អ្នក​សារព័ត៌មាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន

ដោយ ខែ សុណង
2020-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center

អ្នកកាសែត​អាជីព​មួយ​ចំនួន​ត្អូញត្អែរ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កាន់តែ​រួម​តូច ហើយ​ស្ថាប័ន​ឯករាជ្យ​កាន់តែ​តិច ខណៈ​ច្បាប់​ការពារ​សុវត្ថិភាព​អ្នកសារព័ត៌មាន​កាន់តែ​ចុះ​ខ្សោយ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ឆ្លើយតប​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កាន់តែ​ល្អ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​អះអាង​ថា រាល់​ការ​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន នា​ពេល​កន្លងទៅ​គឺ​ជា​ការអនុវត្ត​ច្បាប់។

អ្នកសារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​អះអាង​ថា ពួកគេ នៅតែ​រង​ការ​គំរាមកំហែង ការ​ធ្វើទុក្ខបុកម្នេញ និង​ការភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​ដោយ​មិន​សម​ទំនង​ពី​សំណាក់​អាជ្ញាធរ និង​តុលាការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អ្នកសារព័ត៌មាន​សេរី (Freelancer Reporter) លោក វណ្ណ វិចារ បញ្ចេញមតិ​ថា ស្ថានភាព​សេរីភាព​សារ ព័ត៌មាន មិន​មាន​លំនឹង​ពិតប្រាកដ​នោះ​ទេ ដោយពេល​ខ្លះ​តឹង និង​ពេលខ្លះ​ធូរ អាស្រ័យ​ទៅ​លើ​ស្ថានភាព​នយោបាយ​។ លោក​បន្ត​ថា ស្ថានភាព​បែបនេះ បាន​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​បារម្ភ​ពី​ការ​សរសេរ​ព័ត៌មាន​ស៊ីជម្រៅ និង​ការ​រឹតត្បិត​ខ្លួនឯង​ក្នុង​ការ​សរសេរ​ព័ត៌មាន​មាន​ច្រើនជាង​មុន​។ លោក​ពិនិត្យ​ឃើញ​ថា ក្រៅពី ប្រឈម នឹង​សុវត្ថិភាព​នោះ អ្នកកាសែត​វិជ្ជាជីវៈ ក៏​តែលតោល​ពិបាក​រក​ស្ថាប័ន​ឯករាជ្យ ដើម្បី​ជ្រកកោន បំពេញ​ការងារ​ផង​ដែរ៖ «ពេល​ក៏​តឹង ឧទាហរណ៍​ថា កាលពីមុន​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ មាន​ការ​ប្រទាំងប្រទើស​គ្នា​រវាង​រដ្ឋាភិបាល និង​គម្រោង​វិលត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី ដូច្នេះ ធ្វើ​ឱ្យ​អ្នក​កាសែត​ស្រុក​ខ្មែរ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រាយការណ៍​នីមួយៗ ហើយ​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខ្ញុំ​រាយការណ៍​នៅ​ក្រុង​ប៉ោយប៉ែត ក៏​កងរាជអាវុធហត្ថ​ទៅ​សួរនាំ​អស់​រាប់​ម៉ោង​។ នេះ​គឺជា​ផ្នែក មួយ​នៃ​ការរារាំង​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ។ រួច​ពី​៩​វិច្ឆិកា ២០១៩​នោះ ស្ថានភាព​ធូរស្រាល​បន្តិច ស្រាប់តែ​មកដល់​ជំងឺ​កូ​វីដ​១៩ ស្ថានភាព​តានតឹង​ទៅ​វិញ»

ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២០ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣ ឧសភា ខាងមុខ​នេះ លោក វណ្ណ វិចារ ស្នើ​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធានា​ថា អ្នកសារព័ត៌មាន​នៅ​ទូទាំង​ប្រទេស មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ភាព​ភ័យខ្លាច ការគាបសង្កត់ និង​ការចោទប្រកាន់​នានា ដូច​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា ប្រជាពលរដ្ឋ​មាន​សេរីភាព​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ និង​សេរីភាព​ជួប​ប្រជុំ៖ «ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​ជួយ​គិត​ទាំងអស់​គ្នា និង​គាំទ្រ​អ្នកកាសែត​វិជ្ជាជីវៈ​ទាំងអស់​គ្នា ទាំង​ប្រជាជន​ផង អ្នក​រកស៊ី​ផង ទាំង​សង្គម​ស៊ីវិល​ផង និង​ភាគី រដ្ឋាភិបាល ពីព្រោះ​ថា អ្នកកាសែត​អាជីព ត្រូវ​ការផ្សាយ​ព័ត៌មាន​គ្រប់​ប្រភព មិនមែន​ផ្សាយ​តែមួយ​ប្រភព ឬ​ពីរ​ប្រភព​នោះ​ទេ ឬ​មិនមែន​ផ្សាយ​ជួយ​ម្ខាង ហើយ​បង្អាប់​ម្ខាង​នោះ​ទេ»

ចំណែក​អ្នកសារព័ត៌មាន វី​.អូ.ឌី គឺ កញ្ញា ខាន់ លក្ខិណា និយាយ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ ។ កញ្ញា​អះអាង​ថា អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​នៅតែ​ប្រឈម​នឹង​ការ​ការរើសអើង និង​គំរាមកំហែង​ពី​មន្ត្រី​រដ្ឋាភិបាល នៅ​ពេល​ចុះ​យក​ព័ត៌មាន៖ «បញ្ហា​សំខាន់​គឺ​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព ដោយសារតែ​ខ្ញុំ​ធ្វើការ​ក្នុង​ស្ថាប័ន​ដែល​ហ៊ាន​និយាយ​ពី​ភាព​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល ដូច្នេះ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ម្ដង មាន​ការ​រើសអើង ដោយ​អាជ្ញាធរ​គិត​ថា យើង​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ការរើសអើង​របស់​អាជ្ញាធរ​នេះ​ធ្វើ​ឱ្យ​សុវត្ថិភាព​របស់ខ្ញុំ​មាន​ភាព​ផុយ​ស្រួយ»

អ្នកសារព័ត៌មាន​ស្ត្រី​រូប​នេះ ថ្លែង​បន្ត​ថា នាង​កាន់តែ​ព្រួយបារម្ភ​ខ្លាំង​នៅ​ពេល​ពិនិត្យ​ឃើញ​ថា ច្បាប់ និង​គោលការណ៍​មួយ​ចំនួន​ដែល​ជួយ​ការពារ​សុវត្ថិភាព​អ្នកកាសែត​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការពារ​អ្នកកាសែត​ខ្មែរ​នៅ​ឡើយ​។ កញ្ញា​កត់​សម្គាល់​ថា អាជ្ញាធរ និង​តុលាការ តែងតែ​យក​ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត​ជាមួយ​អំពើ​របស់​អ្នកសារព័ត៌មាន ដោយ​មិនបាន​អនុវត្ត​ទៅ តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នោះ​ទេ ដូចជា​ករណី​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​អ្នកកាសែត ឯករាជ្យ​នា​ពេល​កន្លង​មក៖ «ស្នើសុំ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទាំងអស់ ឈប់​រើសអើង​អ្នកសារព័ត៌មាន​ដែល​និយាយ​ការពិត​។​មួយទៀត បើ​អ្នកសារព័ត៌មាន​ធ្វើ​ខុស សូម​ឱ្យ​អនុវត្ត ទៅតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន កុំ​ចោទប្រកាន់​និង​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដោយ​យក​ច្បាប់ក្រម​ព្រហ្មទណ្ឌ»

ចំណែក នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBO-JA) លោក ណុប វី ទទួលស្គាល់​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ រហូតដល់​ពេលនេះ គឺ​មិន​មាន​ការប្រែប្រួល​អ្វី​ជា​ដុំកំភួន ដែល​បង្ហាញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា ល្អ​ប្រសើរ​នៅឡើយ​ទេ​។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​រដ្ឋាភិបាល គ្រាន់តែ​បង្ហាញ​ឆន្ទៈ​ចង់​ឱ្យ​ស្ថាប័ន​ព័ត៌មាន​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ និង​អាច​ផ្សាយ​បន្ត​ទៅ​វិទ្យុ​អេហ្វអឹម (FM)​ក្តី ប៉ុន្តែ​មិន​ទាន់​កើត​ឡើង​ជាក់ស្តែង​នោះ​ទេ​។ មួយវិញទៀត លោក អះអាង​ថា ថ្វី​ដ្បិត​តែ​មួយ​រយៈ​ចុងក្រោយ​នេះ មិន​មាន​ករណី សម្លាប់​អ្នកសារព័ត៌មាន​ក្តី ប៉ុន្តែ​ការចោទប្រកាន់ និង​ចាប់ខ្លួន​ដោយ​ប្រើប្រាស់​ច្បាប់ក្រម​ព្រហ្មទណ្ឌ នៅតែ​កើន​ឡើង​។ លោក​កត់សម្គាល់​ដែរ​ថា មិនមែន​មានតែ​អ្នកយកព័ត៌មាន​នោះ​ទេ ដែល​មាន​ការ​ប្រុងប្រយ័ត្ន ប៉ុន្តែ​ប្រជាពលរដ្ឋ ឬ​អ្នក​ផ្តល់​ព័ត៌មាន ក៏​មាន​ការ​ប្រុង ប្រយ័ត្ន​ខ្លាំង​ដែរ​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​តុលាការ ដែល​រង​ការ​រិះគន់​ថា ខ្វះ​ភាព​ឯករាជ្យ មិនទាន់​ទម្លាក់​ចោល បណ្ដឹង​ទាំងឡាយ​ដែល​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​នោះ​ទេ។ ករណី​ទាំងនោះ ដូចជា​ករណី​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីររូប និង​អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី​ពីរ​រូប និង​ការ​បន្ត​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី ដែល​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន RT (Russia Today) ក្នុង​ការផលិត​វីដេអូ​ស៊ើបអង្កេត ''​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​''​ជាដើម​។ ចំណែក​អ្នកកាសែត​វិជ្ជាជីវៈ​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ផ្ដល់​ប័ណ្ណ​អ្នក​សារព័ត៌មាន ដល់​ពួកគេ​នោះ​ឡើយ។

លោក ណុប វី មាន​ប្រសាសន៍​ថា ស្ថាប័ន​រដ្ឋាភិបាល គួរតែ​ទម្លាក់​ចោល​បណ្ដឹង​ទាំងឡាយ​ប្រឆាំង អ្នក​សារព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ស្ថាប័ន​ព័ត៌មាន​ដែល​ត្រូវ​បាន​ដកហូត​កន្លងមក ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ហើយ​ទង្វើ​ខុសឆ្គង​របស់​អ្នកសារព័ត៌មាន គួរតែ​អនុវត្ត​តាម ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដើម្បី​ធានា​ពី​លំហ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឡើងវិញ។

ឆ្លើយតប​នឹង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើង​ថា សេរីភាព សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន​លើកកម្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដោយ​ឈរ​លើ​មូលដ្ឋាន​ថា ចំនួន ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​កើន​ឡើង និង​មាន​វិសាលភាព​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ គួរ​ឱ្យ​គត់​សម្គាល់ ហើយ​មាន​អ្នកសារព័ត៌មាន និង​អន្តរជាតិ​ជាច្រើន កំពុង​បំពេញការងារ​នៅ​កម្ពុជា។

លោក​បន្ថែម​ថា កម្ពុជា​ក៏​មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​មាន​រដ្ឋធម្មនុញ្ញ គាំទ្រ​និង​លើកកម្ពស់ សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ដែរ ជាពិសេស ក្រសួង​រំពឹង​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល បាន​ព័ត៌មាន​នឹង​អាច​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ចំពោះ​ករណី​តុលាការ​ប្រើប្រាស់ ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត​លើ​អ្នកសារព័ត៌មាន​កន្លង​មក​នោះ លោក មាស សុភ័ណ្ឌ លើក​ឡើង​ថា វា​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

ឆន្ទានុសិទ្ធិ​តុលាការ ត្រូវ​បាន​អ្នកសារព័ត៌មាន និង​អ្នកច្បាប់ យល់​ថា តុលាការ​មិន​ឯករាជ្យ ក៏​ធ្វើ​ឱ្យ​គេ​ងាយ​ចោទ​ប្រកាន់​អ្នកសារព័ត៌មាន​​ទៅ​តាម​ច្បាប់​ផ្សេងៗ​បាន​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ណុប វី មាន​ប្រសាសន៍ថា ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​នៅ​កម្ពុជា គឺ​មិន​ទាន់​អាច​ឆ្លុះបញ្ចាំង​គ្រប់​ជ្រុងជ្រោយ​ថា កម្ពុជា​មាន សេរីភាព​សារព័ត៌មាន​ពេញលេញ​នោះ​ទេ ហើយ​ចំណាត់​ការ​ផ្លូវច្បាប់​របស់​តុលាការ កន្លងមក​មិនបាន​ផ្តល់​តម្លៃ​ដល់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នោះ​ទេ៖ «បើ​សិន​ស្ថាប័ន​ទាំងនោះ​មិន​ទាន់​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ទេ ក៏​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ដែរ ហើយ​យើង​មើល​មួយទៀត យើង​មើល​ទៅលើ​រឿង​ចម្រុះ​ភាព (Pluralism)​នៃ​ប្រពន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ថា តើ​ជា​ប្រពន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ចម្រុះ​ភាព​ទេ គាត់​ផ្សាយ​អព្យាក្រឹត្យ​ក៏​មាន ផ្សាយ​និន្នាការ​ប្រឆាំង​ក៏​មាន ផ្សាយ​គាំទ្រ​រដ្ឋាភិបាល​ក៏​មាន ដូច្នេះ​តើ​ក្នុង​សង្គម​យើង​មាន​បែប​ចម្រុះ​នេះ​ទេ»

របាយការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ដោយ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ១៨០​ប្រទេស។ ចំណាត់ថ្នាក់​នេះ មានន័យថា សេរី ភាព​សារព័ត៌មាន​នៅ​កម្ពុជា អាក្រក់​ជាង​ឆ្នាំមុន​មួយ​កម្រិត​ទៀត ដោយសារ សេរីភាព​សារព័ត៌មាន​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការ​បង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ដូចជា​ច្បាប់​ស្ដីពី ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម។

អង្គការ​ដដែល​នេះ លើក​ឡើង​ថា គណបក្ស​កាន់អំណាច​របស់ លោក ហ៊ុន សែន ដែល​ខ្លាច​ចាញ់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ បាន​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកមាន​សំឡេង​មិន​ស្រប​រដ្ឋាភិបាល ហើយ​យុទ្ធនាការ​បង្ក្រាប​នេះ​មិន​បាន​បញ្ចប់​ឡើយ ពោល​គឺ​នៅតែ​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល