សង្គម​ស៊ីវិល​ស្នើ​ភាគី​ពាក់ព័ន្ធ​ផ្ដល់​ដំណោះស្រាយ​ជូន​សហគមន៍​រងគ្រោះ​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ថៃ​មិត្រផូល

ដោយ មាន ឫទ្ធិ
2020-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។
តុលាការ​ថៃ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ២០១៩។
រូប៖ ជីវិតា

សង្គម​ស៊ីវិល​ចំនួន ៣ អង្គការ អំពាវនាវ​សាជាថ្មី​ដល់​ភាគី​ពាក់ព័ន្ធ ឲ្យ​ផ្ដល់​ដំណោះស្រាយ​ជូន​សហគមន៍​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករ​របស់​ថៃ​មួយ ឈ្មោះ មិត្រផូល (Mitr Phol) ឬ មិត្រផុន អាន​ជា​ភាសា​ថៃ។ សង្គម​ស៊ីវិល​ទាំង​បី​នោះ រួមមាន អង្គការ​សមធម៌​កម្ពុជា អង្គការ​អាយ​ឌីអាយ (IDI) និង​អង្គការ​លីកាដូ។

ពួកគេ​អំពាវនាវ​ដល់​ក្រុមហ៊ុន មិត្រផូល ឲ្យ​ចូលខ្លួន​ជា​បន្ទាន់​មក​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នកតំណាង​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ និង​ចាត់វិធានការ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​។ ទន្ទឹមគ្នា​នេះ សង្គម​ស៊ីវិល​ទាំង​៣​នេះ ក៏​អំពាវនាវ​ដល់​ស្ថាប័ន និង​ម៉ាក​ល្បីៗ ដូចជា ក្រុមហ៊ុន​កូកាកូឡា (Coca Cola) និង​ក្រុមហ៊ុន​ណេស្លេ (Nestle) ដែល​បន្ត​ទិញ​ស្ករ​ពី​ក្រុមហ៊ុន មិត្រផូល នេះ ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​រួមគ្នា ក្នុង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ផ្ដល់​យុត្តិធម៌​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​អង្គការសហប្រជាជាតិ កំពុង​បើក​សម័យប្រជុំ​លើក​ទី​៩ ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា។

អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​ប្រជាកសិករ​ខ្មែរ​ជាង​៧០០​គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រងគ្រោះ​ពី​ការ​រឹបអូស​យក​ដីធ្លី​ដោយ​បង្ខំ និង​ការ​ដកហូត​ផលដំណាំ​ស្រូវ​របស់​ពួកគាត់ យក​ទៅ​ធ្វើជា​ចម្ការ​អំពៅ ពី​សំណាក់​ក្រុមហ៊ុន​ថៃ មិត្រផូល ដោយមាន​ការ​សហការ​ពី​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​។ សហគមន៍​ដែល​រង​ផល​ប៉ះពាល់ បាន​ប្ដឹង​ក្រុមហ៊ុន​នេះ ទៅ​តុលាការ​នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៨​។ បច្ចុប្បន្ន បណ្ដឹង​សមូហភាព​របស់​ពួកគេ ត្រូវ​តុលាការ​ប្រទេស​ថៃ ទទួល​យក​ទៅ​ពិចារណា ក៏ប៉ុន្តែ នៅ​ពុំ​ទាន់​បើកសវនាការ​នៅឡើយ​ទេ​។ សង្គម​ស៊ីវិល​ទាំង​បី​នេះ គូស​បញ្ជាក់​ថា សហគមន៍​មិន​គួរ​ទទួលរង​ការ​ស៊ូទ្រាំ​ចំពោះ​ដំណើរការ​ក្តី​ដែល​អូស​បន្លាយពេល​យូរ ដើម្បី​ទទួល​បាន​នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល