សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក រ៉ាត់ រត្នមុនី ទៅ​ថ្ងៃ​ក្រោយ​វិញ

ដោយ សេក បណ្ឌិត
2019-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់​ខ្លួន នៅ​ពេល​លោក និង​ភរិយា​ទៅ​យក​លិខិត​ឆ្លង​ដែន​នៅ​កន្លែង​ធ្វើ​ទិដ្ឋាការ​ទៅ​ប្រទេស​ហូឡង់ (Netherland) ក្នុង​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូបថត៖ អ្នកស្រី ឡុង គីមហ៊ាង

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​សំណុំ​រឿង​សកម្មជន​សិទ្ធិ​ការងារ​ លោក រ៉ាត់ រត្នមុនី ទៅ​ថ្ងៃ​ក្រោយ​វិញ តាម​ការ​ស្នើ​សុំ​របស់​មេធាវី។ អ្នក​ការពារ​សិទ្ធិមនុស្ស​រំពឹង​ថា សាលា​ឧទ្ធណ៍​នឹង​កំណត់​ពេល​ជំនុំ​ជម្រះ​ជាថ្មី​ឱ្យ​បាន​ឆាប់ ដើម្បី​ជា​ប្រយោជន៍​ជន​ជាប់​ចោទ។

មេធាវី​​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែង​ថា មូលហេតុ​នៃ​ការ​ស្នើ​សុំ​ពន្យារ​ពេល​នេះ ដោយ​សារ​ភាគី​ដើម​បណ្ដឹង និង​សាក្សី​សុទ្ធតែ​អវត្តមាន​នៅ​ក្នុង​អង្គ​សវនាការ ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ដេញដោល​ចំពោះ​មុខ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​កូន​ក្តី។ លោក​បន្ត​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​បាន​ប្រាប់​លោ​កថា ​មន្ត្រី​ទទួល​បន្ទុក​ខាង​បញ្ជូន​ដីកា មិន​អាច​ស្វែង​រក​ឃើញ​លំនៅឋាន និង​ទីតាំង​ពិត​ប្រាកដ​របស់​ភាគី​ដើម​បណ្ដឹង និង​សាក្សី ដូច្នេះ​ទើប​គ្មាន​នរណា​ម្នាក់​បង្ហាញ​វត្តមាន​ក្នុង​អង្គ​សវនាការ ក្រៅពី​ពួក​លោក​​ជា​មេធាវី និង​កូន​ក្តី។ លោក​បញ្ជាក់​ថា ខាង​មេធាវី​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ ពីព្រោះ​ភាគី​ដើម​បណ្ដឹង និង​សាក្សី សុទ្ធតែ​បង្ហាញ​​អាសយដ្ឋាន​ច្បាស់លាស់​នៅ​ក្នុង​កំណត់​ហេតុ​នៃ​សំណុំរឿង មិន​គួរ​មន្ត្រី​នគរបាល​យុត្តិធម៌​រក​មិន​ឃើញ​ទីតាំង​ទាំង​នោះ​ឡើយ៖ «យើង​គិត​​ថា ប្រសិន​បើ​ឱ្យ​គាត់​បន្ត​ដំណើរ​ការ​ហ្នឹង វា​ហាក់​​ដូច​ជា​ធ្វើ​រំលោភ​​លើ​សិទ្ធិ​របស់​ជន​ជាប់​ចោទ ហើយ​មួយ​ទៀត​ជន​ជាប់​ចោទ លោក រ៉ាត់ រត្នមុនី ក៏​គាត់​បាន​យល់ស្រប​ឱ្យ​មាន​ការ​ស្នើ​សុំ​លើក​ពេល​​សវនាការ​នេះ​ដែរ។ អ៊ីចឹង​យើង​គ្រាន់​តែ​មាន​ការ​សោក​ស្ដាយ ហើយ​ក៏​សូម​ជំរុញ​ឱ្យ​ខាង​សាលាឧទ្ធរណ៍​ព្យាយាម​ធ្វើ​យ៉ាង​ណា​កោះ​ហៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ដើម​បណ្ដឹង​រដ្ឋប្បវេណី ហើយនិង​សាក្សី»

មេធាវី​ សំ ទិត្យសីហា ​បន្ត​ថា​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ថា សវនាការ​អាច​ពន្យារ​រហូត​ដល់​ចុង​ខែ​វិច្ឆិកា ឬ​ដើម​ខែ​ធ្នូ​ខាងមុខ ដោយ​​សារ​តែ​សាលា​ឧទ្ធរណ៍​មាន​សំណុំ​រឿង​ច្រើន​ដែល​ត្រូវ​ពិនិត្យ ហើយ​ត្រូវ​ឆ្លង​កាត់​បែប​បទ​រដ្ឋបាល​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា លោក​ថា មេធាវី​បាន​ស្នើ​សុំ​ឱ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​នេះ ហើយ​ខាង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បញ្ជាក់​ថា នឹង​ពិនិត្យ​ទៅ​តាម​លទ្ធភាព។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​ រ៉ាត់ រត្នមុនី ឱ្យ​ជាប់​ពន្ធនាគារ២ ឆ្នាំ ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង” និង​បង់​សំណង​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។

ដើម​ហេតុ​នៃ​រឿង​ក្តីក្តាំ​នេះ គឺ​ដោយសារ​លោក រ៉ាត់ រត្នមុនី បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការ​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។

អាជ្ញាធរ​របបក្រុង​ភ្នំពេញ​បាន​ចាត់​ទុក​ភាពយន្ត​ឯកសារ​នេះ​ថា ជា​វីដេអូ​ប្រឌិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា រួច​ក៏​បាន​តាម​ចាប់​លោក រ៉ាត់ រត្នមុនី ដល់​ប្រទេស​ថៃ ដោយ​​ចោទ​ថា លោក​​បាន​ឱ្យ​លុយ​តួអង្គ​ទាំងនោះ ​ដើម្បី​និយាយ​ប្រឌិត​សាច់​​រឿង។ ក៏​ប៉ុន្តែ​តួអង្គ​ម្នាក់​នៅ​ក្នុង​​ភាពយន្ត​ឯកសារ​”ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ធ្លាប់​ប្រាប់​​អាស៊ី​សេរី​ថា នាង​មិន​បាន​ទទួល​លុយ​កាក់​​ពី​លោក រ៉ាត់ រត្នមុនី ឡើយ ហើយ​អ្វី​ដែល​នាង​បាន​រៀប​រាប់​នៅ​ក្នុង​ភាព​យន្ត​ឯកសារ​នោះ គឺជា​រឿង​ពិត​ផ្ទាល់​ខ្លួន​របស់​នាង។

នាយក​​រង​ទទួល​​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជំរុញ​ឱ្យ​តុលាការ​បញ្ជូន​ដីកា​កោះ​ទៅ​ដល់​ដៃ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួក​គេ​មក​ចូលរួម​ក្នុង​សវនាការ​នៅ​ពេល​ក្រោយ។ លោក​បន្ត​ថា ការ​អូស​បន្លាយ​​សំណុំ​រឿង​ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍​​ជន​ជាប់​ចោទ ជាពិសេស​សំណុំ​រឿង​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​វាយ​តម្លៃ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក រ៉ាត់ រត្នមុនី៖ «ទាក់ទង​សំណុំ​រឿង​លោក រ៉ាត់ រត្ន​មុនី នេះ យើង​ឃើញ​ថា ទាំង​សហគមន៍​​ជាតិ និង​អន្តរជាតិ​ហ្នឹង គេ​ទាម​ទារ​ហើយ សុំ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​សម្រាប់​រូប​គាត់ ពីព្រោះ​គាត់​គ្រាន់​តែ​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​ RT របស់​រុស្ស៊ី។ អ៊ីចឹង​មក​ចាប់​គាត់ ហើយ​និង​ចោទ​ប្រកាន់​គាត់ គឺ​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​គាត់​ទេ»

គិត​​ត្រឹម​ពេល​នេះ លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ប្រមាណ ១០ខែ​ទៅ​ហើយ។ មេធាវី សំ ទិត្យសីហា បញ្ជាក់​ថា តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក នៅ​ថ្ងៃ​ទី២១ តុលា​ខាង​មុខ។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​វាយ​តម្លៃ​ថា តុលាការ​បាន​កាត់​ក្តី​រឿង​នេះ ​បែប​បាយ​ឡុកបាយឡ​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។ ទន្ទឹម​នឹង​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់​ទោ​ស លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពី​ព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។ សហគមន៍​អន្តរជាតិ​បាន​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ និង​ដោះលែង​លោក រ៉ាត់ រត្នមុនី វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល