ប៉ូលិស​ឃុំ​ត្រពាំងផ្លុង​លុប​គម្រោង​សួរនាំ​តំណាង​ពលរដ្ឋ​៦​នាក់ ក្រោយ​អ្នកភូមិ​ជាង​២០​នាក់ លើក​គ្នា​ទៅ​ជួប​ដល់​មុខ​ប៉ុស្តិ៍

ដោយ ជាតិ ចំណាន
2020-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំងផ្លុង លុបចោល​គម្រោង​សួរនាំ​តំណាង​ពលរដ្ឋ​៦​នាក់ នៅ​ថ្ងៃ​ទី​១៨ កក្កដា ក្រោយ​ពេល អ្នកភូមិ​ជាង​២០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ប៉ុស្តិ៍​។ អ្នកភូមិ​អះអាង​ថា ប៉ូលិស​កោះហៅ​តំណាង​ពួកគេ ព្រោះ​ចង់​គំរាមកំហែង ឱ្យ​ឈប់​ទៅ​ធ្វើ​ស្រែ ក្បែរ​ព្រំដែន​វៀតណាម។

តំណាង​ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​៦​នាក់ ដែល​រង​ការ​កោះហៅ គឺ លោកស្រី ហាក់ ម៉ៃហ៊រ ប្រាប់​ថា ប៉ូលិស បាន​ប្រាប់​ឱ្យ​អ្នកភូមិ និង​តំណាង​ពលរដ្ឋ​ទាំងអស់ នាំគ្នា​ត្រលប់​មក​ផ្ទះ​វិញ ហើយ​លុបចោល​ការ​កោះហៅ​នោះ ដោយ​មិន​បញ្ជាក់​មូលហេតុ​។ ការលុបចោល​នេះ គឺ​ក្រោយ​ពេល អ្នកភូមិ​ជាង​២០​នាក់ ដែល​មាន​ជម្លោះដីធ្លី​នៅ​ក្បែរ​ព្រំដែន នាំ​គ្នា​ទៅ​ឃ្លាំមើល ការសាកសួរ​តំណាង​របស់​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស។

លោកស្រី ហាក់ ម៉ៃហ៊រ ពេញចិត្ត​ចំពោះ​ការ​លុប​ចោល ការ​សួរ​នាំ ព្រោះ​ចាត់ទុកថា ជា​ការ​បំភិតបំភ័យ និង​គំរាម​ឱ្យ​បញ្ឈប់​ការ​ដាំ​ដំណាំ និង​ធ្វើស្រែ នៅ​ក្បែរ​ព្រំដែន ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ កាលពី​ថ្ងៃ​ទី​១៣ កក្កដា៖ «ពួក​ខ្ញុំ​នៅ​អង្គុយ​ចាំ​តាំងពី​ម៉ោង​៨ ដល់​ម៉ោង​៩​កន្លះ គាត់​(​ប៉ូលិស​)​អត់​មាន​ធ្វើការ​។ គាត់​ដេញ​ឱ្យ​ពួក​ខ្ញុំ​ទៅ ផ្ទះ​វិញ​ទៅ និយាយ​អ្វី​ក៏​មិនកើត​ដែរ​។ ក្នុង​ចិត្តគំនិត​របស់​ពួកគាត់​ហ្នឹង បែប​ជា​ចង់​ហៅ​ម្នាក់ ឬ​ពីរ​នាក់​ហ្នឹង មក​គាបសង្កត់​ហ្មង​។ គេ​អត់​ប្រាប់​អ្វី​ទេ តែ​ថា បើ​ថ្ងៃ​ហ្នឹង​កោះហៅ ពួក​ប្រជាជន​ទាំងអស់គ្នា​ហ្នឹងហើយ អត់​មាន​សួរនាំ​អ្វី ថ្ងៃក្រោយ​មិនបាច់​ហៅ​អ្វី​ទៀត​ទេ ព្រោះ​ពួក​ខ្ញុំ​អត់ (​ក្រ​)​ខ្លាំង​ណាស់ កំពុងតែ​ដើរ​រក ដូច​ថា គេ​ជួល​គេ​អ្វី ស៊ីឈ្នួល (​ធ្វើ​កសិកម្ម​)​ចិញ្ចឹមជីវិត ហើយ​គេ​ក៏​អត់​មាន​ឆ្លើយ​អត់​មាន​អ្វី គេ​ដើរចូល​ទៅ​ក្នុង​សំងំ​បាត់​ទៅ»

ទោះជា​យ៉ាងណា អ្នកភូមិ​ត្រពាំង​ផ្លុង អះអាង​ថា ពួកគេ​នៅតែ​ចង់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​បញ្ហា​ក្រុម​ទាហាន​វៀតណាម ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ តែងតែ​ចូល​មក រារាំង​កសិករ​មិន​ឱ្យ​បង្កបង្កើនផល​លើ​ដី របស់​អ្នកភូមិ នៅ​ក្បែរ​ព្រំដែន ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​។​

នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុង លោក ហ៊ិន ឆែប បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ចំនួន​៦​នាក់ កាលពី​ថ្ងៃ​ទី​១៦ មិថុនា ឱ្យ​ចូល​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​១៨ កក្កដា​។ ការ​កោះហៅ​នេះ ក្រោយពេល​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​ប្រកាស​ចោទ​ពលរដ្ឋ​ខ្លះ​ថា បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្បែរ​ព្រំដែន ដោយ​ខុសច្បាប់ ដោយ​បោះ​បង្គោល​កំណត់​ព្រំដី លើ​សំណល់​ដី ក្បែរ​តំបន់​ព្រំដែន​។ ទន្ទឹម​នឹង​ការ​ចេញ​ប្រកាស​នេះ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ពង្រាយ​ប៉ូលិស​ខ្មែរ យាមកាម​នៅ​តំបន់​ដីស្រែ​ក្បែរ​ព្រំដែន​នោះ និង​គំរាម​ចាប់​អ្នកភូមិ បើ​ហ៊ាន​បន្ត​ចូល​ទៅ​ដាំ​ដំណាំ ឬ ហ៊ាន​ចូល​ទៅ​ប្រមូល​ផល​ដំឡូង​មី​លើ​ដី​នោះ។

វិវាទ​នេះ កើតឡើង​ដោយសារតែ​ពលរដ្ឋ អះអាង​ថា ទាហាន​វៀតណាម​ច្រើន​នាក់ បាន​កាន់​កាំភ្លើង​វែង ខ្នោះដៃ និង​ដំបង​ឆក់ ចូល​មក​ដក​បង្គោល​ព្រំ​ដីស្រែ ចម្ការ​របស់​ពលរដ្ឋ​នៅ​ក្បែរ​ព្រំដែន​គ្រវាត់​ចោល នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុង និង​បណ្ដេញ​ពលរដ្ឋ​ខ្មែរ ចេញពី​តំបន់​នោះ។

ជុំវិញ​ករណី​កោះហៅ តំណាង​ពលរដ្ឋ​៦​នាក់​ទៅ​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន​នេះ អាស៊ីសេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុង លោក ហ៊ិន ឆែប ទេ នៅ​ថ្ងៃទី​១៨ កក្កដា​។ ប៉ុន្តែ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន ធ្លាប់​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៣ កក្កដា ថា តំបន់​ព្រំដែន នៅ​ភូមិ​ត្រពាំង​ផ្លុង មិន​ទាន់​មាន​ការ​ឯកភាព​ព្រំដែន​នៅឡើយ​ទេ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់ថា អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ច្បាស់ ករណី​ទាហាន​វៀតណាម រារាំង​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឱ្យ​ធ្វើស្រែ ម្ដង​ជា​ពីរ​ដង​នេះ​។ អ្នកឃ្លាំមើល​ព្រំដែន​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ ចុះ​មក​ជជែក​ជាមួយ​ពលរដ្ឋ​ឱ្យ​ច្បាស់ ជាជាង​ការ​ចេញ​លិខិត​កោះហៅ ដែល​ពលរដ្ឋ​ចាត់ទុកថា ជា​ការ​គំរាមកំហែង៖ «វា​អត់​មាន​អ្វី មានការ​លំបាក​ទេ នៅ​ពេល​ដែល​អាជ្ញាធរ​យើង​សម្របសម្រួល ហើយ​ផ្ដល់​ដំណោះស្រាយ​ឱ្យ​គាត់​ទៅ ចប់​ហើយ»

អ្នកភូមិ​ត្រពាំង​ផ្លុង ព្រួយបារម្ភ​ថា បើ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បន្ត​ហាមឃាត់​ពួកគេ​មិន​ឱ្យ​ទៅ​ប្រមូល​ផល​លើ​ដី​ចម្ការ​ក្បែរ​ព្រំដែន​ទៀត នឹង​បណ្ដាល​ឱ្យ​ដំឡូង​មី​របស់​ពួកគេ​រលួយ​អស់​មិន​ខាន។ អ្នកភូមិ​កំពុង​ប្រមូល​គ្នា ធ្វើ​ញត្តិ ឡើង​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាមទារ​ឱ្យ​ដោះស្រាយ​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល