អង្គការសង្គម​ស៊ីវិល ​និង​ស្ថាប័ន​សារ​ព័ត៌មាន ​ស្នើ​ឱ្យ​ផ្ដល់​យុត្តិធម៌​ និង​ឱ្យ​ដោះលែង​អ្នក​សារ​ព័ត៌មាន

ដោយ មួង ណារ៉េត
2020-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​អ្នកកាសែត លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស នៅ​វត្ដ​ស្វាយ​ដង្គុំ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ១២ កក្កដា ២០០៨។
សាកសព​អ្នកកាសែត លោក ឃឹម សម្បូរណ៍ និង​កូន​ប្រុស នៅ​វត្ដ​ស្វាយ​ដង្គុំ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ១២ កក្កដា ២០០៨។
RFA

អង្គការសង្គម​ស៊ីវិល​ផ្នែក​សារ​ព័ត៌មាន និង​ផ្នែក​សិទ្ធិមនុស្ស​អំពាវនាវ​ទៅ​អាជ្ញាធរ ឬ​រដ្ឋាភិបាល​ បង្កើត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​និទណ្ឌភាព ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន និង​ស្នើ​ឱ្យ​ដោះលែង​អ្នក​សារ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដោយ​ឥត​លក្ខខណ្ឌ​ដែល​ពួកគេ​ត្រូវ​ចាប់​ខ្លួន ឬ​កាត់ទោស​ដោយ​ការប្រើប្រាស់​សិទ្ធិ និង​ការ​បញ្ចេញមតិ​របស់​ខ្លួន។ សំណើ​នេះ​លើកឡើង​ក្នុង​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន។ ទោះ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ការ​លើក​ឡើង​របស់​ក្រុម​អង្គការសង្គម​ស៊ីវិល​​បែប​នេះ មាន​ចរិត​នយោបាយ និង​ជា​ការ​ការពារ​អ្នក​កាសែត ដែល​បាន​ប្រព្រឹត្ត​ល្មើស ឱ្យ​នៅ​លើ​ច្បាប់។

អង្គការ​ផ្នែក​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ មក មាន​អ្នក​សារ​ព័ត៌មាន ១៥នាក់ហើយ ត្រូវ​បាន​គេ​សម្លាប់។ អ្នក​ទាំង​នោះ ភាគ​ច្រើន ស្លាប់​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ ក្នុង​ពេល​បំពេញ​ការងារ និង​ការ​រាយការណ៍​អំពី​កំហុស​ឆ្គង​របស់​បុគ្គល​មាន​អំណាច អ្នក​នយោបាយ មន្ត្រី​ជាន់​ខ្ពស់​យោធា និង​អំពើ​ពុករលួយ​ជា​ដើម។ ក្រុម​អ្នក​ឃ្លាំមើល​ទាំង​នោះ​ថា មក​ដល់​សព្វថ្ងៃ​នេះ ទោះ​ករណី​សម្លាប់​អ្នក​កាសែត បាន​ថមថយ ប៉ុន្តែ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្សេង​ទៀត​មក​លើ​ពួក​គាត់ មិន​ស្បើយ​នោះ​ទេ ព្រោះ​អ្នក​កាសែត​មួយ​ចំនួន នៅ​តែ​ត្រូវ​តុលាការ​ចោទ​ប្រកាន់ ដោយសារ​ការ​បំពេញ​ការងារ​របស់​ពួក​គាត់។

អង្គការ​ផ្នែក​សារព័ត៌មាន​ចំនួន​បួន​ស្ថាប័ន លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​គ្នា ចុះ​ថ្ងៃ​ទី២ ខែវិច្ឆិកា ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៃ​អ្នក​ប្រព្រឹត្ត​ខុស ដែល​នៅ​តែ​បន្ត​កើត​ឡើង​នេះ។ ក្រុម​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ព័ត៌មាន​ដដែល លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន ១៥នាក់ ដែល​ត្រូវ​បាន​សម្លាប់​នោះ មាន ១២ករណី គ្មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​យក​មក​កាត់​ទោស​ពី​បទ​ឃាតកម្ម​លើ​ពួក​គាត់​នោះ​ទេ។

សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) រក​ឃើញ​ថា រយៈពេល ១០ខែ​ចុង​ក្រោយ ក្នុងឆ្នាំ២០២០នេះ មានអ្នកសារព័ត៌មានចំនួន៥៩នាក់ រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​ការ​ប្រើ​ហិង្សា ការ​ចាប់​ខ្លួន ការបាត់បង់ជីវិត និង​ជាប់​បណ្ដឹង​នៅ​តុលាការ។ ក្នុង​នោះ​អ្នក​សារ​ព័ត៌មាន ២៧នាក់ ត្រូវ​ចាប់​ខ្លួន ៧នាក់​ជា​ជន​រង​គ្រោះ ដោយ​អំពើ​ហិង្សា និង​ម្នាក់​បាន​ស្លាប់។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា លោក ណុប វី ឱ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ដែល​ឃាតក ដែល​សម្លាប់​អ្នក​សារព័ត៌មាន នៅ​មាន​សេរីភាព និង​មិន​ទាន់​ត្រូវ​ផ្ដន្ទាទោស គឺ​ជា​ការ​បន្ត​ការ​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន។ លោក ណុប វី ស្នើ​ទៅ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​ពង្រឹង​ការងារ​របស់​ខ្លួន ដើម្បី​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន៖ «ការ​ប្រព្រឹត្តិ​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន គឺ​ត្រូវ​បាន​បញ្ឈប់​ហើយ ជា​ពិសេស គឺ​សមត្ថកិច្ច ឬ​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ស្ថាប័ន​តុលាការ​ត្រូវ​តែ​ពង្រឹង​ការ​ស៊ើប​សង្កេត ហើយ​ឈាន​ទៅ​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA)។ រូប៖ ហ្វេសប៊ុក
លោក ណុប វី នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA)។ រូប៖ ហ្វេសប៊ុក

ស្រដៀង​គ្នា​នេះ​ដែរ ខាង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CCHR បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន អំពាវនាវ​ទៅ​រដ្ឋាភិបាល ឱ្យ​ចាត់​វិធានការ​ជាក់លាក់​ជា​បន្ទាន់ ដើម្បី​ធានា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ហ្មត់ចត់ ឯករាជ្យ និង​តម្លាភាព ចំពោះ​ករណី​ឧក្រិដ្ឋកម្ម លើ​អ្នក​សារព័ត៌មាន និង​ការពារ​សិទ្ធិមនុស្ស។

អង្គការ​សិទ្ធិមនុស្ស​ដដែល លើក​ឡើង​ទៀត​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​សារ​ព័ត៌មាន​តែង​ត្រូវ​បាន​ដៅ​ទុក​ជា​មុខ​សញ្ញា  ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គាត់ តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ជា​ដើម។

ជុំវិញ​ការ​លើក​ឡើង​បែប​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភណ្ឌ បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា។

ចំណែក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល បាន​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​អ្នក​សារព័ត៌មាន​ណា​ដែល​គោរព​ច្បាប់ និង​អ្នក​សារព័ត៌មាន​អាជីព។ ចំពោះ​ការ​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​នោះ លោក​ថា ជា​សំណើ​ចង់​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​ល្មើស ស្ថិត​នៅ​ពី​លើ​ច្បាប់ ហើយ​លោក​ថា រដ្ឋាភិបាល​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ផ្សាយ​ព័ត៌មាន​មិន​ពិត​ញុះញង់​មិន​ស្រប​នឹង​អ្នក​ធ្វើ​ការ​ព័ត៌មាន អាស្រ័យ​ដូច្នេះ អ្នក​ហ្នឹង​ប្រឈម​នឹង​ច្បាប់​តែ​ប៉ុណ្ណឹង​ឯង គ្មាន​អ្នក​ណា​មួយ​នៅ​ពី​លើ​ច្បាប់​ទេ។ មិន​មែន​បាន​សេចក្ដី​ថា គ្រាន់​តែ​ជា​អ្នក​សារព័ត៌មាន​ម្នាក់​ដើរ​ជំរិត​យក​លុយ​គេ​បាន​និយាយ​បង្ខូច​កេរ្តិ៍​ខ្មាស​គេ គឺ​មិន​អ៊ីចឹង​ទេ»

ប៉ុន្តែ លោក ណុប វី យល់ថា ការ​បន្ត​ប្រើ​តុលាការ​ប្រឆាំង​អ្នក​សារ​ព័ត៌មាន គឺ​ជា​រូបភាព​នៃ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ជា​ការ​បន្ត​ការ​គំរាម​កំហែង​សេរីភាព​សារ​ព័ត៌មាន នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថា​ខ្លួន​នឹង​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ដើម្បី​លើក​កម្ពស់​ការ​ដល់​ដឹង​អំពី​និទណ្ឌភាព​នេះ។ យុទ្ធនាការ​នេះ រួម​មាន​ការ​បង្ហាញ​ទីតាំង​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវ​គេ​សម្លាប់ និង​កម្មវិធី​ជជែក​ពិភាក្សា​គ្នា​តាមវិទ្យុ ទាក់ទង​នឹង​ប្រធាន​បទ នៃ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន និង​ការ​ចាក់​វីដេអូ​បង្ហាញ​ពី​តួនាទី​អ្នក​សារ​ព័ត៌មាន​ជា​ដើម។

របាយការណ៍​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) នៅ​ក្នុង​ឆ្នាំ២០២០ នេះ រក​ឃើញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ដោយ​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារ ពី​បទ​ព្រហ្មទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី ស្ដីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល