HRW ទាមទារ​របប​ភ្នំពេញ​ឱ្យ​​នាំ​​​មេ​​ដឹក​​នាំ​​ខ្មែរ​​ក្រហម​​ដទៃ​​​ទៀត​មក​​កាត់​​ទោស ក្រោយ​​មរណភាព​​លោក នួន ជា

ដោយ ជុន ច័ន្ទបុត្រ
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទាម​ទារ​ឱ្យ​មាន​ការ​នាំ​ខ្លួន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ដទៃ​ទៀត យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ បន្ទាប់​ពី​អតីត​មេ​ដឹកនាំ​កំពូល​មួយ​រូប​នៃ​របប​ខ្មែរ​ក្រហម គឺ​លោក នួន ជា បាន​ទទួល​មរណភាព​នៅ​ពេល​ថ្មីៗ នេះ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ថា យុត្តិធម៌​សម្រាប់​អំពើ​ឃោរឃៅ​របស់​ពួក​ខ្មែរ​ក្រហម មិន​អាច​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​កាត់ទោស​ក្រុម​មេដឹកនាំ​មួយ​ក្ដាប់​តូច​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​​ឡើង​ថា មរណ​ភាព​របស់​អតីត​បង​ធំ​ទី​ពីរ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា បាន​គាស់​កកាយ​ឡើងវិញ​នូវ​ចម្ងល់​ជាច្រើន​អំពី​រឿង​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី៦ សីហា​ថា ថ្វីត្បិត​តែ​តុលាការ​បាន​រក​ឃើញ​ពិរុទ្ធភាព​​របស់​លោក នួន ជា ហើយ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​ដោយ​ ជាក់​ស្ដែង មាន​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ជា​ច្រើន​នាក់​ទៀត​ នៅ​មិន​​ទាន់បាន​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅឡើយ។ លោក​ចោទ​ថា មូលហេតុ​សំខាន់ ដែល​ជួយ​ឱ្យ​មេ​ខ្មែរ​ក្រហម​ដទៃ​ទៀត គេចវេះ​ពី​ដំណើរ​ការ​រក​យុត្តិធម៌​បាន គឺ​ដោយសារ​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ខ្លួនឯង​នោះ បាន​ចេញ​មុខ​ការពារ​ពួក​គេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូបនេះ បន្ថែម​ថា ជាមួយ​នឹង​មរណភាព​របស់​លោក នួន​ ជា​ នេះ រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​ត្រូវ​តែ​ទាម​ទារ​ឱ្យ​លោក ហ៊ុន សែន ធានា​អំពី​ការ​នាំ​ខ្លួន​ជន​ដទៃ​ទៀត ដែល​បាន​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម យក​មក​កាត់​ទោស​តាម​ច្បាប់។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៦ សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មិន​ធ្វើ​អត្ថាធិប្បាយ​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ឡើយ។ លោក​បញ្ជាក់​ថា តុលាការ​មាន​សំណុំ​រឿង ៤ នៅ​ក្នុង​​ដៃ ដោយ​សំណុំ​រឿង​ខ្លះ​ត្រូវ​បាន​បញ្ចប់​រួច​ហើយ ខ្លះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្ដឹង​សារទុក្ខ និង​ខ្លះ​ទៀត​ស្ថិត​ក្នុង​ភាព​ខ្វែង​យោបល់​គ្នា​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ និង​​អន្តរជាតិ៖ «សំណុំ​រឿង​០០៣ មាន​ជន​​សង្ស័យ​​មួយ​រូប​ គឺ​លោក មាស មុត ហើយ​បច្ចុប្បន្ន​សំណុំ​រឿង​នេះ​​កំពុង​​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​បណ្តឹង​ឧទ្ធរណ៍​នៅ​​ចំពោះ​មុខ​អង្គបុរេជំនុំ​​ជម្រះ។ ចំណែក​ឯ សំណុំ​រឿង០០៤ គឺ​ករណី​លោកស្រី អ៊ឹម ចែម ត្រូវ​បាន​លើក​លែង​បទ​ចោទ​ប្រកាន់​ប្រឆាំង​ទៅនឹង​គាត់​ហើយ។ សំណុំ​រឿង​ដែល​​នៅសល់​ពីរ​ទៀត គឺ​សំណុំ​រឿង​លោក អោ អាន​ គឺនៅចំពោះមុខ​អង្គបុរេជំនុំ​ជម្រះ។ ចំណែក​​សំណុំ​រឿងរបស់​​លោក យឹម ទិត វិញ គឺបាន​បញ្ចប់​ការ​ស៊ើបអង្កេត​ ហើយ​​សហចៅក្រម​ស៊ើបអង្កេត​បាន​ចេញ​ដីកាដំណោះស្រាយ​ ដោយ​មាន​ការ​ខ្វែង​យោបល់​គ្នា​រវាង​ចៅក្រម​ជាតិ និង​អន្តរជាតិទៅលើ​យុត្ថាធិការ​បុគ្គល​របស់​លោក យឹម ទិត​ នៅ​​ចំពោះមុខ​តុលាការ។ ដូច្នេះ​យើង​មិន​មាន​សំណុំ​រឿង​ផ្សេងទៀត ក្រៅពីសំណុំ​រឿង​០០១ ០០២ ០០៣ និង​​០០៤ នោះទេ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា អង្គ​បុរេ​ជំនុំ​ជម្រះ​នឹង​សម្រេច​ថា ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ ឬ​ទម្លាក់​ចោល​ការ​​ចោទ​ប្រកាន់​ចំពោះ​សំណុំ​រឿង ០០៣ និង ០០៤ នៅ​ចុង​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​អាច​មាន​អស្ថិរភាព​សង្គម និង​សង្គ្រាម​ស៊ីវិល​ជាថ្មី ប្រសិន​បើ​សាលាក្ដី​ខ្មែរ​ក្រហម​ហ៊ាន​​ចោទ​ប្រកាន់​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត​នោះ។ ក្រៅ​ពី​នេះ លោក​ធ្លាប់​​​​​បាន​​ប្រកាស​ជា​សាធារណៈ​ឱ្យ​អតីត​មន្ត្រី​ខ្មែរ​ក្រហម​រក្សា​ភាព​ស្ងប់​ស្ងាត់ ពី​ព្រោះ​លោក​​ធានា​ថា នឹង​គ្មាន​​អ្វី​កើត​ឡើង​ឡើយ ដោយសារ​ភាគី​ជាតិ​​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​​មិន​គាំទ្រ​ការ​ចោទ​ប្រកាន់​លើ​បុគ្គល​ដទៃ​ទៀត​ឡើយ។

អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ទទួល​មរណភាព​ជា​បន្ត​បន្ទាប់​ ដោយសារ​វ័យ​ចាស់​​ជរា។ អស់​ពី​លោក នួន ជា ទៅ គឺ​នៅ​សល់​តែ​លោក ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​មាន​ជីវិត ហើយ​​កំពុង​​ស្ថិត​​ក្រោម​ការ​ចោទ​ប្រកាន់​ផ្លូវ​ការ​ពី​សាលាក្ដី​ខ្មែរ​ក្រហម។

ជន​រងគ្រោះ​ និង​ជា​អ្នក​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល​ស្លែង​ លោក ប៊ូ ម៉េង ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​ លោក នួន ជា បាន​ទទួល​មរណភាព ទាំង​ដែល​រូប​លោក និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពិត​​ប្រាកដ​នៅឡើយ។ លោ​អំពាវនាវ​ឱ្យ​តុលាការ​ខ្មែរ​ក្រហម ពន្លឿន​សំណុំ​រឿង​ដែល​​នៅ​សេសសល់​ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៅ​ក្នុង​របប​វាល​ពិឃាដ​នេះ៖ «សូម​​ឱ្យ​តុលាការ​ អ.វ.ត.ក ហ្នឹង ពន្លឿន​ឱ្យខ្លាំង ឱ្យ​​ឆាប់​ ព្រោះ​ខ្ញុំ​ក៏​កាន់​តែ​ចាស់ ជន​រងគ្រោះ​ដទៃទៀត​ក៏​កាន់​តែ​ចាស់​ អ៊ីចឹង​ខ្ញុំ​សុំ​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ហ្នឹងជួយ​ពន្លឿន​ការ​បន្លាយ​ហ្នឹង ឱ្យ​លឿន​បន្តិច ដើម្បី​​ឱ្យ​ជន​រងគ្រោះ​ហ្នឹង​បាន​ដឹង​ដំណឹង​ពីយុត្តិធម៌​ បាន​ទទួល​​យុត្តិធម៌ផង»។

ក្នុង​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​​​​រយៈពេល​ជាង ១០ឆ្នាំ​មក​នេះ តុលាការ​ខ្មែរ​ក្រហម​បាន​​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក​ ដោយ​កាត់ទោស​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បាន​ចំនួន ៣រូប ក្នុង​សំណុំ​រឿង​ ៣ ដាច់​ដោយ​ឡែក​ពី​គ្នា។ អ្នក​ទាំង​នោះ​មាន អតីត​ប្រធាន​មន្ទីរ​សន្តិសុខ "ស២១" ឬ​គុក​ទួល​ស្លែង លោក កាំង ហ្គិចអ៊ាវ ហៅ ឌុច ជាប់​ក្នុង​សំណុំ​រឿង ០០១ ​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា លោក នួន ជា និង​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ លោក ខៀវ សំផន ជាប់​ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ (០០២/) និង ០០២ វគ្គ ២ (០០២/)។ អ្នក​ទាំង៣ សុទ្ធតែ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ដោយ​តុលាការ​រក​ឃើញ​ពី​ពិរុទ្ធភាព​នៃ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍។

ទោះ​ជា​យ៉ាង​ណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រិះគន់​ថា នេះ​ជា​ដំណើរ​ការ​ដ៏​យឺតយ៉ាវ និង​ទទួល​បាន​លទ្ធផល​​តិច​តួច​មែន​ទែន ដែល​បង្ហាញ​​ពី​​ភាព​​បរាជ័យ​​នៃ​តុលាការ​កូន​កាត់​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល