មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយ​ថា មន្ត្រី​ពន្ធនាគារ​រំលោភ​ច្បាប់​លើ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង

ដោយ ហេង រស្មី
2019-08-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អំ សំអាត នាយករង​នៃ​អង្គការ​ លីកាដូ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស
លោក អំ សំអាត នាយករង​នៃ​អង្គការ​ លីកាដូ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស
RFA

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​និយាយ​ថា​ មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​កំពុង​រំលោភ​ច្បាប់ និង​របស់​សិទ្ធិ​ជន​ជាប់​ចោទ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​បាន​សួរសុខទុក្ខ​ពេល​កំពុង​ជាប់​ឃុំឃាំង។​ កូន​ប្រុស​សកម្មជន​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា ខាង​អនុរក្ស​ពន្ធនាគារ​កំណត់​រយៈ​ពេល​មួយ​ខែ​ទៀត ដើម្បី​អនុញ្ញាត​សមាជិក​ក្រុម​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​ឪពុក​របស់​លោក ដែល​កំពុង​ជាប់​ឃុំ​ឃាំង។

នាយករង​នៃ​អង្គការ​ លីកាដូ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ សំអាត ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កំពុង​រំលោភ​ច្បាប់​ផ្ទួនៗ រាប់​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង រហូត​ទៅ​ដល់​ការ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។

ការ​លើក​ឡើង​របស់​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី១៧ សីហា បាន​ចាប់​ខ្លួន លោក នុត ពេជ អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក​ ខេត្ត​កំពត​ ដោយ​ចាប់​វាយ​ខ្នោះ​នៅ​កណ្ដាល​វាល​ស្រែ​ពេល​កំពុង​ដក​ស្ទូង ហើយ​បណ្ដើរ​ចេញ​មក​ដោយ​គ្មាន​ពាក់​ស្បែក​ជើង​រហូត​ដល់​ពន្ធនាគារ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​ចាប់​កោរ​សក់ ហើយ​ហាម​មិន​ឱ្យ​ក្រុម​គ្រួសារ​ចូល​ជួប​សួរ​សុខ​ទុក្ខ​ក្នុង​រយៈ​ពេល​មួយ​ខែ​ថែម​ទៀត​ផង។

ចាប់តាំង​ពី​លោក​ នុត ពេជ ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​មក ​រហូត​មក​ដល់​ថ្ងៃ​ទី១៩ ខែ​សីហា​ នេះ​មិន​មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​បាន​ទៅ​សួរ​សុខទុក្ខ​ជនសង្ស័យ​ឡើយ។

លោក អំ សំអាត បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រំលោភ​ច្បាប់​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ពី​ព្រោះ​គ្មាន​ច្បាប់​រារាំង​​ណាមួយ​មិន​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​បាន​ចូល​សួរ​សុខ​ទុក្ខ​ជន​សង្ស័យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ក្នុង​ដំណាក់​កាល​សាកសួរ​របស់​តុលាការ​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា បើ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃុំខ្លួន​ប្រសិនបើ​មាន​​រឿង​មិន​ប្រក្រតី​អ្វី​មួយ​កើត​​ឡើង​ទៅ​លើ​ជន​ជាប់​ចោទ នោះ​​អាជ្ញាធរ​ត្រូវ​ទទួល​ត្រូវ៖ «បើ​សិន​ជា​ក្នុង​អំឡុង​ហ្នឹង​ស្រាប់​តែ​មាន​បញ្ហា​អ្វី​កើត​ជាមួយ​ក្រុម​គ្រួសារ​គេ។ អា​ហ្នឹង​ គេ​ចោទ​ប្រកាន់​ខាង​ពន្ធនាគារ​ កុំ​ថា​គេ ពី​ព្រោះថា​គេ​អត់​បាន​ជួប​ក្រុម​គ្រួសារ​គេ។ ពី​ព្រោះ​ថាប់​មាន​ជំងឺ​ឈឺ​ធ្ងន់​ ឬ​ក៏​មាន​ហេតុការណ៍​កើត​ឡើង​អា​ហ្នឹង​គេ​ចោទ​ប្រកាន់​ទៅ​លើ​ពន្ធនាគារ បើ​សិន​គេ​មិន​បាន​ជួប​ក្នុង​រយៈ​ពេល​ហ្នឹង»

លោក នុត ពេជ អាយុ ៦៤ឆ្នាំ ត្រូវ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពត ​ចេញ​ដីកា​ចាប់ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ «ប្រឆាំង​សាលដីកា​តុលាការ​កំពូល» ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នា២០១៧។

លោក នុត​ ពេជ គឺ​ជា​មនុស្ស​ទី​១៥ ដែល​​របប​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប ដើម្បី​ទប់ស្កាត់​​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​សកម្មជន​គណបក្ស​ប្រឆាំង​គាំទ្រ​ការ​វិលត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩​ខាងមុខ​នេះ។

លោក សន់ ធានី កូន​ប្រុស​របស់​លោក នុត ពេជ បញ្ជាក់​ថា​ ចាប់តាំង​ពី​ការ​ចាប់​ឃុំខ្លួន​រហូត​មកដល់​ថ្ងៃ​ទី១៩ ខែ​សីហា​ សមាជិក​ក្រុម​គ្រួសារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សួរសុខទុក្ខ​ឪពុក​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ​ទេ។

លោក​បញ្ជាក់​ថា​ ខាង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប្រាប់​ថា ត្រូវ​ការ​រយៈ​ពេល​មួយ​ខែ​ទៀត​ទើប​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​លោក​ នុត ពេជ។

លោក​បញ្ជាក់​ថា​ ឪពុក​របស់​លោក​កំពុង​មាន​ជំងឺ នៅ​មុន​ពេល​ចាប់​ខ្លួន​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។ ដូច្នេះ​លោក​បារម្ភ​ថា​សុខភាព​របស់​លោក នុត ពេជ អាច​នឹង​មាន​ផល​ប៉ះពាល់៖ «កាល​គាត់​នៅ​ជា​មួយ​ខ្ញុំ​ហ្នឹង​គាត់​ចេះ​តែ​អស់​កម្លាំង ហើយ​គាត់​មាន​ជំងឺ​ទល់​លាមក​ ឈឺ​ក្រពះ។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​ថា ការ​ហូបចុក​មិន​ដិតដល់​ការ​មើល​ថែទាំ​ អញ្ចឹង​ទៅ​ខ្លាច​គាត់​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ ពី​គ្រោះ​គាត់​វ័យ​ចំណាស់​ អាយុ​កាន់តែ​ច្រើន​ហើយ ៦០ឆ្នាំជាង​ហើយ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ចាន់ គឹម សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ របស់​ក្រសួង​មហាផ្ទៃ​បានទេ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ស្នង​ការ​នគរបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ បាន​ចេញ​លិខិត​បំភ្លឺ​ថា សមត្ថកិច្ច​តែងតែ​អនុវត្ត​ច្បាប់​យ៉ាង ហ្មត់ចត់​នូវ​តួនាទី​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្លាប់​សង្គម។​ លិខិត​ដដែល​នោះ​ក៏​បាន​ចោទ​វិទ្យុ​អាស៊ី​សេរី​ថា​ បាន​ផ្សាយ​បំពុល​បរិយាកាស​សង្គម​ និង​ គ្មាន​សីលធម៌​វិជ្ជាជីវៈ។​

តែ​ទោះ​បី​ជា​មាន​ការ​បំភ្លឺ​ពី​ស្នងការ​ខេត្ត​កំពត​បែប​នេះ​ក្តី ​ក៏​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិមនុស្ស​ និង​សមាជិក​ក្រុម​គ្រួសារ​ជនជាប់ចោទ​ បាន​ស្ដី​បន្ទោស​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ថា ​កំពុង​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដោយ​រាប់​ចាប់​តាំងតែ​ពី​ការ​ចាប់ខ្លួន​ដោយ​បំពាន​គ្មាន​ដីកា​ រហូត​ដល់​ការ​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ និង​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​ជន​ជាប់​ចោទ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល