ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថា​ ការ​ស្លាប់​របស់​​លោក​ នួន ជា​ ជា​ការ​បាត់​ភស្តុតាង​ដ៏​សំខាន់​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​​

ដោយ ហេង រស្មី
2019-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។
AFP Photo

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ចាត់ទុកថា​ ការ​ស្លាប់​របស់​បង​ធំ​ទី​២​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គឺ​ជា​ការ​បាត់​បង់​សាក្សី​រស់​ដ៏​សំខាន់​ក្នុង​ខណៈ​សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​​​បញ្ចប់​សំណុំ​រឿង ០០២ វគ្គ​ទី២ ដែល​នៅ​ពេល​នេះ​នៅ​សល់​តែ​មេដឹកនាំ​តែម្នាក់​ប៉ុណ្ណោះ​ គឺ​លោក​ ខៀវ សំផង។

ប្រជាពលរដ្ឋ​ខ្មែរ​ រស់​នៅ​ប្រទេស​កាណាដា​ និង​​សហរដ្ឋ​អាមេរិក​ បាន​ចាត់​ទុក​ការ​ស្លាប់​បាត់បង់​ជីវិត​លោក​ នួន ជា​ ថា ជា​ការ​បាត់បង់​សាក្សី​ម្នាក់ទៀត​ក្នុង​ការ​វែក​មុខ​ឃាតក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​​សម្លាប់​រង្គាល​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។

លោក អ៊ីន ខុម ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត កេប៉ិច (Quebec) នៃ​ប្រទេស​កាណាដា​ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៥ សីហា​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​សំណុំ​រឿង​ខ្មែរ​ក្រហម ដែល​លោក​ជឿ​ជាក់​ថា​​ នៅ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​មិន​ទាន់​បាន​នាំ​យក​មក​កាត់​ទោស៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ ដែល​ស្លាប់​មេ​ឃាតក​មួយ​នេះ​ យើង​មិន​ទាន់​រក​ឃើញ​ច្បាស់​លាស់​អំពី​សោកនាដកម្ម​ជាង​ ៣ឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​ហ្នឹង ពីព្រោះ​វា​មាន​ការ​ទាក់​ទង​ហាក់​បី​ដូច​ជា​ការ​សម្លាប់​រង្គាល​ជា ៣ឆ្នាំ ហើយ​ក្រោយ​មក​មាន​ផែន​ការ "ក៥" ហាក់បី​ដូចជា​មាន​ផែន​ការ​នៅ​ពី​ក្រោយ»

បង​ធំ​ទី​២ គឺ​លោក នួន ជា អតីត​ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា​កន្លង​ទៅ ក្នុង​វ័យ ៩៣​ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ។

អ្នក​ស្រី​ ផាន់ ស៊ី​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ទី​ក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​បញ្ជាក់​ថា អ្នក​ណា​ក៏​ដឹង​ដែរ​ថា ពួក​ខ្មែរ​ក្រហម​បាន​សម្លាប់​មនុស្ស​នៅ​ក្នុង​របប ដែល​ពួក​គេ​បាន​គ្រប់គ្រង ក៏​ប៉ុន្តែ​យើង​ពិបាក​សន្និដ្ឋាន​ថា លោក នួន ជា ជាប់​ពាក់ព័ន្ធ​ដល់​កម្រិត​ណា​នោះ៖ «រឿង​កាប់​សម្លាប់​យើង​អត់​ឃើញ​ពិត​ពី​ព្រោះ​ថា​មាន​យួន​នៅ​ពី​ក្រោយ​អ៊ីចឹង​ យើង​អត់​ដឹង​ថា គាត់​បាន​ទៅ​កាប់​សម្លាប់​ទេ​ យើង​អត់​ឃើញ។ ដល់​ឥឡូវ​យើង​វា​ដឹង​ច្បាស់​ទៅ​ហើយ​ថា យួន​ឈ្លានពាន​ខ្មែរ​ ម្ល៉ោះ​ហើយ​ យួន​វា​រក​វិធីសាស្ត្រ​យុទ្ធសាស្ត្រ​របស់​វា​ដើម្បី​ប្រើ​ខ្មែរ​យើង​ហ្នឹង​ ប្រើ​ឈ្មោះ​ខ្មែរ​អោយ​សម្លាប់​ខ្មែរ​ ប្រើ​ដៃ​ខ្មែរ​ឱ្យ​សម្លាប់​ខ្មែរ»

លោក​ នួន ជា​ បាន​ស្លាប់​បន្ទាប់​ពី​ លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បានស្លាប់​នៅ​ក្នុង​អាយុ ៨៨ឆ្នាំ និង​ក្នុង​ពេល​លោក​មាន​ឋានៈ​ជា​ជន​ជាប់​ចោទ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។ លោក​បាន​បាន​ស្លាប់​កាលពី​អំឡុង ឆ្នាំ២០១៤​ កន្លង​ទៅ។ ចំណែក​ឯ​ភរិយា​របស់​លោក គឺ​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ស្លាប់​ក្នុង​អាយុ ៨៣ឆ្នាំ កាល​ពី​ខែ​សីហា ឆ្នាំ២០១៥។ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង ០០២ នេះ បាន​ស្លាប់ ខណៈ​សាលាក្តី​មិន​ទាន់​ជំនុំជម្រះ​នៅ​ឡើយ។

លោក​ វ៉ាន់ថន ប៉េង​ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ប្រទេស​កាណាដា​ បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក នួន ជា​ ការ​បាត់បង់​មួយ​ដែល​យើង​មិន​ទាន់​រក​ការ​ពិត​ក្នុង​របប​ខ្មែរ​ក្រហម​ឲ្យបាន​ដឹង​ច្បាស់​ថា​អ្នក​ណា​ជា​មេ​ឃាតកពិត​ប្រាកដ ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ក្នុង​របប​នោះ​បាន​ស្ងប់​ចិត្ត៖ «ខ្ញុំ​ក៏​ចេះ​តែ​ឆ្ងល់​ដែរ​រឿង​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ចំណាយ​លុយ​ក៏​ច្រើន ដូច្នេះ​ដំណើរការ​នេះ​វា​យឺត​មែនទែន​ដូច​ថា​វា​មិន​ដឹង​មាន​ស្អី​នៅ​ពី​ក្រោយ​នៅ​ក្នុង​តុលាការ​ហ្នឹង​បាទ»

សំណុំ​រឿង ០០២ នៅ​ក្នុង​សាលា​ជំនុំជម្រះ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​កូន​កាត់​មួយ​នេះ ឥឡូវនេះ នៅ​សល់​តែ​ជន​ជាប់​ចោទ​តែ​មួយ​រូប​ទៀត​ប៉ុណ្ណោះ គឺ​លោក​ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​រដ្ឋ​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កំពុង​ជំនុំជម្រះ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី២ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល