តំណាងរាស្រ្ត​អាស៊ាន​ស្នើ​​ឲ្យ​​ប្រទេស​​ថៃ ហ៊ាន​​ប្រឆាំង​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា

ដោយ មួង ណារ៉េត
2019-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កាស៊ីត ភីរម្យយ៉ា (Kasit Piromya) អតីត​សមាជិក​សភា​ថៃ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស​
លោក កាស៊ីត ភីរម្យយ៉ា (Kasit Piromya) អតីត​សមាជិក​សភា​ថៃ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស​
រូប៖ ហ្វេសប៊ុក Kasit Piromya

សមាជិក​សភា​អាស៊ាន ស្នើ​ឲ្យ​ប្រទេស​ថៃ ហ៊ាន​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស APHR មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ ក្នុង​តំបន់​អាស៊ាន លើក​ឡើង​ពីក្តីព្រួយ​បារម្ភ​របស់​ខ្លួន​ថា ​មេ​ដឹក​នាំ​អាស៊ាន នឹង​ខកខាន​មិន​បាន​ពិភាក្សា ពី​បញ្ហា​ងើប​ឡើង​នៃ​របប​ផ្តាច់​ការ និង​ការ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល រួម​ទាំង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង។

សមាជិក​សភា​អាស៊ាន​ទាំង​នេះ លើក​យក​បញ្ហា​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ និង​ការ​បង្ខំ​ឲ្យ​ចូល​សារភាព ដោយសារ​តែ​ពួក​គេ​សម្តែង​មតិ​ដោយ​អហិង្សា​ជា​ដើម។

អតីត​សមាជិក​សភា​ថៃ លោក កាស៊ីត ភីរម្យយ៉ា (Kasit Piromya) ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ នៃ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស​ផង​នោះ​ថា ប្រទេស​ថៃ ដែល​ឆ្នាំ​នេះ​ ត្រូវ​វេន​ជា​ប្រធាន​អាស៊ាន គប្បី​ធ្វើ​ជា​គំរូ​គេ ដោយ​ចាប់​ផ្តើម​ហ៊ាន​ចេញ​មុខ​​តវ៉ា​ប្រឆាំង​ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស នៅប្រទេសឯទៀត​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ប្រទេស​កម្ពុជា​ផង។

សាររបស់​សមាជិក​អាស៊ាន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ មុន​កិច្ច​ប្រជុំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​នេះ។

សមាជិក​សភា​អាស៊ាន​ទាំង​នេះ ព្រមាន​ថា បើ​មេ​ដឹក​នាំ​ប្រទេស​អាស៊ាន បរាជ័យ​ក្នុង​ការ​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ និង​ខកខាន​មិន​បាន​ចាប់​ប្រទេស​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ឲ្យ​ទទួល​ខុស​ត្រូវ​ ចំពោះ​អំពើ​របស់​ខ្លួន​នោះ​ទេ ជំនួប​កំពូល​ប្រទេស​អាស៊ាន នឹង​ជួប​បញ្ហា​ប្រេះ​ឆា នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល