អាជ្ញាធរ​ថៃ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ ៥​អង្គ ដែល​លួច​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់

ដោយ ជាតិ ចំណាន
2020-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អាជ្ញាធរ​ប្រទេស​ថៃ បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ប្រាំ​អង្គ និង​គ្រោង​បញ្ជូន​មក​ខ្មែរ​វិញ ដោយសារ​ព្រះសង្ឃ​ខ្មែរ​ទាំងនេះ​លួច​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ និង​ដើរ​អង្គាសប្រាក់​ពី​ពលរដ្ឋ​ថៃ។ កាសែត​បាងកក​ប៉ុស្ដិ៍ (Bangkok Post) ចុះផ្សាយ កាល​ពី​ថ្ងៃទី​២៩ កក្កដា​ថា មន្ដ្រី​ផ្នែក​អន្ដោប្រវេសន៍​របស់​ប្រទេស​ថៃ ថា ព្រះសង្ឃ​ខ្មែរ​ទាំង​ប្រាំ​អង្គ បាន​លួច​ចូល​ទឹកដី​ថៃ​តាម​ព្រៃ ដែល​ជាប់​ព្រំប្រទល់​ខេត្ដ​ស្រះកែវ របស់​ប្រទេស​ថៃ រួច​បន្ដដំណើរ​ទៅ​ខេត្ដ​សមុទ្រ​ប្រាកា ដើម្បី​អង្គាសប្រាក់​ពី​ពលរដ្ឋ​ថៃ នៅ​តំបន់​នោះ។

កាសែត​ដដែល​បន្ដថា បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ព្រះសង្ឃ​ខ្មែរ​ចំនួន ១១​អង្គ កាលពី​ថ្ងៃទី​១១ ខែកក្កដា ទើប​អាច​ធ្វើ​ឱ្យ​ពួកគេ អាច​ចាប់​បាន​សង្ឃ​ខ្មែរ​ប្រាំ​អង្គ​ទៀត កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា​។ ព្រះសង្ឃ​ទាំង ១១​អង្គ​នោះ បាន​លួច​គង់​នៅ​ដី​ទំនេរ ដែល​មាន​ព្រៃ​ក្រាស់ មួយកន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ ទៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​សុវណ្ណភូមិ (Suvarnabhumi Airport) របស់​ប្រទេស​ថៃ។

បន្ទាប់ពី​មានការ​សាកសួរ ព្រះសង្ឃ ១១​អង្គ បាន​ប្រាប់​ប៉ូលីស ពី​ទីតាំង​ផ្សេង​ទៀត ដែល​ព្រះសង្ឃ​ខ្មែរ​ប្រាំ​អង្គ​ទៀត​គង់​នៅ​ដោយ​ខុសច្បាប់ គឺ​ក្នុង​គម្រោង​អគារ​ដែល​គេ​បោះបង់​ចោល​មួយ នៅក្នុង​ខេត្ដ​សមុទ្រ​ប្រាកា។ បន្ទាប់ពី​ការឃាត់ខ្លួន អាជ្ញាធរ​ថៃ​បាន​នាំ​ព្រះសង្ឃ​ខ្មែរ​ទាំង ៥​អង្គ​នោះ​ទៅ​វត្ដ​មួយ​ដើម្បី​ផ្សឹក និង​គ្រោង​បញ្ចូន​មក​កម្ពុជា​វិញ បន្ទាប់​ពី​អនុវត្ដ​ទោស​របស់​ប្រទេស​ថៃ​រួចរាល់។ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​មក ប្រទេស​ថៃ​បាន​ចាប់​បញ្ចូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ​ជាច្រើន​នាក់។

ពួកគេ​ថា ការចាប់​បញ្ចូន​នេះ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ មិន​គោរព​គោលការណ៍​របស់​អជ្ញាធរ​ថៃ ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រារ​មាន​អាសន្ន និង​ការ​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ក្នុងពេល​ប្រទេស​ថៃ​កំពុង​រឹតបណ្ដឹង​ការចេញចូល ក្នុងពេល​មាន​វិបតិ្ដ​សកល​នៃ​ជំងឺ​កូ​វីដ​-១៩។ មន្ដ្រី​សង្គម​ស៊ីវិល​ថា កត្ដា​ជីវភាព និង​ការ​អូស​ទាន​ពី​មេខ្យល់ ទើប​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ប្រថុយប្រថាន​គ្រោះថ្នាក់​លួច​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ដោយ​ខុស​ច្បាប់

មន្ដ្រី​សង្គ​ស៊ីវិល​ទាំងនោះ​ស្នើ​ឱ្យ​រដ្ឋាភិបាល រៀបចំ​ផែនការ​ឱ្យ​បានច្បាស់លាស់ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ទាំងនោះ ដោយ​មាន​ការផ្សព្វផ្សាយ​បញ្ហា​ប្រឈម​ពី​ការ​ចំណាកស្រុក​ខុសច្បាប់​ឱ្យ​បាន​ទូលំទូលាយ បង្ហាញ​គោលនយោបាយ​គាំពារ​ពី​តម្រូវការ​ចាំបាច់ ដាក់​បម្រាម​កំណត់​ចំពោះ​ការផ្អាក​បង​បំណុល​របស់​ធនាគារ និង​ជំរុញ​ផលិតផល​ដាំ​ដុះ​ក្នុងស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល