HRW ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​កម្រិត​ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល ដើម្បី​កុំ​ឱ្យ​មាន​ការ​រើសអើង​ អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ វ៉ែន សុមេធ
2020-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ស្នើ​ឱ្យ​​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ប្រើ​វោហារសព្ទ​បែប​អុជអាលប្រឆាំង​នឹង​ក្រុម​​មនុស្ស​ងាយ​រងគ្រោះ និង​ជន​បរទេស ក្នុង​បរិបទការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ-១៩។ ការ​អំពាវនាវ​នេះ គឺដោយសារ​អង្គការ​អន្តរជាតិនេះ ពិនិត្យ​ឃើញថា អាជ្ញាធរ​កម្ពុជា​បាន​បង្ហាញ​​ព័ត៌មាន​ផ្ទាល់​ខ្លួនរបស់​បុគ្គលឯកជន ដែល​នាំទៅរក​ការ​បញ្ចេញ​យោបល់​បែប​រើស​អើងទៅលើ​ក្រុម​មនុស្ស​មួយ​ចំនួន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ​លើក​ឡើង​ថា ដើម្បីការពារអ្នក​កើត​ជំងឺកូវីដ-១៩ ពីការ​រើស​អើង និង​អំពើហិង្សា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​កម្រិត​ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដូចជា អម្បូរ ជាតិសាសន៍ សាសនា ក្រុម​នយោបាយ និង​អត្តសញ្ញាណភេទ ជាដើម។

នាយក​រងទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​នៅ​ថ្ងៃទី៣១ មីនាថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធ្វើយ៉ាងណាកុំ​ឱ្យ​មាន​ការ​រើស​អើងប្រឆាំង​នឹង​ក្រុមជន​ងាយ​រងគ្រោះ និង​ជន​បរទេស​ ទាក់ទង​នឹង​វិធានការ​ឆ្លើយ​តប​នឹង​ការ​រាតត្បាត​ជា​​សាកល​នៃ​ជំងឺកូវីដ-១៩ នេះ។

កាល​ពី​ថ្ងៃទី១៧ មីនា កន្លងទៅ ក្រសួង​សុខាភិបាល​បាន​ប្រកាសថា ក្រសួង​បាន​រកឃើញ​មនុស្ស​ចំនួន២១ នាក់ មាន​ផ្ទុក​ជំងឺកូវីដ-១៩។ ក្រសួង​បញ្ជាក់​នៅ​ក្នុ​ងសេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​ ១៧នាក់ គឺ​ជា​ខ្មែរ​ឥស្លាម ​ដែល​បាន​ទៅ​ចូល​រួម​ពិធីសាសនានៅ​ប្រទេស​ម៉ាឡេស៊ី។ ដោ​យ​សារ​មុន​​នោះមួយ​ថ្ងៃ ក្រសួង​បាន​រកឃើញ ២ករណី​កើតលើ​ខ្មែរ​ឥស្លាម ក្រសួង​​ក៏​បាន​សរុប​តួលេខ​ថា គិតត្រឹម​ថ្ងៃទី១៧ មីនា មាន​ខ្មែរឥស្លាម ១៩នាក់ ក្នុ​ងចំណោម ​៧៩នាក់ ដែលទៅ​ចូល​រួម​ពិធីសាសនានៅម៉ាឡេស៊ី បាន​ឆ្លង​ជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ចាប់​ពី​ថ្ងៃទី១៨ មីនា​មក ក្រសួង​លែង​ប្រើពាក្យ​ខ្មែរ​ឥស្លាមទៀតហើយ គឺក្រសួង​ប្រើពាក្យ​ជន​ជាតិ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ពិធីសាសនានៅ​ប្រទេស​ម៉ាឡេស៊ី​វិញ។

នាយក​រងទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) ​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល​ត្រូវ​តែ​សុំ​ទោស​​សហគមន៍​អ្នក​កាន់​សាសនាឥស្លាម​នៅកម្ពុជា​ជា​សាធារណៈចំពោះ​សេចក្តីថ្លែងការណ៍​បែប​រើស​អើង​របស់​ក្រសួង​សុខាភិបាល ហើយ​ត្រូវ​​ចុះ​ជួប​ពួក​គេ​ដើម្បី​បង្ហាញ​ការ​គាំទ្រ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​រឿងនេះ​ពី​អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បាន​ទេនៅ​ថ្ងៃទី៣១ មីនា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះជាយ៉ាងណា ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​បាន​ណែនាំ​មិន​ឱ្យ​មានការ​បែង​ចែក​ ឬរើសអើងរវាង​ខ្មែរ និង​ខ្មែរ​​នោះទេ ព្រោះ​​ជា​ពលរដ្ឋ​​ខ្មែរ​​ដូចគ្នា។ លោក​ថា សូម្បី​តែជន​បរទេស​កើត​ជំងឺកូវីដ-១៩ នៅកម្ពុជា ក៏​មិន​ត្រូវ​មាន​ការ​រើស​អើងនោះដែរ «ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទៅ​ខេត្ត ក៏​បាន​បញ្ជាក់​ចំណុច​នេះ​ផង​ដែរ គឺ​ថា​មិន​​ត្រូវ​រើស​អើងទេ ហើយ​មិន​មែន​ត្រឹម​តែ​ខ្មែរ​ឥស្លាម​ទេ​ ជន​ជាតិ​ណាក៏​ដោយដែលបាន​មក​កម្ពុជា ហើយ​ជួប​បញ្ហា​ហ្នឹង យើង​ក៏​មិន​ត្រូវ​រើស​អើងដែរ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) រកឃើញ​ថា ក្រៅពី​អ្នក​កាន់​សាសនាឥស្លាម ជន​បរទេស​ខ្លះទៀត​​នៅកម្ពុជា ក៏​រងការ​រើស​អើង​ដែរ​ គឺក្រោម​រូបភាព​នៃ​ការ​មិន​ឱ្យ​​ចូល​ទៅ​ក្នុង​ហាង ឬមិន​បម្រើ​សេវាកម្ម​ដល់​ជន​បរទេស​ជាដើម។ ការ​រើសអើងបែបនេះកើត​មាន​ ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង បារាំង អេស្ប៉ាញ​ អាល្លឺម៉ង់ និង​អ៊ីតាលី មិន​ឱ្យ​ចូល​កម្ពុជា និ​ងតែង​តែប្រកាស​ករណី​ជំងឺកូវីដ-១៩ នៅកម្ពុជា សុទ្ធសឹង​ជាករណី​នាំចូល​ ឬឆ្លង​ពី​ជន​បរទេស។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន ជំរុញ​ឱ្យ​អង្គការ​សុខភាពពិភពលោក​ និង​ទីភ្នាក់ងារ​អន្តរជាតិ​ទាំងឡាយ​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ផ្តោតលើ​មធ្យោបាយ​ទំនាក់​ទំនង​ជុំ​វិញ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ដោយ​ឈរលើភាព​ទៀង​ត្រង់ និង​ទាន់​សភាពការណ៍​។ ទន្ទឹម​នឹង​នេះ លោក​ទទួច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យបញ្ឈប់​ការ​ចេញ​សេចក្តីថ្លែងការណ៍​ទាំងឡាយ​ណា​ ដែល​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ស្អប់ខ្ពើម ការ​រើសអើង និង​អំពើ​ហិង្សា​លើ​ពលរដ្ឋ ឬក្រុម​​មនុស្ស​ជាក់​លាក់​ណាមួយ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល