សង្គម​ស៊ីវិល​ថា អាស៊ាន​គួរ​មាន​កិច្ចប្រជុំ​ដោយ​ឡែក​រឿង​សិទ្ធិមនុស្ស​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន

ដោយ សេក បណ្ឌិត
2019-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ពី​ថ្ងៃ​ទី​២២ មិថុនា​ ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ពី​ថ្ងៃ​ទី​២២ មិថុនា​ ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
Photo courtesy of Asean website

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​២២ មិថុនា​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ កិច្ចប្រជុំ​ដាច់ដោយឡែក​ជាច្រើន ត្រូវ​រៀបចំឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ ក៏ប៉ុន្តែ មិន​មាន​កម្មវិធី​ណាមួយ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ​នោះ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា មេដឹកនាំ​អាស៊ាន គួរតែ​មាន​កម្មវិធី​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ការ​តស៊ូ​មតិ ដើម្បី​ស្ដាប់​កង្វល់​ទាំងឡាយ​ជុំវិញ​បញ្ហា​ទាំងនេះ​។ លោក​យល់ថា កម្មវិធី​បែបនេះ​មាន​ភាព​ចាំបាច់​ដោយសារ​តែ​អាស៊ាន​ជា​តំបន់​ដែល​មានការ​រឹតត្បិត និង​រំលោភបំពាន​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ច្រើន​ករណី​។ លោក​បន្ថែម​ថា អាស៊ាន​មិន​គួរ​ផ្ដោត​តែ​លើ​រឿង​ការ​ពង្រឹង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​តែមួយ​មុខ​នោះ​ឡើយ៖ «ទោះជា​នៅ​ក្រៅ​ផ្លូវការ ឬ​ក្នុង​ផ្លូវការ​ក៏ដោយ គួរតែ​មាន​ពេលវេលា​ណាមួយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​អាស៊ាន បាន​ចូលរួម ហើយ​និង​បាន​ផ្ដល់​ជា​មតិយោបល់ ដើម្បី​ធ្វើការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ហ្នឹង​។ ឱ្យ​បាន​ដឹង ឱ្យ​បាន​យល់ ហើយ​និង​ស្វែងរក​ការ​កែប្រែ ឬក៏​កិច្ចការពារ​ធ្វើ​យ៉ាងណា​ឱ្យ​ធានា​នៃ​ការ​គោរព​សិទ្ធិមនុស្ស ទោះបីជា​យើង​ដឹង​ថា អាស៊ាន​ហ្នឹង​វា​ចម្រុះ​ប្រទេស​ដែល​មាន​កុម្មុយនិស្ត មាន​សេរី​ក៏ដោយ»

ប្រតិកម្ម​របស់​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ប្រទេស​ថៃ​ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្រោម​មូលបទ “​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចិរភាព​” នៅ​ថ្ងៃ​ទី​២២ និង​២៣ មីនា នេះ​។ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​គោលការណ៍​កុងសង់ស៊ីស ក្នុងចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ថ្មីៗ ដែល​សាកលលោក​កំពុង​ប្រឈម​។​

ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​ជាអាទិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ទីប្រឹក្សា​រដ្ឋ​សហភាព​មីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) និង​បណ្ដា​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ពី​ថ្ងៃ​ទី​២២ មិថុនា​ ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ពី​ថ្ងៃ​ទី​២២ មិថុនា​ ២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ Photo courtesy of Asean website

កម្មវិធី​នៅ​ថ្ងៃ​ដំបូង​នេះ មាន​កិច្ច​ប្រជុំ​ពេញអង្គ​រវាង​ប្រមុខ​ដឹកនាំ​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ពីរ​ផ្សេងទៀត គឺ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​។ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​មាន​កិច្ចប្រជុំ​ដោយឡែក​ជាមួយ​តំណាង អន្តរ​សភា​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ធុរកិច្ច​អាស៊ាន និង​ជាមួយ​តំណាង​យុវជន​អាស៊ាន​ផង​ដែរ ក៏ប៉ុន្តែ​មិន​មាន​ជំនួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​ឡើយ។

អគ្គនាយក​កិច្ចការ​អាស៊ាន​នៃ​ក្រសួងការបរទេស​ថៃ លោក សុរិយា ចិន្តាវង្ស (Suriya Chindawongse) អះអាង​ប្រាប់​កាសែត ឌឹណេសិន (The Nation) ថា បើ​ទោះ​បី​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួបពិភាក្សា​បញ្ហា​ជាមួយ​ថ្នាក់​នាំ​អាស៊ាន​ក៏ដោយ ក៏​ពួកគេ​ទំនងជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​មួយ​ចំនួន​ដែរ។

វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន (ACSC/APF) ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា ការ​មិន​រៀបចំ​ឱ្យ​ពួកគេ​បាន​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន​នេះ បង្ហាញ​ថា មេដឹកនាំ​អាស៊ាន​មានការ​រើសអើង ហើយ​ជួប​តែ​ជាមួយ​ក្រុម​អ្នក​រកស៊ី និង​តំណាង​ដែល​ពួកគេ​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង។

អាស៊ីអាគ្នេយ៍​ត្រូវ​បាន​វាយតម្លៃ​ថា ជា​តំបន់​ដែល​មាន​ការ​កើន​ឡើង​នៃ​ការ​វាយ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​មានការ​រំលោភ​បំពាន​លើ​បទដ្ឋាន​អន្តរជាតិ​ទាក់ទង​នឹង​ការ​បញ្ជូន​ជនភៀសខ្លួន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​កំណើត​វិញ ដែល​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ​ពី​អាជ្ញាធរ​ប្រទេស​នោះ។ ប្រទេស​ដែល​រំលោភ​បទដ្ឋាន​អន្តរជាតិ​ទាំងនោះ មាន​ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និង​កម្ពុជា ជាដើម​។

ជា​ឧទាហរណ៍ ក្រោម​កិច្ចព្រមព្រៀង​ស្ដីពី​បត្យាប័ន អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​លោកស្រី សំ សុខា និង​លោក រ៉ាត់ រត្នមុនី ដែល​ជា​ជនភៀសខ្លួន​ខ្មែរ និង​ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស ត្រឡប់​ទៅ​ឱ្យ​របប​ក្រុងភ្នំពេញ​កាត់ទោស​វិញ បើ​ទោះ​បី​ជា​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (UNHCR) ប្រចាំ​ប្រទេស​ថៃ​ក៏ដោយ​។

តំណាងរាស្ត្រ​ម៉ាឡេស៊ី និង​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) លោក ឆាលស៍ សាន់ទីអេហ្គោ (Charles Santiago) បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា និន្នាការ​បែបនេះ គឺ​ពិតជា​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) វាយតម្លៃ​ថា នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ធ្វើ ដើម្បី​ផ្គាប់ចិត្ត​គ្នា​ទៅវិញទៅមក។

អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក អំ សំអាត ជឿជាក់​ថា ប្រសិនបើ​មេដឹកនាំ​អាស៊ាន​មិន​កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស​នេះ​ទេ សមាគម​នេះ​នឹង​មិន​អាច​បោះជំហាន​ទៅមុខ​បាន​ឆ្ងាយ​ឡើយ ហើយក៏​មិន​អាច​ទទួល​បានការ​កោត​ស​សើ​រថា​ជា​តំបន់​មាន​សុខ​សន្តិភាព​ពិតប្រាកដ​ក្នុង​ពិភពលោក​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល