សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​ទាម​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី

ដោយ មួង ណារ៉េត
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។
អតីត​បុគ្គលិក​អាស៊ី​សេរី លោក អ៊ូន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពេល​ទៅ​សវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៩។
រូប៖ Radio Free Asia

ក្រុម​​សង្គម​​ស៊ីវិល​​ជិត ៤០ស្ថាប័ន ខក​ចិត្ត​ចំពោះ​ការ​បន្ត​​នីតិវិធី​ស៊ើប​អង្កេត​លើ​សំណុំ​​រឿង​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង​ សុធារិន្ទ។ ក្រុម​សង្គម​ស៊ីវិល​​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ​ជា​បន្ទាន់ ពីព្រោះ​អតីត​​អ្នក​សារព័ត៌មាន​​ទាំងពីរ​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ក្រុម​អង្គការ​ជាតិ​​ និង​​អន្តរជាតិ​ចំនួន ៣៨ស្ថាប័ន យល់​ឃើញ​ដូច​គ្នា​ថា ការ​ស៊ើបអង្កេត​បន្ថែម​ក្នុង​​សំណុំ​រឿង​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី បង្ហាញ​ថា តុលាការ​ខ្វះ​ភស្តុតាង​ដាក់​បន្ទុក​​លើ​បទ​ចោទ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ហើយ​ក៏​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​សេរីភាព​បញ្ចេញ​មតិ​ និង​សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា​ផង​ដែរ។

ក្រុម​សង្គម​ស៊ីវិល​លើក​​ឡើង​នៅ​​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា នៅ​ថ្ងៃ​ទី៤ តុលា​ថា បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់​ឡើយ។ ផ្ទុយ​ទៅវិញ បទ​ចោទ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​​ប្រាស់​ជា​មធ្យោបាយ​ដាក់​ពិន័យ​ទៅលើ​ការ​អនុវត្ត​ដោយ​ត្រឹម​ត្រូវ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​​ជា​ការ​បំបិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ ដែល​ហ៊ាន​ផ្សាយ​រិះគន់​រដ្ឋាភិបាល។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ចូល​រួម​ថ្លែងការណ៍​ទាម​ទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប មាន​ដូច​ជា សមាគម អាដហុក (ADHOC) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​សង់ត្រាល់ (CENTRL) សមាគម​គ្រូ​​បង្រៀន​​កម្ពុជា​ឯករាជ្យ សមាគម​បណ្ដាញ​​យុវជន​កម្ពុជា អង្គការ​លើក​​លែង​ទោស​អន្តរជាតិ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន គណៈកម្មការ​ក្រុម​​អ្នក​ច្បាប់​អន្តរជាតិ ព្រម​ទាំង​អង្គការ​សមាគម​ជាច្រើន​ផ្សេង​ទៀត។

ក្រុម​សង្គម​ស៊ីវិល​ថ្លែង​ទៀត​ថា ការ​មិន​ចេញ​សាលក្រម​រឿង​ក្តី​នេះ បង្ហាញ​ថា តុលាការ​ខ្វះ​ភស្តុតាង​រឹងមាំ​ប្រឆាំង​នឹង​អ្នក​ទាំង​ពីរ ហើយ​ចំណាត់​ការ​កន្លង​មក គឺជា​ការ​បំពាន​យ៉ាង​ខ្លាំង​លើ​សេរីភាព សន្តិសុខ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួក​គេ​ទាំងពីរ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បញ្ចេញ​ប្រតិកម្ម​បែប​នេះ ដោយ​សារ​តែ​តុលាការ​ក្រុង​ភ្នំពេញ​មិន​ព្រម​ចេញ​សាលក្រម​អង្គ​សេចក្ដី​ដូច​ការ​គ្រោង​ទុក ប៉ុន្តែ​បែរ​ជា​​ចេញ​សាលក្រម​ “ចាត់​របៀប” ដោយ​បញ្ជា​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ស៊ើបអង្កេត​បន្ថែម លើ​អង្គហេតុ​មួយ​ចំនួន​ទៀត​ទៅវិញ ស្រប​ពេល​សំណុំ​រឿង​នេះ​បាន​​អូស​បន្លាយ​ជិត ២ឆ្នាំទៅ​ហើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា តុលាការ​មាន​សិទ្ធិ​បើក​ការ​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំ​រឿង​ ប្រសិន​បើ​តុលាការ​យល់​ថា នៅ​មាន​ចំណុច​មិន​ច្បាស់លាស់ ឬ​មាន​ការ​លេច​ចេញ​នូវ​ភស្តុតាង​ថ្មី​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ក្តី៖ «ការ​លើក​​ឡើង​របស់​សង្គម​​ស៊ីវិល​នេះ មិន​មាន​មូលដ្ឋាន​ច្បាប់ ហើយ​ក៏​មិន​ស្រប​ទៅ​នឹង​នីតិវិធី​តុលាការ​ដែល​មាន​ជា​ធរមាន​ដែរ បាន​ន័យ​ថា ការ​ចាត់​របៀប​ទៅ​ចៅក្រម​ស៊ើបសួរ​នេះ​​ មិន​មែន​ក្នុង​ន័យ​ដើម្បី តែ​ដាក់​បន្ទុក​​ ឬក៏​ដើម្បី​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ជាប់​ចោទ​ទេ គឺ​ដើម្បី​ធ្វើ​ការ​ស៊ើប​សួរ​បន្ថែម​ទៀត​ ដើម្បី​​ធានា​ថា ការសម្រេច​សេចក្តី​ហ្នឹង​វា​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​ត្រឹម​ត្រូវ​ពិតប្រាកដ»

ទោះ​ជា​យ៉ាង​ណា មេធាវី​ការពារ​ក្តី​ឱ្យ​​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប​ គឺ​លោក សំ ចំរើន ថ្លែង​ថា ផ្អែក​លើ​គោល​ការណ៍​ច្បាប់ និង​​ការ​សន្មត​ទុក​​ជា​មុន​ថា គ្មាន​ទោស តុលាការ​គួរ​តែ​សម្រេច​ឱ្យ​កូន​ក្តី​​របស់​លោក​បាន​រួច​ផុត​ពី​បទ​ចោទ​ប្រកាន់ ព្រោះ​សវនាការ​នា​ពេល​​កន្លងមក​ តុលាការ​គ្មាន​ភស្តុតាង​បង្ហាញ​ពី​​ពិរុទ្ធភាព​របស់​​ពួក​គេ​ឡើយ៖ «កាល​ណា​ភស្តុតាង​ផ្សេងៗ មិន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ពេល​សវនាការ​ទេ សន្មត​ថា មិន​មាន​ទេ ភស្តុតាង​ហ្នឹង អង្គហេតុ​ហ្នឹង​ក៏​គ្មាន​ដែរ។ អ៊ីចឹង​ផ្អែក​លើ​គោល​ការណ៍​​សន្មត​ថា គ្មាន​ទោស វិមតិសង្ស័យ​ត្រូវ​បាន​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ។ អ៊ីចឹង​បើ​មិន​មាន​ការ​បង្ហាញ​​នៅ​ពេល​អង្គ​សវនាការ មាន​ន័យ​ថា មិន​មាន​ភស្តុតាង។ មិន​មាន​ភស្តុតាង ជន​ជាប់​ចោទ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់ អ៊ីចឹង​តុលាការ​ត្រូវ​សម្រេច​ដល់​អង្គ​សេចក្ដី​ថា ជន​ជាប់​ចោទ​គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ និង​គ្មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​​នា​ពេល​កន្លងមក។ នោះ​ទើប​ជា​រឿង​ដែល​សម​ស្រប​ទៅតាម​នីតិវិធី​ច្បាប់ និង​ភាព​យុត្តិធម៌​សម្រាប់​​កូន​ក្ដី​ខ្ញុំ»

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​​ យាង សុជាមេត្តា បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ “ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​​ជាអាទិ៍ ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត​​វីដេអូ​អាសអាភាស”។ តុលាការ​បាន​ឃុំ​ខ្លួន​អ្នក​​ទាំង​ពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ទោះ​ជា​យ៉ាង​ណា តុលាការ​​នៅ​រក្សា​ទុក​វត្ថុ​ចាប់​យក និង​​លិខិត​ឆ្លងដែន​របស់​អ្នក​​ទាំងពីរ​ដដែល ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរ​ហើរ​ដូច​ពលរដ្ឋ​ទូទៅ​នោះ​ឡើយ។

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ស្ដីពី​​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត បាន​ពិនិត្យ​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​នេះ ត្រូវ​បាន​ដក​ហូត​សិទ្ធិ​សេរីភាព​ដោយ​​បំពាន​ តាម​រយៈ​ការ​ឃុំ​ខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ អង្គការ​សហប្រជាជាតិ​អះអាង​ថា គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ ​ដែល​អាច​យក​មក​ប្រើ ដើម្បី​ដក​ហូត​សេរីភាព​របស់​អ្នក​ទាំង​ពីរ​បាន​ឡើយ ហើយ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ ​ផ្ដើម​ចេញ​ពី​ការ​អនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​សេរីភាព​ផ្នែក​​គំនិត និង​ការ​បញ្ចេញ​មតិ។ ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​បាន​រំលោភ​បំពាន​យ៉ាង​​ធ្ងន់ធ្ងរ​លើ​​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​របស់​អ្នក​​ទាំង​ពីរ។ អង្គការ​សហប្រជាជាតិ​បាន​ស្នើ​​របប​លោក ហ៊ុន សែន ឱ្យ ​ដោះ​លែង​អ្នក​ទាំងពីរ​ ដោយ​ឥត​លក្ខខណ្ឌ និង​បើក​សិទ្ធិ​ឱ្យ​ពួក​គេ​ទាម​ទារ​សំណង និង​ការ​ជួស​ជុល​សំណង​ក្នុង​សំណុំ​រឿង​នេះ​វិញ

ក្រុម​​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​យល់​ថា សំណុំ​រឿង​អតីត​អ្នក​​យក​ព័ត៌មាន​អាស៊ី​សេរី​នេះ គឺ​ជា​ករណី​មួយ​ក្នុង​របត់​នៃ​ការ​យាយី​ផ្នែក​ច្បាប់​លើ​ស្ថាប័ន​ព័ត៌មាន សង្គម​ស៊ីវិល សមាជិក​បក្ស​ប្រឆាំង សកម្មជន​ និង​​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​របប​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​គំរាម​កំហែង និង​ទង្វើ​រំលោភ​បំពាន​នេះ​ត​ទៅ​ទៀត។ ក្រៅ​ពី​នេះ ពួក​​គេ​ជំរុញ​របប​លោក ហ៊ុន សែន ​ឱ្យ​បង្កើត​បរិយាកាស​​ល្អ​ប្រសើរ​សម្រាប់​សារព័ត៌មាន​សេរី និង​ពហុនិយម និង​សង្គម​​ស៊ីវិល​មួយ​​ដែល​អាច​ធ្វើ​ការងារ​បាន​យ៉ាង​ពេញលេញ​ស្រប​តាម​កាតព្វកិច្ច​របស់​កម្ពុជា ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល