សង្គមស៊ីវិល​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​ស្ត្រី​តាមរយៈ​រូបថត​អាក្រាត​ជំរិត​ទារ​ប្រាក់

ដោយ សុ ជីវី
2019-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​ដែល​ឃ្លាំមើល​ការរំលោភ​សិទ្ធ​ស្ត្រី និង​កុមារ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស ​អាដហុក (ADHOC) បាន​សម្ដែង​ក្ដីបារម្ភ​អំពី​ការរំលោភ​សិទ្ធិ​ស្ត្រី​ ដែល​ជនខិលខូច​មួយចំនួន​បាន​ឆបោក​លួងលោម​ឲ្យ​ថតរូប​អាក្រាត​អាច ​រួចហើយ​យក​រូបថត​នោះ ទៅ​ជំរិត​ទារ​ប្រាក់​ពី​នារី​រងគ្រោះ

ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​ អាដហុក (ADHOC) គឺ​អ្នកស្រី ឆន សុគន្ធា ស្នើ​ឲ្យ​តុលាការ​ដាក់ទោស ទៅលើ​ជន​ប្រព្រឹត្ត​ឲ្យ​ធ្ងន់ធ្ងរ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ករណីនេះ កើតឡើង​ទៅលើ​ស្ត្រី​ដ៏ទៃទៀត​នៅ​ថ្ងៃ​ខាងមុខ៖ «ការដែល​គាត់​បោក​បញ្ឆោត​តាមរយៈ​រូបភាព​នឹង គឺមាន​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ក៏ដូចជា​ច្បាប់​នៃ​ការ​បង្ក្រាប​នៃ​ការធ្វើ​អាជីវកម្ម និង​ការជួញដូរ​មនុស្ស​មាន​ចែង​ហើយ​នៅក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​យើង អ៊ីចឹង​ខ្ញុំ​ស្នើសុំ​ទៅ​អាជ្ញាធរ​សមត្ថកិច្ច ជាពិសេស​មន្ត្រី​តុលាការ​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ឲ្យ​បាន​តឹងរឹង​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​នៃ​អំពើ​បែប​នេះ ព្រោះ​អី​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ស្ត្រី​ផ្សេងៗ​ទៀត»

សំណើ​មន្ត្រី​សង្គម​ស៊ីវិល​ដោយសារ កាល​ពី​ថ្មីៗ ​នេះ មាន​ស្ដ្រី​រងគ្រោះ​ពីរ​នាក់​បាន​ចាញ់បោក​បុរស​ម្នាក់ ​ដែល​បាន​លួងលោម​បោក​បញ្ឆោត​ឲ្យ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​នោះ​ឲ្យ​ថតរូប​អាក្រាត​កាយ​ រួចហើយ​បុរស​នោះ​យក​រូបថត​របស់​នាង​ទៅ​ជំរិត​ទារ ប្រាក់​ពី​ពួកនាង អស់ប្រាក់​ម្នាក់ៗ​ ចំនួន​ប្រហែល ២​ពាន់​ដុល្លារ។

ដោយសារតែ​គ្មាន​លទ្ធភាព​រកលុយ​ឲ្យ​ជនសង្ស័យ​បាន នារី​រងគ្រោះ​ទាំងពីរ​នាក់ សម្រេចចិត្ត​ដាក់ពាក្យ​ប្ដឹងទៅ​សមត្ថកិច្ច ​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​ទៅតាម​នីតិវិធីច្បាប់។ ក្រោយ​មក​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ឈ្មោះ ចេង មិត្ត ដែល​បាន​ស្គាល់​គ្នា​ជាមួយ​ជនរងគ្រោះ​ទាំង​ ២​នាក់​ខាងលើ​តាមរយៈ​ហ្វេសប៊ុក (Facebook) ហើយ​បាន​ឆាត​លេង​ជាមួយគ្នា បន្ទាប់មក​បាន​លួងលោម​ជនរងគ្រោះ​ឲ្យ​ថតរូប​អាក្រាតកាយ​ផ្ញើ​ឲ្យ​គ្នា​មើល ប៉ុន្តែ​ក្រោយ​មក​ក៏បាន​ទូរស័ព្ទ​ទៅកាន់​ជន​រង​គ្រោះ​​ជា​​បន្តបន្ទាប់​ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន បើ​មិន​ដូច្នោះ​ទេ​នឹង​បង្ហោះ​រូបអាក្រាត​កាយ​របស់​នាង​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​សាធារណជន​បានឃើញ។

អ្នកស្រី ឆន សុគន្ធា ឲ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​និង​រឿង​ករណី​ដែល​ស្ដ្រី​ខ្មែរ​ចាញ់បោក​ការ​លួងលោម​តាមរយៈ​ហ្វេសប៊ុក​នេះ វា​ច្រើនលើក​ហើយ​ដែលមាន​បញ្ហា​ដូចគ្នា គឺ​កន្លង​មក​ករណីនេះ​ក៏បាន​កើតឡើង​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ផ្សេងៗ​ ទៀត​ដែរ។

អ្នកស្រី​ស្នើសុំ​​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ ដូចជា ​ក្រសួង​អបរំ ក្រសួង​ព័ត៌មាន និង​ខាង​ក្រសួង កិច្ចការនារី ជាដើម គួរតែមាន​កម្មវិធី​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​​រឿង​ផលវិបាក​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ នៅតាម​ជនបទ​ដាច់ស្រយាល​ឆ្ងាយៗ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ ដឹង​អំពី​ការ​កេងប្រវ័ញ្ច​តាម​ប្រព័ន្ធ​​ហ្វេសប៊ុក​នេះ។

អ្នកស្រី ឆន សុគន្ធា ពន្យល់​ទៅដល់​ស្ដ្រី​ទាំងអស់ គឺ​មុនពេល​ដែល​ជឿ​លើ​ការបញ្ចុះ​បញ្ចូល​តាមរយៈ​រូបភាព​អ្វី​ក៏ដោយ មិនមែន​តែ​រូបភាព​តាម​ប្រព័ន្ធ​សង្គម​នោះទេ គឺ​ត្រូវ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​ពីព្រោះ​វា​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល