មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​រក​ឃើញ​ថា​ ជន​សង្ស័យ​ត្រូវ​បាន​តម្រូវ​ឱ្យ​ស្លៀក​ពាក់​ជា​អ្នក​ទោស​នៅ​ពេល​​តុលាការ​មិន​ទាន់​កាត់​ទោស

ដោយ ហេង រស្មី
2020-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ម៉ៃ ហុងស្រៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ភុន យុទ្ធ អ្នក​រិះគន់​តាម​ហ្វេសប៊ុក និង​(ស្ដាំ) លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ នៅ​ក្នុង​ពន្ធនាគារ ស្លៀក​ពាក់​​ឯក​សណ្ឋាន​ពណ៌​ទឹក​ក្រូច​ចាស់ ដែល​ត្រូវ​​បាន​កំណត់​​ថា ជា​បុគ្គល​ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ទាន់​ចូល​ជា​ស្ថាពរ។
(ឆ្វេង) លោក ម៉ៃ ហុងស្រៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ភុន យុទ្ធ អ្នក​រិះគន់​តាម​ហ្វេសប៊ុក និង​(ស្ដាំ) លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ នៅ​ក្នុង​ពន្ធនាគារ ស្លៀក​ពាក់​​ឯក​សណ្ឋាន​ពណ៌​ទឹក​ក្រូច​ចាស់ ដែល​ត្រូវ​​បាន​កំណត់​​ថា ជា​បុគ្គល​ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ទាន់​ចូល​ជា​ស្ថាពរ។
រូបពីហ្វេសប៊ុក និងស្ដាំ Reuter

របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​ជាច្រើន​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​តម្រូវ​ឲ្យ​ស្លៀក​សំលៀក​បំពាក់​ជា​អ្នក​ទោស ​នៅ​ពេល​ដំណើរ​ការ​ក្តី​របស់​ពួកគេ​មិន​ទាន់​តុលាការ​សម្រេច ​បិទ​បញ្ចប់​សព្វគ្រប់​នៅ​ឡើយ។ ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ សំលៀក​បំពាក់​មិន​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ទេ។

ព្រឹត្តិបត្រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាផ្សាយកាលពីថ្ងៃទី៩មករា​​បាន​រក​ឃើញ​ថា ជនសង្ស័យ​បាន​ពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​ អាវ​អំបោះ​ពណ៌​ខៀវ ឆ្នូត​ស​ពីរ និង​ខោ​អំបោះ​ពណ៌​ខៀវ​ឆ្នូត​ស​ពីរ​ ដែល​ឯកសណ្ឋាន​នេះ ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់​ទោស​រួច​ទៅ​ហើយ។

វិធាន​ ១១៥​ នៃ​វិធាន​អង្គការ​សហប្រជាជាតិ​ស្ដីពី​បទដ្ឋាន​ អប្បបរមា​ សម្រាប់​ការ​អនុវត្ត​ទៅ​លើ​ជន​ជាប់​ឃុំ​ អនុម័ត​ដោយ​មហាសន្និបាត​ ឆ្នាំ​២០១៥​ ចែង​ថា «ត្រូវ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​ប្រើ​សំលៀក​បំពាក់​របស់​ពួកគេ​ ក្នុង​សំលៀក​បំពាក់​ស្អាត​បាត និង​ សមរម្យ។​ ប្រសិន​បើ​ជន​ជាប់​ឃុំ​ត្រូវ​ប្រើ​សំលៀក​បំពាក់​របស់​ពន្ធនាគារ​ សំលៀក​បំពាក់​ទាំង​នេះ​មិន​ត្រូវ​ឲ្យ​ដូច​គ្នា​នឹង​ជន​ជាប់​ឃុំ ដែល​ត្រូវ​តុលាការ​បាន​កាត់​ទោស​ស្ថាពរ​រួច​ហើយ​នោះ​ទេ»

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី​ ចក់ សុភាព​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា​ ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ត្រូវ​ចាត់​ទុក​ថា ជា​មនុស្ស​អត់​ទោស​ដរាប​ណា​តុលាការ​មិន​ទាន់​ប្រកាស​សាល​ក្រម​ជាស្ថាពរ។​លោក​ស្រី​និយាយ​ថា​ ក្នុង​ខណៈ​ដែល​តុលាការ​មិន​ទាន់​ត្រូវ​បាន​កំណត់​ថា​មាន​ទោស​ដូច្នេះ​សិទ្ធិ​ដែល​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​សំលៀកបំពាក់​សមរម្យ​ហើយ​ដើម្បី​រក្សា​បាន​នូវ​កិត្តិយស​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ជន​ជាប់​ចោទ​នោះ​គឺ​ក៏​ត្រូវ​បាន​ធានា​ដែរ។​លោក​ស្រី​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​អនុវត្ត​ល្អ​មួយ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ក៏​បាន​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​បង្ហាញ​ខ្លួន​ក្នុង​សំលៀក​បំពាក់​សមរម្យ​មិន​មែន​ជា​សំលៀក​បំពាក់​ជា​អ្នក​ទោស​នោះ​ទេ៖ «កន្លង​មក​ក្រសួង​ធ្លាប់​បាន​ចេញ​បទ​បញ្ជា​ក្នុង​ការ​បែង​ចែក​ឯកសណ្ឋាន​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​ទាន់​មាន​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ដែរ។​អញ្ចឹង​ក្នុង​ដំណាក់​កាល​បណ្ដោះ​អាសន្ន​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​ធានា​ថា​បទ​បញ្ជា​របស់​ខ្លួន​ត្រូវ​បាន​អនុវត្ត​។​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក្រសួង​គួរ​តែ​ធ្វើ​ការ​ពិនិត្យ​ឡើយ​វិញ​នៅ​ក្នុង​បទដ្ឋាន​របស់​ខ្លួន​ឲ្យ​អនុលោម​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ធ្វើ​យ៉ាងណា​ធានា​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​សន្មត​មិន​មាន​ទោស​ដរាប​ណា​តុលាការ​មិន​បាន​កាត់​ទោស​ជាស្ថាពរ»

មាត្រា​ ៣៨​ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​បាន​ចែង​ថា «ជន​ជាប់​ចោទ​ណា​ក៏​ដោយ​ដោយ​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​ឥត​ទោស​ ដរាបណា​ តុលាការ​មិនទាន់​កាត់​ទោស​ជាស្ថាពរ»។ ដូច្នេះ​បាន​សេចក្ដី​ថា​បុគ្គល​គ្រប់​រូប​អាច​មាន​សិទ្ធិ​ស្លៀកពាក់​សមរម្យ​នៅ​ពេល​បង្ហាញ​មុខ​ក្នុង​បន្ទប់​សវនាការ​មិន​ត្រូវ​មាន​សំលៀក​បំពាក់​ជា​អ្នក​ទោស​ទេ។

ព្រឹត្តិបត្រ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​រក​ឃើញ​ថា​ នៅ​ពេល ដែល​ជន​ជាប់​ចោទ​ចូល​ខ្លួន​នៅ​ក្នុង​បន្ទប់​សវនាការ​ក្នុង​សំលៀក​បំពាក់​ជា​ទណ្ឌិត និង​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ការ​វិនិច្ឆ័យ​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ ឬ​ចៅក្រម ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី និង​ចុង​ក្រោយ​បង្អស់​នៃ​រឿង​ក្តី។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​លោក​ ជិន ម៉ាលីន​ ប្រាប់​អាស៊ី​សេរី​ថា​ ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់​គ្រាន់​តែ​ជា​រូប​ភាព​ប៉ុណ្ណោះ​ សំខាន់​គឺ​ទៅ​លើ​ដំណើរ​ការ​អនុវត្ត​នីតិវិធី​ និង​ ទៅ​លើ​ការ​របស់​តុលាការ​នោះ​ទេ។ លោក​និយាយ​ថា​ ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់​នេះ​មិន​មាន​ឥទ្ធិពល​ដល់​ដំណើរ​ការ​រឿង​ក្តី​របស់​ជនសង្ស័យ​នោះ​ឡើយ៖ «ការ​ប្រើ​សំលៀក​បំពាក់​នេះ គ្រាន់​តែ​ជា​រូប​ភាព​ទេ ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ទេ​ពី​ព្រោះ​ថា ការ​សន្មត​ទុកជាមុន​ថា​មាន​ទោស​ ឬ​មិន​មាន​ភាព​យុត្តិ​ធម៌​នេះ​គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​នីតិវិធី​ ឬ​សម្រេច​ក្តី​របស់​ចៅ​ក្រម​ទេ​។​អញ្ចឹង​បើ​ដំណើរ​ការ​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​ច្បាស់​លាស់​គឺ​នៅ​តែ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​តាម​ផ្លូវ​ច្បាប់​ដដែល​ទេ»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​អង្កេត​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ដល់​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៩​ មាន​សំណុំរឿង​ចំនួន​ ៤៥២​ ទាក់​ទិន​និង​ជន​ជាប់​ចោទ​ចំនួន ៦៦៧នាក់។ ករណី​ទាំង​អស់​នេះ​ទាក់ទិន​ជន​ជាប់​ចោទ​ត្រូវ​បាន​សារ​ដំបូង​ការ​ទោស​រួច​ហើយ​ប៉ុន្តែ​ការ​កាត់​សេចក្ដី​នេះ​កំពុង​ដំណើរ​ការ​នីតិវិធី​បណ្ដឹង​ឧទ្ធរណ៍​ និង​ មិន​ទាន់​ចូល​ជាស្ថាពរ​នៅ​ឡើយ។​

ក្នុង​អំឡុង​ពេល​អង្កេត​សវនាការ​នេះ​មាន​ជន​ជាប់​ចោទ​ចំនួន​ ១៥៧​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​ឯក​សណ្ឋាន​ជា​ទណ្ឌិត​ពណ៌​ខៀវ។ ជន​ជាប់​ចោទ​ចំនួន ៣៤៧នាក់ បាន​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​ក្នុង​​ឯក​សណ្ឋាន​ពណ៌​ទឹក​ក្រូច​ចាស់ ដែល​ត្រូវ​កំណត់​ដោយ​បុគ្គល​ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​មិន​ទាន់​ចូល​ជា​ស្ថាពរ ឬ​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក្នុង​ឯក​សណ្ឋាន​ផ្ទាល់​ខ្លួន។

មាន​ជន​ជាប់​ចោទ​ចំនួន ១៦៣​នាក់ មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​នីតិវិធី​ ឬមួយ​ក៏បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក្នុង​សំលៀក​បំពាក់​ខ្លួន​ឯង​ផ្ទាល់​ ដោយ​សារ​ពួកគេ​មិន​ទាន់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល