ក្រុមប្រឹក្សាជំនុំជម្រះពិសេស នៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី១៤ ខែកក្កដា បានសម្រេចច្រានចោលបណ្ដឹងលោក ខៀវ សំផន ដែលប្តឹងចោទប្រកាន់ចៅក្រមអង្គជំនុំជម្រះតុលាការកំពូលទាំង ៦រូបថា លម្អៀងក្នុងការសម្រេចសេចក្ដី ក្នុងសំណុំរឿង ០០២/១ (វគ្គ ១)។
ក្រុមប្រឹក្សាជំនុំជម្រះពិសេស ដែលមានសមាជិក ៧រូប ដែលសុទ្ធតែជាចៅក្រមនៅអង្គបុរេជំនុំជម្រះ ថា ខ្លួនរកមិនឃើញ មូលហេតុគ្រប់គ្រាន់ អំពីភាពលម្អៀងរបស់ចៅក្រមអង្គជំនុំជម្រះតុលាការកំពូល ក្នុងការសម្រេចសេចក្ដី ក្នុងសំណុំរឿងលោក ខៀវ សំផន នោះទេ។
សហមេធាវីលោក ខៀវ សំផន បានដាក់ពាក្យប្ដឹងនេះ កាលពីចុងខែតុលា ឆ្នាំ ២០១៩ ដោយស្នើឲ្យដកចៅក្រមអង្គជំនុំជម្រះតុលាការកំពូលទាំង ៦រូបនោះចេញ ព្រោះពួកគាត់ចោទថា លម្អៀងក្នុងសាលដីកាលើសំណុំរឿង ០០២/១ (វគ្គ ១) ដែលសម្រេចខុសនីតិវិធី ព្រោះសម្រេចជាមុនលើបណ្ដឹងសាទុក្ខលើសំណុំរឿង ០០២/២ (វគ្គ ២)។ មេធាវីលោក ខៀវ សំផន ក៏បានស្នើសុំឲ្យបើកសវនាការដេញដោលគ្នាជាសាធារណៈ ដើម្បីដោះស្រាយបណ្ដឹងនេះ។
សំណើសុំឲ្យបើកសវនាការដោះស្រាយបណ្ដឹងនេះ ក៏ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះពិសេស បដិសេធចោលដែរ។
លោក ខៀវ សំផន ដែលជាអតីតគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម ត្រូវបានសាលាក្ដីខ្មែរក្រហម រកឃើញថាមានពិរុទ្ធ ជាច្រើនបទល្មើស រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។