សមាគម​កសិករ​កម្ពុជា​ ថា​ មាន​ការ​រឹតត្បិត​ការ​ជួប​ប្រជុំ​របស់​កសិករ​នា​ខេត្ត​ព្រៃវែង

2020-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន (ឆ្វេង) ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៦។
RFA

សមាគម​កសិករ​កម្ពុជា ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​បឹងព្រះ​ ខេត្ត​ព្រៃវែង រារាំង​ប្រជា​កសិករ​មួយ​ក្រុម​ មិន​ឲ្យ​មាន​ជួប​ប្រជុំ​គ្នា​លើក​ពី​ផែនការ​សកម្មភាព​លើក​កម្ពស់​របស់​សមាគម សម្រាប់​ឆ្នាំ​២០២០​ ដោយ​សំអាង​ថា គ្មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​។ រីឯ អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​ការ​លើក​ឡើង​នេះ។

គ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ ​សមាគម​កសិករ​កម្ពុជា តែងតែ​ផ្សព្វផ្សាយ​ដល់​សមាជិក​ដែល​ជា​ប្រជា​កសិករ​ ឲ្យ​បាន​យល់​ដឹង​អំពី​ផែន​ការ​សកម្មភាព និង​ទិស​ដៅ​របស់​សមាគម ដែល​ផ្ដោត​លើ​គម្រោង​លើក​កម្ពស់​ជីវភាព​កសិករ។

លោក​ បន្ត​ថា​ ការ​ជួប​ជុំ​នេះ ត្រូវ​បាន​អាក់ខាន​ទៅ​វិញ ដោយ​សារ​តែ​មាន​មន្ត្រី​នគរបាល​២​រូប នៃ​សាលា​ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ចេញ​មក​ហាមឃាត់​សមាជិក​សមាគម​របស់​លោក​ប្រមាណ ២៥​នាក់ មិន​ឲ្យ​ប្រមូល​ផ្ដុំ ឬ​ជួប​ជុំ​ពិភាក្សា​គ្នា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ដោយ​លើក​ហេតុផល​ថា ​មិន​មាន​លិខិត​អនុញ្ញាត​ចេញ​ពី​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត។

ប្រធាន​សហគមន៍​កសិករ​កម្ពុជា​រូប​នេះ ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ចុះ​រារាំង​ការ​ជួប​ជុំ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​តម្រូវ​ឲ្យ​អង្គការ​ សមាគម ដែល​ចុះ​បញ្ជី​នៅ​ក្រសួង ពុំ​ចាំ​បាច់​ធ្វើ​ការ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ៖ « មិន​មាន​ប្រើ​ហិង្សា​អី​គេ គ្រានតែ​គាត់​ឃាត់ និង​ជជែក​គ្នា​អំពី​ទិដ្ឋភាព​ផ្លូវ​ច្បាប់។ អាជ្ញាធរ​នៅ​តែ​លើក​ដដែល​អំពី​ការ​ជូន​ដំណឹង ទោះ​បី​ជា​យើង​បាន​បង្ហាញ​ពី​លិខិត​ពិការ​ក្រសួង​មហាផ្ទៃ​ដែល​យើង​បាន​ចុះ​ អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ ហើយនិង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ដែល​ប្រាប់​ទៅ​អភិបាល​ខេត្ត​ រាជធានី​ថា សកម្មភាព​របស់​សង្គម​ស៊ីវិល​ មិន​ចាំ​បាច់​ជូនដំណឹង​ទេ ឲ្យ​តែ​មាន​ការ​ចុះ​បញ្ជី​ ក៏ប៉ុន្តែ​យើង​នៅ​តែ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ដដែល »

ចំណែក ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​បឹង​ព្រះ លោក យី ធឿន ថ្លែង​ថា ខាង​អាជ្ញាធរ​មិន​បាន​រារាំង​ ឬ​ហាមឃាត់​ការ​ជួប​ប្រជុំ​របស់​កសិករ​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក បន្ត​ថា ខាង​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ឃ្លាំមើល គឺ​គ្រាន់​តែ​ស្នើ​ដល់​សមាគម​កសិករ​ ជួយ​ផ្ដល់​ដំណឹង​ឲ្យ​អាជ្ញាធរ​បាន​ដឹង​មុន​តែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់​ស្រុក​ និង​ថ្នាក់​ខេត្ត អំពី​ការ​ជួប​ជុំ​នេះ៖ «ការងារ​ហ្នឹង គាត់​ជួបជុំ​ក៏​ជួបជុំ​ទៅ​ តែ​ឲ្យ​រដ្ឋ​អំណាច​ដឹង​ ដើម្បី​កុំ​ឲ្យ​គាត់​ថា ធ្វើ​អ្វី​យើង​អត់​ដឹង យើង​នៅ​មូលដ្ឋាន​ យើង​ជា​សមត្ថកិច្ច។ មេឃុំ​ក៏​ឲ្យ​ប៉ូលិស​ទៅ​មើល​ គេ​ប្រជុំ​អី។ ប្រសិន​បើ​យើង​មាន​សំណើ​ មក​មេឃុំ​អី​ទៅ​ គេ​ដឹង​ទៅ​ គេ​មាន​ទៅ​រក​រឿង​អី​យើង។ ពួក​ខ្ញុំ​ទៅ​ហ្នឹង ដើម្បី​ឲ្យ​គាត់​ស្នើ​ដល់​អាជ្ញាធរ​តែ​ប៉ុណ្ណឹង​ទៅ​ ឲ្យ​គេ​ដឹង​ឮ​ដើម្បី​ខ្ញុំ​មាន​មូលដ្ឋាន​ចុះ​តាមដាន​ ឬ​មួយ​ចុះ​ទៅ​ការពារ​គាត់​ មិន​មែន​ពួក​ខ្ញុំ​ដាក់​គំនាប​អី​ទៅ​លើ​ពួកគាត់​ទេ »

នាយករង​ទទួល​បន្ទុក​​ផ្នែក​​ឃ្លាំមើល​​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​បញ្ហា​នេះ តែង​តែ​កើត​មាន​ចំពោះ​សកម្មភាព​របស់​សមាគម ឬ​អង្គការ​ សង្គម​ស៊ីវិល​ ដែល​ចុះ​ធ្វើ​សកម្មភាព​នៅ​ថ្នាក់​មូលដ្ឋាន បើ​ទោះបី​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​ណែនាំ​ដល់​គណៈ បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ខេត្ត​ រាជធានី​ មិន​ឱ្យ​ហាម​ឃាត់​ការ​ជួបជុំ​ហើយ​ក៏​ដោយ។ លោក យល់​ថា ក្រសួង​មហាផ្ទៃ​គួរ​ពិនិត្យ ភាព​មិន​ប្រក្រតី​ក្នុង​រឿង​នេះ​ឡើង​វិញ​ ដើម្បី​ឲ្យ​សេចក្ដី​សម្រេច​ដែល​ដាក់​ហើយ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​តែ​អនុវត្ត​តាម​ឲ្យ​ខ្ជាប់​ខ្ជួន ៖ « យើង​ឃើញ​ហើយ​ថា អង្គការ​សង្គម​ស៊ីវិល​វេទិកា​សាធារណៈ​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​មហាផ្ទៃ ​បាន​លើក​ឡើង​បញ្ហា​នេះ​ជា​បន្តបន្ទាប់។ ក៏​ប៉ុន្តែ​យើង​ថា អាជ្ញាធរ​មូលដ្ឋាន​ គាត់​នៅ​តែ​មិន​ទាន់​យល់ ហើយ​នៅ​តែ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​របស់​ក្រសួង​មហាផ្ទៃ​ដដែល។ អ៊ីចឹង​ហើយ! ខ្ញុំ​គិត​ថា​ក្រសួង​គួរ​តែ​មាន​វិធានការ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង បាន​ដឹង​យល់​ច្បាស់​ពី​បញ្ហា​ហ្នឹង»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លោក ស ខេង បាន​ដាក់​ចេញ​លិខិត​ណែនាំ​ ដល់​អាជ្ញាធរ​ទាំង​អស់ ស្ដី​ពី​ការ​ធ្វើ​​សកម្មភាព​របស់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​សហគមន៍​នៅ​មូលដ្ឋាន។ ក្នុង​លិខិត​នោះ សរសេរ​ថា សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ ព្រម​ទាំង​សហគមន៍ នានា​នៅ​មូលដ្ឋាន មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើសកម្មភាព ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ ព្រមទាំង​លក្ខន្តិកៈ របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល​៣​ថ្ងៃ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ដូច​មុន​នោះ​ឡើ

ការ​ជួបជុំគ្នា ការ​បង្កើត​សមាគម និង​ការ​សំដែង​មតិ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ទទួល​ស្គាល់​ជា ច្បាប់​អន្តរជាតិ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល