មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកអតីតមេគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ថាជាកម្មាភិបាលខ្មែរក្រហមលើកដំបូង ដែលហ៊ានសារភាពប្រាប់អំពីតួនាទីរបស់ខ្លួន។ ប៉ុន្តែ មន្រ្តីរូបនេះ នៅតែចាត់ទុកថា សាលាក្តីខ្មែរក្រហមមិនអាចរកយុត្តិធម៌ ជូនអ្នករងគ្រោះនៃរបបខ្មែរក្រហមបានទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអតីតកម្មាភិបាលខ្មែរក្រហម។
សពអតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានសាច់ញាតិ និងអាជ្ញាធរយកទៅបូជាភ្លាមៗ នៅរសៀលថ្ងៃទី២ កញ្ញា ចាក់អង្រែក្រោម ដោយពុំបានរៀបចំធ្វើបុណ្យអ្វីនោះទេ ក្រោយលោកស្លាប់កាលពីថ្ងៃទី១ កញ្ញា។
ជុំវិញការស្លាប់របស់ ឌុច ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័ររបស់លោកនៅថ្ងៃទី២ កញ្ញាថា សហរដ្ឋអាមេរិកសម្ដែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ក្រោមបញ្ជាគាត់។
ពលរដ្ឋខ្លះ ឱ្យដឹងថា ពួកគាត់គ្មានការសោកស្ដាយចំពោះមរណភាពអតីតមេគុកទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅឌុច ឡើយ។ ពួកគេយល់ថា ឌុច កាលនៅមានអំណាច ជាមនុស្សកំណាច ឃោរឃៅ ដូច្នេះការស្លាប់របស់មេដឹកនាំខ្មែរក្រហមរូបនេះ គ្មានតម្លៃគួរឲ្យស្រណោះទេ គឺមានតែ បន្សល់ទុកកេរ្តិ៍ឈ្មោះអសោច។