អង្គការ​លីកាដូ ទាមទារ​ឲ្យ​ស៊ើប​អង្កេត និង​រក​យន្តការ​ដោះ​ស្រាយ ក្រោយ​ពី​ទារិកា​អាយុ ៥ខែ​ម្នាក់​ស្លាប់ ពេល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ "ម២"

ដោយ សុជីវី
2020-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌល​អប់រំ​កែប្រែ​ព្រៃស "ម២"
មណ្ឌល​អប់រំ​កែប្រែ​ព្រៃស "ម២"
រូប៖ អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO)

អង្គការ​លីកាដូ ចេញ​ផ្សាយ​របាយការណ៍​ទាមទារ ​ឲ្យ​ស៊ើប​អង្កេត​ និង​រក​យន្តការ​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​ទារិកា​អាយុ​៥​ខែ​ម្នាក់ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ ក្នុង​ពន្ធនាគារ «ម២» ស្លាប់​ ដោយ​សារ​រលាក​សួត និង​ខ្វះ​អាហារូបត្ថម្ភ នៅ​ពេល​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​រុស្ស៊ី និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

របាយការណ៍​អង្គការ​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៨ កុម្ភៈ ឱ្យ​ដឹង​ថា ទារក​អាយុ ៥ខែ​ម្នាក់ រស់នៅ​ជាមួយ​ម្ដាយ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ (ព្រៃ​ស) បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ ទី២៦ ខែ​មករា នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​ ក្នុង​រាជ​ធានី​ភ្នំពេញ។ អង្គការ​លីកាដូ ថា ការ​ស្លាប់​ដ៏​ខ្លោច​ផ្សារ​នេះ បង្ហាញ​ពី​តម្រូវការ​ចាំបាច់​ សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​អាទិភាព​ សិទ្ធិ​​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​សម្រាប់​ស្ត្រី​ដែល​មាន​កូន​តូច​នៅ​ជាមួយ។

អង្គការ​លីកាដូ បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ទារិកា​អាយុ ៥ខែ ក៏​មាន​រង​របួស​ជា​ទម្ងន់​ដោយ​ការ​បាក់​ឆ្អឹង​ភ្លៅ។ បុគ្គលិក​ពេទ្យ​ នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​នាង​ និង​បាន​បញ្ជូន​នាង​ និង​ម្ដាយ ទៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​។​ បុគ្គលិក​ពេទ្យ​ បាន​ថត​កាំ​រស្មី​អ៊ិច​ និង​បាន​រក​ឃើញ​ថា ទារក​នេះ​ បាន​បាក់​ឆ្អឹង​ភ្លៅ។ លីកាដូ បាន​ដាក់​ឈ្មោះ​ក្រៅ​ទារិកា​នោះ​ថា ទេវី ដើម្បី​​រក្សា​ឯកជន​ភាព​របស់​គ្រួសារ​រងគ្រោះ។

ទេវី​ និង​ម្ដាយ​ជា​ស្ត្រី​ជាប់​ឃុំ ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ដោយ​ខាង​មន្ទីរពេទ្យ​រុស្ស៊ី ​លើក​ហេតុផល​ថា  មិន​មាន​អ្នក​ជំនាញ​ ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេង​បែប​នេះ​ទេ។ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ព្យាបាល​ទេវី​រួច​ហើយ​ក៏​បញ្ជូន​នាង​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បើ​ទោះ​ជា​បុគ្គលិក​ពន្ធនាគារ​បាន​ស្នើសុំ ឲ្យ​ទារិកា​រងគ្រោះ និង​ម្ដាយ​នាង ស្នាក់​នៅ​ពេទ្យ​មួយ​យប់​ ដើម្បី​តាម​ដាន​ស្ថានភាព​ជំងឺ​ក៏​ដោយ។ តែ​បុគ្គលិក​មន្ទីរពេទ្យ​បាន​បដិសេធ​ដោយ​ហេតុផល​គ្មាន​បន្ទប់​ទំនេរ។

អំឡុង​ពេល​មួយសប្ដាហ៍​ក្រោយ​មក​ ស្ត្រី​ជា​ម្ដាយ​បាន​កត់​សម្គាល់​ឃើញ​ថា ទេវី​ ​មាន​អាការៈ​ក្ដៅ​ខ្លួន​ និង​ក្អក​ជា​ប្រចាំ។​ មន្រ្តី​ពន្ធនាគារ​បាននាំ​ ទេវី​ ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ។​ វេជ្ជបណ្ឌិត​នៅ​ទី​នោះ​បាន​ជួប​ជាមួយ​ ទេវី​ និង​ម្ដាយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មុន​ពេល​កំណត់​ការ​ណាត់​ជួប​តាមដាន​ជំងឺ​នៅ​៣​សប្ដាហ៍​ក្រោយ។​ ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា​ នាង​អស់​ថ្នាំ​ ដែល​បាន​ផ្ដល់​ឱ្យ ​ទេវី លេប​​កាល​ពី​លើក​មុន​ហើយ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​មិន​បាន​ឱ្យ​ថ្នាំ​លេប​បន្ថែម​សម្រាប់ ទេវី ទេ។

ត្រឹម​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ២០២០ ទេវី​ មាន​ការ​ពិបាក​ដកដង្ហើម។​ ម្ដាយ​របស់​នាង​ បាន​កត់​សម្គាល់​ឃើញ​ថា ទេវី ចាប់​ផ្ដើម​បាត់បង់​ស្មារតី​ និង​បាន​ប្រាប់​ទៅ​មន្ត្រី​ពន្ធនាគារ​ភ្លាមៗ។ បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២ ឬ​គុក​ព្រៃ​ស បាន​ដាក់​សេរ៉ូម​ឱ្យ ទេវី និង​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ ជា​កន្លែង ​ដែល​គ្រូពេទ្យ​នៅ​ទីនោះ​សម្អាត​ស្លេស្ម​ និង​ថត​កាំរស្មីអ៊ិច​ សួត​របស់​នាង។​ ទេវី​ និង​ម្ដាយ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​មួយ​យប់​នៅ​ក្នុង​មន្ទីរពេទ្យ។​

លុះ​ដល់​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មករា​ ទេវី ​ពិបាក​ដកដង្ហើម​ជា​ខ្លាំង។ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ ជា​កន្លែង​ ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យក​ស្លេស្ម​ចេញ​ពី​សួត​របស់​នាង​ និង​បាន​ធ្វើ​ចលនា​បេះដូង​ ប៉ុន្តែ​នាង​នៅ​តែ​មិន​ដឹង​ខ្លួន។ បន្ទាប់​មក ទេវី ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទូ​កញ្ចក់ បំពាក់​អុកស៊ីហ្សែន។ ៣នាទី​ក្រោយ​មក​ នាង​ក៏​បាន​ស្លាប់​បាត់​បង់ជីវិត។ ការ​ធ្វើ​កោសល្យវិច័យ​សាកសព​បាន​បង្ហាញ​ថា ទេវី ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារូបត្ថម្ភ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត និយាយ​ថា ការ​ស្លាប់​របស់​ទារិកា​អាយុ ៥ខែ ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ បង្កើត​ឲ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន។លោក​ថា ខាង​មន្ទីរ​ពេទ្យ ហាក់​គ្មាន​ការ​សហការ​ល្អ ជាមួយ​មន្ត្រី​ពន្ធនាគារ និង​បាន​​បញ្ចូល​ទារិកា​ចុះ​ឡើង ​ពី​មន្ទីរ​ពេទ្យ​មួយ​ទៅ​មួយ និង​ការ​បញ្ជូន​ទៅ​ក្នុង​ពន្ធនាគារ​វិញ៖ «ទទូច​ថា ឲ្យ​មាន​ការ​សិក្សា​​ឲ្យ​បាន​ច្បាស់​លាស់ ទៅ​លើ​ការ​ស្លាប់​របស់​ទារក​ហ្នឹង ហើយ​រក​យន្ត​ការ​ក្នុង​ការ​ទប់​ស្កាត់ ហើយ​បង្កើន​​ធ្វើ​ម្ដេច ឲ្យ​មាន​ការ​សហប្រតិបត្តិការ​រវាង​មន្ទីរ​ពេទ្យ ជាមួយ​នឹង​ការ​ទទួល​ទារក​ ក្នុង​ការ​ព្យាបាល។ ជា​ពិសេស​ ជាមួយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ហ្នឹង​ថា យ៉ាង​ហោច ក៏​បាន​សម្រាក ២៤ម៉ោង ក្នុង​ការ​តាមដាន»

បើ​ទោះ​ជា ទារិកា​រងគ្រោះ​ស្លាប់​ជិត ១ខែ​មក​ហើយ តែ​អគ្គ​នាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្លាប់​របស់​ទារិកា​នេះ​ទេ។ លោក​ថា មន្ត្រី​ពន្ធនាគារ បាន​ផ្ញើ​របាយការណ៍​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ តែ​លោក​ថា លោក​ផ្ទាល់​ ទើប​​បាន​ទទួល​ដំណឹង​តាម​រយៈ​​របាយការណ៍​អង្គការ​លីកាដូ នៅ​ថ្ងៃ​ទី១៨ កុម្ភៈ នេះ​ទៅ​វិញ ដូច្នេះ​លោក​ថា លោក​មិន​ទាន់​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោក​ស្នើសុំ​ពេល​វេលា​ ដើម្បី​ស៊ើប​អង្កេត និង​បញ្ជាក់​ករណី​នេះ៖ «ខ្ញុំ​កំពុង​ស្រាវជ្រាវ​រឿង​ហ្នឹង​ដែរ ហើយ​កំពុង​ទាក់ទង​ទៅ​ខាង​មណ្ឌល​កែប្រែ​ម២​ហ្នឹង​ដែរ ហើយ​យ៉ាង​ណាៗ ខ្ញុំ​ទាល់​តែ​ស៊ើប។ ខ្ញុំ​ទើប​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ ព្រោះ​ព័ត៌មាន​ហ្នឹង ទើប​ចេញ​ថ្មីៗ​ហ្នឹង​ទេ។ អ៊ីចឹង ​ក៏​ខ្ញុំ​កំពុង​ទាក់ទង​ទៅ ម២។ យ៉ាង​ណាៗ ខ្ញុំ​សុំ​ទទួល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន បាន​ខ្ញុំ​អាច​បកស្រាយ​កើត​រឿង​ហ្នឹង​ណា»

ម្ដាយ​របស់​ទារិកា​រង​គ្រោះ​ ត្រូវ​បាន​គេ​បញ្ជូន ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា ស្ត្រី​ពពោះ ៨ខែ​រូប​នោះ បាន​កាន់កាប់​កញ្ចប់​ថ្នាំ​ញៀន ប្រភេទ​មេតាហ្វេតាមីន​ ដែល​មាន​តម្លៃ​មួយ​ម៉ឺន​រៀល ឬ ២.៥ដុល្លារ​អាមេរិក។ ជាង​កន្លះ​ឆ្នាំ​មក​នេះ តុលាការ​មិន​ទាន់​បើក​សវនាការ​ជម្រះ​ក្ដី លើ​ស្ត្រី​ ជា​ម្ដាយ​ទារិកា​រងគ្រោះ​នេះ​ទេ។ អ្នកស្រី ក៏​​មិន​ត្រូវ​បាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយ​ក៏​មិន​បាន​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ផង​ដែរ។

ការ​អូស​បន្លាយ​សំណុំ​រឿង​របស់​មន្ត្រី​តុលាការ ត្រូវ​បាន​សង្គម​ស៊ីវិល រិះគន់​ជា​រឿយ ប៉ុន្តែ​ហាក់​គ្មាន​ការ​កែប្រែ​ឡើយ។ លោក អំ សំអាត យល់​ថា តុលាការ ​មិន​គួរ​ឃុំ​ខ្លួន​មនុស្ស ដោយសារ​តែ​ហេតុផល​តូចតាច​ទេ។ លោក​ថា ក្រៅពី​នេះ តុលាការ​គួរ​តែ​ពន្លឿន​នីតិវិធី​ឲ្យ​បាន​ឆាប់ គឺ​គ្រប់​សំណុំ​រឿង​ទាំង​អស់ និង​ត្រូវ​​ឲ្យ​ជន​ជាប់​ចោទ យល់​ដឹង​ពី​សិទ្ធិ​តាម​ផ្លូវ​ច្បាប់។

អង្គការ​លីកាដូ អះអាង​ថា បច្ចុប្បន្ន​មាន​កុមារ​ចំនួន ១០៣នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៣នាក់ កំពុង​ជាប់​ឃុំ នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១៨កន្លែង ហើយ​អង្គការ​លីកាដូ កំពុង​ធ្វើការ​ឃ្លាំមើល។ តួលេខ​នេះ​កើន​ឡើង​ស្ទើរ​តែ ២ដង គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៧ មក។ ចំពោះ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ដែល​ជា​ពន្ធនាគារ​តែ​មួយ​គត់​សាងសង់​ឡើង​សម្រាប់​ដាក់​អ្នក​ទោស ជា​ស្ត្រី និង​កុមារ និង​អាច​ផ្ទុក​អ្នក​ជាប់​ឃុំ​ ជា​ផ្លូវការ​ត្រឹម​តែ ៣៥០នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នេះ​រហូត​ជិត​ពីរ​ពាន់ (.៨៥០)នាក់។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​អំពាវនាវ​ឱ្យ​បង្កើត​គណៈកម្មាធិការ ដើម្បី​ផ្ដល់​ការ​លើក​លែង​ទោស​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ជាប់ពន្ធនាគារ​ ដែល​មាន​កូន​តូច​រស់​នៅ​ជាមួយ។ លោក​ ក៏​ធ្លាប់​​​​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី​ ពិនិត្យ​ឡើងវិញ​ពី​ស្ថានភាព​ស្ត្រី​ជាប់​ឃុំ​ក្នុង​ដំណាក់​កាល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ។ ប៉ុន្តែ នោះ​ទំនង​ គ្រាន់​តែ​ជា​សំដី​និយាយ​ឱ្យ​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ។

ថ្មីៗ នេះ​ទៀត ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ នៅ​ថ្ងៃ​ទី១៧ កុម្ភៈ លោក​ ហ៊ុន សែន ក៏​ជំរុញ​ម្ដង​ទៀត ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ តាម​ដាន​រឿង​ស្ត្រី​ជាប់​ឃុំ ដើម្បី​ពន្លឿន​ការ​កាត់​ទោស​ឱ្យ​បាន​ឆាប់ ហើយ​ស្នើ​ឱ្យ​ជួល​សណ្ឋាគារ​ ដើម្បី​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​មាន​កូន​តូច​រស់​នៅ​ក្នុង​ពន្ធនាគារ​ ប្រសិនបើ​សាល​សវនាការ​​មិន​គ្រប់។

លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ជួយ​សម្រួល​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​មាន​កូន​តូច ជាប់​ឃុំ​ជាមួយ​គ្នា។ លោក​ថា ភាព​យឺតយ៉ាវ​នេះ កើត​ឡើង ដោយសារ​នីតិវិធី និង​ការ​ស៊ើប​អង្កេត​របស់​តុលាការ៖ «យើង​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង វា​ស្ថិត​​នៅ​ក្នុង​ភាព​យឺតយ៉ាវ។ អ៊ីចឹង​ហើយ បាន​ម្សិល​មិញ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​​ជាតិ ដើម្បី​ស្ត្រី សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី លោក​បាន​រំលឹក​ពី​រឿង​ហ្នឹង​ទៀត ហើយ​ថា បើ​ខ្វះ​សាល​សវនាការ​ លោក​ថា អាច​ជួល​បន្ទប់​សណ្ឋាគារ​ធ្វើ​សវនាការ​ហ្នឹង​ណា ទាក់ទង​រឿង​សវនាការ​រឿង​ស្ត្រី នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង ជា​ពិសេស​ស្ត្រី​ដែល​ពពោះ ស្ត្រី​ដែល​មាន​កូន​រស់​នៅ​តាម​ម្ដាយ​ហ្នឹង»

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​លីកាដូ ទទូច​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ធានា ថា ​មិន​ឲ្យ​កើត​មាន​ករណី​កុមារ​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ ស្លាប់ ឬ​រងគ្រោះ​បន្ត​ទៀត៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល