បណ្ដឹង​អាជ្ញា​លើ​លោក នួន ជា ត្រូវ​រម្លត់​ក្រោយ​មរណភាព​របស់​គាត់

ដោយ មួង ណារ៉េត
2019-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC
Photo courtesy of ECCC

បណ្ដឹង​អាជ្ញា​លើ​លោក នួន ជា ត្រូវ​រម្លត់​ក្រោយ​មរណភាព​របស់​ជន​ជាប់ចោទ​រូប​នេះ។ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៃ​សាលា​ក្តី​ខ្មែរក្រហម ប្រកាស​កាលពី​ថ្ងៃ​ទី១៣ សីហា ពោល​គឺ ៩​ថ្ងៃក្រោយ​មរណភាព​របស់​លោក នួន ជា ថា មរណភាព​នេះ មាន​អានុភាព​រលត់​បណ្ដឹង​អាជ្ញា​លើ​រូប​គាត់ និង បញ្ចប់​រាល់​កិច្ច​ដំណើរការ​នីតិវិធី ពាក់ព័ន្ធ​នឹង​រូប​គាត់ នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល។

អនុលោម​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា និង​វិធាន​ផ្ទៃក្នុង​សាលា​ក្ដី​ខ្មែរក្រហម ក្រោយ​មរណភាព​របស់​ជនជាប់ចោទ រាល់​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​ជន​នេះ ត្រូវ​រលត់​។ ចំណែក​ឯ​នីតិវិធី​បណ្ដឹង​រដ្ឋប្បវេណី ពោល​គឺ​ការ​ទាមទារ​សំណង​ពី​ជនជាប់ចោទ ក៏​ត្រូវ​បញ្ចប់​ដែរ។

នេះ​ជា​លើក​ទី​បី​ហើយ ដែល​សាលា​ក្តី​ខ្មែរក្រហម រំលត់​បណ្ដឹង​អាជ្ញា និង​បណ្ដឹង​រដ្ឋប្បវេណី​លើ​ចុងចោទ​។ លើកទីមួយ ករណី​លោក អៀង សារី ដែល​ស្លាប់​មុន​ចេញ​សាលក្រម​ក្នុង​សំណុំរឿង ០០២/០១។ លើក​ទីពីរ គឺ​ករណី​អ្នកស្រី អៀង ធិរិទ្ធ ដែល​ស្លាប់ ពេល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ទោះជា​យ៉ាង​នេះ​ក្តី លោក នួន ជា ដែល​ជា​អតីត​ប្រធាន​រដ្ឋសភា​ប្រជាជន​កម្ពុជា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ជា​អនុលេខាបក្ស​នៃ​កុម្មុយនិស្ត​កម្ពុជា​របស់​ខ្មែរក្រហម ត្រូវ​បាន​សាលា​ក្ដី​ខ្មែរ​ក្រហម ជំនុំ​ជម្រះ​ក្តី​រួចរាល់​មួយ​ករណី​រួច​ទៅ​ហើយ ដោយ​ចេញ​ជា​សាលដីកា​ស្ថាពរ ក្នុង​ករណី​សំណុំរឿង ០០២/០១ ផ្ដន្ទាទោស​ឱ្យ​គាត់ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ត្រូវ​សង​សំណង​រដ្ឋប្បវេណី តាម​ការ​បង្គាប់​របស់​តុលាការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល