ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ចង់​ឱ្យ​ដោះលែង​ប្ដី​ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់

ដោយ សុជីវី
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃស។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
RFA

ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ឃុំខ្លួន មាន​ក្ដី​ប្រាថា្ន​ធំ​បំផុត​នោះ​គឺ​សុំ​ឱ្យ​មានការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព ជួបជុំ​គ្រួសារ​ឡើងវិញ​។ ពួកគេ​ថា ឆ្នាំ​ថ្មី​ឆ្នាំនេះ​ជា​ឆ្នាំ​ទុក្ខសោក​សម្រាប់​គ្រួសារ​ពួកគេ និង​ថា បើ​ទោះបីជា​គ្រួសារ​សា​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​ប្រារព្ធ​ពិធី​ដោយ​សោះកក្រោះ ដោយសារ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩​ក្ដី ក៏​នៅ​គ្រាន់បើ​ជាង​គ្រួសារ​ពួកគាត់ ដែល​កំពុង​រងគ្រោះ​ដោយ​ការអនុវត្ត​ច្បាប់​ដោយ​អយុត្តិធម៌​របស់​អាជ្ញាធរ​ទៅលើ​គ្រួសារ​ពួកគាត់​ដែរ។

ប្រពន្ធ​លោក ជុំ ចាន់ ជា​សកម្មជន​ម្នាក់​កំពុង​ជាប់ឃុំ​គឺ​លោកស្រី ធន ស៊ីនឿន ដែល​ជា​ស្ត្រី​មេផ្ទះ​និយាយ​ដោយ​អារម្មណ៍​ក្ដុកក្ដួល​ថា គ្រួសារ​លោកស្រី​គ្មាន​ភាព​សប្បាយ​រីករាយ​ទេ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដ្បិត​ប្ដី​ត្រូវ​ចាប់ខ្លួន​ចំ​ថ្ងៃ ដំបូង​នៃ​ពិធី​ចូលឆ្នាំ​ជា​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ លោកស្រី​ថា​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​កាន់តែ​ឈឺចាប់​នោះ​គឺ​មិន​ដឹង​ថា តើ​ប្ដី​លោកស្រី​មាន​កំហុស​អ្វី?«ខ្ញុំ​ខ្វាយខ្វល់​ណាស់​កុំ​សូម្បី​អី​តែ​ទទួល​ទេវតា​ខ្ញុំ​អត់​បាន​ទទួល​ផង​ឆ្នាំ​ហ្នឹង បើ​គេ​ចាប់​គាត់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ហ្នឹង​តែម្ដង ម៉ោង​ប្រហែល​៩​ហ្នឹង វា​ត្រូវ​អាក់ខាន​ទាំងអស់​អត់​បាន​រៀបចំ​អី​ទេ»

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ជុំ ចាន់ ដែល​មាន​អាយុ​៥២​ឆ្នាំ កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ គឺ​កាលពី​ថ្ងៃ ទី​១៣ ខែ មេសា​ដោយ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្បត់ជាតិ។

លោក ជុំ ចាន់ គឺជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​លេខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រៃវែង ហើយ​លោក​ក៏​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រូបង្រៀន​ចំនួន​១១​នាក់​ជា​សមាជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ធ្លាប់​ចេញមុខ​តវ៉ា និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ការងារ​ជា​គ្រូបង្រៀន​ឱ្យ​ពួកគាត់​វិញ ដោយ​ចាត់​ទុក​ករណី​នេះ​ថា អាច​ជា​ការរើសអើង​នយោបាយ។

លោកស្រី ស៊ី នឿន លើក​ឡើង​ថា ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រម្លាយ ហើយ​បាត់បង់​ការងារ លោក ជុំ ចាន់ តែង​រត់​ម៉ូតូឌុប ដើម្បី​ជួយ​ផ្គត់​ជីវភាព​គ្រួសារ​។ អ្នកស្រី​ថា​ពេលនេះ​គ្រួសារ​លោកស្រី កំពុង​ជួប​ការ​លំបាក​ខ្លាំង ព្រោះ​អ្នក​ដែល​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ជួប​បញ្ហា​ក្នុង​នោះ​កូន​៣​នាក់​បាត់បង់​ការងារ ដោយសារ​រោងចក្រ​បិទទ្វារ និង​ព្យួរ​ការងារ ចំណែក​លោក ជុំ ចាន់ ក៏​ត្រូវ​ជាប់ឃុំ​ថែមទៀត​។ លោកស្រី​ថា បាន​ខ្ចី​ប្រាក់​អ្នក​ចងការ​ប្រាក់​ចំនួន ១០​ម៉ឺន​រៀល ដើម្បី​ផ្ញើ​ឱ្យ​ប្ដី​បន្ទាប់ពី​បាន​ទទួល​ទូរស័ព្ទ​ពី​លោក ជុំ ចាន់ ថា ត្រូវការ​លុយ ដើម្បី​ទិញ​ម្ហូបអាហារ​ក្នុង​ពន្ធនាគារ​។ លោកស្រី​ថា ពេលនេះ​បំណុល​កាន់តែ​កើន តែ​មិន​ដឹង​ថា បាន​ចំណូល​ពី​ណា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ៖ «តាំង​ពី​ដើម​មក​បើ​និយាយ​ពី​ជីវភាព​គ្រួសារ​ខ្ញុំ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​គេ​ដឹង​គ្រប់គ្នា​ព្រោះ អី​ខ្ញុំ​ទីទ័ល​ណាស់​រាល់ថ្ងៃ ហើយ​កូន​ខ្ញុំ​ក៏​គេ​ផ្អាក​ការងារ​រោងចក្រ​អស់​ពីរ បី​នាក់​ហើយ ដល់​អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ដោះស្រាយ​យ៉ាងម៉េច ហើយ​ខ្ញុំ​នៅ​ជំពាក់​ប្រាក់​ធនាគារ​ថែម​ទៀត»

នៅ​ក្នុង​ដីកា​ចាប់ខ្លួន​ចេញ​ដោយ​ចៅក្រម ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​ចោទប្រកាន់ លោក ជុំ ចាន់ ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់។

ប្រពន្ធ​សកម្មជន​ម្នាក់ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ គឺ​អ្នកស្រី សំ ចិន្តា រៀបរាប់​ដែរ​ថា មិន​ដឹង​ថា​តើ​ប្ដី​អ្នកស្រី​ទៅ​ប្រព្រឹត្ត​អំពើ​ក្បត់​តាម​ណា ព្រោះ​ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រម្លាយ​ទៅ​លោក កែវ ថៃ ដែល​ជា​គ្រូបង្រៀន​ពុំបាន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ទៀត​ឡើយ គឺ​មានតែ​បង្រៀន​សិស្ស​។ ស្ត្រី​ជា​គ្រូបង្រៀន​ដែល​ត្រូវ​រាប់​រង​ចិញ្ចឹម​កូន​ជាច្រើន​នាក់​ក្នុង​បន្ទុក​រូប​នេះ​និយាយ​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំនេះ​ទាំង​អ្នកស្រី​ទាំង​កូន​រក​ការ​សប្បាយ​មិន​ឃើញ​ទេ គឺ​មានតែ​ការ​នឹករលឹក​ប្ដី ដែល​កំពុង​ជាប់ឃុំ មិន​ដឹង​សុខទុក្ខ​យ៉ាងណា ដ្បិត​តាំងពី​ត្រូវ​ឃុំខ្លួន​មក​អ្នកស្រី មិនដែល​បាន​ជួប​មុខ​ប្ដី​ម្ដង​នៅឡើយ​ទេ គឺ​បាន​ត្រឹម​ផ្ញើ​ប្រាក់ និង​ថ្នាំសង្កូវ​បន្តិចបន្តួច សម្រាប់​ព្យាបាល​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ហៅថា​លើសឈាម​។ អ្នកស្រី​ប៉ងប្រាថ្នា​ឱ្យ​ប្ដី​មាន​សេរីភាព​វិញ និង​ចាត់​ទុក​ការ​ឃុំ​ខ្លួន​ប្ដី​អ្នកស្រី នេះ​ជា​រឿង​អយុត្តិធម៌៖ «គាត់​ក៏​បែក​ពី​ប្រពន្ធ ហើយ​ប្រពន្ធ​ក៏​បែក​ពី​ប្ដី អ៊ីចឹង​នឹកឃើញ​នៅ​ពី​ចូលឆ្នាំ​ពី​ដើម​យើង​ដឹង​ហើយ​ថា​ការ​ចូល​ឆ្នាំ យើង​ជួបជុំ​ប្ដី​ប្រពន្ធ​គ្រួសារ​ទៅ​វត្ត​ទៅ​អី បើ​អត់​បាន​ទៅ​វត្ត​ក៏​យើង​ដោយសារ​មេរោគ​ក៏ដោយ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​បាន​ជួប​មុខ​គាត់​នៅ​ក្នុង​ផ្ទះ តែ​ឥឡូវ​វា​អត់​បាន​សោះ អត់​ដែល​បាន​ជួប​។ កូន​គេ​ចេះតែ​រំលឹក​ដល់​ប៉ា ដែល​ធ្លាប់​នៅ​ជាមួយ​។ គេ​ចេះតែ​នឹង​ឃើញ​ប៉ា​នៅ​ណោះ​មិន​ដឹង​ថ ការរស់នៅ​របស់​គាត់​មិន​យ៉ាងម៉េច​អី​យ៉ាងម៉េច កូន​ចេះតែ បារម្ភ​ពី​រឿង​សុខភាព​គាត់​ដោយសារ​គាត់​មាន​ជំងឺ​ផង​អី​ផង»

លោក កែវ ថៃ ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អតីត​សមាជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ត្រូវ​ប៉ូលិស​ខេត្ត​នេះ​ឡោមព័ទ្ធ​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ មីនា​។ ក្រុម​គ្រួសារ​បញ្ជាក់​ថា ក្នុងពេលនោះ​អាជ្ញាធរ​ពុំបាន​បង្ហាញ​ដីកា និង​មូលហេតុ​នៃ ការ​ចាប់ខ្លួន​ឡើយ។

នៅ​រាជធានី​ភ្នំពេញ លោក យឹម សារ៉េត ដែល​កំពុង​ធ្វើការ​ជាជាង​សំណង់ ក៏​ត្រូវ​ចាប់ខ្លួន​ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ​ទី​២៧​មីនា​។ លោក សារ៉េត គឺជា​ជំទប់​ទី​១​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ ច​ន្ត្រី ស្រុក រមាសហែក ខេត្ត ស្វាយរៀង លោក បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ក្រោយ​ពេល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​ប្រឆាំង​មួយ​នេះ​កាលពី​ចុង​ឆ្នាំ​២០១៧។

ប្រពន្ធ​លោក យឹម សារ៉េត លោកស្រី អ៊ុក ចន្ធី ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​លោកស្រី​របស់​នៅ​ម៉ង់ៗ ម្នាក់ឯង​ក្នុង​ផ្ទះ​ជួល​កណ្ដាល​ក្រុងភ្នំពេញ រង់ចាំ​មើលផ្លូវ​ប្ដី​ក្រែង​អាច​ត្រូវ​អាជ្ញាធរ​ដោះលែង​ឱ្យ​មាន​សេរីភាព​មក​វិញ ព្រោះ​លោកស្រី​ក៏​នៅតែ​អះអាង​ដែរ​ថា ប្ដី​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​។ ស្ដ្រី​ជា​កម្មករ​រោងចក្រ​រូប​នេះ បារម្ភ​ពី​សុខភាព​ប្ដី​ដែល​មាន​ជំងឺ​សន្លាក់ឆ្អឹង និង​លើស​ជាតិ​អាស៊ីត​នោះ​មិន​ដឹង​ថា បាន​ថែទាំ​សុខភាព​ត្រឹមត្រូវ​ដូច​កាល​នៅ​ជួបជុំគ្នា​នោះ ឬ​យ៉ាងណា​។ លោកស្រី​ថា ចូល​ឆ្នាំថ្មី​ឆ្នាំនេះ​ជា​ឆ្នាំ​ទុក្ខសោក ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក​សម្រាប់​គ្រួសារ​លោកស្រី៖ «គ្មាន​សប្បាយរីករាយ​អី​ទេ​អូន​អើយ បាត់​មេ​គ្រួសារ​ម្នាក់​ហើយ ម្យ៉ាង​បង​នៅ​ធ្វើការ​គេ​អត់​ឱ្យ​ឈប់​ទៀត នៅ​រោងចក្រ​។ គ្មាន​អារម្មណ៍​ណា​សប្បាយចិត្ត​ទេ​។ ចូលឆ្នាំ​ហ្នឹង​គឺ​សំខាន់​បំផុត​ហើយ​គឺ​ចង់​សុំ​ឱ្យ​គេ​ដោះលែង​គាត់​មកវិញ បាន​គាត់​មកវិញ​ហ្នឹង​ណា​អូន​ជួបជុំ​គ្រួសារ​គឺ​បី​យើង​គ្មាន​អី​មិន​មានអី​ក៏បាន​សុខ​ដែរ​គឺ​ជួបជុំគ្នា»

ក្រៅពី​អ្នក​ទាំង​បី​នេះ​នៅ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​ដែរ​ក្នុង​នោះ​មាន​ដូចជា លោក ថៃ គន្ធា លោក ឃុត លោក ឡុង ផា​រី លោក ឃឹម ភា​ណា និង​លោក ងិន ឃាង​។ អ្នក​ទាំង​៨​នាក់​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ក្នុង​ក៏​មាន​អ្នក​ដែល​ត្រូវ​ជាប់ឃុំ​ដោយ​អាជ្ញាធរ​ចោទ​ថា​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​ក្នុង​សង្គម​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩។

នៅ​ពេល​ដែល​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ទាំង​ទាំងនេះ​អះអាង​ថា ពួកគាត់​កំពុង​មានទុក្ខ​បាត់បង់​ភាព​កក់ក្ដៅ​ក្នុង​គ្រួសារ​ដោយសារ​ចំណាត់​របស់​អាជ្ញាធរ​ដែល​ពួកគេ​ចាត់​ទុក​ថា ពុំ​មាន​យុត្តិធម៌​នេះ និង​ថា​ពួកគេ​ត្រូវតែ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើង​ថា ពុំ​មាន​នរណា​ម្នាក់​មាន​សិទ្ធិ​អំណាច​លើ​ចំណាត់ការ​តុលាការ​ឡើយ លោក​ណែនាំ​ឱ្យ​ក្រុម​គ្រួសារ​រក​មេធាវី​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​តាមច្បាប់ ហើយ​មាន​តុលាការ​ទេ​ដែល​អាច​សម្រេច​រឿង​នេះ​បាន។​

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លោក សំ សុគង់ ឱ្យដឹង​ថា លោក​បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​៧​នាក់​រួចហើយ ប៉ុន្តែ​ពុំ​ទាន់​មានការ​ឆ្លើយតប​ពី​ចៅក្រម​ស៊ើបសួរ​នៅ​សាលាដំបូង​គឺ លោក កូយ សៅ នៅ​ឡើយ​ទេ។

ចំពោះ​លោកស្រី ធន ស៊ីនឿន ដែល​ប្ដី​គឺ​លោក ជុំ ចាន់ ទើប​ជាប់​ក្នុង​ឃុំ​ថ្មីៗ​និយាយ​ទាំង​ភាព​មិន​នឹង​នរ​ក្នុង​ចិត្ត​ថា ពេលនេះ​លោកស្រី​ទាល់​ខ្លាំង​គ្មាន​ទាំង​លុយកាក់​ជាប់​ខ្លួន​ផង​មិនដឹង​ថា នឹង​ទៅ​រក​មេធាវី​ឯណា​នៅឡើយ​ទេ​។ លោកស្រី​សង្ឃឹមថា នឹង​មាន​អ្នក​សប្បុរស​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​គ្រួសារ​លោកស្រី​នៅ​ពេល​នេះ៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​វិលវល់​ណាស់​បង ខ្ញុំ​អត់​ដឹង​ថា ទៅ​ពឹង​ពាក់​អ្នកណា​បាន​មិន​ដឹង​ថា​អ្នកណា​អាច​ជួយ​ខ្ញុំ ព្រោះ​ខ្ញុំ​អត់​មាន​លុយ​អ៊ីចឹង។ ខ្ញុំ​ចង់​ឱ្យ​បងប្អូន​អ្នក​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ហ្នឹង​ជួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ខ្វះខាត​ជីវភាព​គ្រួសារ​ណាស់ ប្ដី​គេ​ចាប់​ទៅ​អត់​ដឹង​ពឹង​អី​ទេ​ណាស់ មួយទៀត​ចង់​ឱ្យ​គាត់​ដែល​មាន​លទ្ធភាព​ជួយ​ខ្ញុំ​ជា​មេធាវី​ល្អ ព្រោះ​ខ្ញុំ​អត់​ដឹង​ទៅ​ពឹង​អ្នកណា​ទៀត​ទេ»

ស្ត្រី​ជា​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ អំពាវនាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​ឱ្យ​ជួយ​យកចិត្តទុកដាក់​តាមដាន និង​ជួយ​ធ្វើ​អន្តរាគមន៍​យ៉ាងណា​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្ដី​ពួកគេ​ឱ្យ​មាន​សេរីភាព​មកវិញ។

កន្លង​ទៅ​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្មជន​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៩ គឺ​នៅ​ពេល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ផែនការ​វិល​ចូល​ស្រុក​វិញ​នោះ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​ជិត​១០០​នាក់​ដាក់ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​រួន​គំនិត​ក្បត់​ដែរ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ដោះលែង​។ ទាំង​អង្គការ និង​អន្តរជាតិ​មើល​ឃើញ​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ទាំងនេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទមាត់​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​មេរោគ​ថ្មី​នេះ និង​អ្នក​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល