សាលា​ក្ដី​ខ្មែរក្រហម​នឹង​បើកសវនាការ រឿង​ខ្វែង​យោបល់​គ្នា​ករណី​លោក មាស មុត

ដោយ មួង ណារ៉េត
2019-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​សង្ស័យ​ជា​អតីត​មេ​បញ្ជាការ​កង​នាវាចរណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក មាស មុត ដែល​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥។
ជន​សង្ស័យ​ជា​អតីត​មេ​បញ្ជាការ​កង​នាវាចរណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក មាស មុត ដែល​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥។
Photo courtesy of ECCC

អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលា​ក្តី​ខ្មែរក្រហម នឹង​បើកសវនាការ​រឿង​ខ្វែង​យោបល់​គ្នា រវាង​ចៅក្រម​ភាគី​ជាតិ និង​ចៅក្រម​ភាគី​អន្តរជាតិ ករណី​ថា តើ​ត្រូវ​កាត់ទោស ឬ​មិន​ត្រូវ​កាត់ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត។

អង្គ​បុរេជំនុំ​ជម្រះ​នៃ​សាលា​ក្តី​ខ្មែរក្រហម នឹង​បើក​សវនាការ​ស្ដាប់​ទឡ្ហីករណ៍ ឬ​ការ​បង្ហាញ​សំអាង​ហេតុ និង​សំអាង​ផ្លូវច្បាប់ ពី​ភាគី​នៅ​ក្នុង​សំណុំរឿង ០០៣ ដែល​មាន​លោក មាស មុត ជា​ជន​ត្រូវ​ចោទ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា បញ្ជាក់​ថា សវនាការ​នេះ នឹង​ត្រូវ​ធ្វើឡើង​ចំនួន​បី​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​ទី២៧ ២៨ និង ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​សវនាការ​ធ្វើជា​សាធារណៈ​ផង និង​អសាធារណៈ​ផង។

ភាគី​ដែល​អង្គ​បុរេ​ជំនុំជម្រះ នឹង​ស្ដាប់​ទឡ្ហីករណ៍​នោះ មាន​ភាគី​ខាង​ដើមចោទ គឺ​សហ​ព្រះរាជអាជ្ញា​ជាតិ និង​អន្តរជាតិ ភាគី​ខាង​ចុងចោទ គឺ​សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក មាស មុត និង​ភាគី​តំណាង​ឱ្យ​ជនរងគ្រោះ គឺ​សហ​មេធាវី​នាំមុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលា​ក្តី​ខ្មែរក្រហម មាន​សមាសភាព​ចៅក្រម​ជាតិ​ចំនួន​បី​រូប និង​ចៅក្រម​អន្តរជាតិ​ចំនួន​ពីរ​រូប។ អង្គ​ជំនុំជម្រះ​នេះ ដោះស្រាយ​បណ្ដឹង​ឧទ្ធរណ៍ ដែល​រួមមាន​សំណើ និង បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកា និង​សេចក្ដី​សម្រេច​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខ្វែង​យោបល់​គ្នា រឿង​កាត់ទោស ឬ​មិន​កាត់ទោស អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត។ ការ​ខ្វែង​យោបល់​គ្នា​នេះ តម្រូវ​ឱ្យ​ខាង​ចៅក្រម​ខាង​ភាគី​ជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ ចំណែក​ឯ​ចៅក្រម​ខាង​ភាគី​អន្តរជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដាច់ដោយឡែក ដោយមាន​សម្អាង​ហេតុ​រៀងៗ​ខ្លួន។

មូលហេតុ​នៃ​ការ​ខ្វែង​យោបល់​គ្នា រឿង​ត្រូវ ឬ មិន​ត្រូវ​បញ្ជូន​លោក មាស មុត ទៅ​កាត់​ទោស​នេះ ខាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្អាង​ថា លោក មាស មុត មិន​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​ខ្មែរក្រហម​នេះ​ទេ​។ មានន័យថា​លោក មាស មុត មិនមែន​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ឬក៏​ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​បំផុត ចំពោះ​បទឧក្រិដ្ឋ ដែល​កើតឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ យល់​ផ្សេង​ពី​នេះ ដោយ​លើក​ហេតុផល​ថា​លោក មាស មុត ពិតជា​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​នេះ ដោយសារ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា លោក មាស មុត ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម​។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បន្ត​ថា ភស្តុតាង​ទាំងនេះ គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​លើ​លោក មាស មុត និង​បញ្ជូន​ទៅ​កាត់ទោស ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍ លើ​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​មនុស្សឃាត​គិតទុក​ជាមុន យោង​តាម​ច្បាប់​កម្ពុជា។

ការ​ខ្វែង​យោបល់​គ្នា​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្រេច​យក​ដីកា​លើកលែង​ការ​ចោទប្រកាន់ ចំពោះ​លោក មាស មុត។ ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រេច​យក​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​នេះ រង​ការជំទាស់​ពី​សហ​ព្រះរាជអាជ្ញា​ជាតិ និង​សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក មាស មុត ដែល​បាន​ប្ដឹង​ឧទ្ធរណ៍ នៅ​ចំពោះ​មុខ​អង្គ​បុរេ​ជំនុំជម្រះ​នេះ កាលពី​ខែ​មេសា ឆ្នាំ​២០១៩។

ខាង​របប​ក្រុងភ្នំពេញ​ឯណោះ ប្រកាន់​ជំហរ​ស៊ី​សង្វាក់​គ្នា ក្នុង​ការណ៍​ដែល​មិន​ចង់​ឱ្យ​សាលា​ក្តី​ខ្មែរក្រហម​កាត់ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម​ទៀត​នេះ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​សារ​ជា​ហូរហែ គំរាម​បិទ​សាលា​ក្តី​ខ្មែរក្រហម​នេះ បើ​ហ៊ាន​កាត់​ក្តី​ឱ្យ​លើស​ពី​សំណុំរឿង ០០១ និង ០០២។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​តែងតែ​បន្ទរ​តាម​សារ​របស់​លោក ហ៊ុន សែន។ លោក​ទើបតែ​ប្រកាស​ជំហរ​របប​នេះ​ជាថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លង​ទៅ ថា​រឿង​កាត់​ក្តី​នៅ​សាលា​ក្តី​ខ្មែរក្រហម ត្រូវ​បញ្ចប់​ត្រឹម​រឿង​ក្តី​លោក នួន ជា និង ខៀវ សំផន៖ «មុខសញ្ញា​ដែល​នាំមក​កាត់ទោស​អត់​មាន​ទៀត​ទេ ពីព្រោះ​ថា​ការកំណត់​ជា​គោល​នយោបាយ និង​គោលការណ៍​របស់​យើង គឺ​ថា​អ្នកដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត មុខ​សញ្ញា​ពីរ​ហ្នឹង ឥឡូវនេះ​បាន​ដំណើរការ​សព្វគ្រប់ ហើយ​មិន​មានអី​ទៀត​ទេ»

អតីត​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​លោក នីកូឡាស់ គូមយាន (Nicholas koumjian) ចាត់​ទុក​ការ​ថ្លែង​របស់​លោក ស ខេង ថា ជា​រឿង​មិន​សមរម្យ​ទាល់​តែ​សោះ ព្រោះ​​ការ​ថ្លែង​បែបនេះ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ទៅដល់​ដំណើរការ​ក្តី​នៅ​សាលា​ក្តី​នេះ ព្រោះ​តាម​ច្បាប់​របស់​សាលា​ក្តី គឺ​មានតែ​ចៅក្រម​ប៉ុណ្ណោះ ដែល​មាន​​សិទ្ធិ​​សម្រេច ថា​តើ​ជន​ណាខ្លះ ដែល​ត្រូវ​យក​មក​ផ្ដន្ទាទោស ឬ​មិន​ផ្ដន្ទាទោស​នោះ។

សាលា​ក្តី​ខ្មែរក្រហម​នេះ រង​ការ​រិះគន់​ថា ប្រឡាក់ប្រឡូស​ទៅ​ដោយ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​របប​លោក ហ៊ុន សែន និង​ការប្រព្រឹត្តិ​អំពើពុករលួយ ដោយ​​មន្ត្រី​រដ្ឋបាល​ខាង​ភាគី​ជាតិ ក្នុង​ការ​កាត់​ប្រាក់ខែ​បុគ្គលិក ជា​ថ្នូរ​នឹង​ការ​បាន​បន្ត​ការងារ​នៅ​ទៅ​នោះ​ជាដើម។ ប្រការ​ទាំងនេះ ធ្វើ​ឱ្យ​កេរ​ដំណែល​សាលាក្ដី​នេះ ប្រឡាក់​នូវ​ស្នាម​អវិជ្ជមាន​ជាច្រើន។

អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​របស់​សាលា​ក្តី​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​រឿងរ៉ាវ​ខ្មែរក្រហម​លោក​បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) អះអាង​ថា សាលា​ក្តី​ខ្មែរក្រហម រង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ ពី​របប​លោក ហ៊ុន សែន និង​កើតមាន​អំពើពុករលួយ​ជា​ច្រើន ដែល​ជា​កេរដំណែល​អាក្រក់​សម្រាប់​សាលាក្ដី​នេះ​។

រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក​។ ជា​លទ្ធផល សាលាក្ដី​នេះ បាន​កាត់ទោស​ឱ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុ​ច ក្នុង​សំណុំរឿង ០០១ ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ អតីត​​មេដឹកនាំ​ជាន់ខ្ពស់ ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២ ក៏​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ។ ដោយឡែក សំណុំរឿង ០០៣ និង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ​លោក មាស មុត លោក អោ អាន និង លោក យឹម ទិត្យ កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស និង​នីតិវិធី​បន្ត​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល