ជនជាតិ​ចាម​នៅ​ស្វាយឃ្លាំង​ស្រុក​ក្រូចឆ្មា​ប្រតិកម្ម​ខ្លាំងៗ​ ចំពោះ​​មរណភាព ​និង​ពិធី​បុណ្យ​លោក នួន ជា

ដោយ ជី វិតា
2019-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក លី ហាក់ ជនជាតិ​ចាម​នៅ​ភូមិ​ស្វាយឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ
លោក លី ហាក់ ជនជាតិ​ចាម​នៅ​ភូមិ​ស្វាយឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ
RFA

ក្រោយ​មរណភាព​របស់​អតីត​បងធំ​ទី​ពីរ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា ដែល​មាន​ឈ្មោះ​ដើម​ថា ឡុង ប៊ុនរួត នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​សីហា កន្លង​ទៅ ក្នុង​វ័យ ៩៣​ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ដោយ​ជំងឺ ហើយ​ដែល​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បូជា​តាម​បែប​ប្រពៃណី​សាសនា​ផង​នោះ ពលរដ្ឋ​ចាម​នៅ​ភូមិ​ស្វាយឃ្លាំង ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ មាន​ប្រតិកម្ម​ផ្សេងៗ ​គ្នា​ទៅលើ​ការ​លាចាក​លោក​របស់​លោក នួន ជា។ ដោយ​ពលរដ្ឋ​ចាម​ខ្លះ​ថា លោក នួន ជា ជា​មនុស្ស​ទមិឡ​ឥត​សាសនា ព្រោះ​ក្រោម​របប​ដឹកនាំ​របស់​លោក សាសនា​ទាំងអស់ រួម​ទាំង​សាសនា​ឥស្លាម​ផង ត្រូវ​លោក​កម្ទេច​ចោល។ សម្រាប់​អ្នកស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​ខ្មែរក្រហម​វិញ​ថា ពន្លឺ​យុត្តិធម៌​អាច​នឹង​ត្រូវ​បាន​បាត់បង់​ក្រោយ​មរណភាព​លោក នួន ជា ដ្បិត​លោក​មិន​ព្រម​និយាយ​ការពិត។

ជនជាតិចាម​ខ្លះ​នៅ​ភូមិ​ស្វាយឃ្លាំង ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ភូមិ​មួយ​ដែល​ហ៊ាន​ក្រោក​ឈ​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ខ្មែរក្រហម យល់ឃើញ​ផ្សេងៗ ​គ្នា​ចំពោះ​មរណភាព និង​ពិធី​បុណ្យ​សព​របស់​លោក នួន ជា ក្រោយ​ពី​ទទួល​ដំណឹង​ថា អតីត​មេដឹកនាំ​កំពូល​ទី​២ នៃ​កម្ពុជា​ប្រជាធិបតេយ្យ រូបនេះ បាន​ស្លាប់ និង​ត្រូវ​បាន​បូជា​រួចរាល់​តាម​បែប​ព្រះពុទ្ធសាសនា ដែល​ពិធី​សាសនា​នេះ​ត្រូវ​បាន​លុប​បំបាត់​ចោល នៅ​ពេល​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម លោក សុះ មីន បាន​ថ្លែង​ថា លោក​មិន​មាន​អ្វី​ដែល​ត្រូវ​ប្រតិកម្ម​នឹង​ការ​ស្លាប់​របស់​លោក នួន ជា នោះ​ទេ ត្បិត​លោក​យល់ថា ការ​ស្លាប់​គឺជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ទូទៅ តែ​លោក​ថា អ្វី​ដែល​ធ្វើ​ឱ្យ​សប្បាយចិត្ត​គឺ​ឃើញ នួន ជា ត្រូវ​បាន​គេ​នាំមក​ជំនុំជម្រះ​ចំពោះ​បទឧក្រិដ្ឋ​នានា ដែល​គាត់​បាន​ប្រព្រឹត្ត​កាល​នៅ​ពេល​កាន់​អំណាច។

ទោះជា​យ៉ាងណា ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​ការ​ធ្វើ​ពិធី​បុណ្យ​សព​របស់​បង​ធំ​ទីពីរ លោក នួន ជា ដែល​ត្រូវ​បាន​គ្រួសារ​បូជា​នៅ​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​៩ សីហា ​នៅ​វត្ត​ព្រំគិរី​មរកត ក្បែរ​គេហដ្ឋាន​របស់​លោក ក្នុង​ខេត្ត​ប៉ៃលិន ថា វា​គ្រាន់តែ​ជា​ការ​សម្ដែង​ឆាកល្ខោន​តែប៉ុណ្ណោះ ដ្បិត​អតីត​ប្រធានរដ្ឋសភា​ប្រជាជន នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រូប​នេះ មិនបាន​អនុញ្ញាត​​ឱ្យ​មាន​ការ​គោរព​ជឿ​លើ​សាសនា​ណាមួយ​ឡើយ កាល​ខ្លួន​នៅ​មាន​ជីវិត​និង​កាន់​អំណាច​ក្នុង​របប​អាវ​ខ្មៅ​របស់​ខ្លួន៖ «ព្រោះ​វា (​នួន ជា​) ជា​មនុស្ស​ដែល​ទមិឡ​ទៅ​ហើយ​ហ្នឹង​។ អីចឹង​ម៉ោង​ហ្នឹង ម៉ោង​ដែល​វា (​នួន ជា​) ស្លាប់ វា​ផ្តាំ​ឱ្យ​គេ​ធ្វើបុណ្យ​សម្រាប់​អី? សម្រាប់​វា (​នួន ជា​)? បុណ្យ​ហ្នឹង​គឺជា​ប្រពៃណី​របស់​សាសនា​។ វា​មិនមែន​ជា​អ្នក​កាន់​សាសនា។ វា​ជា​សត្វ​ទមិឡ នៅ​របប​ប្រល័យ​ពូជសាសន៍​របប​វា (​នួន ជា​) នៅ​គ្រប់គ្រង។ អីចឹង​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ពិចារណា​ទៅ​។ អីចឹង​ត្រូវ​អាណិតអាសូរ​ចំពោះ​វា ត្រូវ​ធ្វើ​បុណ្យ​ហ្អា បើ​វា​អត់​មាន​ឱ្យ​ប្រជាជន​ជំនឿ​សាសនា អត់​ឱ្យ​ប្រជាជន​ជំនឿ​ដា​មាន​បាប​មានបុណ្យ ចុះ​ពេល​នេះ​វា (​នួន ជា​) ចង់​បាន​បុណ្យ​ធ្វើ​អី

ជនជាតិចាម​នៅ​ភូមិ​ស្វាយឃ្លាំង​ម្នាក់​ទៀត​លោក លី ហាក់ ជា​អតីត​អ្នក​ងើប​បះបោរ​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ត្រេកអរ​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ថា បងធំ​ទី​ពីរ នួន ជា បាន​ទទួល​មរណភាព។

កំពុង​អង្គុយ​លើ​គ្រែ​ក្រោម​ផ្ទះ ជាមួយ​សមាជិក​គ្រួសារ​របស់​ខ្លួន ហើយ​មាន​ទឹកមុខ​ប្រែ​ពី​ភាព​សប្បាយ​រីករាយ​ទៅជា​ក្រៀមក្រំ មើល​ទៅ​ហាក់​មាន​ការ​ឈឺ​ផ្លូវចិត្ត ក្រោយ​ពី​ត្រូវ​បាន​សាកសួរ​ពី​ប្រតិកម្ម​របស់​គាត់​អំពី​មរណភាព​របស់​លោក នួន ជា បុរស​វ័យ ៨៧ ឆ្នាំ​រូប​នេះ មាន​ប្រសាសន៍​បន្ថែម​ថា បើ​និយាយ​ពី​កំហឹង និង​ការឈឺចាប់​ដែល​គាត់​បាន​ឆ្លងកាត់​ក្នុង​របប​ប្រល័យពូជសាសន៍ លោក នួន ជា គួរតែ​ត្រូវ​បន្ត​ទទួល​ទោសកំហុស​ដែល​គាត់​បាន​សាង បើ​ទោះ​បី​ជា​អតីត​អនុលេខា​បក្ស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្ដី៖ «បើ​បើ​ងាប់​ហើយ ត្រូវ​ដាក់​ទោស​​គាត់​ទៅទៀត​ហ្អា។ បើ​តាម​ថា ច្រវាក់​ដាក់​លើ​ផ្នូរ​គាត់​ទៅ​ទៀត បើ​តាម​ថា​ហ្នឹង​ណា៎ តាម​ក្ដៅ​ក្រហាយ»

លោក លី ហាក់ បាន​រៀប​រាប់ទាំង​ទឹកមុខ​ក្រៀមក្រំ​ប្រាប់​ថា សព​លោក នួន ជា មិន​គួរ​ត្រូវ​បាន​ធ្វើបុណ្យ​តាម​បែប​សាសនា​នោះ​ទេ ត្បិត​អី​អតីត​បងធំ​ទី​២​រូប​នេះ បាន​រារាំង​ពលរដ្ឋ​ខ្លួន​ក្នុង​ការ​គោរព​ប្រណិប័តន៍​សាសនា៖ «មិន​ត្រូវ​ធ្វើបុណ្យ​ទេ ត្រូវ​យក (​សព​របស់​លោក នួន ជា​) ទៅ​គ្រវី​ចោល​ទៀត​នោះ​។ វា​ធ្វើបាប​ពួក​ខ្ញុំ​ហ្នឹង​អស់ហើយ ។ មនុស្ស​ហ្នឹង​ត្រូវ​យក​ទៅ​បោះចោល កប់​ចោល។ យើង​ទៅ​បន់ស្រន់​ឱ្យ​គាត់​ធ្វើ​អី​? មនុស្ស​ក្បត់​នឹង​ពពួក​យើង​ទៅ​ហើយ យើង​ទៅ​បុណ្យ​យ៉ាងម៉េច​ទៀត​? មនុស្ស​អាក្រក់​ទៅ​ហើយ អត់​ដឹង​សាសនា​យ៉ាងម៉េច?»

ចំពោះ​ខ្មែរក្រហម សាសនា​គឺជា​កម្អែល​នៃ​សង្គមចាស់ ដែល​ធ្វើ​ឱ្យ​ខាតបង់​ពេលវេលា និង​ធនធាន​ឥត​ប្រយោជន៍​។ លើស​ពី​នោះ​ទៀត ខ្មែរក្រហម​យល់​ថា សាសនា​គឺជា​ឧបសគ្គ​គំរាម​ដល់​មនោគមវិជ្ជា​កុម្មុយនិស្ត និង​បដិវត្តន៍​ផ្លាស់ប្ដូរ​សង្គម​របស់​ពួកគេ ដែល​ត្រូវ​លុប​បំបាត់​ចោល រដ្ឋធម្មនុញ្ញ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាត្រា​២០ បាន​ចែង​អំពី​សិទ្ធ​ខាង​ជំនឿ និង​សាសនា​ថា ពលរដ្ឋ​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​នេះ​មាន​សិទ្ធិ​ជឿ ឬ​មិន​ជឿ​លើ​សាសនា​ណាមួយ​ក៏បាន​។ មាត្រា​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​មិន​អនុញ្ញាត​ឱ្យ​សាសនា​ប្រតិកិរិយា ដែល​បំផ្លិចបំផ្លាញ​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រជាជន​កម្ពុជា​ដាច់ខាត»

ប៉ុន្តែ ការអនុវត្ត​ជាក់ស្ដែង​វិញ ការ​គោរព​ប្រណិប័តន៍​ជំនឿ​លើ​សាសនា​មិន​មាន​សោះឡើយ​។

មិន​ខុសគ្នា​ពី​លោក លី ហាក់ ពលរដ្ឋ​ចាម​ម្នាក់ទៀត​អ្នកស្រី សឹម សោះ វ័យ ៧៥ ឆ្នាំ និយាយ​ថា លោកស្រី​មាន​សេចក្ដី​ត្រេកអរ​ពេល​លឺ​ដំណឹង​ថា បងធំ​ទី​២ នួន ជា សា្លប់ ដ្បិត​អ្នកស្រី​ឆ្អែត​ចិត្ត​នឹង​របប​ប្រល័យពូជសាសន៍​ដោយសារ​អ្នកស្រី​ក៏ដូចជា​ពលរដ្ឋ​ចាម​ឯទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួលទាន​សាច់​ជ្រូក និង​បោះបង់​ប្រពៃណី​សាសនា​របស់​ខ្លួន៖ «មាន​អារម្មណ៍​សប្បាយ បាន នួន ជា ស្លាប់​ទៅ អត់​មាន​ពី​ណា​ជំនួស​អី​ហ្នឹង សប្បាយ​មែនទែន​។ រក​មាន ឬ​មិន​មាន ក្រ​ឬ​មាន យ៉ាងម៉េច​ម៉ា​ហ្នឹង សប្បាយ​មែនទែន ទោះ​ក្រ​យ៉ាងម៉េច​ក៏​សប្បាយ​ដែរ ឱ្យ​តែ នួន ជា វា​ងាប់ (ស្លាប់​) ទៅ»

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ចាម ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា យ៉ាងហោចណាស់​មាន​ភូមិ​ចាម​ចំនួន ១១ ត្រូវ​បាន​រលាយ​បាត់ និង​មាន​ជនជាតិ​ចាម ប្រមាណ​ពី ៤​សែន ទៅ ៥​សែន​នាក់ ក្នុង​ចំណោម​ប្រជាជន​ចាម ចំនួន ៧​សែន​នាក់ បាន​ស្លាប់​បាត់​បង់ជីវិត។

នៅមុន​របប​ខ្មែរក្រហម ជនជាតិ​ខ្មែរ និង​ជាតិ​សាសន៍​ដទៃ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ទំនៀមទម្លាប់ និង​សាសនា ដែល​ជា​វប្បធម៌​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​ជា​យូរលង់​ណាស់​មក​ហើយ។ ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាត់​ទុក​សាសនា​ទាំងអស់​ជា​សត្រូវ​របស់​បដិវត្ត។

អ្នកស្រាវជ្រាវ​ប្រវត្តិ​សាសន៍​ខ្មែរក្រហម លោក អ៊ីសា ឧស្មាន ដែល​ជា​សាក្សី​ដ៏​សំខាន់​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ដែរ​នោះ មាន​ប្រសាសន៍​ថា អ្នក​ដែល​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បូជា​នោះ​ទេ ហើយ​វា​ជា​ការ​ស្លាប់​ដោយ​វេទនា​បំផុត​។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​នា​សម័យ​នោះ ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម ស្លាប់​តាមរយៈ​ការ​បង្អត់​អាហារ និង​តាម​រយៈ​​មធ្យោបាយ​ផ្សេងៗ​ទៀត៖ «បើ​មក​ប្រៀបធៀប​ការ​ស្លាប់​របស់​លោក នួន ជា នេះ ជា​រឿង​មួយ​ដែល​វា​ស្រួល​បំផុត។ វា (ជា​ការ​) ស្លាប់​ដោយ​ស្រួល​បំផុត ដោយមាន​ពេទ្យ មាន​បុណ្យ​ទាន​ត្រឹម​ត្រូវ​​តាម​បែបបទ​សាសនា។ បើ​យើង​និយាយ​ពី​កំហឹង​មួយ​ភ្លែត​គឺ គាត់​មិន​សម​ទេ។ មិន​សម​ដែល​គាត់​ស្លាប់​ក្នុង​របៀប​ហ្នឹង​។ គាត់​គួរតែ​ទទួល​ទារុណកម្ម​ខ្លះ​មុន​ស្លាប់ វេទនា​ខ្លះ មាន​ការ​ឈឺចាប់ មាន​​ការ​​វេទនា តែ​បើ​យើង​មើល​មែន​ទែន​ទៅ​គាត់​ហាក់​គ្មាន​ការ​វេទនា​ទេ»

លោក អ៊ីសា ឧស្មាន បន្ត​ថា លោក នួន ជា ហាក់​មានការ​ភ្ញាក់​រលឹក​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចាប់ផ្ដើម​គិត​ពី​រឿង​ធម៌អាថ៌ តែ​អ្នកស្រាវជ្រាវ​ប្រវត្តិ​សាសនា​ខ្មែរក្រហម​រូប​នេះ នៅតែ​មាន​ការ​សោកស្ដាយ​ដែល​លោក នួន ជា មិន​បាន​និយាយ​ការពិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន និង​បក្សពួក​។ សម្រាប់​លោក ឧស្មាន ពន្លឺ​យុត្តិធម៌​ហាក់​នៅ​ឆ្ងាយ និង​បាន​បាត់​បង់​​ក្រោយពី​មរណភាព​របស់​លោក នួន ជា ទៅ។

អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម និង​វៀតណាម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន ៤​នាក់ រួមមាន លោក នួន ជា ប្រធាន​សភា​តំណាង​ប្រជាជន លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស អ្នកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​លោក ខៀវ សំផន ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

តែ​រហូត​មក​ដល់​ពេល​នេះ សំណុំរឿង ០០២​វគ្គ​២ នៅ​សល់​តែ​ជនជាប់ចោទ​តែ​មួយ​រូប​ប៉ុណ្ណោះ គឺ​លោក ខៀវ សំផន ដែល​កំពុង​ជំនុំជម្រះ ខិត​ជិត​ដល់​ទី​បញ្ចប់​ហើយ​។ ចំណែក លោក អៀង សារី និង​អ្នកស្រី អៀង ធីរិទ្ធ ដែល​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​នោះ​បាន​ស្លាប់​ដោយ​មិន​មាន​ការ​ជំនុំជម្រះ​ក្ដី។

ក្រោម​របប​ខ្មែរក្រហម​រយៈពេល​ជិត ៤​ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ជិត ២​លាន​នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត ដោយសារ​ការ​ប្រហារ​ជីវិត ការ​បង្អត់​អាហារ ពលកម្ម​បាក់កម្លាំង និង​ជំងឺ​ដង្កាត់​គ្មាន​ថ្នាំ​ព្យាបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល