ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​រឿង​ប៉ូលិស​ចាប់​ខ្លួន​កុមារា​កាក់ សុវណ្ណច្ឆ័យ វាយ​ធ្វើ​ទារុណកម្ម

ដោយ វ៉ែន សុមេធ
2020-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ព្រុំ ចាន់ថា ជា​ម្ដាយ និង​កុមារា កាក់ សុវណ្ណច្ឆ័យ ថត​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២០ ក្រោយ​ពី​កុមារា​រូប​នេះ​ចេញ​ពី​​មន្ទីរ​ឃុំឃាំង។
លោកស្រី ព្រុំ ចាន់ថា ជា​ម្ដាយ និង​កុមារា កាក់ សុវណ្ណច្ឆ័យ ថត​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២០ ក្រោយ​ពី​កុមារា​រូប​នេះ​ចេញ​ពី​​មន្ទីរ​ឃុំឃាំង។
រូប៖ ហ្វេសប៊ុក

ប្រពន្ធ​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ លោក​ កាក់ កុម្ភារ គឺ​លោក​ស្រី ព្រុំ ចាន់ថា ចូល​បំភ្លឺ​តុលាការ​ភ្នំពេញ ពាក់ព័ន្ធ​នឹង​រឿង​ប៉ូលិស ​វាយ​ធ្វើ​ទារុណកម្ម​កូន​ប្រុស​របស់​ខ្លួន​គឺ​កុមារា កាក់ សុវណ្ណច្ឆ័យ ក្នុង​ពេល​ចាប់​ខ្លួន​​កាល​ពី​ដើម​ខែ​តុលា។ លោក​ស្រី​ស្នើ​សុំ​ឱ្យ​តុលាការ​​ចាប់​វិធាន​ការ​លើ​រឿង​នេះ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។

ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ លោកស្រី ព្រុំ ចាន់ថា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៣ វិច្ឆិកា​ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ក្រុង​ភ្នំពេញ លោក សេង ហៀង បាន​សាកសួរ​លោក​ស្រី និង​កូនប្រុស​របស់​គាត់ គឺ​កុមារ កាក់ សុវណ្ណច្ឆ័យ អំពី​ដំណើរ​រឿង ដែល​ប៉ូលិស​សង្កាត់​ចក្រ​អង្រែ​លើ​វាយ​ធ្វើ​បាប ក្នុង​ពេល​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី៤ តុលា។ លោក​ស្រី ចាត់​ទុក​​រឿង​នេះ​ថា ជា​ការ​ធ្វើ​ទារុណកម្ម​កុមារ​ដោយ​អយុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ចាប់​ជនល្មើស​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ដោយ​មិន​មាន​ការ​លើក​លែង​​ឡើយ៖ «គាត់​ធ្វើ​ប៉ូលិស​ គឺ​ការពារ​ប្រជាពលរដ្ឋ​ និង​មើល​ការ​ខុស​ត្រូវ​ប្រជា​ពលរដ្ឋ​ដល់​ពេល​ហើយ មក​ធ្វើ​លើ​ប្រជាពលរដ្ឋ​អីចឹង ហើយ​កូន​ខ្ញុំ​​អត់​ដែល​មាន​គំនុំ​អី​ជា​មួយ​ពួក​គាត់​ផង​ ហើយ​គាត់​ចាប់​​អីចឹង។ ត្បិត​តែ​គាត់​ថា​ចូល​កន្លែង​ហាម​ឃាត់​ចុះ ក៏​ប៉ុន្តែ​យើង​គួរ​ប្រាប់​គាត់​ថា អូន​ឯង​​ចូល​ហ្នឹង​ខុស​ហើយ​តំបន់​គេ​ហាម​ឃាត់​ ហើយ​ដោះ​លែង​គ្នា​វិញ​មក ព្រោះ​គ្នា​អត់​មាន​ខុស​អី​ផង។ ហើយ​គាត់​ចេះ​តែ​ចាប់​ដាក់​ខ្នោះ​គេ​តាម​អំពើ​ចិត្ត​ក្មេង​សោះ​វា​អត់​ត្រូវ​ទេ វា​អយុត្តិធម៌) ណាស់​សម្រាប់​ក្មេង។ កូន​ខ្ញុំ​និយាយ​ពាក្យ​ត្រង់​​ណាស់​ទៅ​មុខ​ទៅ​ក្រោយ​នៅ​តែ​ពាក្យ​ប៉ុណ្ណឹង ឈរ​លើ​គោល​ការណ៍​ពិតប្រាកដ​ វាយ​គាត់​ពិត​មែន​តែ​អត់​មាន​ស្លាកស្នាម​តែ​គាត់​ឈឺ​គាត់​និយាយ​អ៊ីចឹង»

លោក​ស្រី​ឱ្យ​ដឹង​ថា ប៉ូលិស​សង្កាត់​ចក្រ​អង្រែ​លើ​បាន​ដាល់​លើ​ផ្ទៃ​មុខ និង​លើ​ដើម​ទ្រូង​កូន​របស់​លោក​ស្រី​ជា​ច្រើន​ដៃ ខណៈ​ដែល​ដៃ​របស់​គេ​កំពុង​ជាប់​ខ្នោះ។ បន្ថែម​ពី​នេះ ក្រោយ​ពេល​ចាប់​ខ្លួន​នោះ ប៉ូលិស ខណ្ឌ​មានជ័យ បាន​ថតរូប កុមារា កាក់ សុវណ្ណឆៃ ទាំង​ដៃ​ទាំង​ពី​ជាប់​ខ្នោះ និង​កាន់​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​រូប​ព្រះអាទិត្យ ហើយ​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក​ស្រី ព្រុំ ចាន់ថា និង​កូន​ប្រុស​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី៣ វិច្ឆិកា បន្ទាប់​ពី​ចូល​បំភ្លឺ​តុលាការ​អស់​ប្រមាណ ២ម៉ោង។

កាល​ពី​ថ្ងៃ​ទី១៦ តុលា លោកស្រី ព្រុំ ចាន់ថា បាន​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឱ្យ​ចាត់​វិធានការ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌ​មានជ័យ គឺ​លោក ជា រតនា និង​បក្ស​ពួក ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​បុគ្គល និង​បទ​ឃុំ​ខ្លួន​អនីតិជន​ដោយ​ខុស​ច្បាប់។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អធិការ​នគរបាល​ខណ្ឌ​មានជ័យ លោក ម៉េង វិមាន​តារា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​​អ្នក​ទទួល។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខ​សីហា ធ្លាប់​មាន​ប្រសាសន៍​ថា​ប៉ូលិស​ពុំ​បាន​វាយ​ធ្វើ​បាប​កុមារ​កាក់ សុវណ្ណ​ច្ឆ័យ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ ១៥ឆ្នាំ ជា​កូន​ប្រុស​សកម្មជន​គណបក្ស​ប្រឆាំង​លោក កាក់ កុម្ភារ ដែល​តុលាការ​ចាប់​ខ្លួន កាល​ថ្ងៃ​ទី៣១ ខែឧសភា ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ កុមារា​រូប​នេះ​មាន​ជំងឺ​អូទីហ្សឹម (Autism) តាំង​ពី​កំណើត និង​មាន​ខួរក្បាល​ខុស​ប្រក្រតី​ជា​ញឹក​ញាប់​ ដែល​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន។ ប៉ូលិស​​​ប៉ុស្តិ៍​ចាក់​អង្រែ​លើ​ បាន​ឃុំ​ខ្លួន​ កុមារ​កាក់ សវណ្ណច្ឆ័យ ​​មួយ​យប់​ និង​បញ្ជូន​ទៅ​​​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត ហើយ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា និង​ថត​វីដេអូ​សុំ​ទោស​មុន​នឹង​ដោះ​លែង​វិញ។ ការ​ចាប់​ខ្លួន​នេះ​ក្នុង​ពេល ដែល​កុមារ​រូប​នេះ​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី៤ តុលា។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ដាក់​ខ្នោះ​ដៃ និង​វាយ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ជា​អំពើ​ខុស​ច្បាប់ និង​អសីលធម៌។លោក​បញ្ជាក់​ថា តុលាការ​គួរតែ​ចាត់​ការ​រឿង​នេះ​ឱ្យ​បាន​ឆាប់ និង​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​ ដើម្បី​​​ធ្វើ​មេរៀន​កុំ​ឱ្យ​សមត្ថកិច្ច​ចេះ​តែ​វាយ​ធ្វើ​បាប​កុមារ​តាម​អំពើ​ចិត្ត​បន្ត​ទៀត៖ «ពីព្រោះ​យើង​ដឹង​ហើយ​ ដើម្បី​កុំ​ឱ្យ​មាន​និទ្ទណ្ឌភាព ពីព្រោះ​ថា​បើ​សិន​ជា​សមត្ថកិច្ច​ក៏​ប្រព្រឹត្តិ​ខុស​ច្បាប់​​​ គាត់​ប្រព្រឹត្ត​រំលោភ​ទៅ​លើ​ច្បាប់​ហើយ​ បែរ​ជា​គាត់​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​អា​ហ្នឹង​ហើយ គេ​ហៅ​​និទ្ទណ្ឌភាព។ បើ​យើង​និយាយ​ថា នីតិរដ្ឋ​អត់​មាន​និទ្ទណ្ឌភាព​ទេ មាន​ន័យ​ថា មនុស្ស​ទាំង​អស់​ត្រូវ​តែ​ស្មើ​ភាព​គ្នា ចំពោះ​មុខ​ច្បាប់ បើ​សិន​ជា​មាន​ការ​ប្រព្រឹត្ត​ខុស​ច្បាប់ ត្រូវ​តែ​ទទួល​ទោស​ដូច​គ្នា។ ដូច្នេះ បើ​សិន​ជា​សមត្ថកិច្ច​គាត់​ប្រព្រឹត្ត​ខុស​ហើយ​គ្រាន់​តែ​ដាក់​​វិន័យ​ឬ​ក៏​មិន​មាន​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ហើយ​ផ្ដន្ទាទោស​ដូច​ពលរដ្ឋ​ធម្មតា អា​ហ្នឹង​គេ​ហៅ​ថា អំពើ​និទ្ទណ្ឌភាព​ហើយ»

ក្រមព្រហ្មទណ្ឌ​មាន​ត្រា ៩៦ ចែង​ថា ការ​ឃាត់​ខ្លួន​បុគ្គល​ជា​អនីតិជន​មិន​អាច​ពន្យារ​ពេល​បាន​ទេ ចំពោះ​បទមជ្ឈិម​វិញ កុមារ​ដែល​មាន​អាយុ​ចាប់​ពី ១៤ឆ្នាំ ដល់​ក្រោយ ១៦ឆ្នាំ សមត្ថកិច្ច​មិន​អាច​ឃាត់​ខ្លួន​លើស​ពី ២៤ម៉ោង​បាន​ឡើយ។ តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា ២១០ ចែង​ថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ឆ្នាំ​ដល់ ១៥ឆ្នាំ។ លើស​ពី​នេះ ប្រសិន​បើ​ការ​ប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​បែប​នេះ លើ​បុគ្គល​ទន់​ខ្សោយ​ដោយ​មូលហេតុ​នៃ​អាយុ លើ​ស្ត្រី​មាន​គភ៌ ឬ​លើ​បុគ្គល​ទន់​ខ្សោយ ពិសេស​ដោយ​ហេតុ​នៃ​ជំងឺ ឬ​ពិការភាព អាច​ផ្ដន្ទាទោស​ចាប់​ពី ១០ឆ្នាំ​ទៅ ២០ឆ្នាំ។ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម​លើ​កុមារា កាក់ សុវណ្ណច្ឆ័យ នេះ​ដែរ ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​យូនីសេហ្វ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ អ្នកស្រី រូឌីណា វ៉ូចវ៉ូដា (Rudina Vojvoda) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថ្មីៗ នេះ​ថា កុមារ​គ្រប់រូប​មិន​ត្រូវ​ប្រឈម​នឹង​អំពើ​ទារុណកម្ម ឬ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​បែប​អមនុស្សធម៌​ឡើយ។ អ្នកស្រី​ពន្យល់​ថា ការ​ឃុំ​ខ្លួន​កុមារ មាន​ន័យ​ថា ជា​ការ​ដក​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​អាច​បំផ្លាញ​ដល់​សុខភាព និង​ការ​អភិវឌ្ឍន៍​របស់​កុមារ។ អ្នកស្រី​បន្ត​ថា ផលវិបាក​នៃ​ទង្វើ​នេះ ធ្វើ​ឲ្យ​កុមារ​បាត់បង់​កុមារភាព​របស់​ពួក​គេ ហើយ​អាច​បន្សល់​ទុក​នូវ​ស្លាកស្នាម​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​របស់​កុមារ និង​ប៉ះពាល់​ដល់​គ្រួសារ និង​សង្គម​ទាំង​មូល៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល