សហគមន៍​ដីធ្លី​ជាង ៦០០នាក់ នៅ​ខេត្ត​កោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី

ដោយ វ៉ែន សុមេធ
2020-03-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​នៃ​សហគមន៍​ដីធ្លី​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ជាង ៦០០នាក់ រំឭក​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ខួប​លើក​ទី ១០៩ នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០២០។
ស្ត្រី​នៃ​សហគមន៍​ដីធ្លី​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ជាង ៦០០នាក់ រំឭក​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ខួប​លើក​ទី ១០៩ នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

សហគមន៍​ដី​ធ្លី​នៅ​ខេត្ត​កោះកុង​ ៦៥០នាក់ បាន​លើក​បដា ស្នើ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ដោះ​ស្រាយ​វិបត្តិ​ដីធ្លី និង​បញ្ឈប់​ការ​រើសអើង​ស្ត្រី​មាន​ជម្លោះ​ដី​ធ្លី។ សំណើ​នេះ ត្រូវ​បាន​ពួក​គេ​សរសេរ​លើ​បដា ដើរ​ហែ​ក្បូន​តាម​ផ្លូវ​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី៥ មីនា ជា​ថ្ងៃ​ដែល​ពួក​គេ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី១០៩ ធ្វើ​ឡើង​នៅ​ឃុំ​ជី​ខ​លើ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ឧកញ៉ា ហេងហ៊ុយ រាប់​រយ​នាក់ នៅ​ខេត្ត​កោះកុង បាន​ដើរ​ដង្ហែ​ក្បូន និង​កាន់​បដា ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង គំរាមកំហែង និង​ឃ្លាំ​មើល ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច និង​ក្រុមហ៊ុន​ឯកជន។ ស្ត្រី​មួយ​ចំនួន​កាន់​ឧបករណ៍​បំពង​សំឡេង ស្រែក​ទាមទារ ឱ្យ​បញ្ឈប់​ការ​ប្រើ​អំណាច​តុលាការ​គំរាម​កំហែង ពលរដ្ឋ​ក្រីក្រ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី និង​ពន្លឿន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ចំនួន ៧៦៦គ្រួសារ។

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី លោកស្រី អិប តឹង ថ្លែង​ថា ការ​រំលោភ​ដី​ធ្លី ពី​សំណាក់​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច គឺ​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​នារី ប៉ះពាល់​ជីវភាព អយុត្តិធម៌​សង្គម ជា​ពិសេស មាន​ស្ត្រី​ជា​ច្រើន​នាក់ រង​ទុក្ខ​ខ្លោច​ផ្សា នៅ​គ្រា​ដែល​ពួក​គេ​តវ៉ា​ទាមទារ រក​យុត្តិធម៌​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ​ជា​ស្ត្រី​ទន់​ខ្សោយ។ លោក​ស្រី​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មិន​បាន​គោរព​សិទ្ធិ​ស្ត្រី​ពេញលេញ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ សមត្ថកិច្ច និង​អាជ្ញាធរ តែងតែ​លាប​ពណ៌​ពួក​គេ និង​គំរាម​តាម​ប្រព័ន្ធ​តុលាការ ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​​គ្រួសារ និង​​ការ​​ផ្ដល់​​សេវា​សាធារណៈ៖ «អត់​មាន​គោរព​សិទ្ធិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​បង គឺ​រំលោភ​សិទ្ធិ​នារី។ ខ្ញុំ​ឃើញ​ជាក់ស្ដែង​ពេល​ដែល​ពួក​ខ្ញុំ​ទៅ​តវ៉ា ប៉ុស្តិ៍​សមត្ថកិច្ច​ខាង​ក្រសួង​ដែន​ដី គាត់​បាន​មក​សែង​ពួក​ខ្ញុំ​ចេញ​ពី​មុខ​ក្រសួង ហើយ​គាត់​វៃ​សន្លប់ ២ ទៅ ៣ម៉ោង ដូច​ខ្ញុំ​ផ្ទាល់ គឺ​បាន​គេ​ទាត់​ធាក់ ជាំ​ដៃ​ជាំ​ជើង។ ទិវា​សិទ្ធិ​នារី​នេះ ដើម្បី​ចង់​រំឭក​ថា ឱ្យ​ពួក​គាត់​ចូល​រួម​គោរព​ទាំង​អស់​គ្នា មិន​ឱ្យ​គាត់​រំលោភ​ទេ»

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ដេត ហួ ថ្លែង​ថា មូលហេតុ​ដែល​ពួក​គេ​ប្រារព្ធ​ទិវា​នេះ ដើម្បី​ទាញ​អារម្មណ៍​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ផ្ដល់​តម្លៃ​លើ​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី និង​លុប​បំបាត់​ទម្រង់​រើសអើង​ស្ត្រី​មាន​ជម្លោះ​ដី​ធ្លី​គ្រប់​រូបភាព។ លោកស្រី​ថា អាជ្ញាធរ និង​សមត្ថកិច្ច មិន​ផ្ដល់​តម្លៃ​លើ​ស្ត្រី​មាន​ជម្លោះ​ដី​ធ្លី​នោះ​ទេ នៅ​ពេល​ដែល​ពួក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ម្ដងៗ ត្រូវ​បាន​សមត្ថកិច្ច​គំរាម​កំហែង និង​ប្រើ​អំពើ​ហិង្សា​ជា​ដើម៖ «សូម​កុំ​ឱ្យ​មាន​ការ​រើសអើង​ពី​អាជ្ញាធរ ពេល​ពលរដ្ឋ និង​ស្ត្រី​ឡើង​ទៅ​តវ៉ា​ម្ដងៗ មាន​តែ​អាជ្ញាធរ​វាយ​ដំ រុញ​ច្រាន​ពួក​គាត់​ឱ្យ​សន្លប់។ អ៊ីចឹង​ខ្ញុំ​គិត​ថា គោល​បំណង​ពួក​យើង​នេះ ចង់​ឱ្យ​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឱ្យ​ពួក​យើង​បាន​ឆាប់ កុំ​ឱ្យ​មាន​ការ​រើសអើង​ទៅ​លើ​សិទ្ធិ​នារី​អ៊ីចឹង​បង»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អភិបាល​រង​ស្រុក ស្រែ​អំបិល ដែល​ចុះ​ឃ្លាំ​មើល​ការ​ប្រារព្ធ​ទិវា​នេះ គឺ​អ្នកស្រី ទួត ទីម៉ា ដើម្បី​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃទី៥ មីនា។ ចំណែក​អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្ថា មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ ​នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ចាត់​ទុក​ទិវា​នេះ ផ្សារ​ភ្ជាប់​ការ​ទាមទារ​ឱ្យ អាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី គឺ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ជួបជុំ ការ​សម្ដែង​មតិ និង​ការ​តវ៉ា​ដោយ​សន្តិភាព​ស្រប​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។ លោក​ថា ការ​ទាមទារ និង​ក្តី​កង្វល់​ទាំង​ឡាយ​របស់​ពួក​គេ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ពិនិត្យ និង​ចាត់​វិធានការ​ដោះ​ស្រាយ​ជា​បន្ទាន់៖ «អាជ្ញាធរ​គួរ​តែ​ពិនិត្យ​លើ​ការ​ចាត់​វិធានការ​ឱ្យ​បាន​ទាល់​ពេល​វេលា ចំពោះ​បញ្ហា​ដី​ធ្លី​របស់​ពួក​គាត់។ មាន​បញ្ហា ហើយ​ត្រូវ​បាន​អូស​បន្លាយ​ក្នុង​ការ​ដោះ​ស្រាយ​កន្លង​មក ហើយ​ចៀសវាង​ក្នុង​ការ ចោទ​ប្រកាន់​ថា ក្រុម​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់ ឬ​ក៏​លាប​ពណ៌​ផ្សេងៗ ខ្ញុំ​គិត​ថា ការចោទប្រកាន់ និង​ការ​លាប​ពណ៌​ផ្សេងៗ លើ​ពួក​គាត់ មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ទេ»

សហគមន៍​ដី​ធ្លី​នៅ​ខេត្ត​កោះកុង បន្ថែម​ថា ការ​ប្រារព្ធ​ទិវា​នេះ គ្មាន​ការ​រារាំង និង​គំរាម​កំហែង​ពី​សំណាក់​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​កោះកុង​នោះ​ទេ។ ក៏​ប៉ុន្តែ​មាន​នគរបាល មន្ត្រី​អាវុធហត្ថ និង​អាជ្ញាធរ​ស្រុក​សរុប​ជាង ១០នាក់ បាន​ពង្រាយ​កម្លាំង​ឃ្លាំ​មើល និង​ការពារ​សុវត្ថិភាព​របស់​ពួក​គេ​ទៀត​ផង។

សហគមន៍​ដី​ធ្លី​ខេត្ត​កោះកុង អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត/ក្រុង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​របស់​ស្ត្រី និង​ ​ការពារ​សុវត្ថិភាព​សិទ្ធិ​​ស្ត្រី​តាម​រយៈ​យន្តការ​ប្រព័ន្ធ​យុត្តិធម៌ និង​ភូមិ/ឃុំ​មាន​សុវត្ថិភាព​ជាដើម។ ពួក​គេ​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កិច្ចការ​នារី ដែល​មាន​តួនាទី​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​នោះ គប្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​ផង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល