មេធាវី​នឹង​ដាក់​លិខិត​សុំ​ឱ្យ​តុលាការ​កំពូល​កំណត់​ថ្ងៃ​ជម្រះ​ក្ដី​លោក រ៉ាត់ រត្នមុនី

ដោយ មាន ឫទ្ធិ
2020-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ
រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី គ្រោង​ដាក់​លិខិត​ដាច់ដោយឡែក​មួយទៀត ទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ កំណត់​ថ្ងៃ​សវនាការ​រឿង​ក្តី​នេះ​ឱ្យ​បាន​ឆាប់។ សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២០ នេះ។

មេធាវី សំ ទិត្យសីហា ឱ្យ​អាស៊ីសេរី​ដឹង​ថា តុលាការ​កំពូល​មិនទាន់​ឆ្លើយតប ឬ​ជូនដំណឹង​អំពី​ថ្ងៃ​ជំនុំជម្រះ​រឿង​ក្តី សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្ន​មុនី នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៩ មករា បន្ទាប់ពី​លោក​បាន​ប្ដឹង​ទាស់​សាលដីកា​សាលាឧទ្ធរណ៍​ដែល​បន្ត​ផ្ដន្ទាទោស​កូន​ក្តី​របស់​លោក តាំងតែ​ពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៩ រួចមក​។ លោក​បន្ត​ថា ទោះបីជា​មិន​មាន​មាត្រា​ណាមួយ​តម្រូវ​ឱ្យ​តុលាការ​កំណត់ពេល​បើក​សវនាការ​ក្រោយ​ទទួល​បាន​បណ្ដឹង​ក្តី ក៏​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​តម្រូវ​ឱ្យ​ការ​ជំនុំជម្រះ​រឿង​ក្តី​ត្រូវ​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ​។ ម្យ៉ាងវិញទៀត លោក​ថា កូន​ក្តី​របស់​លោក​បាន​ជាប់ឃុំ​ជាង​មួយ​ឆ្នាំ​មក​ហើយ ស្រប​ពេល​សាលក្រម​ផ្ដន្ទាទោស​មាន​រយៈពេល ២​ឆ្នាំ ដូច្នេះ​តុលាការ​ត្រូវតែ​ពន្លឿន​សំណុំ​រឿង​នេះ៖ «ការ​ធ្វើ​បណ្តឹង​ឧទ្ធរណ៍ ឬបណ្តឹង​សារទុក្ខ​ហ្នឹង គឺ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​ថយ​ទោស​នៃ​ការ​អនុវត្ត​ ហើយ​បើឧទាហរណ៍​ថា រហូត​ដល់​២ ឆ្នាំជាង ហើយដល់​​រក​​ទៅ​ឃើញថា គាត់​អត់មាន​ទោស​ ឬក៏​ការ​អនុវត្ត​ទោស​គាត់​នៅក្រោម​ហ្នឹង អ៊ីចឹង​វា​អាច​ធ្វើឱ្យទីមួយ ប៉ះពាល់​សិទ្ធិ ទីពីរ គឺ​ផល​ប្រយោជន៍​របស់​ជន​​ជាប់​ចោទ​ហ្នឹង​តែម្តង»។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ពី​បទ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ដោយសារ​លោក​បាន​ជួយ​ផលិត​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា “​ម្ដាយ​ខ្ញុំ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន RT របស់​រុស្ស៊ី​។ ក្រៅពី​ត្រូវ​ជាប់​ពន្ធនាគារ​ហើយ​នោះ តុលាការ​ក៏​តម្រូវ​ឱ្យ​លោក​បង់​សំណង​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ជិត​២ ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។ មេធាវី​លោក រ៉ាត់ រត្នមុនី បាន​ប្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ទៅ​សាលាឧទ្ធរណ៍ ក៏ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​នេះ​ទុក​ជា​បាន​ការ​ដដែល ទោះជា​សវនាការ​ធ្វើឡើង​ដោយ​គ្មាន​វត្តមាន​ដើម​បណ្ដឹង និង​អ្នក​ពាក់ព័ន្ធ​យ៉ាង​ណា​ក្ដី។

ភរិយា​របស់​លោក រ៉ាត់ រត្នមុនី អ្នកស្រី ឡុង គីមហ៊ាង នៅតែ​អះអាង​ថា ស្វាមី​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នេះ​ទេ ហើយ​អ្នកស្រី​បាន​ទទូច​ឱ្យ​តុលាការ​កោះហៅ​ភាគី​សារព័ត៌មាន​រុស្ស៊ី​មក​ចូលរួម​ក្នុង​អង្គ​សវនាការ​ផង​ដែរ​។ អ្នកស្រី​រំពឹង​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី ដោយ​ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ​។ អ្នកស្រី​បន្ថែម​​ថា ការ​បន្ត​ចោទប្រកាន់ និង​ឃុំខ្លួន​ស្វាមី​របស់​អ្នកស្រី​បែបនេះ មានន័យ​ស្មើនឹង​ការ​ជាន់​​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​ដូច្នេះ​ដែរ៖ «ខ្ញុំ​ក៏​កំពុង​តែ​ឆ្ងល់​ មិនដឹង​ថាតើតុលាការ​កំពូល​ហ្នឹង​គាត់​នៅ​រង់​​ចាំអ្វី ឬក៏​គាត់​មាន​បញ្ហាអ្វី ហើយខ្ញុំ​សូម​អំពាវនាវ​ឱ្យ​​តុលាការ​កំពូល​​ពន្លឿន​នីតិវិធី ចាត់​ការ​លើ​សំណុំ​រឿង​​​របស់​ប្តី​ខ្ញុំ ហើយ​សូម​ដោះលែង​​ប្តីខ្ញុំ​ឱ្យ​មាន​សេរីភាព»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល​លោក អ៊ុក គឹមសិទ្ធិ ដើម្បី​សាកសួរ​អំពី​សវនាការ​រឿង​ក្តី​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​១៩ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​លើ​លោក រ៉ាត់ រត្នមុនី ព្រោះ​ពួកគេ​ពិនិត្យ​ឃើញ​ថា សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​លោក​ក៏​មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​នោះ​ដែរ​។ ក្រុម​សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​ជូន​សាធារណជន​។ ពួកគេ​បាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​លោក រ៉ាត់ រត្ន​មុនី និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ទៀត ដែល​ជាប់ចោទ​ក្នុង​យុទ្ធនាការ​បង្ក្រាប និង​គាបសង្កត់​លើ​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល