អង្គការ​លើកលែង​ទោស​អន្តរជាតិ​ រក​ឃើញ​ថា មាន​ការ​កើន​ឡើង​ការ​រឹត​ត្បិត​ខ្លាំង​លើ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ

ដោយ មាន ឫទ្ធិ
2020-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ
រូបអង្គការ​លើកលែងទោស​អន្តរជាតិ

អាជ្ញាធរ​​កម្ពុជា​​បាន​​បង្កើន​​ការ​រឹតត្បិត​​កាន់​តែ​​​ខ្លាំង​​លើ​​ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាពិសេស​ទាក់ទង​នឹង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញ​មតិ។​ នេះបើតាមរបាយការណ៍​ប្រចាំឆ្នាំ​២០១៩​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ឬ Amnesty International ​ទើប​នឹង​ចេញ​ផ្សាយនៅចុងខែមករានេះ។ របាយការណ៍​ក៏​រក​ឃើញ​ដែរ​ថា​ ក្នុង​ឆ្នាំ២០១៩ អំពើ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​សម្លាប់​មនុស្ស​ក្រៅច្បាប់​ និងការ​រំលោភ​សិទ្ធិ​អ្នកជាប់គុក​ដោយសារ​ភាពចង្អៀត​ណែន​នៃ​ពន្ធនាគារ នៅតែ​កើត​មាន​នៅ​កម្ពុជា​ដដែល។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ចង់​ឃើញ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​បែប​រឹតត្បិត​ទាំងនេះ និង​បញ្ចប់​បញ្ហា​និទ្ទណ្ឌភាព​​ ដើម្បី​កុំ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ។

របាយការណ៍ អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​តវ៉ា​ដោយ​សន្តិវិធី សកម្មជន​សិទ្ធិ​ការងារ និង​សមាជិក​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រម្លាយ នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​បំភិតបំភ័យ​ឥត​ស្រាកស្រាន្ត​តាម​រយៈ ប្រព័ន្ធ​យុត្តិធម៌។ អង្គការ​លើកលែង​ទោស​អន្តរជាតិ សង្កត់​ធ្ងន់ៗ ថា សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី ត្រូវ​បាន​រឹតត្បិត​តាម​ទំនើង​ចិត្ត ហើយ​ថា អង្គការ​សង្គម​ស៊ីវិល​ប្រឈម​នឹង​ការ​បំភិតបំភ័យ។

ជាក់​ស្ដែង ជុំវិញ​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ របាយការណ៍​បាន​លើក​យក​ពី​ការ​កើន​ឡើង អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​តាម​ទំនើង ទៅ​លើ​ក្រុម​អ្នក​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​​កើន​ឡើង​ខ្លាំង​ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ២០១៩ ហើយ​​ដែល​​ការណ៍​​នេះ​​បាន​​ឈាន​​ដល់​​ចំណុច​​កំពូល នៅ​​ពេល​ដែល​មាន​ការ​​បង្ក្រាប​​ខ្លាំង​​ពាក់ព័ន្ធ​​នឹង​​ដំណើរ​​ត្រឡប់​​មក​ប្រទេស​​វិញ​​របស់​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ កាល​​ពី​​ថ្ងៃ​​ទី៩ វិច្ឆិកា។ ក្នុង​នោះ យ៉ាង​ហោច​ណាស់​មាន​សកម្មជន ឬ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នេះ ជាង ៦០នាក់ ត្រូវ​បាន​ចាប់​ដាក់​គុក ហើយ​ជាង ១០០នាក់​ផ្សេង​ទៀត រង​បទ​ចោទ​មាន​ចរិត​នយោបាយ ពី​បទ «រួម​គំនិត​ក្បត់»។ របាយការណ៍​បន្ត​ថា ការ​ចាប់​ខ្លួន​នោះ​ទៀត​សោត ធ្វើ​ឡើង​ដោយ​គ្មាន​នីតិវិធី​ផ្លូវ​ច្បាប់ និង​គ្មាន​ដីកា​ចាប់​ខ្លួន​ត្រឹមត្រូវ​នោះ​ទេ។

របាយការណ៍​ក៏​មិន​ភ្លេច​លើក​ឡើង​ដែរ​ថា សមាជិក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ ដែល​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​កម្ពុជា ហើយ​បាន​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្រៅ​ប្រទេស ក៏​ប្រឈម​មុខ​នឹង​ការ​បំភិតបំភ័យ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ប្រទេស​ថៃ​ដែរ។ រីឯ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ហ៊ាន​និយាយ​រិះគន់ ក៏​ត្រូវ​រង​នូវ​ការ​តាម​ដាន​ឈ្លប​យកការណ៍​ដោយ​ខុស​ច្បាប់ រង​ការ​គំរាម​កំហែង និង​ការ​បំភិតបំភ័យ​ដោយ​អាជ្ញាធរ​មូលដ្ឋាន។

ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​វិញ របាយការណ៍​គូស​បញ្ជាក់​ថា ការ​រឹតត្បិត​ខ្លាំងក្លា​លើ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ បណ្ដាល​ឲ្យ​កើត​មាន​នូវ​វប្បធម៌​នៃ​ការ​ភ័យ​ខ្លាច និង​ការ​រឹតត្បិត​ការ​បញ្ចេញ​មតិ​ដោយ​ខ្លួន​ឯង ក្នុងចំណោម​អ្នក​កាសែត​ឯករាជ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេសសល់។ ជាក់ស្ដែង ករណី​លោក រ៉ាត់ រ័ត្នមុន្នី សកម្មជន​សិទ្ធិ​ការងារ ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ករណី​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី លោក អួន ឈិន និង​លោក យាង សុធារិន ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ ដោយ​សំណុំ​រឿង​ «ចារកម្ម» ដែល​មិន​ត្រូវ​បាន​ទម្លាក់​ចោល បើ​ទោះ​ជា​ខ្វះ​ភស្តុតាង​គួរ​ឲ្យ​ទុក​ចិត្ត​បាន​យ៉ាង​ណា​ក៏​ដោយ។ មិន​តែ​ប៉ុណ្ណោះ មនុស្ស ៧នាក់ ត្រូវ​បានចាប់ខ្លួនតាមទំនើងចិត្ត ដោយសារ​តែ​បាន​រំឭក​ខួប​ឃាតកម្ម​បី​ឆ្នាំ​នៃ​លោក កែម ឡី កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩។

ក្រៅ​ពី​នោះ​របាយការណ៍​អង្គការ​នេះ ក៏​លើក​ឡើង​ពី​ករណី​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​អ្នក​ទោស ក្រៅច្បាប់ ក្នុង​មន្ទីរ​ឃុំឃាំង ឬ​ពន្ធ​ធនាគារ ដូច​ជា ករណី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ទិត រ៉ន ដែល​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម កាល​ពី​ខែ​មេសា។ របាយការណ៍​បន្ត​ថា ការ​ចង្អៀត​ណែន​កាន់​តែ​អាក្រក់​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា បាន​បន្ត​រំលោភ​សិទ្ធិ​ផ្នែក​សុខភាព​របស់​អ្នក​ទោស ហើយ​ថា ការ​បន្ត​យុទ្ធនាការ ប្រឆាំង​គ្រឿង​ញៀន​រយៈ​ពេល​បី​ឆ្នាំ បាន​បណ្ដាល​ឲ្យ​កើន​ឡើង​ករណី​ចាប់​ខ្លួន​ជន​សង្ស័យ​លក់​គ្រឿងញៀន ហើយ​បាន​ធ្វើ​ឲ្យ​បញ្ហា​ចង្អៀត ណែន​ក្នុង​ពន្ធនាគារ​កាន់​តែ​អាក្រក់។

ដោយឡែក ចំពោះ​ករណី​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​វិញ របាយការណ៍​ថា ផល​ប៉ះពាល់​នៃ​សិទ្ធិ​មនុស្ស ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ទាក់ទង​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​វិស័យ​កសិឧស្សាកម្ម និង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ដីធ្លី កាន់​តែ​អាក្រក់​ទៅៗ ដោយសារ​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី។

ឆ្លើយតបទៅនឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ ពិនិត្យ​មើល​តែ​មួយ​ចំហៀង​នៃ​បញ្ហា ដោយ​ពុំ​បាន​មើល​ទៅ​លើ​ការ​វិវឌ្ឍ​ជា​វិជ្ជមាន និង​យន្តការ​នៃ​ការ​ដោះ​ស្រាយ​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បដិសេធ​ថា នៅ​កម្ពុជា​គ្មាន​ការ​ចាប់ ឬ​អំពើ​ឃុំ​ខ្លួន​មនុស្ស​តាម​ទំនើង​ចិត្ត​នោះ​ទេ៖ «កម្ពុជា​មាន​តែ​ការ​ចាប់​ខ្លួន ឃុំ​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា។ មួយ​ទៀត​ការ​ស្លាប់​ក្នុង​ពន្ធនាគារ​នោះ គឺ​កន្លង​មក​មាន តែ​ដំណោះ​ស្រាយ គឺ​មាន អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ទារុណ​កម្ម ឬ​មួយ​ប្រើ​អំពើ​ហិង្សា ដែល​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​ស្លាប់ គឺ​បាន​ទទួល​នូវ​ទោស​ទណ្ឌ និង​ទណ្ឌកម្ម ទៅ​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ជា​ធរមាន​នា​ពេល​កន្លង​មក។ ចំណែក​ការ​ចង្អៀត​ណែន គឺ​យើង​ទទួល​ស្គាល់ ហើយ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ មាន​ជា​រយៈ​ពេល​ខ្លី រយៈ​ពេល​វែង​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ហ្នុង»

យ៉ាងណាក៏ដោយ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​បញ្ចប់​បញ្ហា​អវិជ្ជមាន​អស់​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ បែកបាក់​ក្នុង​សង្គម​ជាតិ​កាន់​ត​ទៅ​ទៀត៖ «ដូច​យើង​បាន​ឮ​ប្រសាសន៍​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​គាត់​លើកឡើង​ថា​ ភាព​អយុត្តិធម៌​​នៅ​ក្នុង​សង្គម​គឺ​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​។ កន្លែង​ចំណុច​ហ្នុង​ហើយ​ ដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​យើង​ចង់​ថា​កុំ​ឲ្យ​មាន​បញ្ហា​និទណ្ឌភាព​ច្រើន​ មាន​បញ្ហា​កើត​ឡើង​ទាក់ទង​នឹង​អំពើ​ហិង្សា​ ឬ​ក៏​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​កើតឡើង​ច្រើន នោះ​វា​នឹង​រុញ​ច្រាន​ទៅ​រក​ភាព​អយុត្តិធម៌»

លោក អំ សំអាត សំណូមពរ​ថា ជា​ជាង​បដិសេធ​ទៅ​លើ​របាយការណ៍​រក​ឃើញ​នានា របស់​អង្គការ​ជាតិ និង​អន្តរជាតិ​នោះ រដ្ឋាភិបាល​គួរ​ត្រិះរិះ​ពិចារណា ចំពោះ​បញ្ហា​ដែល​កើត​មាន​ឡើង​នេះ ដូច​ដែល​របាយការណ៍​ឆ្លុះ​បញ្ចាំង ហើយ​ឈាន​ទៅ​ធ្វើ​ការ​កែ​ទម្រង់ និង​រក​យន្តការ ដើម្បី​កែ​លម្អ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ លោក​ថា ការណ៍​នេះ ប្រសើរ​ជាង​ការ​ចេញ​មក​បដិសេធ​ទៅ​នឹង​ការ​រក​ឃើញ​ក្នុង​របាយការណ៍ ហើយ​បែរ​ជា​ចោទ​ប្រកាន់ ឬ​លាប​ពណ៌​ដាក់គ្នា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល