"អ្នកកាសែត​នៅ​កម្ពុជា​ត្រូវ​បង្ខំចិត្ត​បិទ​មាត់​ខ្លួនឯង ឬ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិន​ហ៊ាន​និយាយ​ការពិត"

ដោយ មាន ឫទ្ធិ
2020-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ដានីញ៉ែល បាស្តាត (Daniel Bastard) នាយក​កិច្ចការ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)
លោក ដានីញ៉ែល បាស្តាត (Daniel Bastard) នាយក​កិច្ចការ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)
Daniel Bastard

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) កត់​សម្គាល់​ថា អ្នក​កាសែត​នៅ​កម្ពុជា ត្រូវបង្ខំ​ចិត្ត​បំបិទ​មាត់​ខ្លួន​ឯង ឬ​រឹតត្បិត​សេរីភាព​ខ្លួន​ឯង​មិនហ៊ាន​និយាយ​ការពិត ដោយ​សារ​តែ​ខ្លាច​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ដាក់​គុក។ លោក​ថា នេះ​គឺ​ជា​និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​នានា ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ពុំ​មាន​សុទិដ្ឋិនិយម​ទេ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា នឹង​មាន​ការ​កែ​លម្អ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។

នេះជា​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និងលោក ដានីញ៉ែល បាស្តាត (Daniel Bastard) នាយក​កិច្ចការ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders)៖

លោក មាន ឫទ្ធិ៖ តើ​វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ប៉ុណ្ណា​ដល់​អ្នក​កាសែត​កម្ពុជា នៅ​ពេល​ដែល​រដ្ឋ​អំណាច ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដោយ​យក​ច្បាប់​ថ្មី​នេះ​មក​ប្រើ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! កាលពីដើមខែមេសា យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ហើយ​ថា នៅ​ពេល​ដែល​អ្នក​កាសែត អនឡាញ​ម្នាក់ គឺ​លោក សុវណ្ណ រិទ្ធី គ្រាន់​តែ​ផុស​សម្រង់​ប្រសាសន៍​ដើម​របស់​លោក ហ៊ុន សែន និយាយ​ខ្លួន​ឯង​ក្នុង​ពេល​ដែល​លោក​ធ្វើ​សន្និសីទ​កាសែត​នោះ លោក សុវណ្ណ រិទ្ធី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ នេះ​បង្កើត​បាន​ជា​បរិយាកាស​ទូទៅ​មួយ​សម្រាប់​អ្នក​កាសែត ដែល​ពួក​គេ​ដឹង​ថា អ្វី​ដែល​ពួក​គេ​ហ៊ាន​និយាយ អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើប្រាស់​ប្រឆាំង​នឹងពួក​គេ​វិញ​នៅ​ក្នុង​តុលាការ។ ទី​បំផុត​ទៅ ពួក​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុងពន្ធនាគារ​ព្រៃ​ស។ យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា គុក​ព្រៃ​ស​នេះ ជា​កន្លែង​ដ៏​អាក្រក់​បំផុត ហើយ​ការ​ជាប់​គុក​ជាប់​ច្រវាក់​នេះ គឺ​ដោយសារ​តែ​ពួក​គេ គ្រាន់​តែ​បង្ហោះ​ព័ត៌មាន ទាំង​ឡាយ​ណា ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

ដូច្នេះ លទ្ធផល​នៅ​ទីបញ្ចប់​ទៅ វា​បង្កើត​បាន​ជា​ចរន្ត​មួយ នៃ​ការ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត ក្នុង​ចំណោម​អ្នក​កាសែត​នៅ​កម្ពុជា ហើយ​សូម្បី​តែ​សមាគម​អ្នក​កាសែត​កម្ពុជា ដែល​យើង​បាន​ទាក់ទង​ជាមួយ នៅ​ពេល​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​ក្នុង​សមាគម​នេះ ខ្ញុំ​បាន​ដឹង​ថា ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ណា​មួយ ពួក​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ អំពី​ការ​ជ្រើស​រើស​ពាក្យ​ពេចន៍​ដែល​ពួក​គេ​ត្រូវ​យក​មក​ប្រើ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ឬ​បញ្ហា​ពាក់ព័ន្ធ​ដទៃ​ទៀត។ នេះ​បង្ហាញ​ថា ជារួម អ្នក​កាសែត​កម្ពុជា បើ​ទោះ​ជា​ពួក​គេ​មិន​ភ័យ​ខ្លាច ក៏​យ៉ាង​ហោច​ណាស់ ច្បាស់​ណាស់​ថា ពួក​គេ​រង​ការ​បំភិតបំភ័យ​ពី​សំណាក់​រដ្ឋាភិបាល។ វា​ក៏​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត។

លោក មាន ឫទ្ធិ៖ តើ​លោក​គិត​ថា អ្នក​កាសែត​នៅ​កម្ពុជា​ជា​ច្រើន​រូប​ទៀត អាច​នឹង​រង​ការ​ចាប់​ខ្លួន​នា​ពេល​អនាគត​ដែរ​ឬ​ទេ នៅ​ពេល​ដែល រដ្ឋាភិបាល​យក​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​មក​ប្រើ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! លទ្ធភាព គឺ​ថា អាច​នឹង​មាន​អ្នក​កាសែត​ច្រើន​ទៀត ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ ជា​ឧទាហរណ៍​ជាក់​ស្តែង លោក អ៊ួន ឈិន និង​លោក យាង សុធារិន ដែល​ជា​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​របស់​អាស៊ី​សេរី សំណុំ​រឿង​របស់​ពួក​គេ បាន​បន្ត​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ​កន្លះ​មក​ហើយ។

អ្នក​កាសែត​នៅ​កម្ពុជា ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា មាន​បន្ទាត់​ក្រហម​សម្រាប់​ពួក​គេ ដែល​ពួក​គេ​មិន​ត្រូវ​ដើរ​កន្លង​នោះ​ឡើយ។ បើ​មិន​ដូច្នេះ​ទេ នៅ​ទីបំផុត​ទៅ ពួក​គេ​នឹង​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​គុក​ព្រៃ​ស។ ខ្ញុំ​ពិបាក​និយាយ​ថា នឹង​មាន​អ្នក​កាសែត​ច្រើន​ទៀត នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន ឬ​យ៉ាង​ណា​នោះ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ គឺថា អ្នក​កាសែត​ត្រូវ​បង្ខំ​ចិត្ត​បំបិទ​មាត់​ខ្លួន​ឯង ឬ​ក៏​រឹតត្បិត​សេរីភាព​​ខ្លួនឯង​មិនហ៊ាន​និយាយ​ការពិត។ នេះ​គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ហើយ​វា​ក៏​ក្លាយ​ជា​និន្នាការ​ទូទៅ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែរ។

លោក មាន ឫទ្ធិ៖ និយាយ​ពី​ពិន្ទុ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​វិញ​ម្ដង។ យើង​ឃើញ​ថា ក្នុង​ឆ្នាំ​នេះ ស្ថាប័ន​របស់​លោក​បាន​ទម្លាក់​ពិន្ទុ​នេះ ១លេខ​ទៀត ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​មក​លេខ១៤៤ ក្នុង​ចំណោម ១៨០​ប្រទេស។ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ទំនង​ដូច​ជា កំពុង​តែ​មាន​និន្នាការ​ធ្លាក់​ចុះ​ជា​លំដាប់ និយាយ​ឲ្យ​ចំ​ទៅ គឺ​តាំង​ពី​ឆ្នាំ២០១៧ មក​ម៉្លេះ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​មក​លើ​សំឡេង​រិះគន់។ តើ​លោក​គិត​ថា និន្នាការ​នេះ នឹង​បន្ត​ធ្លាក់​ចុះ​ដុនដាប​កាន់​តែ​ខ្លាំង​ត​ទៅ​ទៀត ឬ​ក៏​មាន​ការ​ប្រសើរ​ឡើង​វិញ នា​ពេល​អនាគត​នោះ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! និយាយ​ដោយ​ស្មោះត្រង់​ទៅ ខ្ញុំ​មើល​មិន​ឃើញ​ថា នឹង​មាន​ការ​កែ​លម្អ​ណា​មួយ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ឡើយ។ ខ្ញុំ​បាន​ព្យាយាម​គិត​ដោយ​សុទិដ្ឋិនិយម​អំពី​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​មាន​លក្ខណៈ​រស់រវើក​នោះ។ មាន​ការ​ជជែក​ដេញដោល​គ្នា​ជា​ច្រើន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ក៏ប៉ុន្តែ បើ​និយាយ​ពី​សេរីភាព​សារ​ព័ត៌មាន និង​ថា តើ​អ្នក​កាសែត អាច​បំពេញ​ការងារ​បាន​ដោយ​សេរី​ដែរ ឬ​យ៉ាង​ណា​នោះ ខ្ញុំ​ពិត​ជា​មាន​ទស្សនៈ​រាង​ទុទ្ទិដ្ឋិនិយម​បន្តិច​ហើយ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នោះ។ នេះ​ក៏​ដោយសារ​តែ ការ​ក្ដោបក្ដាប់​យ៉ាង​ណែន​របស់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទំនង​ជា​នឹង​មិន​មាន​អ្វី​ប្រែប្រួល ក្នុងរយៈពេល ៥ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ទេ។

ប្រាកដ​ណាស់​ថា ការ​ផ្លាស់​ប្ដូរ​ណា​មួយ អាច​នឹង​កើត​មាន​ឡើង។ តែ​យើង​ត្រូវ​ដឹង​ថា ឥឡូវ​នេះ ពិភព​លោក​ទាំង​មូល កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រាតត្បាត​នៃ​ជំងឺ​ឆ្លង​សាកល​កូវីដ១៩។ ខ្ញុំ​គិត​ថា សម្រាប់​សេរីភាព​សារព័ត៌មាន ខ្ញុំ​រាង​ដូច​ជា​មាន​ទុទ្ទិដ្ឋិនិយម​បន្តិច​ហើយ។ ក៏ប៉ុន្តែ ខ្ញុំ​នឹង​នៅ​តែ​មាន​គំនិត​សុទិដ្ឋិនិយម ចំពោះ​ភាព​រស់​រវើក​នៃ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដដែល។

លោក មាន ឫទ្ធិ៖ អ៊ីចឹង តើ​លោក​មាន​ជា​អនុសាសន៍​យ៉ាង​ម៉េច​ដែរ ដល់​អ្នក​កាសែត​វ័យ​ក្មេង​នៅ​កម្ពុជា ដែល​ពួក​គេ​បំពេញ​ការងារ​ក្នុង​ប្រទេស​មួយ ដែល​មាន​លក្ខណៈ​គាប​សង្កត់​មក​លើ​សេរីភាព​សារ​ព័ត៌មាន​បែប​នេះ បាទ?

លោក ដានីញ៉ែល បាស្តាត៖ បាទ! ជា​រួម ខ្ញុំ​គិត​ថា មិន​មែន​សម្រាប់​តែ​អ្នក​កាសែត​កម្ពុជា​នោះ​ទេ។ វា​ជា​រឿង​សំខាន់​មួយ​សម្រាប់​អ្នក​កាសែត​ទាំង​អស់​គ្នា ដែល​ត្រូវ​នាំ​គ្នា សរសេរ​អត្ថបទ​បែប​ស៊ើប​អង្កេត​ស៊ី​ជម្រៅ និង​ធ្វើ​ការងារ​កាសែត​ជា​លក្ខណៈ​សហការ​គ្នា​ជា​ក្រុម។ ខ្ញុំ​ចង់​មាន​ន័យ​ថា ឥឡូវ​ដូច​ជា អ្នក​កាសែត អាច​ធ្វើ​ការ​ជាមួយ​អង្គការ​មិនមែន រដ្ឋាភិបាល ជុំវិញ​បញ្ហា​បរិស្ថាន អី​ជា​ដើម។ ខ្ញុំ​គិត​ថា នេះ​អាច​ជា​វិធីសាស្ត្រ​មួយ ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​កាសែត​ពិត​ប្រាកដ ដែល​មាន​អត្ថ​ប្រយោជន៍​ខ្លាំង​ដល់​ពលរដ្ឋ។ ដូច្នេះ​ហើយ បើ​សិន​ជា​ខ្ញុំ​ត្រូវ​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​កាសែត​វ័យ​ក្មេង​នោះ គឺថា ពួក​គេ​គួរ​តែ​ព្យាយាម​ធ្វើ​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ​លើ​រឿងរ៉ាវ​ណា​មួយ ជា​លក្ខណៈ​យូរ​អង្វែង។ ការ​ធ្វើ​បែប​នេះ​ហើយ ទើប​ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ក៏​អ្វី​មួយ​ដែល​រដ្ឋាភិបាល ចាត់​ទុក​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រឹតត្បិត​ការងារ​របស់​អ្នក​កាសែត។

លោក មាន ឫទ្ធិ៖ ក្រៅ​តែ​ដំបូន្មាន​សម្រាប់​អ្នក​កាសែត​នៅ​កម្ពុជា តើ​លោក​មាន​សំណូមពរ​អ្វី​ខ្លះ ដែល​លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ ដើម្បី​កែ​លម្អ​បរិយាកាស​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា?

លោក ដានីញ៉ែល បាស្តាត៖ បាទ! ខ្ញុំ​គិត​ថា​រដ្ឋសភា​គួរ​តែ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ជាពិសេស​ត្រង់​ចំណុច​មាត្រា៥ ចំណុច​ទី១០ និង​ទី១១ ដែល​ជា​ការ​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ដល់​សេរីភាព​សារ​ព័ត៌មាន ក្នុង​ពេល​ដែល​សារ​ព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​អំឡុង​ពេល​ដែល​មាន​ជំងឺ​រាតត្បាត ជា​សាកល​យ៉ាង​ដូច្នេះ។ នេះ​គឺ​ជា​អ្វី ដែល​ខ្ញុំ​គិត​ថា គណបក្ស​កាន់​អំណាច រដ្ឋាភិបាល និង​រដ្ឋសភា គួរ​នាំ​គ្នា​ធ្វើ។ ដូច​គ្នា​នេះ​ដែរ ក្នុង​ពេល​ដែល​គ្មាន​គណបក្ស​ប្រឆាំង ខ្ញុំ​គិត​ថា មនុស្ស​ក្នុង​ជួរ​បក្ស​កាន់​អំណាច និង​ក្នុង​ជួរ​រដ្ឋាភិបាល គួរ​តែ​មាន​ការ​ជជែក​ដេញដោល​គ្នា ឲ្យ​បាន​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល