មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ អះអាងដូចៗគ្នាថា ចំណាត់ការចុងក្រោយរបស់អាជ្ញាធរកម្ពុជាដែលបានចាប់ និងបន្តឃុំខ្លួនប្រធានសហភាពសហជីពកម្ពុជា គឺលោក រ៉ុង ឈុន កំពុងតែធ្វើឲ្យកម្ពុជាបាក់មុខមាត់ខ្លាំងនៅលើឆាកអន្តរជាតិ។ ពួកគេថា ហេតុការណ៍នេះ នឹងរឹតតែធ្វើឲ្យប្រវត្តិរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិការងារនៅកម្ពុជា ដែលកំពុងតែល្អក់កករស្រាប់ បន្តធ្លាក់ចុះដុនដាបមួយកម្រិតថែមទៀត។ ការលើកឡើងនេះ ស្របពេលដែលសង្គមស៊ីវិល និងសហជីពជាតិ និងអន្តរជាតិរាប់រយស្ថាប័នបន្តចេញសេចក្ដីថ្លែងការណ៍ និងផ្ញើលិខិតរួមគ្នាទៅមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យប្រញាប់ទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងលោក រ៉ុង ឈុន និងដោះលែងលោកជាបន្ទាន់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បារម្ភថា ការចាប់ និងបន្តឃុំខ្លួន លោក រ៉ុង ឈុន រួមទាំងក្រុមអ្នកតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ផងនោះ នឹងរឹតតែធ្វើឲ្យកំណត់ត្រារំលោភសិទ្ធិមនុស្សរបស់កម្ពុជានៅលើឆាកអន្តរជាតិ កាន់តែធ្លាក់ចុះមួយកម្រិតថែមទៀត។ លោកថា ការធ្លាក់ចុះនេះ ស្របពេលដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងអង្គការអន្តរជាតិនានា កំពុងតែបន្តស្នើឲ្យរដ្ឋាភិបាលស្តារ និងកែលំអស្ថានភាពសិទ្ធិមនុស្ស ហើយកម្ពុជាកំពុងជាប់ចំណាត់ថ្នាក់ជាប់បាតតារាងជាប្រទេសល្បីខាងមិនគោរពច្បាប់៖ «ចំណាត់ថ្នាក់សិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះ។ អ៊ីចឹងហើយបានជាយើងឃើញថា បញ្ហា EBA ក៏ពាក់ព័ន្ធនឹងការទាមទារឲ្យមានការស្តារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏យើងឃើញថា អង្គការយុត្តិធម៌អន្តរជាតិ ក៏គេវាយតម្លៃអំពីរឿងប្រព័ន្ធយុត្តិធម៌របស់យើង ក៏មានចំណាត់ថ្នាក់ទាបដែរ។ អ៊ីចឹង គឺយើងគ្រាន់តែមានការបារម្ភក្រោយពីបញ្ហាចាប់ខ្លួនជាបន្តបន្ទាប់លើយុវជន ក៏ដូចជាបញ្ហាចាប់ខ្លួនលោក រ៉ុង ឈុន នេះ អាចនឹងធ្វើឲ្យគេវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានកម្រិតទាបថែមទៀត»។
ក្រៅពីការបារម្ភអំពីការវាយតម្លៃអំពីការបន្តធ្លាក់ចុះស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជារបស់លោក អំ សំអាត នេះ អ្នកជំនាញវិស័យសិទ្ធិការងារ និងជានាយកប្រតិបត្តិនែមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ក៏យល់ស្របដែរថា ហេតុការណ៍ចាប់ និងបន្តឃុំខ្លួនលោក រ៉ុង ឈុន ដែលជាមនុស្សដ៏សកម្មម្នាក់ក្នុងការងារដឹកនាំសហជីព ក៏នឹងរឹតតែធ្វើឲ្យមុខមាត់កម្ពុជាខាងគោរពសិទ្ធិការងារកាន់តែយ៉ាប់យ៉ឺនថែមទៀតនៅលើឆាកអន្តរជាតិ បើទោះជារដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាមួយចំនួនក្នុងវិស័យនេះ កាលពីពេលកន្លងមកក៏ដោយ៖ «ការចាប់ខ្លួនលោក រ៉ុង ឈុន នេះ ធ្វើឲ្យនៅលើឆាកអន្តរជាតិ គឺមុខមាត់ ឬកេរឈ្មោះខាងសិទ្ធិការងារ វាកាន់តែយ៉ាប់ទៀតហើយក្នុងពេលដែលយើងមានបញ្ហារឿងបាញ់សម្លាប់ រឿងច្បាប់សហជីព រឿងការធ្វើច្បាប់អីផ្សេងៗដែលធ្វើថតធាក់ថយ ឬក៏ទន់ខ្សោយនូវប្រព័ន្ធការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករ។ ដូច្នេះ ការចាប់លោក រ៉ុង ឈុន នេះ ខ្ញុំមានការព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងរឿងភាពកេរឈ្មោះវិស័យការងាររបស់យើងនៅលើឆាកអន្តរជាតិខ្លាំងមែនទែន។ ត្រង់នេះហើយដែលខាងសហគមន៍អឺរ៉ុបក៏គេអត់ដកថយដែរក្នុងការដក ២០ភាគរយនោះ»។
មិនខុសគ្នាពីលោក មឿន តុលា អ្នកប្រឡូកក្នុងវិស័យសិទ្ធិការងារមួយរូបទៀតដែលជាប្រធានសហភាពការងារកម្ពុជា គឺលោក អាត់ ធន់ ក៏យល់ស្រប និងបារម្ភពីការបន្តធ្លាក់ចុះនៃការគោរពសិទ្ធិការងារនេះដែរ ស្របពេលដែលកម្ពុជាកំពុងតែអនុវត្តការរឹតត្បិតសិទ្ធិសហជីពក្នុងការចូលរួមដឹកនាំសកម្មភាពតវ៉ា និងធ្វើជាតំណាងរបស់កម្មករនិយោជិកស្រាប់តាមរយៈច្បាប់ថ្មីស្ដីពីសហជីព៖ «ជាការពិត ទោះបីជាមិនមានការចាប់ខ្លួនគាត់ ក៏បញ្ហាសិទ្ធិការងារនេះ ក៏មានបញ្ហាស្រាប់។ ឥឡូវនេះ គឺថាសិទ្ធិក្នុងការតវ៉ា សិទ្ធិធ្វើជាតំណាងអីហ្នឹង គឺវាមានការធ្លាក់ចុះហើយ ដោយសារតែច្បាប់សហជីពថ្មី គឺគេអត់ឲ្យខាងសហជីពតំណាងកម្មករក្នុងការតវ៉ា ហែក្បួន ឬក៏ធ្វើអីទេ។ គឺថា មានតែកម្មករ ឬក៏សហជីពមូលដ្ឋានតែប៉ុណ្ណោះទេ។ នៅពេលដែលគាត់ចាប់ផ្តើមចេញ ចូលរួមជាមួយពួកខាងកម្មករហើយមានការចាប់ខ្លួនហ្នឹង គឺរឹតតែធ្វើឲ្យមានការចេះតែបារម្ភខ្លាំងទៅៗក្នុងវិស័យការងារ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នរបស់រដ្ឋាភិបាល លោក ជិន ម៉ាលីន មិនទាន់ឆ្លើយតបនឹងសំណួរអាស៊ីសេរី តាមប្រព័ន្ធបណ្ដាញសង្គម WhatsApp ជុំវិញក្តីបារម្ភក្រោយការចាប់ខ្លួន លោក រ៉ុង ឈុន អំពីការបន្តធ្លាក់ចុះស្ថានភាពគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ និងប្រតិកម្មជាហូរហែពីសំណាក់សង្គមស៊ីវិល និងសហជីពជាតិ និងអន្តរជាតិធំៗនៅលើពិភពលោក នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២១ សីហា។ ក៏ប៉ុន្តែ កន្លងមក លោកធ្លាប់ប្រាប់អាស៊ីសេរីថា ការអំពាវនាវរបស់អង្គការអន្តរជាតិទាំងនោះឲ្យដោះលែងលោក រ៉ុង ឈុន គឺដើម្បីការពារ «កូនជឹង» របស់ខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់នៅកម្ពុជា តែប៉ុណ្ណោះ។
ភ្លាមៗក្រោយពីអាជ្ញាធរកម្ពុជា បានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់អធ្រាត្រថ្ងៃទី៣១ កក្កដា ពោលគឺនៅមិនដល់មួយម៉ោងក្រោយលោកផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរី ពាក់ព័ន្ធនឹងការរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ ដោយអាជ្ញាធរវៀតណាមមក ហើយបានចោទប្រកាន់និងបន្តឃុំខ្លួនលោកពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសសហជីពអន្តរជាតិធំៗដល់ទៅរាប់រយស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ អំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទប្រឆាំងលោក រ៉ុង ឈុន ជាបន្ទាន់។
អង្គការទាំងនោះ មានដូចជា អង្គការសង្គមស៊ីវិល និងសហជីពក្នុងស្រុក មិនតិចជាង១៤០ស្ថាប័ន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR អង្គការ Front Line Defenders អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស FIDH និងអង្គការសហព័ន្ធអន្តរជាតិនៃអ្នកសារព័ត៌មាន (IFJ) ជាដើម។ អង្គការសង្គមស៊ីវិលអន្តរជាតិទាំងនេះ ភាគច្រើន គូសបញ្ជាក់ដូចៗគ្នាថា បទចោទប្រឆាំងនឹងលោក រ៉ុង ឈុន ជា «បទចោទប្រឌិត» និងថាទង្វើរបស់អាជ្ញាធររដ្ឋាភិបាលនេះ ជាការចាត់ទុកក្រុមអ្នកការពារសិទ្ធិមនុស្សជា «សត្រូវ»។ អង្គការអន្តរជាតិទាំងនោះ បានចាត់ទុកករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះថា ជានិន្នាការគួរឱ្យព្រួយបារម្ភនៃការបង្ក្រាបឥតឈប់ឈរលើសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា។
អ្វីដែលរឹតតែសំខាន់ជាងនេះទៀតនោះ គឺសហព័ន្ធសហជីពសាកល (Global Union Federations) ដែលតំណាងឲ្យសហជីពធំៗលើពិភពលោកមកពីវិស័យឧស្សាហកម្ម និងការងារ និងសហព័ន្ធសហជីពអន្តរជាតិ ITUC ដែលតំណាងឱ្យកម្មករនិយោជិតក្នុងវិស័យការងារជាង ២០០លាននាក់ មកពី១៦៣ ប្រទេស អង្គការអប់រំអន្តរជាតិ (Education International) សហជីពឧស្សាហកម្មសាកល (IndustrialAll Global Union) រួមទាំងអង្គការអ្នកសង្កេតការណ៍ដើម្បីការពារក្រុមអ្នកការពារសិទ្ធិមនុស្ស (OBS) អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម (OMCT) និងក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC) ក៏សុទ្ធតែបានចេញសេចក្ដីថ្លែងការណ៍ ឬសរសេរលិខិតរួមគ្នាផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ផងដែរ ជាមួយនឹងការបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកជំនាញសិទ្ធិការងារ លោក មឿន តុលា គូសបញ្ជាក់ថា សហព័ន្ធសហជីពធំៗពីររបស់ពិភពលោក គឺ ITUC និង IndustrialAll កម្រនឹងចេញសេចក្ដីថ្លែងការណ៍ណាមួយ ប្រសិនបើស្ថានភាពមិនធ្ងន់ធ្ងរ។ លោកព្រមានថា នៅពេលដែលសហជីពទាំងពីរនេះ ចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីបារម្ភលើស្ថានភាពសិទ្ធិការងារនៅកម្ពុជាយ៉ាងដូច្នេះហើយ នោះវានឹងមានឥទ្ធិពលដល់អ្នកបញ្ជាទិញ និងក្រុមហ៊ុនឯកជន ឲ្យពិចារណាកាន់តែខ្លាំងពីបញ្ហាកម្ពុជា៖ «យើងដឹងហើយថា ILO មានត្រីភាគី មានតំណាងខាងរដ្ឋាភិបាល មានតំណាងខាងនិយោជក ហើយនឹងតំណាងខាងកម្មករនិយោជិក។ តំណាងកម្មករនិយោជិក គឺតំណាងមកពីITUC ហ្នុងឯង។ អ៊ីចឹង កាលណាសហជីពផ្សេងៗប្រតិកម្មហ្នឹង ខ្ញុំថាវាមានទម្ងន់ហើយ។ ប៉ុន្តែ បើសហជីពពីរហ្នឹង មានប្រតិកម្មគឺវាមានទម្ងន់ខ្លាំង។ កាលណាបើសហជីពពីរហ្នឹងប្រតិកម្មហើយ គឺធ្វើឲ្យចលនារបស់វិស័យឯកជនហ្នឹង មានន័យថា អ្នកបញ្ជាទិញ ក្រុមហ៊ុនឯកជនអីផ្សេងៗក្នុងវិស័យកាត់ដេរ ឬវិស័យអីផ្សេងៗ ក៏មានចំណាប់អារម្មណ៍ដែរ។ អ៊ីចឹង សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា បន្ទាប់ពីមានការចាប់លោក រ៉ុង ឈុន នេះមក គឺមានប្រតិកម្មច្រើនពីខាងបណ្ដាសហជីពសំខាន់ៗនៅលើពិភពលោក»។
មិនមែនមានតែសង្គមស៊ីវិល និងសហជីពជាតិ និងអន្តរជាតិទាំងនេះទេ ដែលប្រតិកម្មនឹងករណីចាប់ខ្លួនលោក រ៉ុង ឈុន នេះ។ ប្រទេសនិយមប្រជាធិបតេយ្យធំៗ ក៏បានសម្ដែងក្តីកង្វល់ស្រដៀងគ្នានេះដែរ។ ជាក់ស្ដែង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ លើកឡើងថា ខ្លួនក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញបញ្ហាចាប់ខ្លួនលោក រ៉ុង ឈុន នេះ ហើយថា ជាទៀងទាត់ សហរដ្ឋអាមេរិក តែងតែលើកយកពីកង្វល់នានា ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យចាត់វិធានការប្រកបដោយអត្ថន័យក្នុងការបើកចំហឡើងវិញនូវលំហនយោបាយ និងសង្គមស៊ីវិល។ រីឯ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ក៏ធ្លាប់សម្ដែងកង្វល់យ៉ាងខ្លាំងជុំវិញការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការបន្តយុទ្ធនាការបង្ក្រាបឥតស្រាកស្រាន្ត ពីសំណាក់អាជ្ញាធររដ្ឋាភិបាលមកលើក្រុមអ្នករិះគន់នៅកម្ពុជានេះដែរ។ ប្រភពពីគណៈកម្មការអឺរ៉ុប ធ្លាប់ប្រាប់អាស៊ីសេរីថា សហភាពអឺរ៉ុប កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាព និងដំណើរវិវត្តន៍កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចាប់ខ្លួនសកម្មជននយោបាយ និងសកម្មជនសិទ្ធិការងារ ដូចជាករណី ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នេះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។