"ការ​ឃាត់ខ្លួន​អ្នកកាសែត​នៅ​​កំពង់ឆ្នាំង​ជា​ការ​កម្រិត​សិទ្ធិ​សេរីភាព​បន្ថែម​ទៀត​ទៅ​លើ​អ្នក​សារព័ត៌មាន"

ដោយ ហេង រស្មី
2020-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ៩៩.៧៥ និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន​»​ ក្នុង​កម្មវិធីផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក នា​ពេល​កន្លង​មក។
លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ៩៩.៧៥ និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន​»​ ក្នុង​កម្មវិធីផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក នា​ពេល​កន្លង​មក។
Screenshot

អ្នក​ធ្វើ​ការងារ​ដើម្បី​សេរីភាព​សារព័ត៌មាន​បាន​ចាត់​ទុក​ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ម្នាក់ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ថា ជា​ការ​រឹតត្បិត​សេរីភាព បន្ថែម​ទៀត និង​ទាមទារ​ឱ្យ​អាជ្ញាធរ​គួរតែ​ដោះលែង​អ្នកសារព័ត៌មាន​នេះ ឱ្យ​មាន​សេរីភាព​វិញ។ សំណើ​នេះ​ធ្វើ​ឡើង​ដោយសារតែ សមត្ថកិច្ច បាន​ឃាត់ខ្លួន លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ៩៩.៧៥ និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន​»​ពីបទ​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ទន្ទ្រាន​ដី​ដោយ​ខុស​ច្បាប់។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន នេះ​នឹង​ធ្វើ​ឱ្យ​សេរីភាព​ផ្នែក​សារព័ត៌មាន​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត​។

លោក​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើងវិញ ទៅលើ​វិធានការ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ដើម្បី​ធានា​ថា អ្នកសារព័ត៌មាន អាច​ប្រើប្រាស់​សេរីភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ ឬ​ក៏​ការ​បញ្ចេញ​មតិ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការភ័យខ្លាច​នឹង​ចាប់​ខ្លួន៖ «ជា​រួម​ការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​សា​ជា​ថ្មី​ទៀត នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បើទោះបីជា​មិន​ទាន់​បាន​ឃុំខ្លួន​គាត់​ជា​បណ្ដោះអាសន្ន​មែន។ ប៉ុន្តែ​វា​ជា​សញ្ញា​ជា​ថ្មី​ទៀត​ដែល​បង្ហាញ​ពី​ការ​កម្រិត​សិទ្ធិ​សេរីភាព​កាន់តែ​ខ្លាំង​ឡើង សម្រាប់​អ្នកសារព័ត៌មាន​ដែល​ជា​ធម្មតា​គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​អនុវត្ត​នូវ​សេរីភាព​របស់​គាត់​មួយ​ចំនួន​ទៀត។ ដូចជា​សេរីភាព​នៅ​ក្នុង​ការ​សរសេរ ឬក៏​ការ​និយាយ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​គាត់»

ក្រោយ​ការ​ចាប់ខ្លួន លោក សុខ ឧត្តម ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ឧសភា បាន​លុបចោល​អាជ្ញាប័ណ្ណ​របស់​ស្ថានីយ​វិទ្យុអេហ្វ អឹម ៩៩.៧៥ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​គេហទំព័រ «រិទ្ធិសែន»។ ក្រសួង​អះអាង​ថា ការ​សម្រេច​នេះ​ដោយសារតែ​លោក សុខ ឧត្តម បាន​ផ្សព្វផ្សាយ​បំផ្លើស​ការពិត ញុះញង់​ឱ្យ​កើតមាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជសាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​សង្គម។

គេហទំព័រ​ស្ថានីយ​វិទ្យុ​រិទ្ធិសែន របស់​លោក សុខ ឧត្តម កាល​ពី​ថ្ងៃទី​១០ ឧសភា បាន​ចុះផ្សាយ​ថា មាន​មន្ត្រី​ជាន់ខ្ពស់​យោធា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ប្រមាណ​៩០ ហិតតារ ភាគច្រើន​សុទ្ធតែ​ដី​គម្រប​ព្រៃឈើ​តាំងពី​ឆ្នាំ​២០០២ នៅ​ប៉ែក​ខាងលិច ផ្លូវ​រថភ្លើង ចំណុច​គីឡូម៉ែត្រ​លេខ​៩១ ស្ថិត​នៅ​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សោភ័ណ្ឌ មាន​ប្រសាសន៍​ថា កន្លងមក​ក្រសួង​ព័ត៌មាន​តាមរយៈ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង​ធ្លាប់​បាន​កោះហៅ​លោក សុខ ឧត្តម មក​អប់រំ​ណែនាំ​ផង​ដែរ​ដើម្បី​ឱ្យ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន។ ប៉ុន្តែ​ក្រោយមក​លោក​នៅតែ​បន្ត​ផ្សព្វផ្សាយ​ខុស​ពី​ការណែនាំ​របស់​ក្រសួង៖ «ដោយសារ​អង្គភាព​សារព័ត៌មាន​មួយ​ហ្នឹង គាត់​ផ្សព្វផ្សាយ​សារព័ត៌មាន​បំផ្លើស​ពី​ការពិត ព័ត៌មាន​ដែល​នាំ​ឱ្យ​មានការ​រើសអើង​ជាតិ​សាសន៍ បង្ក​អសន្តិសុខ​ចលាចល​ក្នុង​សង្គម។ ចំណុច​ទាំងអស់​នេះ វា​ប្រាសចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ច្បាប់​របប​សារព័ត៌មាន​ក៏ដូចជា កិច្ចសន្យា​ដែល​ខ្លួន​បាន​តម្កល់​ក្នុង​ក្រសួង​ព័ត៌មាន»

ទោះបីជា​យ៉ាង​នេះ​ក្តី ភរិយា​លោក សុខ ឧត្តម លោកស្រី នុត ចន្ធូរ ប្រាប់​អាស៊ីសេរី​ថា ស្វាមី​លោកស្រី​បាន​ទទួល​លិខិត​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ ឱ្យ​ទៅ​ផ្សព្វផ្សាយ​រឿង​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នោះ។

លោកស្រី​បញ្ជាក់​ថា មាន​អ្នកកាសែត​ចំនួន ៤០​អង្គភាព​ផ្សេងទៀត​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ទាក់ទិន​នឹង​ជម្លោះដីធ្លី​នោះ តែ​អាជ្ញាធរ​មិន​ចាប់ បែរជា​អាជ្ញាធរ​ចាប់ខ្លួន​តែ​ស្វាមី​លោកស្រី​ម្នាក់​ប៉ុណ្ណោះ។ លោកស្រី​បាន​ហៅ​ការ​ចាប់ខ្លួន​ថា ជា​អំពើ​អយុត្តិធម៌៖ «ខ្ញុំ​គិត​ថា ការ​ចាប់ខ្លួន​នេះ ខុស​ប្រក្រតី​តែម្ដង​បង។ ខ្ញុំ​អត់​សុខចិត្ត​ទេ​បង អត់​អាច​ទទួល​យក​បាន​ទេ​បង»

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​កំពង់ឆ្នាំង​លោក សំ ចាន់គា មិន​គាំទ្រ​ចំពោះ​ការ​ចាប់ខ្លួន​នេះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​គឺជា​ការ​គំរាមកំហែង​ទៅលើ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អ្នក​សារព័ត៌មាន។

លោក​មាន​ប្រសាសន៍​ថាក្រសួង​ព័ត៌មាន​គួរតែ​ពិនិត្យ​ឡើង​វិញ មិន​គួរ​ប្រញាប់ប្រញាល់​លុប​អាជ្ញាប័ណ្ណ​ស្ថានីយ​វិទ្យុ​អេ​ហ្វ អឹម ៩៩.៧៥ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​គេហទំព័រ «រិទ្ធិសែន» នោះ​ទេ៖ «ច្បាប់​របប​សារព័ត៌មាន មាន ប៉ុន្តែ​ឃើញ​ថា យក​ច្បាប់​ហ្នឹង​ទៅ​ក្រវាត់​ចោល​មិន​ព្រម​យក​មក​ធ្វើការ​អនុវត្ត​ទេ។ ខ្ញុំ​សុំ​ថា ឱ្យ​ខាង​រដ្ឋាភិបាល​ហ្នឹង​ពិនិត្យមើល​ឡើងវិញ​អំពី​វិធានការ​នេះ។ វិធានការ​នៃ​ការ​គំរាមកំហែង​ដល់​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ»

ក្រសួង​ព័ត​មាន​គិត​ត្រឹម​ថ្ងៃទី​១៤ ឧសភា​បាន​ប្រកាស​លុបចោល​អាជ្ញាប័ណ្ណ​គេហទំព័រ​និង​ស្ថានីយ​វិទ្យុ​ចំនួន​៣ ដែល​រួមមាន​គេហទំព័រ​ចក្រវាល គេហទំព័រ​ធីវីហ្វេសប៊ុក (TV FacebooK) របស់​លោក សុវណ្ណ សុខា ហើយ​ចុងក្រោយ​គេ​គឺ​ស្ថានីយ​វិទ្យុ​អេហ្វ អឹម ៩៩.៧៥ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​គេហទំព័រ «រិទ្ធិសែន»

ក្រសួង​ព័ត៌មាន​បាន​ចោទប្រកាន់​ដូចៗ​គ្នា​ថា ការ​បិទ​គេហទំព័រ​ទាំងនេះ​ដោយសារតែ​ពួកគេ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម។

របាយការណ៍​របស់​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចេញ​ផ្សាយ​កាលពីដើម​ខែ​ឧសភា ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ដល់​ដើម​ឆ្នាំ​២០២០។ ការ​ធ្លាក់ចុះ​នេះ​ដោយសារតែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​សំឡេង​ក្រុម​ប្រឆាំង នៅមុន​ការបោះឆ្នោត​ដែល​ជំរុញ​ឱ្យ​ស្ថានការណ៍​នេះ មាន​លក្ខណៈ​កាន់តែ​អាក្រក់​ឡើង​ថែមទៀត។

សន្ទស្សន៍​ស្តីពី​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២០ របស់​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ស្ថិតនៅ​ក្នុង​ស្ថានភាព​កាន់តែ​អាក្រក់ ដោយ​បាន​ទម្លាក់​ពិន្ទុ​របស់​កម្ពុ​ជាមួយ​លេខ​ថែមទៀត គឺ​រហូតដល់​លំដាប់​លេខ​រៀង​ទី​១៤៤​ក្នុង​ចំណោម​ប្រទេស ១៨០ បើ​ធៀប​នឹង​ពិន្ទុ​ឆ្នាំ​​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល