អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទាម​ទារ​ឱ្យ​ទម្លាក់​ចោល​​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា

ដោយ វ៉ែន សុមេធ
2019-11-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Cheu Sideth

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហ​ប្រជាជាតិ​ស្វាគមន៍​ការ​​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​លោក កឹម សុខា ប៉ុន្តែ​បន្ត​ទាម​ទារ​ឱ្យ​របបលោក ហ៊ុន សែន ទម្លាក់​​ចោល​​បទ​ចោទ​ប្រកាន់​​លើ​​មេ​​បក្ស​​ប្រឆាំង​រូបនេះ។ ក្រសួងយុត្តិធម៌ថា ករណីលោក កឹម សុខា ​​គ្មាន​នរ​​ណា​អាច​សម្រេច​ជំនួស​តុលាការ​បាន​ទេ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) ចាត់​ទុក​ការ​កែប្រែ​លក្ខខណ្ឌ​តុលាការ​លើ​ករណី​លោក កឹម សុខា ​ជា​ការ​វិវឌ្ឍ​ទៅមុខ​មួយ​ ប៉ុន្តែ​អ្នក​ស្រី​សោក​ស្តាយ​ដែល​តុលាការ​បន្ត​រឹតត្បិត​សិទ្ធិពលរដ្ឋ​ និង​សិទ្ធិនយោបាយ​របស់​ លោក កឹម សុខា ជាពិសេស​សេរីភាព​ក្នុង​​ការ​ដើរហើរ និង​ការ​ប្រមូលផ្តុំ។ អ្នក​ស្រី​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​តុលាការ​ក្រុ​ងភ្នំពេញ​​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ករណី​លោក កឹម សុខា ឬ​ក៏​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូបនេះ។

អ្នក​ស្រី​ រ៉ូណា ស្មីត ថ្លែង​ទៀត​ថា អ្នក​ស្រី​នៅ​តែ​បារម្ភ​ចំពោះ​ជោគវាសនារបស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន៨៥ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្រោម​ហេតុ​ផល​នយោបាយ។ អ្នកស្រី​ទទូច​ជា​ថ្មី​ទៀត​ដល់​រដ្ឋាភិបាល​ និង​​គណបក្ស​នយោបាយ​ទាំងឡាយ​ កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ភាព​តាន​តឹង និង​ស្វែងរក​កិច្ច​សន្ទនា​ក្នុង​បរិយាសកាស​សន្តិភាព ដោយ​អនុញ្ញាត​ឱ្យ​សំឡេង​នយោបាយ​ផ្ទុយ​អាច​សម្តែង​ចេញ​បាន​ ព្រម​ទាំង​បញ្ចៀស​ការ​រឹតត្បិត​តទៅទៀត​លើ​សិទ្ធិ​សេរីភាព​ខាង​គំនិត ការ​បញ្ចេញ​យោបល់ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។

អ្នក​ស្រី រ៉ូណា ស្មីត ចេញ​សេចក្តី​ថ្លែង​ការណ៍​បែប​នេះ ក្រោយ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​ដក​បម្រាម​មួយ​ចំនួន​លើ​លោក​ កឹម សុខា កាល​ពី​ថ្ងៃទី១០ វិច្ឆិកា កន្លងទៅ។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ អាច​ធ្វើ​ដំណើរ​បាន​​នៅក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំ​ប្រទល់​ដែន​របស់​កម្ពុជា​ឡើយ ហើយ​ក៏​មិន​ឱ្យ​​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការ​អំពាវនាវ​របស់​អ្នក​ស្រី រ៉ូណា ស្មីត គឺ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​យល់​ឃើញ​របស់​គាត់ ប៉ុន្តែ​លោក​ថា ​នឹង​មិន​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​តុលាការ​កម្ពុជា​ឡើយ៖ «ការ​ទម្លាក់​ចោល​បទ​ចោទ ឬក៏​មិន​ទម្លាក់​បទ​ចោទ​នោះ គឺ​ជា​សិទ្ធិអំណាច​ឯករាជ្យ​របស់​តុលាការ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ស្រាវ​ជ្រាវ និង​ការ​ស៊ើបអង្កេត មិន​មាន​អ្នក​ណា​អាច​ធ្វើការ​សន្និដ្ឋាន​ជំនួស លោក កឹម សុខា ឬ​ក៏​បញ្ជា​តុលាការ​ឱ្យ​ទម្លាក់​ចោល ឬ​មិន​ទម្លាក់​ចោល​នោះ​​បាន​ទេ»

ចំណែក​តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​វិញ បាន​ឆ្លើយ​តប​ភ្លាមៗ ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​​​របស់​អ្នក​ស្រី រ៉ូណា ស្មីត ថា នេះ​ជា​ការ​ទាម​ទារ​ដោយ​គ្មាន​មូលដ្ឋាន និង​ជា​ការ​ជ្រៀត​ជ្រែក​ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។ តំណាង​របប​ក្រុង​ភ្នំពេញ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ស្រី រ៉ូណា ស្មីត ថា​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​​ច្រឡំសាច់​រឿង​ពី​ត្រូវមក​ខុស។

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​សម្រុក​ចូល​ចាប់​ខ្លួន​​ លោក កឹម សុខា ដល់​ក្នុង​ផ្ទះ​ទាំង​កណ្តាល​អធ្រាត្រ​​ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ ទាំង​ក្នុង​ពេល​លោក​កំពុង​​មាន​អភ័យ​ឯក​សិទ្ធិ​សភា ។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​ចោទ​​ប្រកាន់​មេបក្ស​ប្រឆាំង​រូបនេះ ពីបទ​ “សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវរ៉ូវគ្នា​​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក កឹម សុខា បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ ទាំង​ការ​​ជាប់ឃុំ​​ក្នុ​ង​ពន្ធនាគារ និង​ក្នុង​ផ្ទះ។ ​

នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ពន្ធភាពការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា រិះគន់​ថា លក្ខខណ្ឌថ្មី​របស់​តុលាការ នៅ​តែ​អាក្រក់​សម្រាប់​លោក​ កឹម សុខា ជាពិសេស​លក្ខខណ្ឌ​ដែល​ហាម​មិន​ឱ្យមេបក្ស​ប្រឆាំ​ងរូប​នេះ​​ធ្វើ​សកម្មភាព​នយោបាយ ដោយសារ​តែ​គាត់​គឺ​ជា​អ្នក​នយោបាយស្រាប់។ លោក​យល់ថា វិធានការ​នេះ​ទំនង​ជា​​មិន​អាច​បញ្ចុះ​បញ្ចូល​សហភាព​អឺរ៉ុប​​ឱ្យ​រក្សា​ការអនុគ្រោះពន្ធ​ឱ្យ​កម្ពុជា​បាន​នោះឡើយ៖ «លោក កឹម សុខា គាត់​​ជា​អ្នក​នយោបាយ ហើយ​បើ​ហាម​ឃាត់​គាត់​​មិន​ឱ្យ​​ធ្វើសកម្មភាព​​នយោបាយ​ អាហ្នឹង​វា​រំលោភ​លើសិទ្ធិពលរដ្ឋ និង​សិទ្ធិ​​នយោបាយ​ហើយ។ អ្នក​នយោបាយ​ បើ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​ វា​មិន​ខុស​អ្វី​ពី​អ្នក​ដែល​ហូប​បាយ ហាម​គេមិន​​ឱ្យ​ហូប​បាយ​ទេ ឬមួយ​ក៏​អ្នក​ចម្រៀង​ ហាម​គេ​មិន​ឱ្យ​ច្រៀង​ទេ អាហ្នឹង​វា​​ពិបាក​​ណាស់»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) យល់​ថា ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខា នេះ ជា​ការ​បង្វែរ​កំហឹង​របស់​សហភាព​អឺរ៉ុប​ជុំវិញ​ដំណោះ​ស្រាយ​​ដ៏​​តិច​តួច​ ដែល​របប​ក្រុង​ភ្នំពេញ​បាន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ក្នុង​ដំណើរ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBAHuman Rights Watch មើល​ឃើញ​ថា នេះ​ជាការ​ឆ្លើយ​តប​ដ៏​តិចតួច​ស្តួច​ស្តើង​ និង​​យឺត​ពេល​ណាស់​ទៅ​ហើយ​សម្រាប់​ការ​សម្រេច​ចិត្ត​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​អំពី​បញ្ហា EBA នៅ​​ថ្ងៃ​ទី១២ វិច្ឆិកា។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដដែល​នេះ ទាម​ទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​ទម្លាក់​​ចោល​សំណុំ​រឿង​ក្លែង​ក្លាយ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​ដោយ​គ្មាន​ឧបសគ្គ។

ចំណែក​ស្ថានទូត​មហាអំណាច​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក និង​បារាំង​ជាដើម ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​បន្ថយ​កាតព្វកិច្ច​សម្រាប់​លោក កឹម សុខា ដែរ ប៉ុន្តែ​ពួក​គេ​បន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មេបក្ស​ប្រឆាំង​រូប​នេះវិញ។

ក្រៅ​ពី​ករណី​ លោក កឹម សុខា ស្ថាន​ទូត​អាមេរិក និង​អង្គការ Human Rights Watch ក៏​បាន​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់ ដែល​ត្រូវ​បាន​ឃុំ​ឃាំង​តាម​ទំនើង​ចិត្ត​នោះ ឱ្យ​មាន​សេរីភាព​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល