អង្គការ​អន្តរជាតិ​រក​ឃើញ​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា កើន​ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ

ដោយ មួង ណារ៉េត
2020-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកសង្ស័យ​ប្រើប្រាស់ និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ជាង ៣០០នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ឃាត់​ខ្លួន នៅ​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត រ៉ក់ (Rock៌)  ម្ដុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ចូល ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៩។
អ្នកសង្ស័យ​ប្រើប្រាស់ និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ជាង ៣០០នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ឃាត់​ខ្លួន នៅ​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត រ៉ក់ (Rock៌) ម្ដុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ចូល ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូបថត៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

អង្គការ​អន្តរជាតិ​មួយ រក​ឃើញ​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​នៅ​កម្ពុជា ដែល​ធ្វើ​តាំង​ពី​ដើម​ឆ្នាំ ២០១៧ មក​នោះ មិន​ត្រឹម​តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​ថែម​ទាំង​កើន​ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ផង។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) រក​ឃើញ​ថា បញ្ហា​ធំៗ នៃ​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​កើត​មាន​ពេញ​បន្ទុក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​រហូត​ដល់​អំពើ​ទារុណកម្ម បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព​នៃ​អ្នកជាប់ឃុំ​ ដោយសារ​ការ​ចាប់​ញាត់​អ្នក​ជាប់​ឃុំ​បន្ថែម ទៅ​ក្នុង​ពន្ធនាគារ​ដែល​លើស​ចំណុះ​ស្រាប់ ហានិភ័យ​នៃ​ចម្លង​ជំងឺ​កូវីដ-១៩ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ដោយសារ​មិន​អាច​អនុវត្ត​គោលការណ៍​ស្នាក់​នៅ​ឃ្លាត​គ្នា​បាន និង​អំពើ​អមនុស្សធម៌ និង​អយុត្តិធម៌​ផ្សេង​ទៀត។

នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​លោក នីកូឡាស់ ប៊ីឃ្វែលីន (Nicholas Bequelin) ហៅ​វិធី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដែល​របប​ក្រុង​ភ្នំពេញ​អនុវត្ត​នេះ គឺជា​មហន្តរាយ​មួយ ដែល​បង្កើត​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​បង្កើត​ឱកាស​ឲ្យ​មន្រ្តី​ប្រាក់​ខែ​តិច និង​មន្រ្តី​ខិល​ខូច ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​សង្គម។

របាយការណ៍​ស៊ើប​អង្កេត​កម្រាស់ ៧៨ទំព័រ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា ផ្ដោត​លើ​ចំណាត់​ការ​របស់​របប​ក្រុង​ភ្នំពេញ ដែល​ចាប់​ផ្ដើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ កាលពីដើម​ឆ្នាំ ២០១៧។ ក្នុង​យុទ្ធនាការ​នេះ អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន​ ត្រូវ​បាន​អាជ្ញាធរ​សម្រុក​​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន។

បើ​តាម​របាយ​ការណ៍​ដដែល​នេះ គឺ​អ្នក​ដែល​ជាប់​ឃុំ រង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្វើបាប​ច្រើន​ទម្រង់។ មាន​ករណី​ជា​ច្រើន ដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​ រក​ឃើញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ ប្រមាញ់​អ្នក​ដែល​ក្រ ទន់​ខ្សោយ និង​ងាយ​រងគ្រោះ ដោយ​ចាប់​ខ្លួន​ពួក​គាត់​​តាម​ទំនើង​ចិត្ត និង​ធ្វើ​ទារុណកម្ម និង​ធ្វើ​បាប​ជា​ប្រចាំ។ ចំណែក​អ្នក​គ្មាន​ប្រាក់​សូក ដើម្បី​បាន​រួច​ខ្លួន ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​ឃុំ​ខ្លួន​ក្នុង​គុក​ចង្អៀត និង​មន្ទីរ​ដែល​គេ​ហៅ​ថា​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នោះ។

មាន​ជន​រង​គ្រោះ ដែល​រង​អំពើ​ហិង្សា និង​ភាព​អយុត្តិធម៌​ជា​ច្រើន ត្រូវ​បាន​អង្គការ​នេះ​សម្ភាស ដើម្បី​រៀបរាប់​អំពី​ស្ថានភាព​ពួក​គាត់ នៅ​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ធ្វើបាប។ ស្រីនាង អាយុ ៣០ឆ្នាំ នៅ​ភ្នំពេញ ថា​គេ​ធ្វើ​ទារុណកម្ម​នាង ក្រោយ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ភ្នំពេញ។ នាង​ថា សមត្ថកិច្ច​គំរាម​ឲ្យ​នាង​សារភាព បើ​មិនព្រម ពួក​គេ​នឹង​ឆក់​នាង​ ដោយ​ឧបករណ៍​ឆក់។ ចំណែក​ឯ​យុវជន វុទ្ធី អាយុ ១៤ឆ្នាំ ពេល​គេ​ចាប់​ខ្លួន​គាត់ ប្រាប់​ថា​ប៉ូលិស​ជា​ច្រើន​នាក់ នាំ​គ្នា​វាយ​ដំ​គាត់។ គាត់​ថា ប៉ូលិស​មិន​បាន​ពន្យល់​ពី​នីតិវិធី​ចាប់ខ្លួន ឬ​សិទ្ធិ​មាន​មេធាវី​ការពារ​នោះ​ទេ។

របាយការណ៍​នេះ​បន្ត​ទៀត​ថា ការ​សម្រុក​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត​ទាំងនេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​ឃុំ​កើន​ឡើង​យ៉ាង​គំហុក។ គិត​ត្រឹម​ខែ​មីនា ឆ្នាំ២០២០ ចំនួន​អ្នកជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​កើន​ឡើង ៧៨ ភាគរយ ដោយ​មាន​អ្នក​ជាប់​ឃុំ​សរុប​ជិត ៤ ម៉ឺន​នាក់ (៣៨.៩៩០)។ ចំនួន​នេះ គឺ​លើស​ចំណុះ​ពន្ធនាគារ​រហូតដល់​ទៅ​ជិត ៥ ដង។

មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​ នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ឯ​ណោះ​វិញ​ ក៏​មើល​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​ច្រើន​ដែរ ជុំវិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នេះ។ អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណ វាយ​តម្លៃ​ថា យុទ្ធនាការ​នេះ ទំនង​ជា​មិនសូវ​មាន​ប្រសិទ្ធភាព​មែន ព្រោះ​មនុស្ស ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន មិន​ស្បើយ​សោះ៖ «យើង​មើល​ឃើញ​នោះ គឺ​ការ​បង្ក្រាប និង​ការ​ចាប់​បាន​គ្រឿង​ញៀន​នេះ កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ទៅ​ទៀត មាន​ទៅ​ដល់​ ១០ ឬ ២០ គីឡូ​ឯ​ណោះ។ បើ​យើង​ប្រៀបធៀប​ពី​មុនៗ មក គឺ​មិន​មាន​ទំហំ​ធំ​ច្រើន​បែប​ហ្នឹង​ទេ។ នេះ​ស​បញ្ជាក់​ថា​ យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ធ្វើ​តាំងពី​ឆ្នាំ ២០១៧ មក​ទល់​បច្ចុប្បន្ន​ហ្នឹង គឺ​គ្មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ»

មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ​ថា អង្គការ​របស់​លោក ក៏​ធ្លាប់​បាន​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ នៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន ដែល​ថា ពួក​គាត់​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​មាន​ជំងឺ​បាក់ស្បាត ខ្លាច​មណ្ឌល​នោះ​ថែម​ទៀត​ផង។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា ការអនុវត្ត​ស្តង់ដារ​ពីរ ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង ក៏​ជា​បញ្ហា​ធំ​មួយ ដែល​បង្កើត​ឲ្យ​មាន​ភាព​អយុត្តិធម៌​សង្គម។ លោក​យោង​ទៅលើ​ករណី ​នៃ​ការ​អនុវត្ត​មិន​ស្មើភាព​គ្នា​រវាង​អ្នក​ក្រីក្រ និង​ទន់ខ្សោយ និង​អ្នក​មាន​ទ្រព្យ និង​មានអំណាច ដូច​ជា ករណី​ឧកញ៉ា គិត ធាង ជា​ដើម៖ «ការអនុវត្ត​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង លើ​បញ្ហា​គ្រឿងញៀន មាន​ការ​អនុវត្ត​ដោយ​ស្តង់ដារ​ពីរ​។ អ្នក​ទន់​ខ្សោយ និង​ក្រីក្រ ទទួល​រង​ការ​អនុវត្ត​ច្បាប់​នេះ។ អ្នក​មាន​ឥទ្ធិពល មាន​លុយ ឬ​អំណាច តែងតែ​រួច​ផុត​ពី​ការ​ដាក់​ទោស ឬ​ទណ្ឌកម្ម​ផ្សេងៗ តាម​ផ្លូវ​ច្បាប់​ហ្នឹង»

ទោះ​ជា​នេះ​ក្ដី មន្ត្រី​រដ្ឋាភិបាល​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កន្លង​មក​នេះ មាន​ប្រសិទ្ធភាព និង​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី​ច្បាប់ ដោយ​គ្មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ទារុណកម្ម និង​អំពើ​ពុក​រលួយ ​ដូច​ការ​រក​ឃើញ​របស់​អង្គការ​អន្តរជាតិ​នេះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​របប​ក្រុង​ភ្នំពេញ លោក ជិន ម៉ាលីន ថា យុទ្ធនាការ​ទប់ស្កាត់​ និង​បង្ក្រាប​គ្រឿង​ញៀន​ទាំង​បួន​ដំណាក់​កាល​កន្លង​មក​នេះ ទទួល​បាន​ការ​ស្វាគមន៍ ទើប​យុទ្ធនាការ​នេះ​នៅ​តែ​បន្ត​ដូច្នេះ។ លោក​អះអាង ថា​រដ្ឋាភិបាល​ស្វាគមន៍ កិច្ច​សហការ​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ទាំង​ឡាយ​ណា ដែល​អះអាង​ថា មាន​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ណា​មួយ ឲ្យ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ៖ «ដូច្នេះ​បើ​សិន​មានការ​រក​ឃើញ ឬ​បើ​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ថា ក្នុង​ការ​អនុវត្ត​យុទ្ធនាការ មន្ត្រី​អនុវត្ត​ច្បាប់​ បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ ដូចជា មាន​អំពើ​ពុក​រលួយ មាន​ការ​ប្រើប្រាស់​អំណាច​ខុស​នីតិវិធី​ច្បាប់ សូមឲ្យ​មាន​ការ​សហការ និង​ផ្ដល់​ព័ត៌មាន ក៏​ដូច​ជា​ភស្តុតាង​ឲ្យ​បាន​ជាក់លាក់ ដើម្បី​យើង​មាន​វិធានការ​តាមផ្លូវច្បាប់​ ជាជាង​ការ​លើក​ឡើង​ ដោយ​មិន​មាន​មូលដ្ឋាន​ ដោយ​មិន​មាន​ភស្តុតាង ក្នុង​ចេតនា​មួយ​បន្តុះ​បង្អាប់ និង​ធ្វើការ​ចោទប្រកាន់ នោះ​យើង​មិន​អាច​ធ្វើ​ការ​ដោះ​ស្រាយ​បាន​យ៉ាង​ម៉េច​ដែរ»

ទោះ​ជា​លោក ជិន ម៉ាលីន អះអាង​ថា រដ្ឋាភិបាល​មាន​ចិត្ត​ទូលាយ បើកចំហ​យ៉ាង​នេះ​ក្តី កន្លង​មក​រដ្ឋាភិបាល​កម្ពុជា កម្រ​ទទួលស្គាល់ ឬ​ទទួល​យក​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ អំពី​អំពើ​រំលោភ​សិទ្ធិមនុស្ស អំពើ​ទារុណកម្ម និង​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។

បើ​ទោះ​បី​ជា​របប​ក្រុង​ភ្នំពេញ ទទួល ឬ​មិន​ទទួល​យក​ការ​រក​ឃើញ​នេះ ក៏​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ផ្តល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ថា បទពិសោធន៍​នៃ​អំពើ​ហិង្សា និង​ការរំលោភ​សិទ្ធិមនុស្ស ក្នុង​យុទ្ធការ​បង្ក្រាប​គ្រឿង​ញៀន ទាំង​នៅ​កម្ពុជា និង​ទី​ណា​ក៏​ដោយ​នៅ​លើ​ពិភព​លោក គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។ ផ្ទុយទៅវិញ មាន​តែ​វិធីសាស្ត្រ ដែល​បញ្ឈប់​អំពើ​ហិង្សា បញ្ឈប់​ការ​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត និង​អំពើ​ពុក​រលួយ ហើយ​ងាក​មក​រក​គោលនយោបាយ​ថ្មី ដែល​មាន​ភាព​ទន់ភ្លន់ និង​គោរព​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ ទើប​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល