អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ថា ​អ្នកសារព័ត៌មាន​ជា​ស្ដ្រី​នៅ​តែ​ជួប​បញ្ហា​ប្រឈម ដែល​ធ្វើ​ចំនួន​ស្ត្រី​នៅ​តែ​តិចតួច

ដោយ សុជីវី
2020-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។
អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ចំនួន​អ្នកសារព័ត៌មាន​ជា​ស្រ្ដី​នៅ​កម្ពុជា នៅ​តែ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ទោះបី​ជា​មាន​ការ​អះអាង​ថា មាន​ចំនួន​កើន​ឡើង បើ​ប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ក្ដី។ ការ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា អ្នក​សារ​ព័ត៌មាន​ស្រ្តី មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ជា​កត្តា​ធ្វើ​អោយ​ចំនួន​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​តែ​មាន​ចំនួន​តិច។

តើ​ស្ត្រី​ជា​អ្នក​សារ​ព័ត៌មាន ជួ​ប្រទះ​បញ្ហា​អ្វី​ខ្លះ​ដែរ?

ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​តែ​មាន​គ្រោះថ្នាក់​សម្រាប់​ស្រ្តី ដោយសារ​តែ​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ងាយ​រងគ្រោះ​ដោយសារ​ចាប់​ដាក់​ពន្ធនាគារ ការ​រំលោភ​បំពាន និង​ការ​គំរាម​កំហែង លើស​ពី​នេះ​ស្ត្រី​នៅ​តែ​ជួប​ការរើសអើង​មិន​ផ្ដល់​តម្លៃ​ពី​សង្គម និង​ពី​គ្រួសារ។

អ្នកសារព័ត៌មាន​សេរី កញ្ញា កាន់ វិច្ឆិកា ដែល​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​នេះ​បាន ៦ឆ្នាំ​និយាយ​ថា​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង​ជាង​មុន​ដែរ ប៉ុន្តែ​នៅ​មាន​តិចតួច​ណាស់ ដែល​ហ៊ាន​ចេញមុខ​ទៅ​យក​ព័ត៌មាន​ក្ដៅៗ ឬ​ព័ត៌មាន ដែល​ប្រឈម​មុខ​នឹង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​អ្នកមាន​អំណាច​មាន​ឥទ្ធិពល​ក្នុង​សង្គម។ កញ្ញា​មើល​ឃើញ​ថា​នេះ​បណ្ដាល​មក​ពី​ការងារ​ជា​អ្នក​យក​ព័ត៌មាន​នៅ​តែ​ប្រឈម​នឹង​ការ​ធ្វើ​បាប​ការ​ចាប់​ដាក់​ពន្ធនាគារ។ លើស​ពី​នេះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​បិទ​ទ្វារ​ស្ថាប័ន​ព័ត៌មាន ដែល​ចាត់​ទុក​ថា មាន​ភាព​ឯករាជ​នោះ ក៏​រឹត​តែ​ធ្វើ​អោយ​ចំនួន​អ្នកសារព័ត៌មាន​ជា​ស្ត្រី​ថយ​ចុះ៖ «ពេល​ខ្ញុំ​ចុះ​ទៅ​យក​ព័ត៌មាន​ឥឡូវ​ឃើញ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ យ៉ាង​ច្រើន​ណាស់ ២នាក់​អី​ទេ ហើយ​អ្នក​ដែល​គាត់​អាច​សួរ​សំណួរ​អី​ហ្នឹង​អាច​ថា មាន​ត្រឹម​ម្នាក់ ២នាក់​អី ហើយ​សំណួរ​របស់​គាត់​ក៏​បញ្ជាក់​ថា មាន​កម្រិត ដែល​មិន​មែន​ជា​សំណួរ​ដូច​កាល​ពី​ជំនាន់​នៅ​មាន​ស្ត្រី ដែល​គាត់​នៅ​ធ្វើ​ការ​អោយ​សារព័ត៌មាន​ឯករាជ្យ និង​មាន​វិជ្ជាជីវៈ​ដូច​កាល​មុន​ទេ គឺ​រាង​ថយ​មែនទែន សូម្បី​តែ​ថូន (tone) សូម្បី​តែ​របៀប​ការ​សួរ​របស់​ពួក​គាត់»

ចាប់តាំង​ពី​ឆ្នាំ២០១៧ ​មក​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ឥត​ប្រណី និង​ខ្ទប់​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ដំបូង​បាន​បិទ​ការផ្សាយ​របស់​វិទ្យុ​ផ្សាយ​បន្ត​ជាង៣០ ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ក្រោយ​មក​ទៀត របប​នេះ​បាន​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សំអាង​ថា កាសែត​នេះ​ជំពាក់​ពន្ធ​រដ្ឋ។ រីឯ​អាស៊ី​សេរី​បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​នៅ​ភ្នំពេញ ដោយសារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​រឿង​បង់ពន្ធ និង​បញ្ហា​អាជ្ញាប័ណ្ណ។ អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​ចាប់​ឃុំ​ខ្លួន​ពី​បទ​ចារកម្ម។ ​លោក រ៉ាត់ រត្នមុនី អ្នក​បកប្រែ​អោយ​សារព័ត៌មាន​RT(Russia Today)​ក្នុង​ការ​ផលិត​វីដេអូ​ស៊ើបអង្កេត ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ​ក៏​ត្រូវ​ចាប់​ខ្លួន ពី​បទ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ។ ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នាក់​ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌ។ សារព័ត៌មាន​ឯករាជ្យ​ភ្នំពេញ​ប៉ុស្តិ៍​ជា​ចុង​ក្រោយ​ក៏​ត្រូវ​លក់​ទៅ​អោយ​អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។

អ្នកស្រី យុន ស៊ីនាថ ដែល​ធ្លាប់​បំពេញ​ការងារ​ឱ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​បាន​លាឈប់​ពី​កាសែត​នេះ​នៅ​ពេល​ដែល​សេរីភាព​ក្នុង​ការ​បំពេញ​ការងារ​លែង​ដូច​មុន​ទៀត។ អ្នកស្រី​ថា​ស្ត្រី​ក៏​នៅ​តែ​ជួប​ការរើសអើង​ពី​សង្គម និង​គ្រួសារ​ដែរ​ព្រោះ​គេ​នៅ​តែ​គិត​ថា ការងារ​នេះ​មិន​សមនឹង​ស្រ្តី។ ជា​មួយ​គ្នា​នេះ​ការបៀតបៀន ការ​លូកលាន់​រាងកាយ​ពេល​យក​ព័ត៌មាន​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​ការ​ប្រជ្រៀត​គ្នា​ខ្លាំង ការ​គំរាមកំហែង​ស្ត្រី​នៅ​តែ​កើត​មាន៖ «ទី១​ត្រូវ​ទៅ​ហាល​ថ្ងៃ​អី​អ៊ីចឹង​ទៅ ត្រូវ​ទៅ​កាត់​ព្រៃ​ កាត់​វាល ​ត្រូវ​ចុះ​ខេត្ត ត្រូវ​ទៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល តំបន់​ដែល​អាច​ថា មាន​គ្រោះថ្នាក់ តំបន់​ដែល​មិន​សូវ​មាន​សុវត្ថិភាព​ ឱពុក​ម្ដាយ​ភាគ​ច្រើន​គាត់​មិន​ចង់​ឱ្យ​កូន​ទៅ​ធ្វើ​ការ​បែប​ហ្នឹង​ទេ។ ពាក់​ព័ន្ធ​នឹង​រឿង​សម្រស់​រឿង​អី​វិញ​ធ្វើ​ឱ្យ​ស្បែក​ខ្មៅ​ធ្វើ​ឱ្យ​អ៊ីចឹង​ទៅ។ មួយ​វិញ​ទៀត​ពីសង្គម​ក៏​នៅ​តែ​មាន​ផ្នត់គំនិត​ស្ត្រី​មិន​មាន​លទ្ធភាព​ ឬ​មិន​មាន​សម​នឹង​ការងារ​បែប​ហ្នឹង​ទេ ការងារ​ហ្នឹង​សម​តែ​ជា​ការងារ​របស់​បុរស​ ​នៅ​មិន​ទទួល​ស្គាល់​តម្លៃ​របស់​ស្រ្តី ទោះ​បី​ជា​ស្ត្រី​គាត់​មាន​សមត្ថភាព​ក៏ដោយ»

ការ​គំរាម​កំហែង​លើ​អ្នក​កាសែត​ជា​ស្រ្តី​ពេល​ខ្លះចេញ​ពី​មាត់​ប្រមុខ​ដឹកនាំ​កំពូល​ទៀត​ផង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​មាន​វិបត្តិ​កូវីដ-១៩​នេះ​បាន​គំហក​ដាក់​ស្ត្រី ២រូប គឺ​កញ្ញា ញឹក ស្រីលក្ខណ៍ នៅ​សារព័ត៌មាន​ថ្មីៗ និង​កញ្ញា កាន់ វិច្ឆិកា៖ «លោក ហ៊ុន សែន៖ ច្បាស់​ជា​សំណួរ​ចេញ​មក​ពី​អា​ជ្រុង​ហ្នឹង​ មើល​ក្មួយ​ឯង​ហ៊ាន​ស្បថ​ឱ្យ​ងាប់​ទេ? បើ​ក្មួយ​ឯង​មិន​មាន​គេ​បោះ​ប្រ៊ុយយ៉ុង​ពី​ខាង​ក្រោយ​អោយ​សួរ​អា​សំណួរ​បែប​ហ្នឹង? វិច្ឆិកា៖ក្មួយ​បាន​ឃើញ​ក្នុង​សេចក្ដីព្រាង​ច្បាប់​ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ហើយ​ក្មួយ​ធ្វើ​ការងារ​ក្នុង​ផ្នែក​ហ្នឹង​។ លោក ហ៊ុន សែន៖ អ៊ីចឹង​ហ៊ាន​ស្បថ​អត់? ហ៊ាន​ស្បថ​គ្រាន់​បើ​ ប៉ុន្តែ​សំនួរ​នេះ​ជា​សំណួរ​ចាក់​ដោត»

អ្នក​ធ្វើ​ការងារ​ការពារ​អ្នកសារព័ត៌មាន និង​សិទ្ធិ​ស្រ្តី​ចាត់​ទុក​ការវាយប្រហារ​អ្នក​សារព័ត៌មាន​ជា​សាធារណៈ​នេះ គឺ​ជា​ផ្នែក​មួយ ដែល​នឹង​ធ្វើ​អោយ​ចំនួន​ស្រ្តី​អាច​នឹង​កាត់បន្ថយ​ថែម​ទៀត។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា(CAMBOJA) លោក ណុប វី មាន​ប្រសាសន៍​ថា ការ​គំរាម​កំហែង​ជា​សាធារណៈ​បែប​នេះ​ពិត​ជា​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ពិសេស​ស្ត្រី​វ័យ​ក្មេង ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ត្រូវ​ប្រឈម​នឹង​មន្ត្រី អ្នក​មាន​អំណាច និង​អ្នក​មាន​ឥទ្ធិពល​បែប​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា មិន​បាន​ចាត់​ទុក​ទង្វើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​ធ្វើ​អោយ​បន្ទច់​បង្អាក់​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​វិស័យ​សារ​ព័ត៌មាន​ឡើយ។ ជាមួយ​គ្នា​នេះ​អ្នកស្រី​បាន​ប្រាប់​តាម​បណ្ដាញ​តេឡេក្រាម (Telegram) ថា ក្រសួង​កិច្ចការ​នារី​បាន​ចេញ​នូវ​គោលនយោបាយ​ជាច្រើន​ធ្វើ​យ៉ាងណា បង្កើន​ចំនួន​ស្ត្រី​ក្នុង​គ្រប់​វិស័យ​ គឺ​ធ្វើ​យ៉ាងណា​អោយ​មាន​ចំនួន​ស្ត្រី​ប្រហាក់ប្រហែល​នឹង​បុរស។

បើ​ទោះ​ជា​យ៉ាង​ណា​ទាំង​ក្រសួង​កិច្ចការ​នារី​ទាំង​ក្រសួង​ព័ត៌មាន​មិន​ទាន់​មាន​តួលេខ​ពី​ចំនួន​ស្រ្តី​ជា​អ្នកសារព័ត៌មាន​នៅ​ឡើយ​ទេ។ ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​ថា នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​ដែល​មាន​ ១៩ជំនាន់​នោះ មាន​នារី​ចំនួន ២៧១នាក់ ក្នុង​ចំណោម​និស្សិត​សរុប​៤៧៦នាក់។

នាយក​ប្រតិបត្តិ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព រំពឹង​ថា​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​មាន​គឺ​ត្រូវ​ធានា​កាត់បន្ថយ​ការរើសអើង​យេនឌ័រ និង​ធានា​អោយ​មាន​យុត្តិធម៌​ពិត​ប្រាកដ ដោយ​ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​ស្មើភាព។

បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការអនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​ការធានា​របស់​អាជ្ញាធរ​រដ្ឋ ដើម្បី​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​ក្តី​អ្នក​កាសែត​ជា​ស្ត្រី​លើក​ទឹក​ចិត្ត​អោយ​ក្មេង​ស្រី​អាច​ចូលរួម​កិច្ចការ​នេះ ដោយ​ត្រូវ​ត្រៀមខ្លួន​ទុក​ជាមុន​ជានិច្ច​ប្រឈម​នឹង​បញ្ហា​ និង​ត្រូវ​តម្កល់​ប្រយោជន៍​​ស្ត្រី​ជាធំ។

កញ្ញា កាន់ វិច្ឆិកា ប្រាប់​ទៅ​ស្ត្រី​វ័យ​ក្មេង ដែល​ចង់​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ថា ត្រូវ​តែ​មាន​មោទនភាព ដែល​បាន​ចាប់​យក​អាជីព​ដែល​ខ្លួន​ស្រឡាញ់ និង​ប្រឹងប្រែង​បង្ហាញ​ថា​ស្ត្រី​មាន​សមត្ថភាព៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​មោទនភាព​ដោយសារ​ខ្ញុំ គឺ​ជា​ស្រ្តី ដែល​មិន​មាន​មនុស្ស​ច្រើន​ទេ​ធ្វើ​ការងារ​ហ្នឹង។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ត្រូវ​ដឹង​ថា តើ​នៅ​ពេល​ដែល​យើង​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​យើង​ត្រូវ​ប្រឈម​អី​ខ្លះ? នៅ​ពេល​ដឹង​បញ្ហា​ប្រឈម​ទាំង​អស់​ហ្នឹង​ហើយ​ យើង​នឹង​ដឹង​ថា​ដោះ​ស្រាយ​វា​យ៉ាង​ម៉េច»

ក្រៅពី​មាន​មោទនភាព​ជា​អ្នកសារព័ត៌មាន អ្នកស្រី យុន ស៊ីនាថ បញ្ជាក់​ដែរ​ថា ស្ត្រី​អាច​យល់​ដឹង​ពី​បញ្ហា​របស់​ស្រ្តី​ច្រើន​ជាង​បុរស ដែល​ងាយស្រួល​ជួយ​ដល់​ប្រភព​ជា​ស្ត្រី​ដូច​គ្នា៖ «យើង​នឹង​យល់​ថា យើង​ពិត​ជា​បាន​ជួយ​សង្គម​មួយ​នេះ​ ជាពិសេស គឺ​ជួយ​ស្ត្រី​ជា​អ្នក​រង​គ្រោះ ឬ​ជា​ប្រជា​ពលរដ្ឋ​ទូទៅ​ក៏​ដោយ យើង​បាន​បញ្ជាក់​ថា យើង​ជា​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​ជា​បុរស​ដែរ»

ពិត​មែន​ថា​អ្នក​កំពុង​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ​មាន​មធ្យោបាយ លើកទឹកចិត្ត​ខ្លួន​ឯង និង​កាត់បន្ថយ​គ្រោះថ្នាក់​ក្ដី​ក៏​ពួកគេ​នៅ​តែ​ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ដល់​អាទិភាព​ដល់​អ្នកសារព័ត៌មាន​ជា​ស្រ្តី បញ្ឈប់​ការ ការរារាំង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​តាម​អំពើ​ចិត្ត និង​ទទួល​យក​បញ្ហា​ស្ត្រី​ទៅ​ដោះស្រាយ​រាប់​តាំង​ពី​ការ​បៀតបៀន​ពាក្យ​សម្ដី រាងកាយ និង​ផ្លូវ​ចិត្ត​រួម​ទាំង​ការ​ប្រើ​ពាក្យ​គំរាម​គំហក​របស់​លោក នាយក​រដ្ឋមន្ត្រី​នោះ​ផង ព្រោះ​ការ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​រឿង​ទាំង​នេះ នឹង​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជួយ​ដល់​ស្ត្រី​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល