វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៤ មិថុនា

ដោយ ទីន ហ្សាការីយ៉ា
2020-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​សម្ពោធ​ដាក់ដំណើរការ​ជា​ផ្លូវការ វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មិថុនា ២០២០។
ពិធី​សម្ពោធ​ដាក់ដំណើរការ​ជា​ផ្លូវការ វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មិថុនា ២០២០។
រូប​ពី​ហ្វេសប៊ុក វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​៤ មិថុនា ក្រោយពី​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ។

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (CID) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​រក​ប្រាក់​ចំណេញ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ដែល​ធ្វើការ​ដើម្បី​គាំទ្រ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជា​គោលការណ៍​គ្រឹះ​ចាំបាច់​សម្រាប់​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត មាស នី មានប្រសាសន៍​នៅក្នុង​ពិធី​ប្រកាស​ឱ្យ​ដំណើរការ​វិទ្យាស្ថាន​នេះ​ថា គោលបំណង​ធំ​របស់​វិទ្យាស្ថាន​នេះ “ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​” ។ លោក​បណ្ឌិត មាស នី បាន​លើក​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ថា កម្ពុជា​បាន​ទទួល​យក​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​បី​ដំណាក់កាល​កន្លងម​ក តែ​នៅ​ដំណាក់កាល​នីមួយៗ ប៉ុន្តែ​មេដឹកនាំ​មិនបាន​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ច្បាស់លាស់​នៅ​ឡើយ​។ លោក​ថា មេដឹកនាំ​កម្ពុជា​កន្លងមក​បាន​ឡើង​កាន់​អំណាច​មិនមែន​បាន​មកពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ ការ​ឡើង​កាន់អំណាច​តាមរយៈ​ការ​ដណ្ដើម​អំណាច​គ្នា​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​៖ ៖ «រចនាសម្ព័ន្ធ​នយោបាយ​នៅ​កម្ពុជា ពិសេស​រដ្ឋាភិបាល​ក្នុង​ជំនាន់​នីមួយៗ ហាក់ដូចជា​មើល​មិន​ឃើញ​ច្បាស់​ថា តើ​ទស្សនៈ​សំខាន់​នៃ​ប្រជាធិបតេយ្យ​ចង់​ដឹកនាំ​ប្រទេស​ទៅ​កន្លែង​ណា​? ដូច្នេះ​ហាក់​ដូចជា​ដំណើរការ​នេះ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​កុម្មុយនិស្ត​បន្តិច​ទៅ ខ្មែរក្រហម​បន្លិច​ទៅ ហើយក៏​អាច​លាយឡំ​របប​យោធានិយម​ខ្លះ​ទៀត យក​មកប្រើ​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ ដូច្នេះ​រចនាសម្ព័ន្ធ​នយោបាយ​បែបនេះ ពន្លក​នៃ​ប្រជាធិបតេយ្យ​ហាក់​មានការ​លំបាក​ក្នុង​ការ​លូតលាស់»

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក បណ្ឌិត ប៉ា ច័ន្ទរឿន បាន​លើក​ពី​ចក្ខុវិស័យ​បី​សំខាន់​សម្រាប់​រយៈពេល​បី​ឆ្នាំ​ទៅមុខ ដែល​វិទ្យាស្ថាន​នេះ​ត្រូវ​ធ្វើ​គឺ ទី​១ ការសិក្សា​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ រួមមាន ការសិក្សា​និង​អប់រំ​អំពី វប្បធម៌​នយោបាយ​ថ្មី ការសិក្សា​ពី​ប្រវត្តិ​គណបក្ស​នយោបាយ​នីមួយៗ និង​ការសិក្សា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ចុងក្រោយ​នៅ​កម្ពុជា​។ ទី​២ ការអប់រំ​នយោបាយ គឺ​ការ​បណ្ដុះបណ្ដាល​យុវជន​ពី​ជំនាញ​នយោបាយ ជំនាញ​នៃ​ការ​គិត និង​ភាពជា​អ្នកដឹកនាំ​វ័យក្មេង និង​ទី​៣ ការ​ផ្សព្វផ្សាយ ដូចជា​ការ​បោះពុម្ព​ផ្សាយ​អំពី​ប្រជាធិបតេយ្យ ការ​បើក​វេទិកា​សាធារណៈ​ក្រោយពី​ជំងឺ​កូ​វីដ​-១៩​បាន​បញ្ចប់ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជាដើម។

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៣ តុលា​ឆ្នាំ​២០១៩ បាន​ចុះបញ្ជី​ស្របច្បាប់​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ និង​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ខែ​មករា​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល