អង្គការសង្គម​ស៊ីវិល​ជាង ១៣០ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់​ឃុំ និង​បញ្ឈប់​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ ទីន ហ្សាការីយ៉ា
2020-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ៩៩.៧៥ និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន​»​ ក្នុង​កម្មវិធីផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក នា​ពេល​កន្លង​មក។
លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​អេហ្វអឹម ៩៩.៧៥ និង​ម្ចាស់​គេហទំព័រ​ហ្វេសប៊ុក «រិទ្ធិសែន​»​ ក្នុង​កម្មវិធីផ្សាយផ្ទាល់​តាម​ហ្វេសប៊ុក នា​ពេល​កន្លង​មក។
Screenshot

អង្គការ​សង្គម​ស៊ីវិល​ជាង ១៣០ស្ថាប័ន ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ ដោយ ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ថា គឺ​កំពុង​តែ​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​ទៅ​វិញ។

អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល​ដោះ​លែង លោក សុខ ឧត្តម និង លោក សុវណ្ណ រឹទ្ធី និង​សូម​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែល​មិន​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ផ្សេង​ទៀត ចៀស​វាង​មិន​ឱ្យ​ពួក​គេ ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ដោយសារ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួក​គេ​ឡើយ។

លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​ជាង ១៣០ស្ថាប័ន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៨ ឧសភា រៀបរាប់​ថា កាល​ពី​សប្ដាហ៍​មុន នគរបាល​បាន​ចាប់​ខ្លួន​ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​នៅ​ខែត្រ​កំពង់ឆ្នាំង គឺ​លោក សុខ ឧត្ដម ចោទប្រកាន់ ពី​បទ “ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ជា​អាទិ៍” ។ មុន​ពេល​ចាប់​ខ្លួន​ម្ចាស់​ស្ថានីយ​វិទ្យុ​រួប​នេះ​មួយ​ថ្ងៃ ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​លោក គឺ​ស្ថានីយ​វិទ្យុ​រឹទ្ធីសែន និង​គេហទំព័រ​វិទ្យុ​នេះ បើ​ទោះ​បី​ជា​លោក សុខ ឧត្តម មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ណា​មួយ​នៅ​ពេលនោះ​ក៏​ដោយ។ លោក សុខ ឧត្ដម ត្រូវ​បាន​គេ​កត់​សម្គាល់​ថា លោក​បាន​រាយការណ៍​ពី​ករណី​ជម្លោះ​ដីធ្លី​យ៉ាង​សកម្ម​ពិសេស​ករណី​ជម្លោះ​ដីធ្លី ដែល​អូស​បន្លាយ​ពេល​យូរ​មក​ហើយ រវាង​សហគមន៍​កសិករ​មូលដ្ឋាន និង​មន្ត្រី​ថ្នាក់​ស្រុក​ដ៏​មាន​ឥទ្ធិពល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១៣០ស្ថាប័ន​នេះ មាន​ដូច​ជា អង្គការ​ព្រះពុទ្ធ​សាសនា​សម្រាប់​សន្តិភាព អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR អង្គការ​លីកាដូ Licadho និង​អង្គការ​សហគមន៍​ជា​ច្រើន​ទៀត។

នាយក​រង​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា វិស័យ​សារ​ព័ត៌មាន គឺ​ជា​អំណាច​ទី៤ ដែល​ជា​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សង្គម ដែល​រដ្ឋ​ត្រូវ​ធានា​សិទ្ធិ​របស់​ពួក​គាត់​ក្នុង​ការ​ចុះ​ផ្សាយ​ពី​ការ​ពិត​នៅ​ក្នុង​សង្គម៖ «កន្លង​មក​យើង​ឃើញ​ថា ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន និង​អតីត​អ្នក​សារ​ព័ត៌មាន ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​ឡើយ បើ​យើង​មើល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​វិញ គឺ​អំណាច​មាន​បី អំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ហើយ​គេ​ថែម​មួយ​ទៀត គឺ​អំណាច​សារ​ព័ត៌មាន​ជា​អំណាច​ទី៤ ដែល​ជា​អំណាច​ធ្វើ​ការ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម»

សេចក្ដីថ្លែងការណ៍នេះ បន្ថែមថា ការ​ចាប់​ឃុំ​ខ្លួន​លោក សុខ ឧត្តម និង​ការ​បិទ​វិទ្យុ និង​គេហទំព័រ​របស់​លោក​យ៉ាង​ឆាប់រហ័ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចាប់ខ្លួន លោក សុវណ្ណ រឹទ្ធី នាយក​ទូរទស្សន៍​អនឡាញ​ធីវីអ្វេហប៊ី (TVFB) កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​ក្រោយ​ពី​លោក​បាន​ស្រង់​សំដី​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា ក្នុង​អំឡុង​ពេល​រាតត្បាត ជា​សកល​នៃ​ជំងឺ​កូវីដ១៩ រដ្ឋាភិបាល​មិន​មាន​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូ​ឌុប​ទេ ហើយ​លោក​ណែនាំ​ឱ្យ​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប ដែល​ក្ស័យធន លក់​យាន​ជំនិះ ឬ​ម៉ូតូ​ចាយ​សិន​ទៅ។

លោក សុវណ្ណ រឹទ្ធី បាន​បង្ហោះ​សម្រង់​សំដី​លោក ហ៊ុន សែន នេះ​ឡើង​វិញ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក។ ការ​បង្ហោះ​នេះ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ គឺ​នៅ​ថ្ងៃ​ទី៧ មេសា ឆ្នាំ២០២០។ តុលាការ​ចោទ​ប្រកាន់​លោក សុវណ្ណ រឹទ្ធី ពី​បទ “ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ ជា​អាទិ៍” ដូចគ្នា។ ក្រសួង​ព័ត៌មាន​ក៏​លុប​ចោល​អាជ្ញាប័ណ្ណ​គេហទំព័រTVFB របស់​លោក​ក្រោយ​ពី​ការ​ចាប់​ខ្លួន​មួយ​ថ្ងៃ។ ទាំង​លោក សុវណ្ណ រឹទ្ធី និង លោក សុខ ឧត្តម​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ បើ​សិន​ជា​តុលាការ​ផ្ដន្ទាទោស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ណា​ម្នាក់ ដោយសារ​ការ​ស្រង់​សំដី​ផ្ទាល់​ជា​សាធារណៈ​របស់​ប្រមុខ​រដ្ឋាភិបាល អំពី​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ថា រដ្ឋាភិបាល​កំពុង​តែ​ផ្ញើ​សារ​យ៉ាង​ច្បាស់​ថា រាល់​ការ​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ អាច​ប្រឈម ឬ​នឹង​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់​ទុក​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដោះលែង​អ្នក​សារ​ព័ត៌មាន​នេះ​ថា ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ប្រព្រឹត្តិ​ទង្វើ​ខុស​ច្បាប់​ទៅ​វិញ៖ «ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល​ទាំង​អស់​នោះ គឺ​ហាក់​បី​ដូច​ជា​ចូលរួម​ជាមួយ​អ្នក​សារព័ត៌មាន​បំពាន់​ច្បាប់​របស់​កម្ពុជា ហើយ​ការ​ដែល​ចង់​ជួយ​នោះ មាន​តែ​មួយ​ទេ គឺ​ការ​ចូលរួម​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ជា​ធរមាន​របស់​កម្ពុជា»

ចំណែក​នាយក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន(Reporter Without Border) លោក ដានីញ៉ែល បាស្តាត (Daniel Bastard) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​កាល​ពី​ខែ​មេសា​ថា ការ​ចាប់​អ្នកកាសែត​ដាក់គុក ដោយសារតែ​បាន​ស្រង់​ប្រសាសន៍​ដើម​របស់​នាយករដ្ឋមន្ត្រី គឺជា​រឿង​ចម្លែក​។ លោក​បន្ត​ថា វិបត្តិ​ជំងឺ​កូវីដ​១៩ មិន​គួរ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា យក​មក​ប្រើ​ប្រាស់​ធ្វើជា​លេស ដើម្បី​កម្ចាត់​ក្រុម​អ្នកសារព័ត៌មាន ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះ​ឡើយ។

នាយក​រង​អង្គការ​លីកាដូ​ទទួល​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ ចំពោះ​សេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ភ័យ​ខ្លាច​នៅ​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។

ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​ឆ្នាំ២០២០នេះ បាន​បន្ត​ធ្លាក់​ចុះ​កាន់តែ​អាក្រក់​មួយ​កម្រិត​ទៀត គឺ​មក​នៅ​លេខ១៤៤  ក្នុងចំណោម​ ១៨០​ប្រទេស។

របាយការណ៍​របស់​ក្រុម​អង្គការ​ស៊ីវិល​ឱ្យ​ដឹង​ដែរ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌មាន​ជាង ១០នាក់ ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ និង​សាក ដោយសារ​តែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួក​គេ នៅ​ដើម​ឆ្នាំ២០២០ នេះ។ អង្គការ​សិទ្ធិមនុស្ស​ថា ការ​បន្ត​ចាប់ និង​ឃុំ​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​សារ​ព័ត៌មាន ដែល​ហ៊ាន​សរសេរ​រិះគន់ គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល