មន្ត្រី​បក្ស​ប្រឆាំង​នៅ​ឧត្ដរមានជ័យ​ចោទ​មន្ត្រី​ប៉ូលិស​ថា បាន​ប្រើ​ហិង្សា​រារាំង​ការ​សម្ដែង​មតិ

ដោយ វ៉ែន សុមេធ
2019-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​កម្លាំង​សមត្ថកិច្ច​ឈរ​នៅ​តាម​ដង​ផ្លូវ ជិត​រង្វង់​មូល​ជ័យវរ្ម័នទី៧ ខេត្ត​ឧត្តរមានជ័យ កាក់​ដំណើរ​ពលរដ្ឋ​ដែល​មក​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided
កង​កម្លាំង​សមត្ថកិច្ច​ឈរ​នៅ​តាម​ដង​ផ្លូវ ជិត​រង្វង់​មូល​ជ័យវរ្ម័នទី៧ ខេត្ត​ឧត្តរមានជ័យ កាក់​ដំណើរ​ពលរដ្ឋ​ដែល​មក​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo provided
Photo provided

មន្ត្រី​គណបក្សប្រឆាំង​ម្នាក់​នៅ​ក្រុង​សំរោង ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​ថា បាន​ប្រើ​ហិង្សា​បង្ខំ​រូបលោក មិន​ឱ្យ​សម្ដែង​មតិ​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​នេះ ថា ជា​ការ​គំរាមកំហែង និង​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដោយ​ខុសច្បាប់។

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​សំរោង​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក សេង សុផាន ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១១ កញ្ញា​ថា លោក​បាន​ទៅ​សុំ​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ឱ្យ​ជួយ​ផ្នែក​ច្បាប់​ដាក់ពាក្យ​ប្ដឹង​មន្ត្រី​ប៉ូលិស​ចំនួន ២​នាក់​ដែល​បាន​ប្រើ​ហិង្សា​មក​លើ​រូបលោក។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ រៀបរាប់​ថា មាន​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ចំនួន ២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្រធាន​ការិយាល័យ​ទេសចរណ៍​ខេត្ត គឺ​លោក រិទ្ធ សុខា បាន​រុញច្រាន​លោក​ផ្ដួល​ទៅលើ​តុ​គុយទាវ​ចំនួន ២​លើក ដោយសារតែ​លោក​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រឿង​ការ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

លោក​បន្ត​ថា នៅ​ពេល​នោះ​លោក រិទ្ធ សុខា បាន​បង្ខំ​លោក​ឱ្យ​ឈប់​និយាយ​រឿង​នយោបាយ​ម្ដង​ហើយ​ម្ដងទៀត តែ​លោក​មិន​ស្ដាប់ ក៏​ស្រាប់តែ​ប៉ូលិស​រូប​នេះ​ស្ទុះ​មក​ប្រើ​ហិង្សា​មក​លើ​រូបលោក​តែម្ដង។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ពាក់​ស័ក្ដិ​៤​ម្នាក់ទៀត ដែល​លោក​មិន​ស្គាល់ឈ្មោះ បាន​ស្ទុះ​ទៅ​ជួយ​លោក រិទ្ធ សុខា រុញ​ផ្ដួល​លោក​បន្ថែម បណ្ដាល​ឱ្យ​លោក​ដួល​ស្ទើរតែ​ងើប​មិន​រួច​។ លោក​បញ្ជាក់​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​ភូមិ​បុរីរដ្ឋបាល សង្កាត់​សំរោង កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា កន្លង​ទៅ៖ «ហើយ​សំខាន់​គឺ​សាក្សី​មាន​គឺ​អ្នកលក់​ព្រោះ​កន្លែង​ហាង​កាហ្វេ ហាង​គុយទាវ​ជា​សិទ្ធិ​របស់ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ។ការ​ធ្វើ​នេះ​គឺជា​ការ​បំបាក់​ស្មារតី​ដល់​សកម្មជន​ដទៃ​ទៀត កុំ​ហ៊ាន​ងើប​ហ៊ាន​តស៊ូ​មតិ​រិះគន់​រដ្ឋាភិបាល។ នេះ​ខ្ញុំ​មិន​គ្រោះថ្នាក់ ចុះបើ​សិន​ចាំ​កែង​តុ​ដែល​ម្ចាស់ផ្ទះ​ថា បើ​ចំ​កែង​តុ​ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់ ឬ​ស្លាប់​បាត់​ហើយ បាន​ន័យ​ថា ប៉ូលិស​អត់​យក​កាតព្វកិច្ច​ដែល​ខ្លួន​រៀន​ចេះ​មក​ប្រើ​ទេ អាង​តែ​យើង​មានអំណាច​ដើរ​គំរាម​គេ​បាន​តាម​ចិត្ត»

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក រិទ្ធ សុខា និង​មន្ត្រី​ប៉ូលិស​ម្នាក់ទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ កញ្ញា។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​លោក ឡឹក សុខា ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា មន្ត្រី​របស់​លោក​មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ​ដូច​ការ​ចោទប្រកាន់​ឡើយ៖ «គ្មាន​ពី​ណា​ទៅ​រក​រឿង​ស្អី​វា​! វា​ស្រវឹង​ស្រា​ចង់​ងាប់​ហើយ​មក​ជេរ​គេ​រឡូរឡា​គ្មាន​ដឹង​ស្អី​សោះ។ វា​ស្រវឹង​ស្រា​ទេ​បង វា​ស្រវឹង​ខ្លាំង​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ប្រសិនបើ​រឿង​នេះ​ពិត​ដូច​ការ​អះអាង​ថា របស់​សកម្មជន​បក្ស​ប្រឆាំង​មែន​នោះ​គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ដើម្បី​រារាំង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​កំណត់​ឱ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ឈឺឆ្អាល​រឿង​នយោបាយ​ដោយ​សេរី៖ «វា​គ្រាន់តែ​ថា​សម្ដែង​មតិ​ហើយ​គាត់​មិនទាន់​បាន​ធ្វើ​ផង​ហើយ​យើង​ជា​សមត្ថកិច្ច​យើង​ជជែក​គ្នា​មើល​ទៅ​វា​ខុស​អី​ត្រូវ​អី​អីចឹង​។​និយាយ​រួម​បើ​ផ្លូវច្បាប់​ប្រើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​គាត់​។​ព្រោះ​កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ផ្សេងៗ ហើយ​បើ​មិន​ឱ្យ​គ្នា​និយាយ​ទេ​ម៉េច​ហៅថា​ប្រជាធិបតេយ្យ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​នឹង​ចុះ​ស៊ើបអង្កេត​លើ​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រមូល​ភស្តុតាង​ប្ដឹង​ទៅ​តុលាការ ឱ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ថ្មីៗ​នេះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួនឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួកគេ​ផង​ដែរ។

លោក សេង សុផាន អះអាង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​លោក និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​របស់​លោក​ជាច្រើន​នាក់ នៅតែ​បន្ត​ត្រៀមខ្លួន​ទៅ​ទទួល លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​ឡើយ ព្រោះ​ពួក​លោក​យល់ថា នេះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​ការចូលរួម​ផ្នែក​នយោបាយ​ដោយ​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល