ពលរដ្ឋ​ចោទ​សន្តិសុខ​ភូមិ​នៅ​រតនគិរី​ថា​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ជួយ​ក្រុម​ម៉ុងតាញ៉ា

ដោយ រដ្ឋា វិសាល
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA

អ្នក​ភូមិ ២​នាក់ នៅ​ខេត្ត​រតនគិរី ចោទ​ប្រកាន់​សន្តិសុខ​ភូមិ​ម្នាក់ ថា​គំរាម​ចាប់​ខ្លួន​ពួក​គាត់​ក្នុង​បទ​ចោទ​ថា ពួក​គាត់​បាន​ជួយ​ជន​ភៀស​ខ្លួន​វៀតណាម ឬ​ពួក​ម៉ុងតាញ៉ា ដែល​បាន​រត់​មក​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ ខេត្ត​រតនគិរី កាល​ពី​ពីរ​សប្ដាហ៍​មុន។ បុរស​សន្តិសុខ​ភូមិ​ប្រាប់​អ្នក​ភូមិ​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ ហេតុ​នេះ​ពួក​គេ​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស។

អ្នក​ភូមិ​ណងហៃ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ២​នាក់ ចាត់​ទុក​ការ​គំរាម​ចាប់​ខ្លួន​ពួក​គេ​ពី​សំណាក់​កង​សន្តិសុខ​ភូមិ ថា​ជា​អំពើ​រំលោភ​ច្បាប់ គ្មាន​ភស្តុតាង និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រជាពលរដ្ឋ​ឈ្មោះ ថង យូង រៀប​រាប់​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ សន្តិសុខ​ភូមិ​ឈ្មោះ លៀង លា បាន​ចូល​មក​ផ្ទះ​គាត់ ហើយ​ថត​រូប​គាត់ និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត ដោយ​ចោទ​ថា​គាត់​លាក់​បំពួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ចោទ​មិត្តភ័ក្ដិ​លោក​ថា​ជា​អន្តោប្រវេសន៍​វៀតណាម ចូល​មក​លាក់​ខ្លួន​នៅ​ទី​នេះ។ លោក​បន្ត​ថា បុរស​សន្តិសុខ​គំរាម​ហៅ​ប៉ូលិស​ចាប់​ខ្លួន​គេ​ទាំង​ពីរ​នាក់​ទៀត​ផង៖ «ប៉ះពាល់​ហ្នឹង​ហើយ គេ​ហ៊ាន​ទៅ​ចោទ​យើង​ផ្ដេសផ្ដាស អ៊ីចឹង​អត់​ពិត​ផង ហើយ​ហៅ​ឡាន​ប៉ូលិស​មក​ចាប់»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​សង្គ្រោះ​ជន​ភៀស​ខ្លួន​វៀតណាម មួយ​ក្រុម​មាន​គ្នា ៨​នាក់ ពី​ព្រៃ​មួយ​កន្លែង​ឋិត​ក្នុង​ភូមិ​ណងហៃ បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ចេញ​ពី​កន្លែង​លាក់​ខ្លួន​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​ក្រុម​មន្ត្រី​អង្គការ​អន្តរជាតិ ផ្នែក​សិទ្ធិ​មនុស្ស​មួយ​នេះ។

អ្នក​ភូមិ​ឈ្មោះ រចំ ហ័ង ថ្លែង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជា​មុខ​សញ្ញា​ដែល​ក្រុម​សមត្ថកិច្ច​សង្ស័យ​ថា​ជា​អ្នក​លាក់​បំពួន​ជន​ភៀស​ខ្លួន ហើយ​ជានិច្ចកាល អ្នក​ភូមិ​ត្រូវ​ប៉ូលិស​មូលដ្ឋាន​តាម​ដាន និង​គំរាម​កំហែង។ លោក​បន្ត​ថា ពួក​គាត់​មិន​បាន​ជួយ​ទំនុក​បម្រុង​ជន​ភៀស​ខ្លួន ឬ​អន្តោប្រវេសន៍​អ្វី​នោះ​ទេ ហេតុ​នេះ​បុរស​សន្តិសុខ​មក​គំរាម​ចាប់​ខ្លួន​ពួក​គាត់ គឺ​ជា​ទង្វើ​បំភិតបំភ័យ​បំបាក់​ស្មារតី​អ្នក​ភូមិ៖ «មិន​ដឹង​មក​ពី​ខាង​ណា​ទេ ច្រងេងច្រងាង​មក​សុំ​ថត​បង​ឯង​ទៀត គេ​ថា​អ៊ីចឹង។ ថា​ថត​ខ្ញុំ​ធ្វើ​ស្អី​ប្អូន​មក​ថត​បង​ការងារ​ស្អី​ខ្លះ ថា​ហៅ​ប៉ូលិស​មក​យក»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​បុរស​សន្តិសុខ​ភូមិ​ឈ្មោះ លៀង លា សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​សេដា លោក អង្គ ប៊ុនធៀន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពី​បញ្ហា​នេះ​ទេ។ លោក​បន្ត​ថា សន្តិសុខ​ភូមិ​គ្មាន​សិទ្ធិ​ចាប់​ចង​ប្រជាពលរដ្ឋ​ណា​ដោយ​មិន​មាន​ភស្តុតាង​ថា​បាន​ប្រព្រឹត្ត​ខុស​ជាក់ស្តែង​នោះ​ឡើយ៖ «ចាំ​ខ្ញុំ​សួរ​មេ​ប៉ុស្តិ៍​សិន ការងារ​ហ្នឹង​ទាក់ទិន​មេ​ប៉ុស្តិ៍ បើ​អត់​មាន​មេ​ប៉ុស្តិ៍​គេ​អត់​ធ្វើ​បាន​ទេ»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា សមត្ថកិច្ច​ខេត្ត​រតនគិរី តែង​ចាត់​ទុក​ជន​ភៀស​ខ្លួន​វៀតណាម ដែល​រត់​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ ថា​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ ក៏ប៉ុន្តែ​កាល​ពី​ជាង ១០​ថ្ងៃ​កន្លង​មក​នេះ មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​ក្រុម​ការងារ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ នាំ​យក​ជន​ភៀស​ខ្លួន​វៀតណាម ១៣​នាក់​ពី​ខេត្ត​រតនគិរី នាំ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​សម្ភាស​កំណត់​អត្តសញ្ញាណ​ពួក​គេ ថា​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ ឬ​យ៉ាង​ណា។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ រួម​ទាំង​រាជ​រដ្ឋាភិបាល មាន​កាតព្វកិច្ច​អនុវត្ត​កតិកាសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី លើ​សន្ធិសញ្ញា​អន្តរជាតិ​នេះ៖ «បើ​គាត់​មក​ក្នុង​ហេតុផល​ជ្រក​កោន​ភ័យ​ខ្លាច​ពី​ប្រទេស​មួយ ពួន​សម្ងំ​ក្នុង​ព្រៃ ការ​ជួយ​យក​អាសា​របស់​ពលរដ្ឋ​មិន​ខុស​ច្បាប់​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ អ្នក​ភូមិ​ទាំង​ពីរ​នាក់​អះអាង​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេដា បាន​សម្រប​សម្រួល​ផាក​ពិន័យ​សែន​ព្រេន​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច បន្ទាប់​ពី​សន្តិសុខ​ភូមិ​ទទួល​ស្គាល់​ថា ខ្លួន​បាន​ប្រព្រឹត្ត​ខុស​មក​លើ​ប្រជាពលរដ្ឋ​ទាំង​ពីរ​នាក់​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី PARIS

គិតទៅពពួកអាកុម្មុយនិសវាអត់ចោលក្បួនទេ ! សកម្មភាពទាំងនេះក៏ដូចជំនាន់ប៉ុលពតដែរគឺវាគម្រាមបំបាក់ស្មារតីអ្នកស្លូតត្រង់ដែលមានចិត្តសណ្តោសដលអ្នកមានទុក្ខ ! តាមពិតទៅអ្វីដែលពួកផ្តាច់ការអស់ហ្នឹងចង់បានគឺចាប់បញ្ជូនអ្នកភៀសខ្លួនម៉ុងតាញ៉ាទៅជូនចៅហ្វាយម៉ឺនឆ្នាំវិញដើម្បីផ្គាប់ចិត្ត !!! ឆ្លៀតឱកាសនេះសូមអរគុណដល់ អ.ស.ប ដែលបានជួយអាយុជីវិតជនភៀសខ្លួនទូរទាំងពិភពលោក !!! គ្មានការជ្រោមជ្រែងពីសំណាក់អង្ការនេះជីវិតខ្ញុំក៏គ្មានថ្ងៃនេះដែរ !!!

Dec 31, 2014 11:06 AM

គេហទំព័រ​ទាំងមូល