់​ជា​នៅឡើយ​ទេ។ អីចឹង​បានជា​យើង​ឃើញ​ថា នៅ​ក្នុង​ដំណាល​នេះ​យើង​ចង់​ឃើញ​សមត្ថកិច្ច​ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់​ហ្នឹង​ត្រូវ​បាន​ចាត់វិធានការ​នឹង​រក​យុត្តិធម៌ ឬក៏​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ដំណោះស្រាយ»

លោក សឹង សែនករុណា បន្ថែម​ថា អ្នក​ដែល​ពាក់ព័ន្ធ ទោះបី​អ្នកនោះ​ជា​មនុស្ស​មានអំណាច​ក៏ដោយ​ត្រូវតែ​យក​មក​ឱ្យ​ទទួល​ខុសត្រូវ ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ធានា​យុត្តិធម៌​នៅ​ក្នុង​សង្គម ដោយ​មិន​ប្រកាន់​បក្ស​ពួក​និយម ឬក៏​មានការ​យោគយល់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល