មន្ត្រី​អាដហុក​រង​ការ​រំខាន​ពី​សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ពេល​ចុះ​អប់រំ​សិទ្ធិមនុស្ស​​ដល់​ពលរដ្ឋ

ដោយ សេក បណ្ឌិត
2019-10-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ចូលរួម​បណ្ដុះបណ្ដាល​ពី​សិទ្ធិ​សេរីភាព ការ​បញ្ចេញមតិ ដែល​ធ្វើ​​បទបង្ហាញ​ដោយ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី នៅ​សណ្ឋាគារ ស្ព្រីងផាក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៩។
ប្រជាពលរដ្ឋ​ចូលរួម​បណ្ដុះបណ្ដាល​ពី​សិទ្ធិ​សេរីភាព ការ​បញ្ចេញមតិ ដែល​ធ្វើ​​បទបង្ហាញ​ដោយ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី នៅ​សណ្ឋាគារ ស្ព្រីងផាក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០១៩។
Photo Adhoc

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ខេត្ត​បាត់ដំបង​ចោទប្រកាន់ មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ​ថា បាន​ចូល​ទៅ​អុកឡុក​រំខាន​ការងារ​របស់​ខ្លួន ដែល​កំពុង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​សិទ្ធិ​សេរីភាព និង​ការសម្ដែង​មតិ នៅ​ក្រុង​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា។ ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​តាមដាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​ជួប​ប្រជុំ​គ្នា​របស់​ព​ល​រដ្ឋ​ដោយ​ខុសច្បាប់។

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ស្រដៀង​គ្នា​ថា សិទ្ធិ​សេរីភាព​ការ​ជួប​ប្រជុំគ្នា​របស់​ពលរដ្ឋ​នៅ​ពេល​នេះ​កាន់តែ​រួម​តូច គួរ​ឱ្យ​ព្រួយបារម្ភ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ប្រាប់​អាស៊ីសេរី ក្រោយ​ពេល​មន្ត្រី​ប៉ូលិស​ចូល​ទៅ​រំខាន​ថា មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ២​នាក់ ស្លៀកពាក់​ស៊ីវិល ចូល​ទៅ​សាកសួរ​លោក​ម្ដង​ម្នាក់ៗ នៅ​ពេល​កំពុង​អប់រំ​អំពី​សិទ្ធិ​អំណាច​ពលរដ្ឋ និង​ការ​យល់​ដឹង​ពី​ការសម្ដែង​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់​នៅ​ក្នុង​សណ្ឋាគារ ស្ព្រីង ផាក​(Spring Park) ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ តុលា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ត​ថា ដំបូង​ឡើយ​មាន​មន្ត្រី​ប៉ូលិស​ម្នាក់ ឈ្មោះ អ៊ុំ សំ និង​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ​បាន​បន្លំ​ខ្លួន​សុំ​លោក​ចូលរៀន ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ទេ ដោយសារ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចូល​អប់រំ។ លោក​បញ្ជាក់​ទៀត​ថា មន្ត្រី​ទាំងនេះ បាន​ថតរូប​អ្នកចូលរួម​អប់រំ និង​បាន​សួរ​លោក​អំពី​មេរៀន​ដែល​ត្រូវ​បង្រៀន​ពលរដ្ឋ​មាន​អ្វីខ្លះ​ជាដើម។ លោក យិន យ៉េងលី ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​នេះ ថា ជា​ការ​បំភិតបំភ័យ​និង​បិទ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ដោយ​ខុសច្បាប់៖ «ខ្ញុំ​សួរ​គាត់​ទៅ​ណា​មក​ណា ពីព្រោះ​គាត់​អត់​មាន​បង្ហាញ​អត្តសញ្ញាណ​ណាមួយ​ទេ ព្រោះ​ស្លៀកពាក់​ស៊ីវិល។ ខ្ញុំ​មានការ​សោកស្ដាយ​ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ ឬ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​ហ្នឹង​ទៅ ពីព្រោះ​អំពើ​ទាំងនេះ​វា​កើត​មានតែ​នៅ​ក្នុង​របប​កុម្មុយនិស្ត​ទេ គឺ​ខ្ញុំ​បាន​កើត​ទាន់​របប​កុម្មុយនិស្ត​ខ្មែរក្រហម គឺ​គេ​តាមដាន​គ្នា គ្រប់​រូបភាព​ទាំងអស់ ធ្វើ​ឱ្យ​រស់​ស្ថិត​ក្នុង​ភាព​ភ័យខ្លាច​តែម្ដង។ តែ​សង្គម​យើង​សព្វ​ថ្ងៃជា​សង្គម​ប្រជាធិបតេយ្យ ហើយ​ប្រមុខ​រដ្ឋាភិបាល​ប្រឹងប្រែង​ណាស់​ការពារ​របប​ប្រជាធិបតេយ្យ ការពារ​របប​រាជានិយម​តែ​កូនចៅ​អស់​លោក​នៅ​ខាង​ក្រោម​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាម៉ាស់មុខ​វិញ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា សិក្ខាកាម​ដែល​ចូល​អប់រំ គឺជា​ប្រជាពលរដ្ឋ​មកពី​មាន​សហគមន៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង គឺ​ក្នុង​បំណង​បណ្ដុះបណ្ដាល​ដល់​ពួកគាត់​ឱ្យ​យល់ដឹង​ពី​សិទ្ធិ​អំណាច​របស់​ពលរដ្ឋ ដើម្បី​ជា​ប្រយោជន៍​យក​ទៅ​ប្រើប្រាស់​ក្នុង​តស៊ូ​មតិ​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់។

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​អប់រំ កញ្ញា មាស សុខា ថ្លែង​ថា អ្នកចូលរួម​នាំគ្នា​ភ្ញាក់ផ្អើល ធ្វើ​ភ្នែក​ស្រឡាំងកាំង​គ្រប់គ្នា ដោយ​មិន​នឹកស្មាន​ថា ស្ថានភាព​តឹងតែង​ដល់​ថ្នាក់​មាន​ប៉ូលិស​តាមដាន​ប្រជាពលរដ្ឋ​ស្វែងយល់​អំពី​សិទ្ធិមនុស្ស និង​សេរីភាព​ការសម្ដែង​មតិ​បែបនេះ​ឡើយ។ កញ្ញា​បន្ត​ថា បន្ទាប់ពី​ប៉ូលិស​ចូល​ទៅ​អុកឡុក​ហើយ ធ្វើ​ឱ្យ​ពួកគាត់​មាន​ភ័យខ្លាច ដោយ​គ្មាន​អារម្មណ៍​រៀន​សូត្រ​នោះ​ទេ៖ «ធ្វើ​ឱ្យ​ការ​រំខាន​ប្រហែលជា ១​ម៉ោង ដែរ​ព្រឹក​មិញ។ គាត់​ធ្វើ​អីចឹង​ដូចជា​រឹត​បន្តឹង​ទៅលើ​ប្រជាពលរដ្ឋ​ពេក​ហើយ​។​បើ​និយាយ​ពី​អារម្មណ៍​របស់ខ្ញុំ​ព្រឹក​មិញ​វា​បាត់បង់​ចង់​ពាក់កណ្ដាល ព្រោះ​ពួក​ខ្ញុំ​កំពុងតែ​វា​បាត់បង់​ខ្លះៗ ដល់​តែ​មាន​ការ​រំខាន​អីចឹង​វា​ទៅជា​បាក់​ទឹកចិត្ត វា​ទៅជា​មានការ​ភ័យខ្លាច​អី​ទៅវិញ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក មាន ឡាយ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៧ តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី (ឆ្វេង) និង​មន្ត្រីប៉ូលិស​ផ្នែក​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក អ៊ុំ សំ (​ស្ដាំ​ដៃ​)។
​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី (ឆ្វេង) និង​មន្ត្រីប៉ូលិស​ផ្នែក​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក អ៊ុំ សំ (​ស្ដាំ​ដៃ​)។ Photo Adhoc

ចំណែក​មន្ត្រី​ប៉ូលិស​ផ្នែក​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក អ៊ុំ សំ ដែល​បាន​ចូល​រំខាន​ដល់​ការអប់រំ​នោះ ក៏​មិន​បាន​បកស្រាយ​បញ្ហា​នេះ​ដែរ ដោយ​លោក​ទទួល​ទូរស័ព្ទ​រួច​និយាយ​យ៉ាង​ខ្លី​ថា បាទៗ ហើយ​ចុច​ផ្ដាច់​ទៅវិញ។

លោក យិន ម៉េងលី កត់សំគាល់​ថា កន្លង​មក​មន្ត្រី​ប៉ូលិស​ខេត្ត​បាត់ដំបង​មាន​ទាំង​ការ​ស្លៀកពាក់​ស៊ីវិល​និង​ឯកសណ្ឋាន​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​រូបលោក ដូចជា​ការ​ចូល​ទៅ​សុំ​រៀន​ជាមួយ​ពលរដ្ឋ និង​បាន​សួរនាំ​លោក នៅ​ពេល​ចុះ​បំពេញការងារ​តាម​មូលដ្ឋាន​ជាច្រើន​ករណី​មក​ហើយ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើកទូលាយ​ឱ្យ​ពលរដ្ឋ​បាន​ជួបជុំគ្នា​សម្ដែង​មតិ​ដោយ​សេរី ឡើងវិញ។

រដ្ឋធម្មនុញ្ញ មាន​ត្រា​៤១ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ការ​បោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល