សង្គម​ស៊ីវិល​និង​អាជ្ញាធរ​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ហ៊ាន​ប្ដឹង​ជន​​គំរាម​បង្ហោះ​រូប​អាក្រាត

ដោយ ម៉ៅ សុធានី
2018-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា ឆ្លើយតបនឹងយេនឌ័រ​នៅថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា ឆ្លើយតបនឹងយេនឌ័រ​នៅថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
Photo: RFA

សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ស្ត្រី និង​សមត្ថកិច្ច​ខែត្រ​កណ្ដាល ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​ប្ដឹង​ទៅ​តុលាការ ក្នុង​ករណី​មាន​ការ​គំរាម​បង្ហោះ​រូប​អាក្រាត។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ខែត្រ​កណ្ដាល ចាប់​បាន​ជន​សង្ស័យ​ម្នាក់ ដែល​គំរាម​ស្ត្រី​ជា​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ករណី​មិន​បង្ហោះ​រូប​អាក្រាត​កាយ​របស់​ស្ត្រី​ម្នាក់​នោះ។

​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ សរសើរ​ភាព​ក្លាហាន​របស់​ពលការិនី​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ករណី​ហ៊ាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ចំពោះ​បុរស​ជា​ជន​សង្ស័យ ផាន់ ផាណា ដែល​បាន​បោក​បញ្ឆោត​ប្រាក់​នាង​ជាង ៤​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​អាក្រាត​របស់​ជន​រង​គ្រោះ។ អ្នកស្រី​អំពាវនាវ​ឲ្យ​ស្ត្រី​ខ្មែរ​កុំ​ប្រថុយ​ថតរូប​អាក្រាត​កាយ​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ត្រូវ​ហ៊ាន​ប្ដឹង​ជន​ណា​ដែល​គំរាម​យក​រូប​ស្ត្រី​អាក្រាត​ទាំង​នោះ​បង្ហោះ​ជា​សាធារណៈ៖ «ខ្ញុំ​សរសើរ​ដែរ សរសើរ​ថា​គាត់​ក្លាហាន ព្រោះ​ប្រសិន​ណា​បើ​ដោះស្រាយ​រឿង​ហ្នឹង ហើយ​ចាប់​អ្នក​ហ្នុង​ឯង​បាន (ជនសង្ស័យ) អា​ហ្នឹង​យើង​គួរ​សរសើរ​ទាំង​ពីរ​នាក់ ទាំង​អ្នក​ហាន​ប្ដឹង ទាំង​សមត្ថកិច្ច ហើយ​គួរ​តែ​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ដទៃ​ទៀត​ដឹង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង (ការ​បោក​បញ្ឆោត)។ នេះ​គឺ​ជា​បទល្មើស​នៅ​ជំនាន់​ថ្មី​ដែល​​យើង​អត់​ទាន់​ដឹង។ (សំណួរ៖ ស្ត្រី​ដទៃ​ទៀត​ដែល​ចាញ់​បោក​គួរ​ហាន​ប្ដឹង​ទេ?) គួរ​តែ​ប្ដឹង ទី​១ បើ​មិន​ទាន់​ធ្វើ​ទេ កុំ​ធ្វើ​អត់​ចំណេញ​អី​ទេ ហើយ​បើ​គួរ​ណា​តែ​ជ្រុល​ហើយ គួរ​តែ​ប្ដឹង​ដើម្បី​បញ្ឈប់​រឿង​អស់​ហ្នឹង ហើយ​សមត្ថកិច្ច​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ កុំ​ឲ្យ​ផ្សាយ​ឈ្មោះ​គេ (ជនរងគ្រោះ)»

សមត្ថកិច្ច​ស្រុក​ពញាឮ ខែត្រ​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ឃាត់​ខ្លួន​ជនសង្ស័យ ឈ្មោះ ផាន់ ផាណា នៅ​ឃុំ​កំពង់លួង ស្រុក​ពញាឮ ខែត្រ​កណ្ដាល ដោយ​សង្ស័យ​ថា បាន​គំរាម​បង្ហោះ​រូប​អាក្រាត​កាយ​របស់​ពលការិនី​ខ្មែរ​ម្នាក់។

​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី​របស់​ប៉ូលិស​ស្រុក​ពញាឮ ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​ដែល​បាន​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប្រើ​មធ្យោបាយ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ ដោយ​គំរាម​កំហែង​ថា បើ​មិន​វេរ​លុយ​មក​ឲ្យ​ទេ នឹង​បង្ហាញ​រូបភាព​អាក្រាត​កាយ​ទៅ​ប្រាប់​ក្រុម​គ្រួសារ និង​ប្ដី​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង។ ដោយសារ​ស្ត្រី​រងគ្រោះ​មាន​ការ​ភ័យ​ខ្លាច និង​ខ្លាច​រង​ភាព​អាម៉ាស់​ផង ស្ត្រី​រងគ្រោះ​បាន​យល់​ព្រម​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់​ដោយ​សរុប​ទាំងអស់​មាន​ចំនួន ៤​ម៉ឺន ៣​ពាន់ (៤៣.០០០) ដុល្លារ​សហរដ្ឋអាមេរិក។ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៨ ដោយ​ស្ត្រី​រងគ្រោះ​អស់​លទ្ធភាព​ក្នុង​ការ​រក​លុយ​ដើម្បី​ផ្ញើ​ឲ្យ​ជនសង្ស័យ ស្ត្រី​រងគ្រោះ​ក៏​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ រួច​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​ស្វែង​រក​ចាប់​ខ្លួន​ជនសង្ស័យ។

ជនសង្ស័យ ឈ្មោះ ផាន់ ផាណា បាន​សារភាព​ថា ពិត​ជា​បាន​ទារ​ប្រាក់ និង​គំរាម​បង្ហោះ​រូប​អាក្រាត​របស់​ពលការិនី​ពិត​មែន។ ជនសង្ស័យ​បាន​សារភាព​មុខ​សមត្ថកិច្ច​ថា ប្រាក់​ដែល​ជនរងគ្រោះ​ផ្ញើ​ឲ្យ​ជា​ច្រើន​ដង​ដោយសារ​រូបគេ​ចាញ់​ល្បែង៖ «គាត់ (ស្ត្រី​រង​គ្រោះ) ផ្ញើ​ឲ្យ​ខ្ញុំ​ពីរ​បី​ដង ដោយសារ​តែ​ខ្ញុំ​ចាញ់​ល្បែង ខ្ញុំ​ប្រាប់​គាត់​ថា ប្រសិន​អត់​ផ្ញើ​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​បង្ហោះ​រូប​ឥឡូវ​ហើយ។ អា​រូប​ខ្ញុំ​សុំ​មើល​ដោះ​គាត់​ហ្នឹង​ណា ប៉ុណ្ណឹង។ ខ្ញុំ​សុំ​មើល​គាត់ បើ​អត់ (ផ្ញើ​លុយ) ទេ តែ​រូប​ហ្នឹង​ខ្ញុំ​អត់​បាន​ថត តែ​បើ​សិន​ជា​អត់​នេះ​ទេ (អត់​ផ្ញើ​លុយ) ខ្ញុំ​ផ្ញើ​រូប​ឲ្យ​មើល​ឥឡូវ​ហើយ។ មិន​មែន​បង្ហោះ​ឲ្យ​អ្នក​ដទៃ​ឃើញ ឲ្យ​ប្ដី​គាត់​មើល»

​ស្នងការ​ខែត្រ​កណ្ដាល លោក អ៊ាវ ចំរើន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​បែប​នេះ​មិន​មែន​ទើប​តែ​កើតឡើង​នៅ​ខែត្រ​កណ្ដាល​នោះ​ទេ ហើយ​ជនល្មើស​ដែល​គំរាម​ទារ​ប្រាក់​តាម​រយៈ​បង្ហោះ​រូប​អាក្រាត​របស់​ជន​រង​គ្រោះ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ លោក អ៊ាវ ចំរើន អំពាវនាវ​ឲ្យ​ស្ត្រី​ខ្មែរ​កុំ​ចាញ់​បោក​ការ​លួងលោម​តាម​រយៈ​ថត​រួប​អាក្រាត​ផ្ញើ​ឲ្យ​ជនល្មើស​បោក​បញ្ឆោត​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល