“តំណាង​រដ្ឋាភិបាលកម្ពុជា​ធ្វើ​ឲ្យ​ខ្មែរ​ទាំងមូល​អាម៉ាស់ ដែល​រារាំង​ព្រះអង្គ លួន សុវ៉ាត ថ្លែង​​នៅ​អ.ស.ប”

ដោយ មាន ឫទ្ធិ
2020-10-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​សិទ្ធិ​មនុស្ស ព្រះអង្គ លួន សុវ៉ាត ថ្លៃង​ការណី​ក្នុង​កិច្ចប្រជុំប្រឹក្សា​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០២០។
សកម្មជន​សិទ្ធិ​មនុស្ស ព្រះអង្គ លួន សុវ៉ាត ថ្លៃង​ការណី​ក្នុង​កិច្ចប្រជុំប្រឹក្សា​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០២០។
Photo courtesy

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​អ្នកការពារ​សិទ្ធិមនុស្ស រិះគន់​ឥរិយាបថ​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ព្រះសង្ឃ លួន សុវ៉ាត ថ្លែងការណ៍​នៅ ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​។ ពួកគេ​ថា ទង្វើ​នេះ ធ្វើ​ឲ្យ​កម្ពុជា​រឹតតែ​អាម៉ាស់ និង​រឹតតែ​ធ្វើ​ឲ្យ​អន្តរជាតិ​ដឹង​ពី​ហេតុផល​ពិតប្រាកដ​នៃ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ថា ឥរិយាបថ​របស់​តំណាង​កម្ពុជា​នៅ​ឯ​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បែបនេះ គឺជា​ការ​ភ្លេច​គិត​ពី​គុណធម៌ ហើយ​ធ្វើ​ឲ្យ​មុខមាត់​កម្ពុជា​រឹតតែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​បន្ត​ថា ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​អស់សំណើច ហើយ​រឹតតែ​កត់សម្គាល់​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​កើត​មាន​ឡើង​ពិតប្រាកដ​នៅ​កម្ពុជា៖ «ពេលខ្លះ​ទង្វើ​ទាំងឡាយ​ណា​ដែល​យើង​ភ្លេច​គិត​អំពី​ថា តើ​ខ្លួន​យើង​ជា​មន្ត្រី​របស់​រដ្ឋ ហើយ​យើង​គឺជា​អ្នកការពារ​នូវ​កិត្តិយស​ជា​តំណាង​របស់​ប្រទេស​មួយ កាលណា​យើង​ធ្វើ​ឲ្យ​មាន​ភាព​មិន​ល្អមើល​នៅ​ក្នុង​ប្រទេស​គេ នោះ​វា​ខូច​កិត្តិយស​ខ្មែរ​ទាំងអស់​គ្នា​...​។ ហើយ​មួយទៀត ជួនកាល​ទង្វើ​របស់​យើង​ដែល​ធ្វើ​នៅ​ទីនោះ កាលណា​គេ​មើល​ឃើញ​ទៅ នោះ​គេ​អាច​ដឹង​បាន​ថា តើ​នៅ​ក្នុង​ប្រទេស​មានរឿង​អី​កើតឡើង បាន​ជា​មានការ​ប្រទូស្តប្រទាំង​គ្នា​បែប​ហ្នឹង»

ការរិះគន់​បែប​នេះ ក្រោយ​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា លោក អាន សុខឃឿន បាន​ព្យាយាម​ថ្លែង​ការពារ​ថា នៅ​កម្ពុជា​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ថា កម្ពុជា​កំពុង​លើកកម្ពស់​សុខ​សន្តិភាព និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ថ្លែង​បែបនេះ​មិនទាន់​ផុត​ពី​មាត់​ស្រួលបួល​ផង លោក​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​ព្រះអង្គ លួន សុវ៉ាត ដែល​ទទួល​បាន​ភាពជា​តំណាង​ស្របច្បាប់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​មួយ​ឈ្មោះ​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​អំពើ​ទារុណកម្ម (World Organization Against Torture) អាច​ថ្លែងការណ៍​បញ្ចេញមតិ​បាន។ ការប៉ុនប៉ង​របស់​លោក អាន សុខឃឿន បែបនេះ ធ្វើឡើង​មិន​តិច​ជាង ៤​ដងនោះ​ទេ ដោយមាន​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត ដូចជា​មហាមិត្ត​ចិន រុស្ស៊ី និង​វៀតណាម​ជាដើម។ ក៏ប៉ុន្តែ ឥរិយាបថ​របស់​តំណាង​កម្ពុជា​រូប​នេះ បាន​ត្រឹម​តែ​ទទួល​នូវ​ភាព​បរាជ័យ ហើយ​រង​នូវ​ការរិះគន់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច ដោយ​ទីបំផុត​ទៅ​ព្រះអង្គ លួន សុវ៉ាត នៅតែ​អាច​ថ្លែងការណ៍​អំពី​ស្ថានភាព​ពិត​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ដដែល​។ ព្រះអង្គ លួន សុ​វ៉ាត បាន​ថ្លែងការណ៍​ថា ព្រះអង្គ​ចាំបាច់​ត្រូវតែ​ភៀស​ព្រះ​កាយ​ចេញពី​កម្ពុជា ដោយសារតែ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​អស់​រយៈពេល​ជាង ១១​ឆ្នាំ​របស់​ព្រះអង្គ។ ព្រះអង្គ​បន្ត​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​កាន់តែ​អាក្រក់​ខ្លាំង​ដោយសារតែ​ការ​សម្លាប់​ប្រជាធិបតេយ្យ គ្មាន​ការបោះឆ្នោត​ដោយ​សេរី គ្មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ប្រមូល​ផ្តុំ។ ព្រះអង្គ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយសង្គ្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ត្រូវ​តម្រូវ​ឲ្យ​កម្ពុជា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

​តំណាង​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​នៅអង្គការ​សហប្រជាជាតិ លោក អាន សុខឃឿន ថ្លៃង​ក្នុង​កិច្ចប្រជុំប្រឹក្សា​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០២០។
​តំណាង​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​នៅអង្គការ​សហប្រជាជាតិ លោក អាន សុខឃឿន ថ្លៃង​ក្នុង​កិច្ចប្រជុំប្រឹក្សា​ក្រុមប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland)​ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០២០។ Photo Screenshot of UN WebTV

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់​អាស៊ីសេរី ថា តំណាង​កម្ពុជា​ធ្វើ​បែប​នេះ ជា​រឿង​ត្រឹមត្រូវ​ដើម្បី​ការពារ​មុខមាត់​ប្រទេសជាតិ មិន​ឲ្យ​មាន​ការ​រិះគន់​លើ​រូបភាព​អាក្រក់​របស់​ប្រទេសជាតិ ពី​អ្វី​មួយ​ដែល​លោក​ហៅថា​ជា «ក្រុម ឬ បុគ្គល​បង្ក​បញ្ហា​» មួយ​ចំនួន៖ «ជា​រឿង​មួយ​ធម្មតា​ទេ ដែល​យើង​ចង់បាន​ភាព​ត្រឹមត្រូវ និង​កិត្តិយស​របស់​ប្រទេស​។ យើង​ចង់បាន​ភាព​ត្រឹមត្រូវ​សម្រាប់​ប្រយោជន៍​ជាតិ យើង​មិនមែន​ទៅ​គិតតែ​ប្រយោជន៍​ក្រុម​ខ្លួន បុគ្គល​ខ្លួន ហើយ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ជាតិ​ទេ​។ អ៊ីចឹង​ហើយ ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​ប្រយោជន៍​ជាតិ ប្រយោជន៍​មាតុភូមិ តំណាង​កម្ពុជា​ត្រូវតែ​តស៊ូ ត្រូវតែ​អនុវត្ត​ទៅតាម​វិធានការណ៍ ទៅ​តាម​សេចក្ដី​ណែនាំ ដើម្បី​ជា​មុខមាត់​នៃ​ប្រទេសជាតិ មិន​ឲ្យ​បុគ្គល​មួយ​ចំនួន​ក្លែង​ខ្លួន ឬមួយ​ក៏​តំណាង​មិន​ស្របច្បាប់​ណាមួយ​ចូល​ទៅ​បង្ក​បញ្ហា ឬក៏​លាប​ពណ៌​ឲ្យ​មាន​រូបភាព​អាក្រក់​ចំពោះ​ប្រទេសជាតិ​នោះ​ទេ»

យ៉ាងណា សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស និង​ជា​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ហៅ​ទង្វើ​របស់​តំណាង​កម្ពុជា​ថា ជា​រឿង​មួយ «​មិន​សមរម្យ​» ដែល​រឹតតែ​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​កត់សម្គាល់​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​៖ «តំណាង​ដែល​គាត់​ធ្វើ​ហ្នឹង​ប្រហែលជា​វា​មិន​សូវ​សមរម្យ​នៅ​ចំពោះ​មុខ​អង្គប្រជុំ​។ ប៉ុន្តែ វា​គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​នូវ​រដ្ឋាភិបាល​។ តែ​បើសិនជា​យើង​មើល​ឥរិយាបថ​ហ្នឹង វា​អាច​នាំ​ឲ្យ​មានការ​រិះគន់​ថា ជា​ឥរិយាបថ​មិនសូវ​ល្អ​ដែរ ពីព្រោះ​ការប្រជុំ យើង​មាន​វិធីសាស្ត្រ​ច្រើន​ដើម្បី​បកស្រាយ ឬ​ពន្យល់​នូវ​ហេតុផល​។ ដូច្នេះ មិន​ចាំបាច់​អី​ទៅ​បង្ហាញ​នូវ​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កត់សម្គាល់​អី​នោះ​ទេ»

ដូចគ្នា​នេះ​ដែរ អ្នកការពារ​សិទ្ធិមនុស្ស​មួយ​រូប​ទៀត និង​ជា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ទង្វើ​របស់​តំណាង​កម្ពុជា​បែបនេះ បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​កាន់តែ​ច្បាស់​ថា កម្ពុជា​មិន​ត្រឹមតែ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ខ្លួនឯង នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទៅ​លើ​ពលរដ្ឋ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​៖ «ឥរិយាបថ​នេះ​កាន់តែ​បង្ហាញ​ឲ្យ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​រំលោភ​ទៅលើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឯង​នៅ​ក្នុង​ប្រទេស​ទេ ទៅ​ក្រៅ​ប្រទេស​ហើយ​នៅ​ចំពោះ​មុខ​បណ្ដា​ប្រទេស​លោក​សេរី​ដែល​គេ​កំពុងតែ​ស្ដាប់​ថ្លែង​សារ​របស់​ព្រះអង្គ​ហ្នឹង គឺ​គេ​កាន់តែ​យល់​កាន់តែ​ច្បាស់​ថា ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​រឹតត្បិត​ដែល​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើង​ទៀត»

លោក ស៊ឹង សែនករុណា បន្ត​ថា ការណ៍​ដែល​ព្រះអង្គ លួន សុវ៉ាត នៅតែ​អាច​ថ្លែងការណ៍​បាន បញ្ជាក់​ថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មាន​ការ​ជឿជាក់​លើ​ព្រះអង្គ ជាជាង​ជឿជាក់​លើ​តំណាង​កម្ពុជា។

រីឯ អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ​មួយ​រូប​ទៀត គឺ​បណ្ឌិត សេង សារី យល់​ឃើញ​ថា ល្មម​ដល់ពេល​វេលា​ហើយ​ដែល​កម្ពុជា​គួរ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​នៃ​ការ​ឆ្លើយតប​ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នេះ ព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ នឹង​រឹតតែ​ធ្វើ​ឲ្យ​កម្ពុជា​រង​នូវ​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​៖ «ខ្ញុំ​មិន​ព្យាយាម​បង្ហាញ​អំពី​រឿងរ៉ាវ​បញ្ហា​ដែល​កើតឡើង​ហ្នឹង​ទៀត​ទេ​។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺ វា​ល្មម​ដល់ពេល​វេលា​ដែល​រដ្ឋាភិបាល​ផ្លាស់ប្ដូរ​នៅ​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើសិនជា​ក្នុង​ករណី​នៅតែ​បន្ត​ប្រើ​វិធីសាស្ត្រ​ដដែលៗ បែបនេះ​ទេ អ្វី​ដែល​កម្ពុជា​ទទួល​បាន គឺ​មានតែ​ភាព​អាម៉ាស់​នៅ​ក្នុង​កម្រិត​អន្តរជាតិ​ទេ​...​។ នៅ​ពេល​ដែល​ស្ថាន​ភាព​មិន​ប្រែប្រួល ហើយ​របៀបរបប​នៅ​ក្នុង​ការ​ធ្វើ​ការទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លទ្ធផល​គឺ​វា​មិន​ខុស​ពី​មុន​ទេ គឺ​វា​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​លំបាក​ជាង​មុន ហើយ​អ្វី​ដែល​សំខាន់​ហ្នឹង​គឺ​ភាព​អាម៉ាស់​ហ្នឹង ក៏​រឹតតែ​អាម៉ាស់​ជាង​មុន​ទៅទៀត»

នៅ​ឯ​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ក្រៅពី​ប្រទេស​ប្លុក​កុម្មុយនិស្ត​ដែល​បាន​ចេញ​មុខ​មក​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្រប​ពេល​ដែល​ប្រទេស​ទាំងនោះ​គ្មាន​ការ​គោរព​សិទ្ធិមនុស្ស​ផង​នោះ គ្មាន​ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​លោក​សេរី​ណាមួយ​ជឿជាក់​ថា គ្មាន​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ ពួកគេ​សុទ្ធតែ​យល់ស្រប និង​បញ្ជាក់​ជំហរ​ស្រដៀង​គ្នា ដូច​តាម​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដូច្នោះ​ដែរ ដែល​ថា សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ នៅតែ​រង​ការ​រឹតត្បិត តាមរយៈ​ការ​បន្ត​ចាប់ចង និង​ឃុំខ្លួន​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​បរិស្ថាន​ជាដើម​។ ពួកគេ​នៅតែ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទាំងនោះ រួម​ទាំង​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង និង​ធ្វើ​យ៉ាងណា​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល