សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​រិះគន់​អាជ្ញាធរ​រារាំង​ពួកគេ​មិន​ឱ្យ​ជួប​ពលរដ្ឋ

ដោយ អាស៊ីសេរី
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ខេត្ត​កោះកុង​រារាំង​​ពលរដ្ឋ​មិន​ឱ្យ​ជួប​ជុំ​គ្នា កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
សមត្ថកិច្ច​ខេត្ត​កោះកុង​រារាំង​​ពលរដ្ឋ​មិន​ឱ្យ​ជួប​ជុំ​គ្នា កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
រូប​សហគមន៍

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​តំណាង​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង រិះគន់​អាជ្ញាធរ​ខេត្ត​នេះ ដែល​បញ្ជា​សមត្ថកិច្ច​រារាំង​ពួកគាត់ មិន​ឱ្យ​ជួបជុំគ្នា​ពិភាក្សា​រក​ដំណោះស្រាយ​វិបត្តិ​ដីធ្លី។ ការរិះគន់​នេះ គឺ​ក្រោយ​ពី​នគរបាល និង​មន្ត្រី​អាវុធ​ប្រមាណ ៦​នាក់ បាន​ហាម​តំណាង​ពលរដ្ឋ​ជាង ១០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជិត ២០០​គ្រួសារ មិន​ឱ្យ​ជួបពិភាក្សា​គ្នា កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដោយ​លើក​ហេតុផល​ថា ហាម​មិន​ឱ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។

តំណាង​សហគមន៍​ដីធ្លី​ជាង ១០​នាក់ ក្នុងចំណោម​ពលរដ្ឋ​ជិត ២០០​គ្រួសារ (១៩៧) រស់នៅ​ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង រិះគន់​ខ្លាំងៗ ចំពោះ​សមត្ថកិច្ច​ខេត្ត​នេះ​ថា មាន​ចេតនា​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ ពួកគេ​អះអាង​ថា ទង្វើ​សមត្ថកិច្ច​បែបនេះ​ជា​រូបភាព គំរាមកំហែង​ពលរដ្ឋ​ស្លូតត្រង់ មិន​ឱ្យ​ជួបពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី ដែល​ច្បាប់​បាន​អនុញ្ញាត។

តំណាង​ពលរដ្ឋ លោក ឆាន់ ឈឿន ឱ្យដឹង​នៅ​ថ្ងៃ​ទី​៨ វិច្ឆិកា ថា សមត្ថកិច្ច​បាន​ទៅ​ថតរូប និង​ណែនាំ​ពួកគេ​មិន​ឱ្យ​ជួបពិភាក្សា​រឿង​នយោបាយ និង​គាំទ្រ​លោក សម រង្ស៊ី ជាដាច់ខាត​។ លោក​អះអាង​ថា សមត្ថកិច្ច​បាន​គំរាម​ចាប់ខ្លួន​ពលរដ្ឋ​ដាក់គុក ប្រសិនបើ​ពួកគេ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​នោះ​ទេ​។ លោក​ថា ក្រុម​ពលរដ្ឋ​ជាង ១០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​១៩៧ គ្រួសារ បាន​មក​ជួបជុំគ្នា​នៅផ្ទះ​អ្នកភូមិ​ម្នាក់ ជាមួយ​មន្ត្រី​អាដហុក ក្នុង​បំណង​ពិភាក្សា​ដោះស្រាយ​វិបត្តិ​ដីធ្លី ពុំ​មែន​ជួបជុំ​ពិភាក្សា​ជជែក​រឿង លោក សម រង្ស៊ី វិល​ចូល​ស្រុក​ទេ​។ លោក​ចាំ​ថា សមត្ថកិច្ច​ខេត្ត​នេះ តែងតែ​ឃ្លាំ​មើ​ពួកគេ និង​រារាំង​ជាច្រើនលើក​មក​ហើយ នៅ​ពេល​ដែល​ពលរដ្ឋ​ជួបជុំគ្នា​៖ «គេ​អត់​ឱ្យ​សហគមន៍​ជួប​ជុំ​ទេ គេ​ខ្លាច​ថា សហគមន៍​និយាយ​ពី​រឿង​បក្សពួក​។ ខ្ញុំ​យល់ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​ប្រជាជន ហើយ​កាលដែល​ប៉ូលិស​ទៅ​ដល់​គឺ គាត់​ថត អត់​មានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​។ គាត់​និយាយ​ថា មិន​ឱ្យ​ប្រមូល​ផ្តុំ គឺ​បិទ​សិទ្ធិ​សេរីភាព»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជី​ខ​លើ ហេង សេស ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ តែ​លោ​កថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ចំណែក​អភិបាលស្រុក​ស្រែអំបិល លោក ជា ចាន់កញ្ញា បដិសេធ​ថា សមត្ថកិច្ច​មិន​បាន​រារាំង ក្រុម​ពលរដ្ឋ​ជួបជុំគ្នា ជាមួយ​មន្ត្រី​សង្គម​ស៊ីវិល​ទេ​។ លោក​ថា សមត្ថកិច្ច​មូលដ្ឋាន​គ្រាន់តែ​សួរនាំ ពី​មូលហេតុ​នៃ​ការ​ជួបជុំ ពុំ​មែន​គំរាមកំហែង និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដូច​ការចោទប្រកាន់​ទេ៖ «មាន​ទៅ​រារាំង​អី​ណា​គ្រាន់តែ​សួរ ពី​មូលហេតុ តើ​ការ​ចួប​ជុំ​ហ្នឹង​ធ្វើ​អ្វី មាន​អ្វី​? អាជ្ញាធរ​មួយ​រូប បើសិនជា​ថ្នាក់ដឹកនាំ សួរ​ថា មានការ​ចួប​ជុំ​ហេតុអ្វី ហើយ​យើង​សមត្ថកិច្ច​ជំនាញ​ឆ្លើយ​បំភ្លឺ​អត់​បាន មិន​ខុស​ពី​តួនាទី​ភារកិច្ច»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​កោះកុង លោក ប៊ី វ៉ាន់នី អះអាង​ថា សមត្ថកិច្ច​បាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ផ្តិត​មេដៃ គាំទ្រ ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​គំរាម​ចាប់​ដាក់គុក ប្រសិនបើ​ពលរដ្ឋ​មិន​ស្ដាប់​ការណែនាំ​របស់​សមត្ថកិច្ច​។ លោក​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ជួបជុំគ្នា​ពិភាក្សា សមត្ថកិច្ច​គ្មាន​សិទ្ធិ​រារាំង និង​ហាមឃាត់​នោះ​ទេ​។ លោក​ថា ការរារាំង និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួបជុំ គឺជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​គំរាមកំហែង​ពលរដ្ឋ​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ​៖ «ជា​ការ​គំរាមកំហែង សិទ្ធិ​សេរីភាព​ពលរដ្ឋ បង្ហាញ​ថា អាជ្ញាធរ​មូលដ្ឋាន មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​។ អាជ្ញាធរ​មិនបាន​បំពេញ​កាតព្វកិច្ច​ការពារ​សិទ្ធិ​សេរីភាព ឬ​សុវត្ថិភាព​ពលរដ្ឋ​ទេ​។ យើង​ឃើញ​ថា ប៉ូលិស​ពី​មុនៗ​មក ក៏​គាត់​ធ្វើ​អ៊ីចឹង​ដែរ សូម្បីតែ​ពលរដ្ឋ​ចេញ​ពី​ភូមិ​ក៏​សួរនាំ​ឡាន​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល​បន្ថែម​ថា នគរបាល និង​មន្ត្រី​អាវុធហត្ថ បាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ជួបជុំ​ដាច់ខាត អំឡុង​ខែ​វិច្ឆិកា​នេះ ដែល​លោក​ចាត់ទុកថា ទំនងជា​ហាម​ពលរដ្ឋ​មិន​ឱ្យ​គាំទ្រ​ការ​វិល​ត្រឡប់ របស់ លោក សម រង្ស៊ី។ លោក​ថា តំណាង​ពលរដ្ឋ និង រូបលោក នៅតែ​បន្ត​ពិភាក្សា​គ្នា​ដដែល បើ​ទោះ​បី​ជា​សមត្ថកិច្ច និង​ក្រុម​ពលរដ្ឋ​បាន​ប្រកែក​គ្នា​ខ្លាំងៗ ទាក់ទិន​ករណី​នេះ​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល