អ្នកសារព័ត៌មាន ​និង​សង្គម​ស៊ីវិល​​​ខក​ចិត្ត​ ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​សំណុំ​រឿង​វិទ្យុ​អាស៊ី​សេរី​

ដោយ ហេង រស្មី
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​បុគ្គលិក​អាស៊ី​សេរី ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ RFA

អ្នក​សារព័ត៌មាន​ និង​ មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​សំដែង​ការ​ខក​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​សំណុំ​រឿង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់។ ប៉ុន្តែ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ថា​ជា​ការ​សម្រេច​ដ៏​ត្រឹមត្រូវ​របស់​តុលាការ។

អ្នក​យក​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​វីអូអេ (VOA) លោក​ ស៊ុន ណារិន ឱ្យ​ដឹង​ថា ​លោក​ខក​ចិត្ត ចំពោះ​ការ​សម្រេច​របស់​តុលាការ​ លោក​ថា ក្នុង​នាម​លោក​ជា​អ្នក​កាសែត កន្លង​ទៅ​លោក​បាន​ទាម​ទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​អតីត​អ្នក​យក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា អ្វី​ដែល​លោក​រំពឹង​នោះ​គឺ តុលាការ​ក្រុង​ភ្នំពេញ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំង​ពីរ​នោះ តែ​បែរ​ជា​លទ្ធផល​ផ្ទុយ​ពី​ការ​រំពឹង​ទុក៖ «ដោយ​សារ​យើង​រំពឹង​ថា​ អ្វី​ដែល​គាត់​ដឹង​ថ្ងៃ​ហ្នឹង​គឺ​ថា គាត់​មាន​ទោស​ ឬ​ក៏​គ្មាន​ទោស ដើម្បី​ឲ្យ​ដឹង​ថា តុលាការ​បញ្ជាក់​ឲ្យ​ហើយ​ពី​ព្រោះ​បច្ចុប្បន្ន​ពួក​គាត់​មិន​មាន​សេរីភាព​ដើរ​ហើរ​ដូច​ពួក​យើង​ទេ។ គាត់​មិន​អាច​ធ្វើ​ការងារ​អ្វី​ដូច​ប្រជាជន​ធម្មតា​ទេ​ ហើយ​គាត់​ចង់​វិល​ត្រឡប់​មក​ជា​អ្នក​កាសែត​វិញ។ អ៊ីចឹង​យើង​ត្រូវ​កំណត់​ឲ្យ​គាត់​ឱ្យ​ហើយ បើ​មិន​អញ្ចឹង​ទេ​គាត់​នៅ​តែ​ស្ទាក់​ស្ទើរ​ចំពោះ​សេរី​ភាព​របស់​គាត់​ជា​ហូរហែ​ហ្នឹង»

សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​ប្រកាស​សាលក្រម ចំពោះ​សំណុំរឿង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​នៅ​ថ្ងៃ​ទី៣ តុលា ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ ក្រោម​ហេតុផល​ថា រឿង​ក្តី​នេះ​មាន​ចន្លោះ​ប្រហោង ដែល​នឹង​ត្រូវ​ស៊ើប​អង្កេត​បន្ថែម​ទៀត។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោកស្រី​ ចក់ សុភាព មាន​ប្រសាសន៍​ថា​ តុលាការ​មកដល់​ពេល​នេះ​មិន​ទាន់​រក​ឃើញ​ភស្តុតាង​ណា​មួយ​ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​នៅ​ឡើយ​ទេ​ទើប​មិន​ហ៊ាន​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃនេះ​។​អ្នក​ស្រី​បញ្ជាក់​ថា​ តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ដែល​តុលាការ​មិន​ទាន់​សម្រេច​ថា​ មិនទាន់​មាន​ទោស​យ៉ាង​ដូច្នេះ​ ផល​ប្រយោជន៍​ទាំង​ឡាយ​​នៃ​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ត្រូវ​បាន​ទៅ​លើ​ជន​ជាប់​ចោទ​ទាំង​ពីរ។​

លោក​​ស្រី​នៅ​តែ​ទទូច​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ដើម្បី​អោយ​ពួកគេ​មាន​សេរីភាព​គ្រប់គ្រាន់​ឡើងវិញ៖ «ចង់​ឃើញ​ថា​មាន​ការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​មក​លើ​រូប​អ្នក​កាសែត​ទាំង​ពីរ​នេះ។ យើង​ឃើញ​តាម​សេចក្ដី​សម្រេច​នៅ​ថ្ងៃនេះ​បាន​ស​ឲ្យ​ឃើញ​ថា មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ ហើយ​យើង​ដឹង​ហើយ​ថា​ ក្នុង​ការ​ដាក់​បន្ទុក​នោះ​គួរ​តែ​ស្ថិត​នៅ​លើ​តុលាការ​ ដើម្បី​បង្ហាញ​ថា ជន​ណា​ម្នាក់​មាន​ពិរុទ្ធ​។​ អញ្ចឹង​នៅ​ពេល​ដែល​តុលាការ​មិន​អាច​រក​ឃើញ​ទេ​ហើយ​វា​យូរ​ពេល​ហើយ​ចូល​ជាង​ពីរ​ឆ្នាំ​ហើយ»

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​អស់​រយៈ​ពេល​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​នៅ​តែ​រក្សា​ទុក​វត្ថុ​ចាប់​យក និង​លិខិត​ឆ្លង​ដែន​របស់​អ្នក​ទាំង​ពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ដូច​ពលរដ្ឋ​ទូទៅ​ឡើយ។

ប្រធាន​សហភាព​ សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក​ ហ៊ុយ វណ្ណៈ ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការ​ថា​ ជា​រឿង​ត្រឹម​ត្រូវ​ដោយ​សារ​តែ​តុលាការ​បាន​ផ្ដល់​តម្លៃ​កិត្តិយស​ និង​ជា​ភាព​យុត្តិធម៌​ដល់​អ្នក​ទាំង​ពីរ​ទៅ​វិញ​ផង​ដែរ៖ «ក្នុង​ករណី​នេះ​ខ្ញុំ​នៅ​តែ​មាន​ការ​ឲ្យ​លើកទឹកចិត្ត​ចំពោះ​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ​បន្ត​ធ្វើ​ការ​សហករណ៍​ជាមួយ​តុលាការ ពីព្រោះ​ការ​សហការ​ជាមួយ​តុលាការ​ ហើយ​វា​គួរ​ជួយ​ឲ្យ​ដំណើរការ​ហ្នឹង​វា​មាន​ស្ថាន​សម្រាល​ច្រើន​ណាស់​ ហើយ​ជា​ថ្មី​ម្ដង​ទៀត ​ខ្ញុំ​ចាត់​នៅ​ក្នុង​ដំណើរ​ការ​រឿង​ក្ដី​នេះ​នៅ​ក្នុង​ភាព​យុត្តិធម៌​ ហើយ​នៅ​ក្នុង​ស្ថាន​សម្រាល​ដដែល»

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន​លោក​ មាស សុភ័ណ្ឌ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ​ដោយ​សារ​តែ​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ៖ «ពី​ព្រោះ​ថា ករណី​នេះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​នៅ​ក្នុង​ដំណើរ​ការ​របស់​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ។ អ៊ីចឹង​ហើយ​សំណុំ​រឿង​នេះ​វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ។ អ៊ីចឹង​វា​ជា​សិទ្ធិ​របស់​តុលាការ​នៅ​ក្នុង​ការ​សម្រេច​ទៅ​លើ​នីតិវិធី»

សំណុំរឿង​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ជា​ទូទៅ​កន្លង​មក​ពី​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ថា​​ករណី​នេះ ​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ជាង​ដំណើរ​ការ​ផ្លូវ​ច្បាប់ ហើយ​ពួក​គេ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​អ្នក​កាសែត​ទាំង​ពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល