សមាគម​ខ្មែរ​ក្រោម​ សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា​​ឲ្យ​វៀតណាម​ប្រគល់​​លិខិត​​ឆ្លង​​ដែន​ព្រះ​តេជ​ព្រះគុណ​ សឺន​ ទី​​ និង​​ឈប់​​យាយី​​ក្រុម​គ្រួសារ​​ព្រះ​អង្គ​នៅ​​កម្ពុជា​​ក្រោម

ដោយ ខែ សុណង
2020-02-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២០។
ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

ព្រះ​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដក​ហូត​លិខិត​ឆ្លង​ដែន ស្នើសុំ​ឲ្យ​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ​កម្ពុជា អន្តរាគមន៍​ឲ្យ​ភាគី​វៀតណាម ប្រគល់​លិខិត​ឆ្លង​ដែន ថ្វាយ​ព្រះ​អង្គ​វិញ និង​បញ្ឈប់​​សកម្មភាព​យាយី​ លើ​ក្រុម​គ្រួសារ​របស់​ព្រះ​អង្គ​នៅ​កម្ពុជា​ក្រោម។

ព្រះ​តេជគុណ សឺន ទី ប្រាប់​អាស៊ី​សេរី​ថា បច្ចុប្បន្ន ព្រះ​អង្គ​មិន​អាច​និមន្ត​ចេញ​ពី​​ទឹក​ដី​កម្ពុជា​ក្រោម ត្រឡប់​មក​កម្ពុជា​វិញ​បាន​ទេ ដោយសារ​អាជ្ញាធរ​វៀតណាម បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះ​អង្គ តាំង​ពី​ថ្ងៃ​ទី២ កុម្ភៈ​មក។ ព្រះ​អង្គ​បន្ត​ថា តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ​អង្គ​មិន​បាន​ទៅ​សម្រាក​ទៅ​ផ្ទះ​ញោម (ម្ដាយ) របស់​ព្រះ​អង្គ​ទេ ដោយ​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​មួយ ក្នុង​ខេត្ត​ឃ្លាំង។

ព្រះ​អង្គ​​អះអាង​ថា អាជ្ញាធរ​វៀតណាម និង​មន្ត្រី​សង្ឃ​នៅ​ខេត្ត​ឃ្លាំង បាន​ទៅ​គំរាម​ញោម​ស្រី និង​សាច់​ញាតិ​ព្រះ​អង្គ​ជា​បន្ត​បន្ទាប់ តាំង​ពី​ថ្ងៃ​ដែល​អាជ្ញាធរ​វៀតណាម បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះ​អង្គ​រួច​មក។ មូលហេតុ​នៃ​ការ​ដក​ហូត​​លិខិត​ឆ្លង​ដែន អាជ្ញាធរ​វៀតណាម​ប្រាប់​ព្រះ​អង្គ​ថា ដោយ​សារ​ព្រះ​សង្ឃ​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​របស់​ប្រទេស​វៀតណាម ដោយ​បាន​​​ចែក​រំលែក​ព័ត៌មាន​ ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​វិទ្យុ​អាស៊ី​សេរី​ជា​ភាសា​វៀតណាម ដែល​បាន​សម្ភាសន៍​លោក​ ត្រឹង ម៉ានរិន្ទ អំពី​សិទ្ធិ​របស់​ជនជាតិ​ខ្មែរ​ដើម នៅ​កម្ពុជា​ក្រោម និង​ការ​ចែក​រំលែក​ខ្លឹមសារ​ខួប​ទី ៧០ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខ្លឹម​សារ​របស់​​​សារព័ត៌មាន​ព្រៃ​នគរ។

ព្រះ​អង្គ សឺន ទី ទទួល​ស្គាល់​ថា ព្រះ​អង្គ​ពិត​ជា​បាន​ចែក​រំលែក​ខ្លឹម​សារ ព័ត៌មាន​ទាំង​នោះ​មែន តែ​នោះ​ជា​សេរីភាព​​របស់​ព្រះ​អង្គ ហើយ​ការ​ចែក​រំលែក​សារ​នេះ ធ្វើ​ឡើង​ច្រើន​ខែ​ហើយ គឺ​ពេល​​ព្រះ​អង្គ​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព្រះ​អង្គ​យល់​ថា អាជ្ញាធរ​វៀតណាម មិន​គួរ​រំលោភ​បំពាន​​សិទ្ធិ យាយី​ និង​ដក​ហូត​លិខិត​ឆ្លង​ដែន ​របស់​ព្រះ​អង្គ​បែប​នេះ​ទេ ព្រោះ​ព្រះ​អង្គ​​ជា​ជន​បរទេស​​​លើ​ទឹក​ដី​វៀតណាម មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ទេ។

ព្រះ​តេជគុណ សឺន ទី ជា​កូន​ចៅ​អ្នក​ខេត្ត​ឃ្លាំង និង​បាន​បួស​រៀន​នៅ​ទី​នោះ​ច្រើន​ឆ្នាំ ហើយ​បន្ត​​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​បាន​ឡើង​មក​រៀន​សូត្រ និង​​ស្នាក់​នៅ​វត្ត​អង្គ​តា​មិញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ១៧ឆ្នាំ​មក​ហើយ។ ព្រះ​អង្គ​បាន​និមន្ត​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ ដើម្បី​ចូលរួម​ពិធី​មង្គលការ​សាច់​ញាតិ​នៅ​ខេត្ត​ឃ្លាំង កាល​ពី​ថ្ងៃ​ទី២៦ មករា។ លុះ​ដល់​ថ្ងៃ​ទី២ ខែ​កុម្ភៈ ទើប​មាន​អាជ្ញាធរ​ មក​កោះហៅ​ព្រះ​អង្គ​សួរ​នាំ និង​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ព្រះ​អង្គ។

ព្រះ​អង្គ​បាន​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ខ្មែរ នៅ​ស្ថានទូត​ប្រចាំ​ទី​ក្រុង​ហាណូយ និង​នៅ​ក្រុង​ព្រៃនគរ ឬ​ក្រុង​ហូជីមិញ​ ច្រើន​ដង​ហើយ តាម​រយៈ​ទូរស័ព្ទ និង​អ៊ីមែល តែ​ទទួល​បាន​ការ​រុញ​ដាក់​គ្នា។ នៅ​​ថ្ងៃ​ទី១០ កុម្ភៈ មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​​ខ្មែរ នៅ​ក្រុង​ព្រៃ​នគរ បាន​ណែនាំ​ឲ្យ​ព្រះ​អង្គ​ឱ្យ​រក​ការ​អន្តរាគមន៍​នៅ​ស្ថានទូត​ក្រុង​ហាណូយ​វិញ ព្រោះ​ហួស​ដែន​សមត្ថកិច្ច​របស់​ស្ថាន​ឯក​អគ្គ​កុងស៊ុល។ ប៉ុន្តែ​ មន្ត្រី​ស្ថានទូត​នៅ​ក្រុង​ហាណូយ​មិន​ទទួល​ទូរស័ព្ទ​សោះ៖ «ការ​អន្តរាគមន៍ ដូចជា​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ទោះ​បី​អាត្មា​តេ (call) ទៅ​ច្រើន​សារ​ក៏​ដោយ ក៏​មិន​លើក អាត្មា​ផ្ញើ​អ៊ីមែល​ទៅ​ក៏​មិន​ឆ្លើយ​តប។ ដូច​ជា ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ ប្រជាពលរដ្ឋ​ខ្មែរ ដែល​កាន់​ប៉ាសស្ព័រ​កម្ពុជា​មក​ហ្នឹង មិន​យក​ចិត្ត​ទុក​ដាក់​សោះ»

ឯក​អគ្គ​ស្ថាន​កុងស៊ុល​ខ្មែរ ប្រចាំ​ក្រុង​ហូជីមិញ លោក សុខ ដារ៉េត ប្រាប់​អាស៊ី​សេរី​ថា លោក​ពិត​ជា​បាន​ណែនាំ​ ព្រះ​តេជគុណ សឺន ទី ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ​នៅ​ក្រុង​ហាណូយ​មែន ព្រោះ​​ស្ថាប័ន​ធំ និង​មាន​ឥទ្ធិពល​ជាង​ស្ថាន​កុងស៊ុល៖ «ខ្ញុំ​សូម​ជម្រាប​បង​ថា ខ្ញុំ​បាន​ជូន ព្រះ​តេជគុណ សឺន ទី ឲ្យ​គាត់​ទាក់ទង​ទៅ​ទូរស័ព្ទ​ទៅ​ស្ថានទូត​នៅ​ក្រុង​ហាណូយ​ណាស់ ដែល​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​វៀតណាម ហើយ​ទម្ងន់​ធ្ងន់​ជាង​ក្នុង​ការ​ដោះស្រាយ។ អ៊ីចឹង ព័ត៌មាន​ទាំង​ឡាយ បង​អាច​ទាក់ទង​ទៅ​ឯកឧត្ដម​ឯក​អគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​ក្រុង​ហាណូយ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯក​អគ្គ​រាជ​ទូត​ខ្មែរ ប្រចាំ​ក្រុង​ហាណូយ លោក ឆាយ ណាវុធ បាន​ទេ នៅ​ថ្ងៃ​ទី១១ កុម្ភៈ ដោយសារ​លេខ​ទូរស័ព្ទ​របស់​ស្ថានទូត​រោទ៍​គ្មាន​អ្នក​ទទួល។

អគ្គ​លេខាធិការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន អះអាង​ថា ខាង​សមាគម​កំពុង​ឃ្លាំមើល​ករណី​នេះ និង​បាន​ដាក់​លិខិត​ ទៅ​ក្រសួង​ការ​បរទេស​ និង​ស្ថានទូត​វៀតណាម ប្រចាំ​ក្រុង​ភ្នំពេញ ស្នើសុំ​កិច្ច​អន្តរាគមន៍​។ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ដែរ។ លោក​ ថា បើ​គ្មាន​ការ​ឆ្លើយ​តប​​ទេ ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ទៀត សមាគម​ខ្មែរ​ក្រោម នឹង​ចេញ​ផ្សាយ​របាយការណ៍​​នេះ ដាក់​ជូន​អង្គការ​សហប្រជាជាតិ៖ «យើង​គិត​ថា ការ​ប្រើប្រាស់ (facebook) នេះ មិន​មែន​ ព្រះ​អង្គ​មិន​មែន​ប្រើ​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ​ណា ព្រះ​អង្គ​ប្រើ​ក្នុង​ពេល​ ដែល​ព្រះ​អង្គ​មាន​មូលដ្ឋាន​ កំពុង​តែ​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។ អ៊ីចឹង ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង ក៏​វា​ជា​សេរីភាព ជា​ទូទៅ​។ ការណ៍​ដែល​វៀតណាម ថា វា​ប៉ះ​ពាល់​​ទៅ​ដល់​ច្បាប់​រដ្ឋ​របស់​វៀតណាម ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ការ​ប្រើប្រាស់​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ»

ចំណែក អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ​ លោក គុយ គួង ប្រាប់​ថា លោក​​មិន​ទាន់​បាន​​ទទួល​​​លិខិត​នោះ​ ដូច្នេះ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​​បាន​ឡើយ។ លោក​ ថា ក្រសួង​ នឹង​ពិនិត្យ​មើល​ តាម​​ភាព​ជាក់​ស្ដែង នៅ​ពេល​ទទួល​បាន​លិខិត​សំណើ៖ «ចាំ​មើល​ ចាំ​មើល​ខ្លឹមសារ នៃ​លិខិត​គាត់​យ៉ាង​ម្ដេច​ ទាល់​តែ​យើង​ពិនិត្យ​​មើល​ខ្លឹមសារ​សិន»។

ជុំវិញ​ករណី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​សកម្មភាព​អាជ្ញាធរ​វៀតណាម ក្នុង​ការ​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ដែរ។ សហព័ន្ធ​ខ្មែរ​ក្រោម ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ប្រគល់​​សង​លិខិត​ឆ្លង​ដែន ថ្វាយ​ព្រះ​តេជគុណ សឺន ទី វិញ ដោយ​គ្មាន​លក្ខខណ្ឌ ព្រោះ​អាជ្ញាធរ​វៀតណាម​ បាន​ចុះ​ហត្ថ​លេខា​​ ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស ​ជា​មួយ​អង្គការ​សហប្រជាជាតិ​រួច​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល