អ្នកស្រាវជ្រាវ​ថា សាលាក្ដី​ខ្មែរក្រហម​មិន​បាន​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ

ដោយ ទីន ហ្សាការីយ៉ា
2019-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ ខៀវ សំផន (ពី​ឆ្វេង​ទី​២) និង​ជន​ជាប់​ចោទ នួន ជា (ពី​ឆ្វេង​ទី​៥) ក្នុង​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥។
ជន​ជាប់​ចោទ ខៀវ សំផន (ពី​ឆ្វេង​ទី​២) និង​ជន​ជាប់​ចោទ នួន ជា (ពី​ឆ្វេង​ទី​៥) ក្នុង​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥។
Photo courtesy of ECCC

អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​​ថ្លែង​ថា ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​មិន​អាច​កាត់ថ្លៃ​បាន ប៉ុន្តែ​សម្រាប់​ជនរងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​គ្រប់​ជ្រុងជ្រោយ​នៅឡើយ នៅ​ខណៈ​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​ស្លាប់​ជា​បន្តបន្ទាប់​នេះ។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ សាលាក្ដី​ខ្មែរក្រហម ធ្វើ​ការ​ចោទប្រកាន់ អតីត​មេដឹកនាំ​ខ្មែរក្រហម​តែ​ចំនួន ៥​នាក់ ប៉ុន្តែ​កាត់ទោស​ចប់​សព្វគ្រប់​ជា​ស្ថាពរ​មកដល់ពេលនេះ​បានតែ​ម្នាក់​ប៉ុណ្ណោះ គឺ កាំង ហ្គេចអៀវ ហៅ ឌុច អតីត​មេ​គុក​ទួលស្លែង បន្ទាប់​ពី​ចំណាយ​ពេល​វេលា​ក៏​យូរ និង​ថវិកា​អស់​ច្រើន​។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា ការស្វែងរក​យុត្តិធម៌​គឺ​សំខាន់​ណាស់​សម្រាប់​ជនរងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​យុត្តិធម៌​នេះ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ មិន​អាច​កាត់ថ្លៃ​បានទេ៖ «»

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ស្រប​ពេល​អតីត​មេដឹកនាំ​ខ្មែរក្រហម​ស្លាប់​ជា​បន្តបន្ទាប់ ដែល​ចុងក្រោយ គឺ​បងធំ​ទី​២ នៃ​មេដឹកនាំ​ខ្មែរក្រហម គឺ​លោក នួន ជា បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​​ទី៤ ​សីហា ឆ្នាំ​២០១៩​នេះ។

អ្នកប្រវត្តិសាស្ត្រ គឺ​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់ នួន ជា គឺជា​ការ​បាត់បង់​ឯកសារ​រស់​ដ៏​សំខាន់​មួយ​។ លោក​បញ្ជាក់​ថា ការ​លាតត្រដាង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​រឿង​សំខាន់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ យល់ដឹង​អំពី​របប​ប្រល័យ​ពូជសាសន៍៖ «»

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (...) ឬ​ហៅ​ដោយ​ខ្លី​ថា តុលាការ​ខ្មែរក្រហម បាន​ចាប់ផ្ដើម​សវនាការ​ដេញដោល និង​ពិនិត្យ​ភស្តុតាង​សំណុំរឿង ០០២ វគ្គ ២ នេះ តាំងពី​ខែ​តុលា ឆ្នាំ ២០១៤ និង​បាន​បញ្ចប់​នីតិវិធី​នេះ កាលពី​ខែ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ​។ ការ​ជំនុំជម្រះ រួម​ទាំង​ការ​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ផង តុលាការ​បាន​ស្ដាប់​សក្ខីកម្ម​សាក្សី​ចំនួន ១៨៥​នាក់ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧។ បទ​ចោទ​ក្នុង​សំណុំរឿង ០០២ វគ្គ​ពីរ​នេះ គឺ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​ចាម និង​វៀតណាម​។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប្រសិន​តុលាការ​រក​ឃើញ​ថា អ្នក​ទាំងពីរ​មាន​ពិរុទ្ធភាព​មែន​នោះ។

លោក នួន ជា និង​លោក ខៀវ សំផន បាន​រង​ការចោទប្រកាន់​ជាច្រើន​បទ​ចោទ ក្នុង​សំណុំរឿង ០០២ ដូចនេះ ទើប​តុលាការ​បំបែកសំណុំរឿង​នេះ​ជា​ពីរ​វគ្គ គឺ​សំណុំរឿង ០០២ វគ្គ ១ (០០២/០១) និង​សំណុំរឿង ០០២ វគ្គ ២ (០០២/០២)

ក្នុង​សំណុំរឿង ០០២ វគ្គ ១ (០០២/០១) អ្នក​ទាំងពីរ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​រួច​ទៅ​ហើយ​ទាក់ទង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​បង្ខំ និង​ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទីតាំង​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់។

នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អ្នកស្រី សូ ហ្វារីណា បញ្ជាក់​ថា សាលាក្ដី​ខ្មែរក្រហម នេះ មិនទាន់​ផ្ដល់​យុត្តិធម៌​គ្រប់​ជ្រុងជ្រោយ​ដល់​ជនរងគ្រោះ​នៅឡើយ​ទេ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី អ្នកស្រី​បញ្ជាក់​​ថា សាលាក្ដី​ខ្មែរក្រហម​មាន​គំរូ​ល្អជា​ច្រើន​សម្រាប់​សហ​ចៅក្រម​ជាតិ និង​សហ​ព្រះរាជអាជ្ញា​ជាតិ ដើម្បី​យក​មក​អនុវត្ត ដែល​ជា​និយាម ឬ​ស្តង់ដារ​មួយ​សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​ការ​បំពេញ​ការងា​រ​វិជ្ជាជីវៈ​របស់​ខ្លួន៖ «»

ចាប់ពី​ដើម​ទី​មក សាលាក្ដី​ខ្មែរក្រហម​ត្រូវ​គេ​រំពឹង​ថា អាច​ជា​គំរូ​របស់​តុលាការ​ជាតិ​។ ប៉ុន្តែ​ជាង​ដប់​ឆ្នាំ​កន្លង​ទៅ​នេះ តុលាការ​ជាតិ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​បាន​យក​គំរូ​តាម​ការងារ​របស់​សាលា​ក្តី​ទេ។តុលាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​សម្ពាធ និង​ឥទ្ធិពល​នយោបាយ​ពី​គណបក្ស​កាន់អំណាច ដែល​ក្នុង​នោះ​ចៅក្រម​ថ្នាក់ដឹកនាំ​នៃ​តុលាការ​ទាំ​អស់ គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះជា​យ៉ាងណា អ្នកស្រី សូ ហ្វារីណា បន្ថែម​ថា កេរដំណែល​ល្អៗ របស់​សាលាក្ដី​ខ្មែរក្រហម​នេះ សហ​ចៅក្រម និង​សហ​ព្រះរាជអាជ្ញា​ជាតិ ត្រូវ​ការ​ប្រើ​ពេលវេលា​ច្រើន សម្រាប់​ឱ្យ​សហ​ចៅក្រម​ជាតិ និង​សហ​ព្រះរាជអាជ្ញា យក​ទៅ​អនុវត្ត​នៅ​ក្នុង​តុលាការ​ជាតិ​បច្ចុប្បន្ន មិន​អាច​ទៅ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​នេះ ដែល​កំពុងតែ​រង​ការ​រិះគន់​ថា ពុករលួយ និង​ជា​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល គណបក្ស​កាន់អំណាច​នោះ​បាន​ភ្លាមៗ​ឡើយ៖ «»

សាលាក្ដី​ខ្មែរក្រហម ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ គឺ​រយៈពេល ២៧​ឆ្នាំ ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​។ គោលបំណង​នៃ​ការ​បង្កើត​សាលាក្ដី​កូនកាត់​នេះ គឺ​ដើម្បី​ផ្ដន្ទាទោស អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង​ជន​ទាំងឡាយ ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ មកដល់ពេលនេះ សាលាក្ដី​កូនកាត់​នេះ បើក​ដំណើរការ​កាត់​ក្តី អស់​រយៈពេល ១៣​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ​។ អ្នកវិភាគ​នយោបាយ លើកឡើង​ថា សាលាក្ដី​ខ្មែរក្រហម​មិន​មាន​ភាព​ឯករាជ្យ​របស់​ខ្លួន​ក្នុង​ការ​ស៊ើបអង្កេត និង​កាត់សេចក្ដី​ឡើយ ដោយសារតែ​ការ​ជ្រៀតជ្រែក​ពី លោក ហ៊ុន សែន ដែល គំរាម​ជាច្រើន​ដង ពិសេស​ការ​គំរាម​បិទ​សាលាក្ដី បើ​ហ៊ាន​កាត់ក្ដី​អតីត​មេ​ខ្មែរក្រហម​ច្រើន​លើស​ពី​សំណុំរឿង ០០១ និង ០០២។ នៅ​ទីបំផុត សំណុំរឿង ០០៣ និង ០០៤ ជួប​ឧបសគ្គ​ជាច្រើន ដោយសារតែ​ខ្វះ​ការ​សហការ​ពី​ភាគី​ជាតិ​។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​លាឈប់​ពី​សាលាក្ដី​នេះ​ជា​បន្តបន្ទាប់ ដោយសារតែ​ការ​ជ្រៀតជ្រែក និង​មិន​មាន​ឯករាជ្យ​ក្នុង​ការ​ស៊ើបអង្កេត​ជាដើម។

អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត ភត្រា្ត បញ្ជាក់​ថា លោក នួន ជា ទទួល​មរណភាព​នេះ គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​សាលាក្ដី​ខ្មែរក្រហម​ឡើយ​។ លោក​បញ្ជាក់​ថា សាលាក្ដី​ខ្មែរក្រហម កំពុងតែ​ដំណើរការ​នីតិវិធី​ជំនុំជម្រះ​សំណុំរឿង​០០២ វគ្គ​២ ដែល​ឥលូវ​នេះ នៅ​មាន​ជនសង្ស័យ​មួយ​រូប​ទៀត បន្ទាប់​ពី​នួន ជា គឺ ខៀវ សំផន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល