សពអតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានសាច់ញាតិ និងអាជ្ញាធរយកទៅបូជាភ្លាមៗ នៅរសៀលថ្ងៃទី២ កញ្ញា ចាក់អង្រែក្រោមដោយពុំធ្វើបុណ្យអ្វីនោះទេ ក្រោយលោកស្លាប់កាលពីថ្ងៃទី១ កញ្ញា។ អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រថា ឌុច ជាមនុស្សច្រើននិយាយយករួចខ្លួនដោយអះអាងថា ការសម្លាប់មនុស្សក្នុងគុកទួលស្លែងជាការធ្វើតាមបញ្ជាអង្គការ។
មរណភាពរបស់ ឌុច ត្រូវបានអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងអង្គទូតប្រទេសលោកសេរីមួយចំនួនបានបញ្ចេញមតិយល់ឃើញខុសគ្នា។ ទោះបីជា ឌុច បានស្លាប់នៅក្នុងពេលដំណើរការសាលាក្ដីខ្មែរក្រហមមិនទាន់បានបិទបញ្ចប់ដំណើរការសំណុំរឿងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមចប់សប់គ្រប់ក្ដី ក៏អង្គទូតទាំងនេះ នៅតែគាំទ្រលើដំណើរកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមបន្តទៅទៀត។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័រ (Twitter) របស់លោកនៅថ្ងៃទី២ កញ្ញាថា សហរដ្ឋអាមេរិកសម្ដែងទឹកចិត្តក្រៀមក្រំចំពោះអ្នកដែលត្រូវបានសម្លាប់ក្រោមបញ្ជាលោក ឌុច។ លោកថា សហរដ្ឋអាមេរិកចូលរួមជាមួយកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការទ្រទ្រង់ដល់ដំណើរការកាត់ក្តីរបស់តុលាការខ្មែរក្រហម ដែលបាននាំឲ្យមានការកាត់ទោស «ឌុច» ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការធានាឲ្យមាននូវការទទួលខុសត្រូវ។
ដោយឡែកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី២ កញ្ញាថា ថ្ងៃនេះ ប្រទេសអូស្ត្រាលីស្ថិតនៅជាមួយអ្នកដែលរងគ្រោះដោយរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេ។ លោកថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏ឈឺចាប់សម្រាប់មនុស្សភាគច្រើននៅកម្ពុជា ក៏ប៉ុន្តែប្រទេសអូស្ត្រាលីសង្ឃឹមថា ការណ៍ដែលសមមិត្ត ឌុច ត្រូវបាននាំយកមកកាត់ទោសដោយសារតែទង្វើរបស់គាត់នឹងនាំមកនូវសេចក្ដីស្ងប់ចំពោះមនុស្សមួយចំនួន។ លោកគូសបញ្ជាក់ថា អូស្ត្រាលីមានសេចក្ដីរីករាយដែលជំនួយរបស់អូស្ត្រាលីសម្រាប់សាលាក្ដីខ្មែរក្រហមបានជួយអ្នកដែលនៅរស់រាន និងក្រុមគ្រួសាររបស់ពួកគេឲ្យទទួលបាននូវការទទួលស្គាល់ ហើយដែលជំនួយរបស់អូស្ត្រាលីបានជួយគាំទ្រដល់ពលរដ្ឋកម្ពុជាឲ្យអាចស្វែងយល់ពីអតីតកាលរបស់ពួកគេ និងបានជួយឲ្យពិភពលោកធានាថា អំពើឃោរឃៅដូចអ្វីដែលសមមិត្ត ឌុច ធ្លាប់បានប្រព្រឹត្តិនឹងមិនកើតមានឡើងជាថ្មីទៀតនោះទេ។
រីឯនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ដែលធ្វើការងារស្រាវជ្រាវពីករណីប្រល័យពូជសាសន៍វិញ ឱ្យអាស៊ីសេរីដឹងថា តាមឯកសារជនរងគ្រោះជាង ១៨.០០០នាក់ ត្រូវស្លាប់ក្នុងគុកទួលស្លែងដែល ឌុច ជាអ្នកគ្រប់គ្រង។ លោក ឆាំង យុ ថ្លែងថា ទោះជាមានពលរដ្ឋរាប់ម៉ឺននាក់បានស្លាប់នៅកន្លែងដែលខ្លួនគ្រប់គ្រងបែបនេះក៏ដោយក៏ ឌុច ជាមនុស្សម្នាក់គ្មានវិប្បដិសារីនូវអ្វីដែលខ្លួនប្រព្រឹត្តឡើយ ដោយអះអាងថាអ្វីដែលលោកធ្វើ គឺជាបញ្ជារបស់អង្គការ៖ «
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការស្លាប់របស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងគឺជានិមិត្តរូបដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមបានស្ងប់ចិត្តដោយសារតែរដ្ឋាភិបាលបានគោរពទៅតាមច្បាប់អន្តរជាតិ ដែលបានកាត់ទោសលោក កាំង ហ្កេកអ៊ាវ រួចរាល់ហើយ។ លោកថា អ្វីដែលរដ្ឋាភិបាលកម្ពុជាបានធ្វើកន្លងមក គឺដើម្បីកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ សារជាថ្មីម្ដងទៀត ដែលឈានទៅរកការកាប់សម្លាប់ រង្គាលជាថ្មីទៀត៖ «
លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានតុលាការយោធាកម្ពុជាចាប់ឃុំខ្លួនតាំងពីឆ្នាំ១៩៩៩។ លោកត្រូវបានផ្ទេរទៅឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម ហើយត្រូវបានតុលាការកំពូលនៃសាលាក្ដីកូនកាត់មួយនេះបានផ្ដន្ទាទោសលោកក្នុងសំណុំរឿងលេខ ០០១ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ" និង "ឧក្រិដ្ឋកម្មសង្គ្រាម" ដែលបានប្រព្រឹត្តឡើងនៅគុកទួលស្លែងក្នុងរបបខ្មែរក្រហម។
ដើមបណ្ដឹងរដ្ឋប្បវេណីនិងជាអ្នកធ្លាប់ជាប់ក្នុងគុកខេត្តសៀមរាបនៅក្នុងរបបខ្មែរក្រហមលោក ស៊ុំ រិទ្ធី ឱ្យដឹងថា តាមរយៈការឆ្លើយបំភ្លឺរបស់ ឌុច ក្នុងសវនាការនៃសាលាក្ដីខ្មែរក្រហមកន្លងមក ឌុចនិយាយលាក់បាំងកំហុសរបស់ខ្លួនច្រើនណាស់។ ប៉ុន្តែ លោក ស៊ុំ រិទ្ធី យល់ថា ការសម្រេចឱ្យ ឌុច ជាប់ពន្ធនាគារអស់មួយជីវិត គឺធ្វើឱ្យលោកនិងជនរងគ្រោះផ្សេងទៀតអស់ចិត្ត៖
ឌុច ត្រូវបានសាលាក្ដីខ្មែរក្រហមរកឃើញថា ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនៅគុកទួលស្លែង ឬមន្ទីរ ស-២១ ចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ ក្នុងនាមលោកជាប្រធាននៅទីនោះ។ គុកទួលស្លែង ឬមន្ទីរ ស-២១ នៅក្នុងរយៈពេលនោះមានអ្នកទោសជាង ១ម៉ឺន ២ពាន់នាក់ ត្រូវបានគេយកទៅឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយ រួចហើយភាគច្រើនបំផុតយកទៅសម្លាប់ចោលនៅតំបន់ជើងឯកជាយក្រុងភ្នំពេញ។
ក្នុងអំឡុងពេលសង្គ្រាមពីចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ឌុច ក៏ធ្លាប់មានតួនាទីជាមេបញ្ជា ការមន្ទីរសន្តិសុខនៃមន្ទីរ ម-១៣ និង ម-៩៩ ផងដែរ។ មេដឹកនាំរបបអាវខ្មៅដែលមានវ័យជរាៗបានបាត់បង់ជីវិតជាបន្តបន្ទាប់ក្នុងនោះមានលោក នួន ជា ប្រធានរដ្ឋសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាបងធំទី២បានស្លាប់កាលពីឆ្នាំ២០១៩ ក្នុងអាយុ ៩៣ឆ្នាំ។ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យបានស្លាប់ក្នុងអាយុ ៨៨ឆ្នាំកាលពីឆ្នាំ២០១៤។ អ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាប្រពន្ធលោក អៀង សារី បានស្លាប់ក្នុងអាយុ ៨៣ឆ្នាំ កាលពីខែសីហា ឆ្នាំ២០១៥។ ពេលនេះនៅសល់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាជនជាប់ចោទមួយរូបទៀតប៉ុណ្ណោះ គឺលោក ខៀវ សំផន ដែលជាអតីតប្រធានរដ្ឋ ឬប្រធានាធិបតី។
ទោះបីជាយ៉ាងក៏ដោយមរណភាពរបស់ ឌុច មិនមានការស្ដាយស្រណោះពីមហាជននោះឡើយ ដោយសារតែ ឌុច ជាថ្នាក់ដឹកនាំមួយរួប ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហម ពិសេសលើការធ្វើទារុណកម្មសម្លាប់មនុស្សនៅមន្ទីរ ស-២១។ ចំពោះការបូជាសព ឌុច វិញ ពុំមានធ្វើពីធីបុណ្យអ្វីនោះទេ ការបូជាធ្វើឡើងដោយស្ងាប់ស្ងាត់នៅក្នុងបរិវេណវត្តចាក់អង្រែក្រោមក្នុងរាជធានីភ្នំពេញ។ នៅក្រោយពីបូជាសពរួច សាច់ញាតិ ឌុច បានយកអដ្ឋិធាតុយកទៅតំកល់ទុកនៅខែត្របាត់ដំបងភ្លាមៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។