អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ដោះ​លែង​សកម្មជន ៦នាក់​ឲ្យ​មាន​សេរីភាព​វិញ

ដោយ យន់ សាមៀន
2020-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​ចលនា ខ្មែរថាវរៈ ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ឱ្យ​ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។

រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ដោះ​លែង​សកម្មជន ៦នាក់​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​បាន​ចាប់​ឃាត់​ខ្លួន​អស់​រយៈ​ពេល​ជាង ៣ម៉ោង កាល​ពី​ថ្ងៃ​ទី៩ ឧសភា​មក។ ការ​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ព្រះសង្ឃ និង​សកម្មជន​ចំនួន ១៤នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ត្រឡប់​ទៅ​វត្ត​ដំរី​ស ក្រោយ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​មុខ​សាលា​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ឧសភា។ ក្រុម​ព្រះសង្ឃ និង​យុវជន​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ជួយ​ពន្យារ​ពេល​សង​ប្រាក់​បំណុល​ធនាគារ​ដល់​ពលរដ្ឋ ដែល​ជួប​វិបត្តិ​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

សមាជិក​ចលនា ខ្មែរ​ថាវរៈ ព្រះតេជព្រះគុណ កើត សារ៉ាយ ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​ក្រុម​សកម្មជន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ត​ទៅ​ទៀត ក្រោយ​ពី​បាន​ចាប់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​អស់​រយៈ​ពេល​ជាង​បី​ម៉ោង​រួច​មក។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា ការ​ឃាត់​ខ្លួន​នេះ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ព្រោះ​ក្រុម​សកម្មជន គ្រាន់​តែ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដោយ​សន្តិវិធី៖ «ទាក់​ទិន​នឹង​កិច្ច​សន្យា​ហ្នឹង​មិន​មាន​មាតិកា​អី​ច្រើន​ទេ គេ​គ្រាន់​តែ​ដាក់​ថា សូម​ឲ្យ​យើង​ហ្នឹង​កុំ​ធ្វើ​អី​ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម និង​កុំ​ឱ្យ​ធ្វើ​អី​ដែល​ខុស​ច្បាប់​ទៅ​ប៉ុន្តែ​គ្រាន់​តែ​ថា​គ្រាន់​តែ​ថា​សមាជិក​របស់​ពួក​យើង​ហ្នឹង​គាត់​អត់​បាន​ផ្ដិត​មេដៃ​គាត់​អត់​បាន​ផ្ដិត​មេដៃ​ទាំង​អស់​គ្នា​ដោយ​សារ​តែ​គាត់​គិត​ថា​អត់​មាន​ខុស​អី​ទេ»

ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ចំនួន ១៤នាក់ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។

សកម្មជន​ចលនា ខ្មែរថាវរៈ ធម្មយាត្រា​ដោយ​សន្តិវិធី និង​កូដកម្ម​បង្អត់​អាហារ នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។ រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ

ក្រុម​ព្រះសង្ឃ និង​យុវជន​ទាំង​នោះ មាន​អ្នក​ខ្លះ​កាន់​ទង់​ជាតិ​ខ្មែរ និង​ពាក់​មួក​ស្លឹក​ត្នោត​ប្រមូល​ផ្ដុំ​ធ្វើ​ដំណើរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ នាំ​កម្លាំង​ប៉ូលិស និង​ប៉េអិម​ប្រមាណ ៣០នាក់ ស្ទាក់​ជាប់​ម្ដុំ​អគារ​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ (Prasac) នៅ​កណ្ដាល​ទីរួមខេត្ត​បាត់ដំបង។

កម្លាំង​អាជ្ញាធរ​ខេត្ត​បាត់ដំបង សួរនាំ​ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ១៤រូប ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។ រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ

អភិបាល​ក្រុង​បាត់ដំបង លោក ផែង សុទ្ធី មាន​ប្រសាសន៍​ថា ការ​រារាំង​នេះ គឺ​ដោយ​សារ​ព្រះ​សង្ឃ និង​ក្រុម​យុវជន​ទាំង​នោះ មិន​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែន​ដី«ខ្ញុំ​ករុណា​មិន​ថា​អី​ទេ តេជគុណ​ចូលរួម​កិច្ចការ​សង្គម​កិច្ច​សាសនា​ទាំង​ឡាយ ប៉ុន្តែ​មិន​ទាន់​មាន​ច្បាប់ យើង​ធ្វើ​បែប​នេះ វា​ស្នើ​នឹង​ព្រះតេជព្រះគុណ​ធ្វើ​ឱ្យ​ចលាចល​ទៅ​វិញ។ ពួក​ខ្ញុំ​ថែ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​អត់​មាន​ថ្ងៃ​សៅ អត់​មាន​ថ្ងៃ​អាទិត្យ ហើយ​ព្រះតេជព្រះគុណ​ធ្វើ​ថា ដើម្បី​ប្រជា​ពលរដ្ឋ ខ្ញុំ​ក៏​ជា​ប្រជា​ពលរដ្ឋ​ដែរ​អត់​បាន​ឈប់​សម្រាក​ថ្ងៃ​សៅ​ថ្ងៃ​អាទិត្យ​ទេ»

ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ធ្វើ​កូដកម្ម បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​សាលា​ខេត្ត​បាត់ដំបង​រយៈ​ពេល ៣ថ្ងៃ​ហើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ពុំ​មាន​ការ​ឆ្លើយ​តប​នោះ​ទេ ទើប​ពួក​គាត់​សម្រេច​ចិត្ត​នាំ​គ្នា​ធ្វើ​កូដកម្ម​តែ​ម្ដង។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​នេះ​ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «សកម្មភាព​ហ្នឹង​វា​អត់​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​អី​ទេ មនុស្ស​ជាង ១០នាក់​ទេ គាត់​អត់​បាន​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​អត់​បាន​យក​ផ្លូវ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ទេ។ តាម​ពិត​ពាក្យ​ថា សណ្ដាប់ធ្នាប់​សាធារណៈ​នេះ​ខ្ញុំ​ឃើញ​ថា អាជ្ញាធរ​ពេញ​ចិត្ត​ថា មិន​ប៉ះ​ពាល់​ដល់​ណា​មិន​ពេញ​ចិត្ត​លោក​ថា ប៉ះ​ពាល់​ទៅ ដូច​ការ ធ្វើ​រោងការ​បិទ​ផ្លូវ​មួយ ផ្សារ​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ទាំង​អស់​ហ្នឹង ហើយ​វា​ប៉ះ​ពាល់​សណ្ដាប់ធ្នាប់​សាធារណៈ»

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់ ពី​អង្គការ​រដ្ឋ ហើយ​ច្បាប់​ក៏​បើក​ផ្លូវ​ឱ្យ​ពលរដ្ឋ​អាច​ប្រមូល​ផ្តុំ ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល