អ្នកវិភាគ​ថា លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ និង​មិន​ទទួលខុសត្រូវ​ករណី​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី

ដោយ ទីន ហ្សាការីយ៉ា
2020-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ អ្នកវិភាគនយោបាយ។
លោក គឹម សុខ អ្នកវិភាគនយោបាយ។
រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ

ក្រុម​អ្នកវិភាគ និង​មេ​បក្ស​ប្រឆាំង​ចាត់​ទុក​ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន មិន​ឱ្យ​និស្សិត​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ១៥០​នាក់ វិល​ត្រលប់​មក​កម្ពុជា​វិញ​នោះ ជា​ការ​ផាត់​ពលរដ្ឋ​ចេញ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ចែងថា រដ្ឋ​មាន​កាតព្វកិច្ច​គាំពារ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ទោះជា​នៅ​ទី​ណា​ក៏ដោយ​នោះ។

ក្រុម​អ្នកវិភាគ និង​មេដឹកនាំ​គណបក្សប្រឆាំង​ចាត់​ទុក​ទង្វើ​របស់ លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ទន់ខ្សោយ និង​មិន​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែល​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ លោក គឹម សុខ មាន​ប្រសាសន៍ថា ការ​សម្រេច​របស់​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចំនួន​១៥០​នាក់​វិល​មក​កម្ពុជា​វិញ ដោយ​យក​លេស​ថា កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ ជា​កាយវិការ​បង្ហាញ​ពី​ការបោះបង់​ពលរដ្ឋ​របស់​ខ្លួន​ចោល នៅ​ខណៈ​ពលរដ្ឋ​ជាច្រើន​នៅ​លើ​ពិភពលោក​ស្វែងរក​កន្លែង​សុវត្ថិភាព​រៀងៗ​ខ្លួន កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​។ «»

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក ហ៊ុន សែន សម្រេច​មិន​យក​ពលរដ្ឋ​របស់​ខ្លួន​ចូល​ស្រុក​វិញ ខណៈ​ជំងឺ​កូវីដ​១៩ កំពុង​រីក​រាលដាល​ឆ្លង​នៅ​ថ្នាក់​តំបន់​និង​ពិភពលោក​នេះ​។ លោក ហ៊ុន សែន កាលពីដើម​ខែ​កុម្ភៈ លោក​ប្រកាស​ថា មិន​ទៅ​យក​និស្សិត​ខ្មែរ​ពី​ទីក្រុង​វូហាន (Wuhan) ប្រទេស​ចិន​មកវិញ​ទេ​។ រីឯ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​យក​យន្តហោះ​ពិសេស​ទៅ​ដឹក​យក​ពលរដ្ឋ​និង​និស្សិត​របស់​ខ្លួន វិល​ទៅ​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន​វិញ ហើយ​កាលណោះ លោក ហ៊ុន សែន ក៏​រង​ការរិះគន់​ខ្លាំងៗ​ពី​សាធារណជន​ដែរ​។ ដោយឡែក​ថ្មីៗ​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏​បញ្ជូន​យន្តហោះ​ទៅ​ដឹកនាំ​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​វិញ​ដែរ ដើម្បី​សុវត្ថិភាព​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ពិភពលោក​កំពុង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ នេះ។អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត សេង សារី ដែល​លោក​បាន​ធ្វើ​ប្រជាមតិ​ពលរដ្ឋ នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ថា​តើ​ពលរដ្ឋ​គាំទ្រ​ឱ្យ​អ្នក​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​នោះ វិល​មក​កម្ពុជា​វិញ​ដែរ​ឬទេ?។ លោក​មានប្រសាសន៍ថា ការ​ស្ទង់ មតិ​នេះ អ្នកលេង​បញ្ញា​សង្គម បាន​ឆ្លើយ​និង​សំនួរ​នេះ មាន​៨០% គាំទ្រ ឬ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យក​ពលរដ្ឋ​ទាំង​១៥០​នាក់​នោះ ត្រលប់​កម្ពុជា​វិញ ដោយ​គិត​គួរ​ពី​សុវត្ថិភាព​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ផង និង​គិត​ពី ការ​យក​ចិត្តទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​ដោយ​ស្មើភាព​គ្នា​ផង។ «»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៧ មេសា បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ និង​និស្សិត​ផង​ប្រមាណ ១៥០​នាក់​វិល​មក​កម្ពុជា​វិញ​ទេ ទោះជា​ពួកគាត់​ទាំងនោះ បាន​ទៅដល់ ព្រលាន​យន្តហោះ ហើយ​រង់ចាំ​តែ​ម៉ោង​ហោះ​ចេញពី​ប្រទេស​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​វិញ​ក្ដី ដោយ​លោក​បាន​លើ​ហេតុផល​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ ពី​អ្នក​ទាំងនោះ។ «»

អ្នកវិភាគ​លើកឡើង​ថា ពលរដ្ឋ​ជនជាតិ​ចាម​មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ ឆ្លង​ជំងឺ​កូវីដ១៩ កាល​ពី​ដើម​មីនា​នោះ មិនមែន​ជា​កំហុស​របស់​ពលរដ្ឋ​ទាំង​នោះ​ទេ បញ្ហា​នៅ​ត្រង់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ភ្ញៀវ​ទាំងអស់​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រលាន​យន្តហោះ​នោះ នឹង​ឆ្លងកាត់​ម៉ាស៊ីន​ស្កេន​អាច​មើល​ឃើញ​អ្នក​ណា​ខ្លះ​មាន​កំដៅ​ខុស​ពី​ធម្មតា ឬ​ឆ្លង​ជំងឺ​កូវីដ​១៩​។ ផ្ទុយទៅវិញ ម៉ាស៊ីន​ស្កេន​ទាំងនេះ​មើល​មិន​ឃើញ នៅ​ស្រប​ពេល​របប​របស់​លោក បើក​ឱ្យ​ភ្ញៀវ​ជនជាតិ​ចិន ចូល​កម្ពុជា​រាប់​ពាន់​នាក់ ដែល​មកពី​ប្រទេស​ចិន​ដែល​ជា ប្រភព​ដើម​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ។

ដោយឡែក​ពលរដ្ឋ​ចំនួន ១៥០​នាក់​នេះ​ទៀត ភាគច្រើន​ជា​ជនជាតិ​ចាម ហើយ​ក្នុងចំណោម​ពួកគាត់​ខ្លះ ជា​និស្សិត អ្នកខ្លះ​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី មិនមែន​ជា​ក្រុម​ទៅ​ចូលរួម​ពិធី​សាសនា ដែល​ប្រមូល​ផ្ដុំ​គ្នា​មនុស្ស​ច្រើន​នោះ​ទេ។

និស្សិត​មួយ​រួប​ក្នុងចំណោម​អ្នក​ជាប់​នៅ​ព្រលាន​យន្តហោះ​ប្រទេស​ម៉ាឡេស៊ី​ទាំង​១៥០​នាក់​នោះ គឺ លោក សព្រី សឡេះ សម្ដែង​ការ​ខកចិត្ត​នៅ​ពេល​លោក ហ៊ុន សែន មិន​អនុញ្ញាត​និស្សិត​ពលករ​ត្រលប់​ទៅ​កម្ពុជា​វិញ​នេះ​។ លោក​បញ្ជាក់​ថា ពលករ​ទាំងនេះ​ប្រឈម​និង​បញ្ហា​ដាច់​ស្បៀង និង​គ្មាន​លុយ​បង់​ផ្ទះ​ជួល ព្រោះ​រោងចក្រ​បាន​បិទទ្វារ។ «»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថ្កោលទោស​លោក ហ៊ុន សែន ដែល​ផាត់​ពលរដ្ឋ​របស់​ខ្លួន​ចេញ​នេះ។ លោក​បញ្ជាក់​ថា នេះ​ជា​ស្មារតី​មិន​ទទួលខុសត្រូវ​ក្នុងនាម ជា​មេដឹកនាំ ហើយ​ទង្វើ​នេះ ជា​ការ​រើសអើង​និង ខុស​ទៅ​និង​រដ្ឋធម្មនុញ្ញ។ «»

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា​មាត្រា ៣១ វាក្យខណ្ឌ​ទី​២​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថានភាព​ឯទៀត​ឡើយ​។ រីឯ​មាត្រា មាត្រា ៤០ សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ ជិត និង តាំង​ទីលំនៅ​ក្នុង​ស្ថានភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព​។ ប្រជា​ពលរដ្ឋ​ខ្មែរ អាច​ចេញទៅ​តាំងទី​លំនៅ​នៅ​ប្រទេសក្រៅ ឬ វិលត្រឡប់​មក​វិញ​បាន។

លើស​ពី​នេះ​ទៀត ការ​បដិសេធ​របស់​លោក ហ៊ុន សែន មិន​ឱ្យ​ពលរដ្ឋ​ទាំង​១៥០​នាក់​វិល​មក​កម្ពុជា​វិញ​នេះ ហាក់​បញ្ច្រាស​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់ Westerdam ដឹក​ភ្ញៀវ​ទេសចរ​ជាង​២​ពាន់​នាក់​ចុះចត​នៅ​ខែត្រ​ព្រះសីហនុ ដែល​លោក​បាន​ឱ្យ​ប្រព័ន្ធ​ឃោសនា​របស់​លោក រួម​ទាំង​ទូរទស្សន៍​ជាតិ​ផង ថត​ផ្សព្វផ្សាយ​ឱ្យ​មើល​ឃើញ​ពាសពេញ​ពិភពលោក ហើយ​លោក​អះអាង​ថា ជា​សកម្មភាព​មនុស្សធម៌​របស់​លោក​នោះ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា បើសិនជា​លោក ហ៊ុន សែន ជា​មនុស្ស​មានគុណ​ធម៌ មេត្តាធម៌ និង​មនុស្សធម៌​នោះ គឺ​លោក​ត្រូវតែ​ធ្វើអំពើ​មនុស្សធម៌​នេះ ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល