អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ភាព​មិន​ប្រក្រតី​ ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ដោយ សុជីវី
2020-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហឹម គីរី ជា​សាក្សី ឃើញ​មន្ត្រី​អាវុធហត្ថ​វាយ​ដំ​លោក ទុយ ស្រស់ រហូត​ដល់​វង្វេង​​​លែង​ដឹង​ខុស​ត្រូវ​ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៩ ដោយសារ​ឡូឡា និង​រត់​ចុះ​រត់​ឡើង​រំខាន​អ្នក​ជាប់​ឃុំ​នៅ​ទី​នោះ។
លោក ហឹម គីរី ជា​សាក្សី ឃើញ​មន្ត្រី​អាវុធហត្ថ​វាយ​ដំ​លោក ទុយ ស្រស់ រហូត​ដល់​វង្វេង​​​លែង​ដឹង​ខុស​ត្រូវ​ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ២០១៩ ដោយសារ​ឡូឡា និង​រត់​ចុះ​រត់​ឡើង​រំខាន​អ្នក​ជាប់​ឃុំ​នៅ​ទី​នោះ។
រូប៖ ពលរដ្ឋ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្រាវជ្រាវ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ក្នុង​ករណី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ពេល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ថ្ងៃ​ទី១ មករា។ រី​ឯ​សាក្សី ដែល​ឃើញ​ផ្ទាល់​ភ្នែក អះអាង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ការ​វាយ​ដុំ​របស់​សមត្ថកិច្ច​ មិន​មែន​ស្លាប់​ដោយ​សារ​ខ្យល់​គ​ដូច​ក្នុង​របាយការណ៍​របស់​អាជ្ញាធរ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​​ទទូច​ឱ្យ​តុលាការ​ស្រាវជ្រាវ​ស៊ីជម្រៅ​ និង​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជន​រង​គ្រោះ។

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម អាដហុក ថា តាម​ការ​ស៊ើប​អង្កេត សង្គម​ស៊ីវិល​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​ទារុណកម្ម។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ​បុគ្គល​របស់​លោក​បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ថ្ងៃ​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​​ដោយ​ការ​វាយ​ដុំ​របស់​សមត្ថកិច្ច​ ពីព្រោះ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​លើ​ដង​ខ្លួន​សាកសព​​ជា​ច្រើន​កន្លែង។ លោក​បន្ត​ថា សាក្សី​ជា​ច្រើន​នាក់ បាន​បញ្ជាក់​ស្រដៀង​គ្នា​ថា សមត្ថកិច្ច​វាយ​ទាត់​ធាក់ ទៅ​លើ​លោក ទុយ ស្រស់ ម្ដង​ហើយ​ម្ដង​ទៀត ក្រោយ​មក​ជនរងគ្រោះ​ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ​ចុក​ចាប់​រហូត​ដល់​ស្លាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់ ពីព្រោះ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​របាយការណ៍​ខុស​ពី​ការ​ពិត៖ «បើ​ជា​គោលការណ៍​ច្បាប់​អត់​អាច​ទេ​ បើ​សិន​ជា​គេ​រក​ឃើញ​ថា​អ្នក​ហ្នឹង ជា​សមត្ថកិច្ច​ទៅ​ទៀត​ រឹត​តែ​មាន​ស្ថាន ទម្ងន់​ទោស​ហើយ​ជនសង្ស័យ​ហ្នឹង​គឺ ត្រូវ​តែ​ធ្វើ​ការ​ផ្ដន្ទាទោស​តាម​ច្បាប់។ សមាគម អាដហុក យើង​នឹង​បន្ត​តាមដាន​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​បន្ត​ទៀត​ក្នុង​រឿង​នេះ​ ហើយ​យើង​នឹង​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​លាស​ ដើម្បី​រក​យុត្តិធម៌​ទៅ​ដល់​ជន​រងគ្រោះ​និង​គ្រួសារ​ផង និង​បី​យុត្តិធម៌​សង្គម​ផង​ ព្រោះ​យើង​ចង់​ឃើញ​សង្គម​យើង​មាន​ការ​អនុវត្ត​ច្បាប់​មាន​នីតិ​រដ្ឋ​ត្រឹមត្រូវ»

លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ជ្រៃ​ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់ ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​​​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩។ កាល​ណោះ​ សមត្ថកិច្ច​បាន​ចាប់​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ៥នាក់​យក​ទៅ​សាកសួរ​ ដោយសារ​តែ​ពួក​គេ​លើក​គ្នា​តវ៉ា​​​​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ដី​ទំនាស់​ដី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយ​ចេក។ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ​នោះ ប្រជា​ពលរដ្ឋ​ជាង​ ១០០​នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ចេញ​ទៅ​ជួប​ពួកគាត់​ពន្យល់​អំពី​មូលហេតុ​ដែល​មិន​ឱ្យ​ពួកគាត់​កាន់​កាប់​លើ​ដី​ទំនាស់ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ។ ពេល​នោះ​ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​ដែរ​ ដោយ​​រង់ចាំ​​ក្បែរ​របង​សាលា​ខេត្ត​ ហើយ​រហូត​ដល់​ម៉ោង ២រសៀល​ថ្ងៃ​ដដែល ស្រាប់​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់​​​ទៅ​បង្ក្រាប​​ពួក​គាត់ និង​ចាប់​បាន​មនុស្ស ៥នាក់ យក​ទៅ​ឃុំ​ខ្លួន​តែ​ម្ដង។

សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ម្នាក់ លោក អាន រួន ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​នេះ​បាន​ចាប់​លោក​អូស​យក​ទៅ​វាយ​ទាត់​ធាក់​នៅ​ទីបញ្ជាការ​អាវុធហត្ថ ដោយសារ​ខឹង​ពួក​លោក​តវ៉ា​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក​បញ្ជាក់​ថា ពួកគាត់​​៥​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​គឺ មាន​ម្នាក់​បាន​ស្លាប់ ដោយសារ​សមត្ថកិច្ច​ដាក់​ខ្នោះ​ដៃ​រួច​ទាត់​ទៅ​លើ​ឆ្អឹងជំនី និង​នៅ​លើ​ផ្ទៃ​ជា​ច្រើន​ដៃ រហូត​ដល់​​ជន​រងគ្រោះ​រក​ម៉ែ៖ «គេ​វាយ​ហ្នឹង​ដៃ​ហ្នឹង​ជើង​អូស​ទាត់​ទះ ចាប់​ច្របាច់​ករ​ខ្ទប់​មាត់​មិន​ឱ្យ​ស្រែ តែ​វា​ស្រែ​ទាល់​តែ​បាន​។វា​ស្រែ​ឮ​ខ្លាំង​​ចេញ​ក្រៅ​អាគារ​ទី​បញ្ជា​អាវុធហត្ថ​។ខ្ញុំ​ស្រណោះ​មែនទែន​ ដោយសារ​គាត​ស្រែ​ដេក​មិន​បាន​ឡូឡា​ហើយ​ក៏​គេ​យក​ទៅ​ចង​​ដាក់​ច្រវាក់​ជើង​ក៏​នៅ​តែ​ស្រែក​ទៀត​ គេ​វាយ​វា​ឡើង​វង្វេង​មិន​ស្គាល់​អ្នក​ណា​ហើយ»

រី​ឯ​សាក្សី​ម្នាក់​ទៀត លោក ហឹម គីរី ថ្លែង​ថា មន្ត្រី​អាវុធហត្ថ​វាយ​ដុំ​ជន​រង​គ្រោះ​រហូត​ដល់​វង្វេង​​​លែង​ដឹង​ខុស​ត្រូវ​ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣០ ធ្នូ ដោយសារ​លោក ទុយ ស្រស់ ឡូឡា និង​រត់​ចុះ​រត់​ឡើង​រំខាន​​អ្នក​ជាប់​ឃុំ​នៅ​ទី​នោះ។ លោក​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​វាយ​ដុំ​ទៅ​លើ​ជនរងគ្រោះ​មិន​អស់​ចិត្ត​ ក៏​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ជាប់​ឃុំ​ដោយសារ​ប្រើប្រាស់​គ្រឿង​ញៀន​ជា​ច្រើន​នាក់​វាយ​វិញ​ម្ដង។ លោក​ថា​ ពេល​នោះ​អ្នក​ញៀន​ថ្នាំ​ទាំង​នោះ​ដាល់​ទាត់​ធាក់​រហូត​ដល់​ជនរងគ្រោះ​ស្រែ​រក​ម៉ែ​ជួយ​ ហើយក៏​សន្លប់​បាត់ស្មារតី៖ «ឃើញ​តាំង​ពី​ឈ្មោះ​សឿង​ មន្ត្រី​អាវុធ​ហត្ថ​ប្រចាំ​នៅ​កន្លែង​នោះ​បញ្ជា​ឱ្យ​វាយ​ គាត់​ថា​វាយ​ទៅ​នៅ​កន្លែង​នេះ​អញ​ដឹក​ខ្មោច​ចេញ ១១នាក់​ហើយ ឯង​ឌឺ​ណាស់!។ មន្ត្រី​អាវុធហត្ថ​នោះ​និយាយ​វាយ​ឱ្យ​ងាប់​ទៅ​អញ​ធានា​ ហើយ​គេ​នាំ​គ្នា​វាយ​មួយ​ហ្នឹង​សន្លប់ ៣ដង។ ខ្ញុំ​អង្វរ​សុំ​ឱ្យ​គេ​ឈប់​វាយ​ក៏​គេ​មិន​ស្ដាប់​ខ្ញុំ​ដែរ។ ពេល​វាយ​នោះ​ជនរងគ្រោះ​ស្រែ​ម៉ែ​អើយ​ជួយ​ផងៗ វា​អាណោចអាធ័ម​ណាស់ វា​សាហាវ​ណាស់​បើ​ពួក​ខ្ញុំ​ជា​ចោរ​ឬ​មាន​ទោស​សម្លាប់​គេ​ រំលោភ​កូន​គេ​ក៏​មិន​ដល់​វាយ​មនុស្ស​ដល់​ថ្នាក់​នេះ​ដែរ»

ទាក់​ទង​នឹង​បញ្ហា​នេះ​មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក មែន ភិរម្យ ​សុំ​មិន​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ​ ដោយ​លោក​រុញ​ឱ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ជំនួស​វិញ៖ «បាទ! ចង់​បាន​ព័ត៌មាន​លំអិត​អី​ទាក់ទង​ពី​អ្នក​នាំ​ពាក្យ​គាត់​មាន​ភារកិច្ច​ផ្ដល់​ព័ត៌មាន​អី​ផ្សេងៗ បាទ»

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ជុំ​វិញ​បញ្ហា​នេះ​រួច​ហើយ​ដែរ៖ «បើ​មាន​មែន​សូម​សាក្សី​ហ្នឹង​គាត់​ឱ្យ​ប្ដឹង​ទៅ​តុលាការ យើង​នឹង​ទទួល​យក ព្រោះ​ធម្មតា​ទេ​អ្នក​ណា​ដែល​ប្រើ​ហិង្សា​ទោះ​បី​សមត្ថកិច្ច​ក៏​ដោយ​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។អីចឹង​យើង​ចាំ​ទទួល​យក​នៅ​ពេល​ដែល​មាន​ពាក្យ​បណ្ដឹង​។បាទ​យើង​ហ្នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​យើង​បាន​អប់រំ​ណែន​ធ្វើ​អ្វី​ទៅ​តាម​នីតិវិធី​ទាំង​អស់»

សាលា​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា ជន​រងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គលបូរី កាល​ពី​ថ្ងៃ​ទី១ មករា។ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់​នៅ​ក្នុង​​របាយការណ៍​កាលពី​ថ្ងៃ​ទី៣ មករា​ថា មន្ត្រី​ជំនាញ​បាន​ធ្វើ​កោសល្យវិច័យ​លើ​រឿង​នេះ ហើយ​សន្និដ្ឋាន​ថា លោក ទុយ ស្រស់ ​កាល​នៅ​រស់​​គឺ​ជា​មនុស្ស​មាន​ភាព​មិន​ប្រក្រតី​មាន​សុខភាព​មិន​ល្អ និង​ជា​មនុស្ស​ញៀន​ស្រា​​ ហើយ​នៅ​មុន​ពេល​ស្លាប់​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មង្គលបូរី​ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

ចំណែក​របាយការណ៍​របស់​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ អះអាង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មង្គលបូរី។ ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ុង ស៊ីផាន បញ្ជាក់​នៅ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​ទី២ មករា​ថា មន្ត្រី​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ បាន​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ ដោយសារ​ខ្យល់​គរ។

រី​ឯ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រតិកម្ម​នឹង​របាយការណ៍​នេះ​ថា ជា​របាយការណ៍​មិន​ច្បាស់​លាស់ និង​មិន​អាច​យក​ជា​ការ​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា ថ្លែង​ថា ភាព​មិន​ច្បាស់​លាស់​ ដោយសារ​របាយការណ៍​របស់​អាជ្ញាធរ ២ស្ថាប័ន បាន​រក​ឃើញ​ពី​ការ​ស្លាប់​ខុស​គ្នា។ លោក​បញ្ជាក់​ទៀត​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​មាន​​ភាព​មិន​ប្រក្រតី ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់។

ប្រពន្ធ​របស់​ជន​រង​គ្រោះ​លោក​ស្រី ប៊ុយ គឹមឡាក់ ហាក់​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្លាប់​របស់​ប្ដី​​នោះ​ឡើយ​ ហើយ​​លោក​ស្រី​អះអាង​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​​បាន​ផ្ដល់​ប្រាក់​ ១០​លាន​រៀល ដើម្បី​ធ្វើ​បុណ្យ​សព និង​ធានា​ជួយ​​ឱ្យ​កូន​របស់​ជន​រង​គ្រោះ​បាន​រៀន​សូត្រ​ទៀត​ផង៖ «វា​សោកស្ដាយ​ហ្នឹង​រឿង​ប្ដី ប៉ុន្តែ​បើ​យើង​ទៅ​ចោទ​ប្រកាន់​គេ​ក៏​មិន​កើត ព្រោះ​ខ្ញុំ​មិន​បាន​នៅ​ជាប់​ប្ដី​ហើយ​មិន​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក ហើយ​ប្ដី​ខ្ញុំ​បាត់​បង់​ទៅ​ហើយ​ខ្ញុំ​មិន​ចង់​តវ៉ា​ទេ។ ខ្ញុំ​លើក​ដៃ​សំពះ​បងប្អូន​សប្បុរសជន​សុំ​ឱ្យ​ជួយ​ចិញ្ចឹម​ខ្ញុំ​និង​កូន​ផង ព្រោះ​អី​ខ្ញុំ​កំព្រា​រស់​នៅ​ជា​មួយ​កូន​ខ្ញុំ​អត់​មាន​ទីពឹង​អី​ទេ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក មាស ច័ន្ទពិសិដ្ឋ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ ពុំ​មាន​អ្នក​ទទួល។

លោក សឹង សែន​ករុណា​ ថ្លែង​ថា​ សំណុំ​រឿង​នេះ​មិន​អាច​បញ្ចប់​ត្រឹម​ការ​ផ្ដល់​ប្រាក់ ១០លាន​រៀល​ទៅ​ឱ្យ​សាច់​ញាតិ​ជន​រង​គ្រោះ​នោះ​ឡើយ គឺ​តុលាការ​ត្រូវ​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់​លាក់ ដើម្បី​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់​ ប្រសិន​បើ​រក​ឃើញ​ថា ពួកគេ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ។ លោក​បន្ត​ថា​ ការ​ធ្វើ​បែប​បែប​នេះ ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ផង និង​ដើម្បី​កុំ​ឱ្យ​ជន​ល្មើស​សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​បន្ត​ទៀត៕

(អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល