លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​​នាយក​រង​អង្គការ​លីកាដូ ថា​បាន​និយាយ​ការពារ​អ្នក​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​ជំងឺ​កូវីដ​១៩

ដោយ សេក បណ្ឌិត
2020-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។
លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កត នៃ​អង្គការ​លីកាដូ (LICADHO) ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០២ ខែ​តុលា ឆ្នាំ​២០១៥។
RFA

មេដឹកនាំ​ លោក​ ហ៊ុន សែន ​​ព្រមាន​ចាប់​ខ្លួន​នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដោយ​បាន​ចោទ​ ថា អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ​និយាយ​ការពារ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​ ពី​ជំងឺ​កូវីដ១៩ (Covid-19) តាម​រយៈ​​បណ្ដាញ​សារព័ត៌មាន​។ អ្នកការពារ​​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​លម្អិត​​​លើ​រឿង​នេះ​សិន មុន​នឹង​ព្រមាន​បែប​នេះ។

លោក ហ៊ុន សែន សម្ដែង​ការ​ខឹង​សម្បារ​ដោយ​ចោទ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​​​ បាន​គាំទ្រ​​ឲ្យ​​ពលរដ្ឋ​បញ្ចេញ​មតិ​​ មាន​ចរិត​រើស​អើង បំភិត​បំភ័យ និង​​លើក​ទឹកចិត្ត​ ឲ្យ​មាន​ការ​លក់​ឱសថ​ ឬ​ឧបករណ៍​​បរិក្ខារ​ពេទ្យ​ក្លែងក្លាយ​ជា​សាធារណៈ។

លោក​ថ្លែង​​នេះ ក្នុង​​​សន្និសីទ​សារព័ត៌មាន នៅ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី៣០ មីនា។ លោក​បញ្ជាក់​ថា បើ​ទោះ​ មិន​ទាន់​មាន​ច្បាប់​ដាក់​​ប្រទេស​ក្នុង​ភាព​អាសន្ន ក៏​លោក អាច​បញ្ជា​ឲ្យ​នគរបាល​ទៅ​ចាប់​ខ្លួន លោក អំ សំអាត បាន​ដែរ៖ «អ្នក​ណា​ចង់​ថា អ្វី​ថា​ទៅ។ ខ្ញុំ​ព្រមាន​​លោក​ឯង​ទុក​ជា​មុន។ ខ្ញុំ​និយាយ លោក អ៊ុំ សំអាត (អំ សំអាត) នៃ​អង្គការ​លីកាដូ លីកាដូ។ លោក​ឯង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ចំពោះ​សំដី​នៅ​ក្នុង​កាលៈទេសៈ​នេះ។ បើ​ទោះ​បី​ជា​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​​អាសន្ន មិន​ទាន់​ចូល​ជា​ធរមាន ក៏​ខ្ញុំ​អាច​ចាប់​លោក​ឯង​បាន​ដែរ ចាប់​លោក​ឯង​បាន​ដែរ ព្រោះ​លោក​ឯង​គាំទ្រ ដំណើរ​ការ​ខុស​ច្បាប់ ចាប់​ទុក​ជា​ផ្នែក​មួយ​នៃ​ការ​រួម​គាំទ្រ ដើម្បី​នឹង​ធ្វើ​អំពើ​ខុស​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​គាំទ្រ​ ឲ្យ​មាន​ការ​បញ្ចេញ​មតិ នៅ​ក្នុង​ចរិត​រើសអើង​ ដោយ​មាន​ការ​បំភ័យ ដោយ​​មាន​ការ​លើក​ទឹកចិត្ត ឲ្យ​មាន​ការ​លក់​ឱសថ​ ឬ​ឧបករណ៍​ក្លែងក្លាយ ខ្ញុំ​សូម​ព្រមាន​ជា​សាធារណៈ»

លោក ហ៊ុន សែន ខឹង​​ច្រឡោត​ លោក អំ សំអាត បន្ទាប់ពី​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ​ បាន​ផ្ដល់​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន​មនុស្ស​​ជាង​ម្ភៃ (២៤) នាក់ ក្នុង​យុទ្ធនាការ​បង្ក្រាប​​ថ្មីៗ​នេះ​ និង​បាន​ផ្ដល់​ទស្សនៈ​របស់​លោក​តាម​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ក្នុង​ដំណាក់កាល​នេះ ការ​ជ្រើសរើស​របស់​អាជ្ញាធរ​ក្នុង​ការ​ចាប់ខ្លួន​នឹង​ការ​ឃុំខ្លួន​អ្នក​ហ៊ាន​និយាយ​​រិះគន់​នា​ពេល​នេះ គួរតែ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់។ លោក​ថា រដ្ឋាភិបាល ​គួរតែ​ហៅ​ពួកគាត់ ​មក​អប់រំ​ប្រសើរ​ជាង​ការ​ចាប់​ខ្លួន​ ដោយ​បង្ខំ​ ស្រប​ពេល​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ លោក​ថា ការ​ចាប់​និង​ការ​ឃុំខ្លួន​គូរ​តែ​ពិនិត្យ​មើល​ដែរ ​ថា​អ្វី​ជា​បទល្មើស ​អ្វី ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ប្រសិន​ជា​យើង​ ធ្វើការ​ឃុំខ្លួន​ ដោយ​មិន​បាន​ពិចារណា​ឱ្យ​ត្រឹមត្រូវ ថា​អ្វី​ជា​សេរីភាព​បញ្ចេញមតិ អ្វី​ជា​បទល្មើស​នោះ​ទេ អា​ហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដែរ​សម្រាប់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​នោះ។

នាយករង​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ចេញ​ផ្សាយ​វីដេអូ​ឃ្លិប ​នៅ​ថ្ងៃ​ទី៣០ មីនា ​បញ្ជាក់​ថា លោក និង​អង្គការ​លីកាដូ​ មិន​ដែល​ការពារ​ជន​ប្រព្រឹត្តិ​ខុសច្បាប់ ឬ​ជន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ ចលាចល​សង្គម​ទេ។ លោក​ថា គោល​បំណង​នៃ​អង្គការ​លីកាដូ និង​លោក គឺ​​ចង់​ជំរុញ​ឲ្យ​មាន​អនុវត្តន៍​ច្បាប់ គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រស់នៅ​ក្នុង​សុខ​សន្តិភាព។ លោក បន្ត​​ថា លោក និង​អង្គការ​លីកាដូ គាំទ្រ​ចំពោះ​វិធានការ ​អនុវត្តន៍​ច្បាប់ របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​នៅតែ​ផ្ដល់​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់ ​ការ​គោរព​សិទ្ធិ ​និង​វិធានការ​លើ​ជន​ប្រព្រឹត្ត​ល្មើស ដែល​បង្ក​ឲ្យ​​មាន​ភាព​វឹកវរ​ក្នុង​សង្គម៖ «ខ្ញុំ​បាទ ក៏​ដូចជា​អង្គការ​លីកាដូ សុំ​ជម្រាប​ជូន​ថា មិន​ដែល​ការពារ​ទៅ​លើ​ជន​ណា ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់ ឬ​ក៏​ជន​ណា ដែល​បង្ក​ជា​ភាព​វឹកវរ​ចលាចល នៅ​ក្នុង​សង្គម​ទេ។ គោល​បំណង​នៃ​អង្គការ​លីកាដូ ក៏​ដូចជា​ខ្ញុំ​បាទ គឺ​ធ្វើ​យ៉ាង​ណា ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ប្រទេស​យើង​រស់​នៅ​ក្នុង​​​សុខ​សន្តិភាព រស់​នៅ​ក្នុង​ភាព​សុខដុម​រម្យ​នា​ ជាមួយ​គ្នា»

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​និយាយ​របស់​ លោក អំ សំអាត មិន​បាន​ការពារ​ជន​ល្មើស​ច្បាប់ ឬ​មាន​ចេតនា​​លើក​ទឹកចិត្ត​ដល់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពី​ជំងឺ​កូវីដ១៩ ឡើយ គឺ​មាន​តែ​​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក ស៊ឹង សែន​ករុណា យល់​ថា លោក​នាយក​រដ្ឋ​មន្ត្រី អាច​នឹង​មាន​ការ​ភ័ន្ត​ច្រឡំ ពី​បំណង​របស់​​លោក អំ សំអាត។

ទោះ​យ៉ាង​ណា ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចេញ​ការ​ព្រមាន​ធ្ងន់ៗ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ ឬ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ព្រោះ​រដ្ឋាភិបាល​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ច្រើន​ណាស់ ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​មួយ ដែល​រដ្ឋាភិបាល​យល់​ថា មិន​មែន​ជា​ការ​ពិត។ លោក ស៊ឹង សែន​ករុណា អះអាង​ថា សង្គម​ស៊ីវិល ជា​ដៃគូ​របស់​រដ្ឋាភិបាល ដូច្នេះ គួរ​តែ​​បើក​ចិត្ត​ឲ្យ​ទូលាយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក៖ «ប្រហែល​ជា​ខាង​ប្រមុខ​រដ្ឋាភិបាល លោក​ស្ដាប់​បាន​នៅ​ក្នុង​​មួយ​ជ្រុង។ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក ខ្ញុំ​ក៏​ធ្លាប់​ ដូច​បាន​តាមដាន​ទៅ​លើ​​ការ​លើក​ឡើង​របស់​លោក អំ សំអាត ហាក់​បី​ជា​ លោក មិន​បាន​គាំទ្រ​ទៅ​លើ​អំពើ​ខុស​ឆ្គង​ អំពើ​ខុស​ច្បាប់​ ព័ត៌មាន​ក្លែងក្លាយ​ ឬ​ក៏​ការ​ប្រកាស​លក់​ផលិត​ក្លែងក្លាយ។ យើង​មិន​មាន​ការ​​គាំទ្រ​អ្វី ទៅ​លើ​អំពើ​ហ្នឹង​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ភាព​ត្រឹមត្រូវ​ ជា​ដើម​អ៊ីចឹង។ អា​ហ្នឹង គឺជា​រឿង​​ដែល​យើង​មាន​ការ​ចង់​បាន ខាង​អាជ្ញាធរ​ រដ្ឋាភិបាល​អនុវត្ត​ទៅ​វិញ​។ យើង​ចង់​ឃើញ ការ​អនុវត្ត​ ដែល​មាន​ភាព​ត្រឹមត្រូវ​អ៊ីចឹង​ណា»

បើ​ទោះ​យ៉ាង​ណា ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​មនុស្ស ២៤នាក់ ហើយ​គិត​ពី​ខែ​មករា​មក។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សេង សារី យល់​ថា សង្គម​ស៊ីវិល ពលរដ្ឋ និង​រដ្ឋាភិបាល គឺ​ជា​ដៃគូ​គ្នា ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ១៩ នៅ​ពេល​នេះ ដូច្នេះ​ការ​ព្រមាន​នានា អាច​នាំ​ឲ្យ​រកាំរកូស គ្មាន​ការ​សហការ​គ្នា។ លោក ​រំលឹក​បទពិសោធន៍​នៃ​ការ​ព្រមាន​របស់​អាជ្ញាធរ​ចិន ​បណ្ដាល​ឲ្យ​គ្មាន​ការ​សហការ និង​ធ្វើ​ឲ្យ​ជំងឺ​កូវីដ១៩​រីក​រាល​ដាល​ខ្លាំង​ដល់​សព្វ​ថ្ងៃ។ លោក​ស្នើសុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ ការ​ព្រមាន ក្នុង​កាលៈទេសៈ​នេះ។

បណ្ឌិត សេង​ សារី យល់​ថា ​រដ្ឋាភិបាល​ គួរ​មាន​ការ​សិក្សា​ស្រាវជ្រាវ​លម្អិត​សិន​ មុន​ធ្វើការ​ព្រមាន​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ លោក​ ចង់​​ឃើញ រដ្ឋាភិបាល​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស សហការ​គ្នា ជាជាង​ ការ​ព្រមាន​ចាប់​ខ្លួន៖ «ខ្ញុំ​ចង់​ឃើញ ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​រឿង​ហ្នឹង។ លើកលែង​តែ​ព័ត៌មាន​ណា​មួយ ដែល​ធ្វើ​ឲ្យ​មាន​ គេ​ហៅ​ថា មាន​វិបត្តិ ឬ​ធ្វើ​ឲ្យ​មាន​ចលាចល អា​ហ្នឹង អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង គាត់​ត្រូវ​តែ​ទទួល​ទោស​ហើយ គាត់​ត្រូវ​តែ​គោរព​ច្បាប់​ហ្នឹង​ហើយ។ ក៏​ប៉ុន្តែ​បើ​ក្នុង​ករណី​គ្រាន់​តែ​ប្រជាជន​ ចូលរួម​និយាយ ដើម្បី​​ឲ្យ​ប្រជាជន​គ្នា​ឯង មាន​ការ​ប្រុង​ប្រយ័ត្ន អ្វី​ហ្នឹង​ទេ​ គួរ​តែ​រដ្ឋាភិបាល ពិចារណា​បន្ធូរ​បន្ថយ​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង ឲ្យ​បាន​ច្រើន​តិច នៅ​ក្នុង​ដំណាក់​កាល ដែល​យើង​កំពុង​លំបាក​ទាំង​អស់​គ្នា អ៊ីចឹង​ណា»

ក្រៅពី​ការ​ព្រមាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក ហ៊ុន សែន ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​បង្កើន​ការ​ចុះ​ចាប់​ខ្លួន​អ្នក​ផ្សព្វផ្សាយ​មិន​ពិត ពី​ជំងឺ​កូវីដ១៩ និង​អ្នក​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ក្លែងក្លាយ​ ដល់​ផ្ទះ។ មេដឹកនាំ​នៃ​របប​ឯក​បក្ស​រូប​នេះ ក៏​បាន​ដាក់​បញ្ជា​ថា ​តំណាង​អយ្យការ​​ទូទាំង​ប្រទេស​ ត្រូវ​ចុះ​ធ្វើការ​ជាមួយ​នគរបាល​ ក្នុង​ការ​​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​អ្នក​ផ្សព្វផ្សាយ​លក់​ឱសថ​ និង​គ្រឿង​បរិក្ខារ​ពេទ្យ​ក្លែងក្លាយ។

លោក​បណ្ឌិត សេង សារី​ ចង់​ឲ្យ​រដ្ឋាភិបាល​ព្យាយាម​ពន្យល់​ពលរដ្ឋ​វិញ ពី​ចំណុច​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​ឱសថ​មិន​ត្រូវ​ត្រូវ និង​ការ​ប្រើ​ឧបករណ៍​ធ្វើតេស្ត​សុខភាព​ខ្លួន​ឯង ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​សុខាភិបាល។ លោក​ថា ពលរដ្ឋ​កម្ពុជា​ខ្លះ មិន​សូវ​ស្ដាប់​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្លះ ត្រូវ​ការ​ការ​ពន្យល់​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល